អានតួអត្ថបទ

លោកពូទីន ​ប្រកាសបណ្តេញចេញពីរុស្ស៊ី អ្នកការទូតអាមេរិកាំង ៧៥៥នាក់

បុគ្គលិកការទូតសរអា ដែល​ប្រចាំ​នៅ​រុស្ស៊ី ត្រូវតែ​កាត់បន្ថយ​ឲ្យ​អស់ ៧៥៥ នាក់ -សេចក្តី​នេះ ប្រកាស​ដោយ​លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យប់មិញ តាមកាណាល់​ទូរទស្សន៍​រដ្ឋ គឺ ក្រោយពី​ក្នុង​សប្តាហ៍​មុន ក្រុង​វ៉ាស៊ីនតោន បាន​អនុម័ត ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​ម៉ូស្គូ។

លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ខណៈដែលទំនាក់ទំនងរវាង​មហាអំណាច​ទាំងពីរ ធ្លាក់​ដល់​កម្រិត​ទាប​បំផុត បើ​គិតតាំង​ពី​សង្គ្រាម​ ត្រជាក់​បាន​ចប់​ទៅ ជាពិសេស មកពី​ជម្លោះ​នៅ​អ៊ុយក្រែន និង មកពី វិបត្តិ​នៅ​ស៊ីរី ចៅហ្វាយ​វិមាន​ក្រេមឡាំង សំដែង​ឲ្យ​គេ​ឃើញ​ថា គាត់​ទុទិដ្ឋិនិយម ជាង សុទិដ្ឋិនិយម។

ក្នុងបទសម្ភាសន៍​តាម​កាណាល់​ទូរទស្សន៍​រដ្ឋ Rossia-24 ដែល​ផ្សាយ​យប់​ថ្ងៃ​៣០​កក្កដា លោកពូទីន បង្ហើប ឲ្យដឹងថា ៖ មាន​អ្នក​ការទូត និង បុគ្គលិក​បច្ចេកទេស ដល់​ទៅ​ជាង មួយ​ពាន់​នាក់ នៅ​បន្ត​ធ្វើការ​នៅឡើយ ក្នុងស្ថានទូត និង បណ្តា​ស្ថានកុងស៊ុល​អាមេរិកាំង លើ​ដែនដី​រុស្ស៊ី។

ម៉្លោះហើយបានជាគាត់លំអិតថា ដើម្បី​ថ្លឹង​ឲ្យ​បាន​ស្មើ​នឹង​ចំនួន​អ្នក​ការទូត និង បុគ្គលិក​បច្ចេកទេស​រុស្ស៊ី សរុបទៅ​តែ​ចំនួន ៤៥៥​នាក់ ដែល​បច្ចុប្បន្ន ធ្វើការ​នៅ​ទូទាំង សរអា សម្រាប់​ក្រុង​វ៉ាស៊ីនតោន គឺ​ត្រូវ​ដក ចេញពី​រុស្ស៊ី​ទៅ អ្នក​ការទូត​និង​បុគ្គលិក​បច្ចេកទេស​អាមេរិកាំង ចំនូន ៧៥៥ នាក់។ មិនតែប៉ុណ្ណោះ ចាប់ពីថ្ងៃ​ស្អែក​ទី​១ សីហា​ទៅ ស្ថានទូត​អាមេរិក លែង​មាន​សិទ្ធិ​​ប្រើប្រាស់​និវេសនដ្ឋាន​នៅ​ជាយ​ក្រុង​ម៉ូស្គូ និង ឃ្លាំង​ស្តុក​ទំនិញ​នានា​ របស់​ខ្លួន ស្ថិត​ក្នុង​រដ្ឋធានី​រុស្ស៊ី​ផ្ទាល់។

ក្រសួងការបរទេសរអា ក្នុងសេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បានស៊ក​សៀត​សំដី​ជំទាស់ ថា “ការសម្រចចិត្ត​នេះ របស់​រុស្ស៊ី គឺជា ទង្វើ​គួរ​ឲ្យ​សោកស្តាយ និង អយុត្តិធម៌”។ ភាគី​អាមេរិក នឹង​សន្និដ្ឋាន​អំពី​ ព្រនង់​ទូង​នេះ​ពី​ខាង​រុស្ស៊ី ហើយ​នឹង​ឆ្លើយ​បក​វិញ”។

សេចក្តីថ្លែងការណ៍អាមេរិកាំងនេះ បន្លឺ​ឡើង​ក្រោយ​ពី ការទូត​រុស្ស៊ី នាថ្ងៃ​សុក្រ​កន្លង​ទៅ បាន​តម្រូវឲ្យ សរអា កាត់បន្ថយទៅ​ទល់​ថ្ងៃ​ទី​១ កញ្ញា​ខាងមុខ គឺ​ចំនួន​អ្នកការទូត​ខ្លួន​ទាំង​អម្បាលម៉ាន​នៅ​លើដី​រុស្ស៊ី ឲ្យចុះ​មក​នៅ ត្រឹម ៤៥៥នាក់ ក្រោយពី​រដ្ឋសភា​អាមេរិក បានអនុម័ត ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​រុស្ស៊ី ក្រោម​លេសថា ម៉ូស្គូ បានលូកដៃ​ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ សរអា។

ក្នុងបទសម្ភាសន៍នោះ លោកប្រមុខរដ្ឋ​រុស្ស៊ី ក៏​ព្រមាន​ថា បើ​ភាគី​អាមេរិក ស្រាប់តែ​បង្កើន​គំនាប​ថែម​ទៀត នាំឲ្យ​ខូច​ដល់​ផលប្រយោជន៍​រុស្ស៊ី នោះ​ម៉ូស្គូ​រក្សាសិ​ទ្ធិ​ឆ្លើយ​បក​វិញ ប៉ុន្តែក្នុង​ដំណាក់​ឥឡូវ គាត់​​ជំទាស់​នឹង​វិធានការ​បកវិញ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ