អានតួអត្ថបទ
បារាំង

របាយការណ៍៖ អេដស៍​សម្លាប់​មនុស្ស ១​លាន​នាក់ នៅ​ឆ្នាំ ២០១៦

ជម្ងឺអេដស៍​បាន​សម្លាប់​មនុស្ស ប្រមាណ ១​លាន​នាក់ នៅ​ឆ្នាំ ២០១៦។ ចំនួន​នេះ​បាន​ថយ​ចុះ​ពាក់​កណ្តាល បើប្រៀបធៀប​នឹង​ឆ្នាំ ២០០៥ ឆ្នាំ ដែល​ចំនួន​មនុស្ស​ស្លាប់ ដោយសារ​ជម្ងឺអេដស៍ បាន​កើនឡើង​ដល់​កម្រិត​កំពូល។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅ​បី​ថ្ងៃ​មុន សន្និសីទ​អន្តរជាតិ​ស្តី ពី​ជម្ងឺអេដស៍ បើក​ធ្វើ នៅ​ទីក្រុង​ប៉ារីស។ 

ការឆែក​ពិនិត្យ​រក​មេរោគ​អេដស៍​នៅ​អាមេរិក
ការឆែក​ពិនិត្យ​រក​មេរោគ​អេដស៍​នៅ​អាមេរិក ©Joe Raedle/Getty Images/AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​តួលេខ​គួរ​ឲ្យ​លើក​ទឹកចិត្ត​ស្តីពី​តុល្យការ​នៃ​ជម្ងឺអេដស៍ នៅក្នុង​ពិភពលោក។ តាម​របាយការណ៍ ក្នុង​រវាង​១១​ឆ្នាំ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជម្ងឺ​អេដស៍​បាន​ថយចុះ​ជាង​ពាក់កណ្តាល ពី​ចំនួន ១លាន ៩​សែននាក់ នៅ​ឆ្នាំ ២០០៥ មក​នៅ​១លាននាក់ នៅ​ឆ្នាំ ២០១៦។ នៅ​ឆ្នាំ ២០១៦ ចំនួន មនុស្ស​ឆ្លង​ថ្មី ក៏​ថយ​ចុះ​ពាក់កណ្តាល ដែរ ក្នុង​ពេល​ដែល​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១៩លាន ៥​សែននាក់ (ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកកើត​ជម្ងឺអេដស៍​សរុប បាន​ទទួល​ការព្យាបាល។

 

តាម​អ្នកសរសេរ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ឆ្នាំ ២០១៦ ជា​ឆ្នាំ​លើក​ដំបូង​គេ ដែល​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​ជម្ងឺអេដស៍ បាន​ទទួល​ការព្យាបាល បានប្រើប្រាស់​ថ្នាំ​ពន្យារ​ជីវិត។ ហើយ​នេះ​ជា​លើក​ទី១ ដែល ចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺអេដស៍​បាន​ធ្លាក់​ថយចុះ មក​នៅ​ត្រឹម ១​លាននាក់។ ការវិវឌ្ឍ​ជា​វិជ្ជមាន កើត​មាន​ច្រើន នៅ​តំបន់​ភាគខាងកើត និង​ខាងត្បូង អាហ្រ្វិក ជាទី​ដែល​មាន​អ្នកផ្ទុក មេរោគ​អេដស៍​ច្រើន​ជាងគេ នៅក្នុង​ពិភពលោក។ យ៉ាងណាក៏ដោយ អ្នកសរសេរ​របាយការណ៍​នៅ​តែ​បារម្ភ​ច្រើន​ពី​តំបន់​ភាគខាងជើង អាហ្វ្រិក ហើយ​និង​តំបន់​អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល ដែល​កំពុង​ត្រាំត្រែង​ដោយសារ​អស្ថិរភាព​នយោបាយ ហើយ​និង​ជម្លោះ​ប្រដាប់​អាវុធ។ គេ​រកឃើញថា ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជម្ងឺអេដស៍ បាន​កើនឡើង ប្រមាណ ១ភាគ​៣ នៅ​តំបន់​អឺរ៉ុប​ខាងកើត ហើយ​និង​នៅ​អាស៊ី​កណ្តាល។

 

ជារួម ចាប់តាំង​ពី​មាន​ការលេច រាតត្បាត​នៃ​មេរោគ​អេដស៍ នៅ​ទសវត្សរ៍ ឆ្នាំ ១៩៨០ ជម្ងឺអេដស៍ បាន​សម្លាប់​មនុស្ស​៣៥​លាននាក់។ មនុស្ស​ប្រមាណ ៧៦​លាននាក់ នៅលើ​ភពផែនដី បាន​ឆ្លង​មេរោគ​អេដស៍។ នៅក្នុង​ចំណោមនោះ មាន​ជាង​២លាននាក់ ជា​កុមារ ដែល​មាន​អាយុ​តិច​ជាង ១៥​ឆ្នាំ។ ប៉ុន្តែ តាម​អង្គការ UNAIDS មាន​តែ​៤៣​ភាគរយ ប៉ុណ្ណោះ នៃ​កុមារ​ដែល​ឆ្លងមេរោគ​អេដស៍ ដែល​ទទួល​បាន​ការព្យាបាល។

 

រហូត​មក​ដល់​ពេលនេះ គេ​នៅមិនទាន់​រកឃើញ​វ៉ាក់សាំង ឬ​ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​អេដស៍​បាន​នៅឡើយទេ។ ការព្យាបាល​ពឹង​អាស្រ័យ​តែទៅលើ​ថ្នាំ ពន្យារ​ជីវិត ដែល​អាច​ជួយ អ្នកឆ្លង​មេរោគ​អេដស៍ កុំ​ធ្លាក់​ខ្លួន​ឈឺ ស្លាប់​ដោយសារ​ជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​មហារីក ឬ​ជម្ងឺ​របេង​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ