អានតួអត្ថបទ

សន្និសីទ​អន្តរជាតិ​ស្តី​ពីជំងឺ​អេដស៍ឆ្នាំ​២០១៧ បាន​​លទ្ធផល​យ៉ាង​ណា ?

សន្និសីទ​អន្តរជាតិ​ស្តី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ទី ២៦​កក្កដា ២០១៧ ល្ងាចមិញ។ អ្នក​ស្រាវជ្រាវ​ជាង​៦០០០​នាក់​ មក​ពី​គ្រប់​ជ្រុង​នៃ​ពិភពលោក បាន​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ការងារ​របស់​គេ​ផង និងដើម្បី​បូក​សរុបលទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​មួយ​នេះ​ផង។

លោកស្រី​ Linda Gail-Bekker ប្រធាន​សហគមអេដស៍​អន្តរជាតិ ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ដាស
លោកស្រី​ Linda Gail-Bekker ប្រធាន​សហគមអេដស៍​អន្តរជាតិ ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ដាស FRANCOIS GUILLOT / AFP
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍​ឆ្នាំ​នេះ បាន​បើក​ទ្វារ​ជាមួយ​នឹង​ដំណឹង​ល្អ ​៖ ការ​រាតត្បាត​នៃវីរ៉ុស​ហ៊ីវ បាន​បន្ថ​យ​ល្បឿន នៅ​ទូទាំង​ពិភពលោក និង​ជាមួយ​ការ​​​​ខ្វល់​ខ្វាយ​ខ្លាំង​រឿង​ថវិកា ព្រោះ​សហរដ្​ឋអាមេរិក​បាន​​ប្រកាស​អំពី​គម្រោង​ចង់​កាត់​បន្ថយ​​វិភាគ​ទាន​ឱ្យ​មូលនិធិ​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​ចំនួន​​ប្រមាណ​១ពាន់​លាន​ដុល្លារ។

ប៉ុន្តែ​សន្និសីទ​អន្តរជាតិនេះ​ជា​ជំនួប​វិទ្យាសាស្ត្រ​ច្រើន​ជាង ! សន្និសីទ​​ឆ្នាំ​២០១៧​​ ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ចាប់​ផ្តើម​អំពាវនាវ​ឱ្យ​មាន​ “ការ​ព្យាបាល​រយៈ​ពេល​វែង”។ ការសិក្សា​ដំបូង​ជា​ច្រើន​បាន​បង្ហាញ​អំពី​ប្រសិទ្ធិភាព និង​ភាព​ងាយ​​នៃ​វិធី​ព្យាបាល​នេះ​ ៖ ប្តូរ​​ពី​ការ​លេប​ថ្នាំ​គ្រាប់​ជារៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត មក​ជា​ការ​ប្រើ​ថ្នាំ​ចាក់​ ជា​រៀង​រាល់​៨​អាទិត្យ​ម្តងវិញ។ វិធី​សាស្ត្រ​នេះ​ ក៏​នឹង​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជា​វិធានការ​​​ការពារ ជា​ពិសេស​សម្រាប់​ក្រុម​ជនអ្នក​​ប្រឈម។​

ក្តី​សង្ឃឹម​ធំ​មួយ​ទៀត ផុស​ចេញ​​សន្និសីទឆ្នាំ​​នេះ គឺ​បទ​បង្ហាញនៃ​​ការ​សិក្សា​នៅ​អាហ្វ្រិក​ខាង​ត្បូង ដែល​បង្ហាញ​ជីវិត​​កុមារអាហ្វ្រិក​ខាង​ត្បូង​ម្នាក់​កើត​មក​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​បាន​ទទួល​ថ្នាំ​ព្យាបាល តាំង​ពី​ដំបូង​ភ្លាម​​រយៈ​ពេល​៤០​សប្តាហ៍គត់ រួច​ក៏​ឈប់​។ ៩​ឆ្នាំ​ក្រោយ​ ​វីរ៉ុសបន្ត​វត្តមាន​ក្នុង​ខ្លួន​កុមារ​មែន​ ប៉ុន្តែកុមារ​នោះ​អាច​ត្រួត​ត្រាវីរ៉ុស​​បាន។ ​ករណី​បែប​នេះ​មាន​តែ​បីប៉ុណ្ណោះ​​នៅ​លើ​លោក និង​បាន​ផ្តល់តម្រ៉ុយ​​​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ស្រាវជ្រាវ។

ទាក់ទង​នឹង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឱកាស​និយម​ដែល​កើត​ឡើង​អ្នក​មាន​ផ្ទុក​វីរ៉ុសហ៊ីវ ក៏​មាន​ការ​វិវឌ្ឍ​​ន៍​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។ ការ​ព្យាបាល​ជំងឺ​ឱកាសនិយម​ខ្លះ​មាន​លក្ខណៈធ្ងន់ធ្ងរ​ណាស់ ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា​អាច​មាន​វិធី​សាស្ត្រ​ព្យាបាល​​ងាយ​ជាង គ្រាន់​តែ​ត្រូវ​ការ​ពេល​បន្តិច​ទៀត​សិន​មុន​អាច​ដាក់​ឱ្យ​ប្រើប្រាស់​បាន។

ប៉ុន្តែ​ពិភពលោក​មិន​ទាន់​យក​ឈ្នះជំងឺ​អេដស៍​បាន​នៅ​ឡើយ​ទេ ! អ្នក​ស្លាប់​ព្រោះ​វីរ៉ុស​ហ៊ីវ​បន្ត​មាន​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​កង្វះ​សម្ភារៈ​។ នេះ​បើ​តាម​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ដែល​បាន​ទាញ​សញ្ញា​អាសន្ន​ថា ថ្វី​បើ​អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ទទួល​ការ​ព្យាបាល​មែន ប៉ុន្តែការ​តាមដាន​មិន​ត្រឹម​ត្រូវ​ ដោយ​ខ្វះ​មធ្យោបាយ​។ ករណី​នេះ​ជា​ដើម​ហេតុ​ចំបង​មួយ​ដែល​នាំ​មាន​ភាព​ស៊ាំ​ ហើយ​ថ្នាំ​លែង​មាន​ប្រសិទ្ធិភាព៕

Source : rapport Onusida 2017
Source : rapport Onusida 2017 RFI

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ