អានតួអត្ថបទ
រុស្ស៊ី-អាមេរិក​

ម៉ូស្គូ​តម្រូវឲ្យ​វ៉ាស៊ីនតោន​ប្រគល់​មកវិញ​ កម្មសិទ្ធិពីរ​របស់​ស្ថានទូត​រុស្ស៊ី​ ដែល​ត្រូវបាន​រឹបអូស​

វ៉ាស៊ីនតោន​ត្រូវតែប្រគល់​មកម៉ូស្គូ​វិញ “ដោយគ្មាន​ល័ក្ខខ័ណ្ឌ​អ្វីណាទេ”​ គឺ​អគារពីរ​ ជា​ កម្មសិទ្ធិ​ស្ថានទូត​រុស្ស៊ី នៅលើ​ដែនដី​សរអា​ ដែលត្រូវ​បាន​អាជ្ជាធរ​អាមេរិក​រឹបអូស​ កាលពី​ខែធ្នូ​ឆ្នាំទៅមិញ ក្រោមរលក​ចោទប្រកាន់​ថា​ រុស្ស៊ី​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​ ប្រធានាធិបតី​អាមេរិកាំង​ “ការទាមទារ​នេះ​ប្រកាសដោយ​វិមាន​ក្រេមឡាំង​ ថ្ងៃចន្ទ​ ១៧​ កក្កដា។​

ទង់ជាតិ​រុស្ស៊ី​​​និង​​​ទង់ជាតិ​​អាមេរិក​​​​​​
ទង់ជាតិ​រុស្ស៊ី​​​និង​​​ទង់ជាតិ​​អាមេរិក​​​​​​ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

“យើង”មិនអាច​​ទទួលយក​​បានឡើយ”​​ ការចង​ជា​​ល័ក្ខខ័ណ្ឌ​​អ្វីណា​​ សម្រាប់​​បង្វែរ​មក​​យើងវិញ​ នូវ​និវេសនដ្ឋាន​​ស្ថានទូត​យើង។​ តាមយោបល់​យើង កម្មសិទ្ធិ​ទូតរបស់​រុស្ស៊ីនេះ​ ត្រូវតែ​ប្រគល់​មកយើង​វិញ ដោយគ្មាន​ល័ក្ខខ័ណ្ឌ​ និង​គ្មានការ​ពិភាក្សា “សេចក្តីនេះ ​ថ្លែង​ទៅពួក​​អ្នកកាសែត​ ដោយអ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ។​

គឺកាលពី​ចុងខែធ្នូ​ឆ្នាំ២០១៦​ ដែលរដ្ឋបាល​ប្រធានាធិបតី​ អូបាម៉ា​ បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី ៣៥នាក់​ និង​គ្រួសារគេ​ ចេញពី​សរអា មកពី​ ជាប់​ចោទថា​បាន​ជ្រៀតជ្រែក​​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ព្រមទាំង​បានបញ្ជា​ ឲ្យបិទ​ហើយខ្ទប់ទុក​អគារ​ពីររបស់​ស្ថានទូត​រុស្ស៊ី ៖មួយនៅក្រុង New York​ មួយទៀត ​ក្នុងរដ្ឋ Maryland​ ដែលសុទ្ធតែ​ត្រូវ​វ៉ាស៊ីនតោន​បកស្រាយថា​ វារមែងប្រើ​ដោយ​ពួកចារបុរស​ រុស្ស៊ី​ នៅលើ​ដីអាមេរិក​តែម្តង។​

សេចក្តីថ្លែងការណ៍​​របស់​លោក ពេស្កូវ ​បន្លឺឡើង​​នៅចំថ្ងៃដែល​ មន្ត្រី​លំដាប់ទី៣​ នៃ​ក្រសួង​​ការបរទេសសរអា ​លោក Thomas Shannon​ ត្រូវទទួល​ជួបនៅក្រុង​​វ៉ាស៊ីនតោន ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Riabkov។​ តាមពិត​ ជំនួបនេះ ​ត្រូវបាន​គ្រោង​ធ្វើ​នៅ​ក្រុងរុស្ស៊ី Saint-Petersbourg តាំងពី​ខែមិថុនាម៉្លេះ​ ប៉ុន្តែ​ ត្រូវម៉ូស្គូ​លុបទៅវិញ ​​ក្រោយពី​​អាមេរិក​បានដាក់​ទណ្ឌកម្មថ្មី​ ប្រឆាំង​រុស្ស៊ី​ មកពី​ជម្លោះ​ចេះតែ​បន្តទៅ​ នៅ អ៊ុយក្រែន។​​​

ស្របនឹងប្រភពការទូត​ ពិតជាក្នុង​ជំនួប​លើកនេះ ដែលតំណាង​ការបរទេស​រុស្ស៊ី​និងអាមេរិក​ ត្រូវពិភាក្សា​ អំពី​បញ្ហា​កម្មសិទ្ធិទូត​របស់​រុស្ស៊ី។ តាមដែល​លោកពេស្កូវលំអិត​ឲ្យដឹង ៖ ប្រធានបទនេះ​ ក៏ត្រូវបាន​លើកយក​ទៅនិយាយ​ “ក្នុងន័យ​ជាក់លាក់” ​ដោយលោក​ប្រធានាធិបតីរុស្ស៊ី ​វ៉្លាឌីមៀរ ពូទីន​ និង​សមភាគី​អាមេរិកាំង​ លោក ដូណាល់ ត្រាំ ក្នុង​បរិវេណ​នៃ​កិច្ចច្រជុំកំពូល​ ហ្ស៊េ-២០ នៅក្រុង​អាល្លឺម៉ង់ ហំបួក​ កាលពី​ថ្ងៃ ៧​ កក្កដា។​ គាត់បន្ថែម​ថា ម៉ូស្គូ នៅតែសង្ឃឹម​​ថា អាមេរិកមុខជា​នឹងបង្ហាញ​ឲ្យឃើញ ​នូវ​គតិបណ្ឌិត​និងឆន្ទៈ​នយោបាយ​របស់ខ្លួន​ពុំខាន។​

ក្នុងសប្តាហ៏មុន ម៉ូស្គូបានប្រកាសថា​ នឹង​ជញ្ជឹងគិត​ អំពី”ចម្លើយ​បកវិញ​យ៉ាង​ច្បាស់លាស់” ទល់នឹង​ការ​បណ្តេញ​អ្នកការទូតរុស្ស៊ី​ ៣៥នាក់​ និង​គ្រួសារគេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ