rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាល្លឺម៉ង់៖​ជំនួបកំពូល G២០ បិទ​បញ្ច​ប់​ដោយ​ទទួល​បាន​លទ្ធផល​ស្តួចស្តើង និង​​​បន្សល់​ទុក​រូបភាព​ហិង្សា

ដោយ គួច គន្ធារ៉ា

ថ្ងៃ​សៅរ៍ ទី០៨ កក្កដា​នេះ ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G២០ ក្នុង​ទីក្រុង Hambourg ប្រទេស​អាល្លឺម៉ង់។ មាន​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន​ត្រូវ​បាន G២០ លើក​យក​ទៅ​ជជែក​ពិភាក្សា ពិសេស​សំណុំរឿង​អាកាសធាតុ និង​ពាណិជ្ជកម្ម។ តែ​ទន្ទឹម​គ្នា​នេះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​ចំនួន​ពីរ​ដែល​មិន​អាច​លាក់កំបាំង​បាន ទី១ អំពើហិង្សា​យ៉ាង​ក្តៅគគុក​រវាង​ក្រុម​បាតុករ និង​កម្លាំងប៉ូលិស និង​ទី២ ជំនួប​ទ្វេភាគី ឬ​ត្រីភាគី​រវាង​ថ្នាក់ដឹកនាំកំពូលៗ​ជា​លើកទី១។

ដូច​យ៉ាង​ជំនួប​រវាង​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​ចិន​ស៊ី ជីនពីង ឬ​មួយ​ក៏​រវាង​លោក​ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​ជា​ដើម។

នៅ​ក្នុង​ថ្ងៃទី២ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល G២០ ថ្ងៃ​សៅរ៍ ទី៨ កក្កដា​នេះ ក្បួនបាតុកម្ម​ប្រឆាំង G២០ បាន​បន្ត​មាន រួម​ជា​មួយ​នឹង​អំពើហិង្សា​ផង។ ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​ជំនួបកំពូល​អន្តរជាតិ​ធំៗ ដូច​យ៉ាង​ជំនួបកំពូល G២០ ពេល​នេះ គឺ​ជា​ទំនៀមទម្លាប់ប្រពៃណី និង​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​រង់ចាំ។ ជា​ទូទៅ គឺ​ជា​ក្បួនបាតុកម្ម​អហិង្សា​រៀបចំ​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មាន​គោលដៅ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​ជួយ​គិតគូរ​ដោះស្រាយ​លើ​បញ្ហា​ពិភពលោក​ឲ្យ​បាន​ច្រើន​ជាង​នេះ ពិសេស​វិបត្តិសេដ្ឋកិច្ច បញ្ហា​ជនអន្តោប្រវេសន៍ ឬ​មួយ​បញ្ហា​អាកាសធាតុ​ជា​ដើម។ ក៏​ប៉ុន្តែ រូបភាព និង​ទំហំ​នៃ​អំពើ​ហិង្សា​នា​ជំនួបកំពូល G២០ ក្នុង​ទីក្រុង Hambourg ប្រទេស​អាល្លឺម៉ង់​ឆ្នាំ​នេះ ពិត​ជា​ព្រឹត្តិការណ៍​មួយ​ដែល​រដ្ឋអំណាច​អាល្លឺម៉ង់​មិន​បាន​រង់ចាំ​ទាល់​តែ​សោះ។

ទង្វើ​ដុត​បំផ្លាញ​រថយន្ត​ជា​ច្រើន​គ្រឿង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ការ​វាយបំបែក​កញ្ជក់​ហាង​លក់ទំនិញ រួច​ចូល​លួច​អីវ៉ាន់​យ៉ាង​អានាធិបតេយ្យ និង​ការ​ប្រើ​ដបសាំង​វាយ​លើ​កម្លាំង​ប៉ូលិស ទាំង​នេះ​សុទ្ធសឹង​ជា​រូប​ភាព​ដែល​គេ​បាន​ឃើញ​ពី​កន្លែង​រៀបចំ​ជំនួបកំពូល G២០ ពេញ​មួយ​យប់​ថ្ងៃ​សុក្រ ទី៧ កក្កដា ។ តាម​ពិត​ទៅ គឺ​ក្រុម Black Bloc ដែល​មាន​គ្នា​ប្រមាណ​ជា ១ ៥០០នាក់​បាន​ចូល​បង្កប់​ខ្លួន​ជាមួយ​ក្រុម​បាតុករ​អហិង្សា​ដើម្បី​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​ជំនួបកំពូល G២០។ គ្រាន់​តែ​ក្នុង​រយៈពេល ២៤ម៉ោង ការ​តទល់​គ្នា​រវាង​កម្លាំងប៉ូលិស និង​ពួក​អ្នក​វាយបំផ្លាញ​បាន​បណ្តាល​ឲ្យ​របួស​ប៉ូលិស ២០០នាក់ បាតុករ​របួស​ដេកពេទ្យ​ប្រមាណ​ជា ១០នាក់ និង​ឃាត់​ខ្លួន​ជាង ៧០នាក់។

បន្ទាប់​ពី​មាន​ជំនួយ​បន្ថែម​ពី​កម្លាំងពិសេស​អាល្លឺម៉ង់ ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​នៅ​វេលា​ម៉ោង ៤ភ្លឺ​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ កក្កដា​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ ក្បួន​បាតុកម្ម​អហិង្សា​បាន​បន្ត​មាន​យ៉ាង​គគ្រឹកគ្រេង​រហូត​ធ្វើ​ឲ្យ​មាន​ភាព​រញ៉ែរញ៉ៃ និង​ភាព​យឺតយ៉ាវ​ដល់​ក្បួន​រថយន្ត​ដឹក​ថ្នាក់ដឹកនាំ​ចូល​កន្លែង​ប្រជុំ។ គេ​អាច​និយាយ​បាន​ថា រូបភាព​នៃ​អំពើហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋអំណាច​អាល្លឺម៉ង់​បាក់មុខ​យ៉ាង​ខ្លាំង ពិសេស​បង្ហាញ​ពី​ភាព​អសត្ថភាព​ក្នុង​ការ​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៃ​ជំនួបកំពូល​អន្តរជាតិ​មួយ​នេះ។

បរិយាកាស​ល្អ និង​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​តទល់​រវាង​លោក​ត្រាំ និង​លោក​ពូទីន

ជំនួប​មួយ​ទល់​មួយ​លើក​ទី១ រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ពូទីន​មាន​រយៈពេល​ដល់​ទៅ ២ម៉ោង​កន្លះ និង​ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson។ ចំណែក​នៅ​ក្នុង​សន្និសីទកាសែត​រយៈពេល​ខ្លី​រួម​គ្នា លោក​ត្រាំ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​កិច្ចពិភាក្សា​ល្អ និង​ការ​លើក​យក​ទៅ​និយាយ​ត្រង់​ទៅ ត្រង់​មក​ជាមួយ​លោក​ពូទីន​នូវ​ប្រធានបទ​សំខាន់ៗ​ជា​ច្រើន។ ពី​ខាង​លោក​ពូទីន​វិញ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ជជែក​គ្នា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា និង​សង្ឃឹម​ថា ជំនួប​ទ្វេភាគី​នេះ​នឹង​ផ្តល់​ប្រយោជន៍​ល្អ​សម្រាប់​រុស្ស៊ី អាមេរិក និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

បើ​តាម​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson លោក​ត្រាំ និង​លោក​ពូទីន​បាន​ជជែក​គ្នា​លើ​ប្រធានបទ​សំខាន់ និង​រសើប​ចំនួន ៤ ទី១ ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ទី២ វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី ទី៣ វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ទី៤ បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប្រធានបទ​ស្តីពី​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក ជា​ប្រធានបទ​ដែល​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​យូរ​ដោយ​លោកត្រាំ​បាន​និយាយ​ប្រាប់​លោក​ពូទីន​ពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​អាមេរិក។ តែ​លោក​ពូទីន​បន្ត​បដិសេធ និង​ដែល​ទីបំផុត លោក​ត្រាំ​បែរ​ជា​ទទួល​យក​ការ​ពន្យល់​របស់​លោក​ពូទីន នេះ​បើ​តាម​លោក​ប្រមុខ​ការទូត​រុស្ស៊ី Lavrov។

ទាក់ទង​នឹង​វិបត្តិ​ស៊ីរី ភាគី​អាមេរិក និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​នៅ​ប៉ែក​ខាងត្បូង​ស៊ីរី និង​បង្កើត​ឲ្យ​មាន​តំបន់​គ្មាន​ជម្លោះ​មួយ​ក្នុង​ខេត្ត​ស៊ីរី​ចំនួន ៣។ នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន អាមេរិក​បន្ត​ចោទ​រុស្ស៊ី​ពី​បទ​បាន​គាំទ្រ​ផ្លូវយោធា​លើ​ពួក​ក្រុមបះបោរ​នៅ​ប៉ែក​ខាង​កើត និង​សង្ឃឹម​រក​ដំណោះស្រាយ​សមស្រប​មួយ​ជាមួយ​រុស្ស៊ី។ តែ​រុស្ស៊ី​នៅ​តែ​បដិសេធ​ថា ខ្លួន​មិន​បាន​ជួយ​គាំទ្រ​ផ្លូវយោធា​លើ​ពួក​បះបោរ​ទេ។ ចំណែក​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក​ត្រាំ​ចង់​ឲ្យ​មាន​ទ័ណ្ឌកម្ម​ថ្មី​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ដែល​ទើប​បាន​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប។ តែ​លោក​ពូទីន​ព្រមាន​ពី​ការ​ប្រឆាំង​លើ​ទ័ណ្ឌកម្ម​ថ្មី និង​អំពាវនាវ​ដល់​គ្រប់​ភាគី​ឲ្យ​មាន​ភាព​អត់ធ្មត់។

ជំនួបកំពូល G២០ ឯកភាព​ប្រឆាំង​នឹង​នយោបាយ​សេដ្ឋកិច្ច​អាត្មានិយម

មាន​សំណុំរឿង​ជា​ច្រើន​ត្រូវ​បាន G២០ លើក​យក​ទៅ​ជជែក រួម​មាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម បញ្ហា​ជនអន្តោប្រវេសន៍ ឬ​មួយ​ក៏​វិធានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​ដើម។ ក៏​ប៉ុន្តែ ពាណិជ្ជកម្ម និង​អាកាសធាតុ​បាន​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស និង​រសើប​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ជំនួបកំពូល G២០ ឆ្នាំ​នេះ។ មូលហេតុ គឺ​ផ្តើម​ចេញ​ពី​ការ​ប្តូរ​ជំហរ ១៨០អង្សារ​របស់​អាមេរិក​ក្រោម​អំណាច​របស់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ ហើយ​លោក​ត្រាំ​ក៏​បាន​ព្រមាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត​ដោយ​លោក​យល់​ថា អាមេរិក​ជា​អ្នក​ខាត​បង់​ធំធេង​ណាស់។ លោក​ត្រាំ​បាន​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ​ដូច​ដែល​លោក​ធ្លាប់​រម្លឹក​ម្តង​ជា​ពីរ​ដង​ថា « America first »។

នយោបាយ​ការពារ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក​ត្រាំ​នេះ​បាន​ទទួល​ការ​រង​ការ​រិះគន់​ខ្លាំង​ពី​បស្ចិមលោក ពិសេស​ពី​ប្រទេស​សមាជិក G២០ ផ្សេង​ទៀត។ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ជំនួប G២០ ឆ្នាំ​នេះ លោក​ត្រាំ​បែរ​ជា​សុខចិត្ត​លះបង់​នយោបាយ​ការពារ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​យល់ព្រម​ឲ្យ​មាន​ការ​ដាក់ទោស​ចំពោះ​ប្រទេស​សមាជិក​ណា​ដែល​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​អាត្មានិយម។ តែ​ជា​ថ្នូរ​ត្រឡប់​វិញ ប្រទេស​សមាជិក​នីមួយៗ​មាន​សិទ្ធិ​អនុវត្ត​នយោបាយ​ស្របច្បាប់​ដើម្បី​ការពារ​ពាណិជ្ជកម្ម​របស់​ខ្លួន។ នេះ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ G២០ ដែល​សិទ្ធិ​អនុវត្ត​នយោបាយ​ស្របច្បាប់​ដើម្បី​ការពារ​ពាណិជ្ជកម្ម​បាន​ចែង​ច្បាស់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម។

ប្រធានរឿង​ចម្រូងចម្រាស និង​រសើប​ខ្លាំង​មួយ​ទៀត គឺ​បញ្ហា​អាកាសធាតុ។ នៅ​ក្នុង​រឿង​នេះ សេចក្តីថ្លែងការណ៍​រួម​របស់ G២០ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទទួល​យក​ការ​សម្រេចចិត្ត​របស់​អាមេរិក​ដែល​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ និង​ដាក់​អាមេរិក​ឲ្យ​នៅ​ឯកោ​នៅ​ក្នុង​បញ្ហា​អាកាសធាតុ​នេះ។ ជា​សរុប ជំនួបកំពូល G២០ បិទបញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ស្តួចស្តើង តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ជំនួប​ទ្វេភាគី ឬ​ត្រីភាគី​ដែល​ជា​ទូទៅ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់៕

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​