rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

G20

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកអេម៉ានុយអែល ម៉ាក្រុង៖​គេ​មិន​អាច​ប្រឆាំង​នឹង​ភេរវនិយម​ដោយ​មិន​ខ្វល់​ពី​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ទេ

media
លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​ក្នុង​ជំនួបកំពូល G២០ នៅ​ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី៨ កក្កដា ២០១៧ Reuters

ជំនួបកំពូល G២០ រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង Hambourg ប្រទេស​អាល្លឺម៉ង់​បាន​បិទបញ្ចប់​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី៨ កក្កដា។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម G២០ បាន​ទទួល​ស្គាល់​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​អាមេរិក​ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​ជំនួបកំពូល​អន្តរជាតិ​ជា​ថ្មី​ស្តីពី​អាកាសធាតុ​នៅ​ថ្ងៃទី១២ ធ្នូ​ខាង​មុខ និង​សង្ឃឹម​ថា លោក​នឹង​អាច​និយាយ​ជំនះ​លោក​ត្រាំ​ឲ្យ​ទទួល​យក​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ជា​ថ្មី​នា​ពេល​លោក​ត្រាំ​ចូលរួម​បុណ្យជាតិ​បារាំង​ថ្ងៃទី១៤ កក្កដា​ខាង​មុខ​ក្នុង​ទីក្រុង​ប៉ារីស។ សម្រាប់​លោក​ម៉ាក្រុង គេ​មិន​អាច​ពួត​ដៃ​គ្នា​ប្រឆាំង​ភេរវនិយម​ដោយ​មិន​ខ្វាយខ្វល់​ពី​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី​បាន​ទេ។


« យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ពិត​ជា​រឿង​សំខាន់​ដែល​គេ​ត្រូវ​តែ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ខាន​មិន​បាន ហើយ​វា​ថែម​ជា​ជា​ប្រធានបទ​ស្នូល​នៃ​ជំនួបកំពូល G២០ ពេល​នេះ។ គេ​ពិត​ជា​មិន​អាច​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​ឲ្យ​មាន​ប្រសិទ្ធិភាព​បាន​ទេ ប្រសិន​បើ​គេ​មិន​អាច​ឯកភាព​គ្នា​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កំដៅ​លើ​ភពផែនដី​ទេ​នោះ។

បើ​មិន​ដូច្នោះ​ទេ គេ​ត្រូវ​តែ​ទៅ​និយាយ​ពន្យល់​បំភ្លឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​ឆាដ នីហ្សេ ឬ​កន្លែង​ផ្សេង​ទៀត​ថា អាកាស​មិនមែន​ជា​បញ្ហា​ទេ។ សព្វថ្ងៃ​នេះ មនុស្សលោក​កំពុង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​គម្លាត​ខ្លាំង​ក្នុង​រឿង​ភេរវនិយម និង​អាកាសធាតុ ហើយ​ដែល​គម្លាត​ទាំង​ពីរ​នេះ​ពិត​ជា​មាន​ចំណង​ទាក់ទង​គ្នា​យ៉ាង​ខ្លាំង។ បើ​ចង់​ប្រឆាំង​នឹង​ភេរវនិយម​ឲ្យ​មាន​ប្រសិទ្ធិភាព គេ​ត្រូវ​តែ​ទប់ស្កាត់​ស្រប​គ្នា​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយកាស។

ពិត​ណាស់​ថា គេ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​នៅ​អាហ្រ្វិក ការ​អភិវឌ្ឍន៍ បញ្ហា​អាកាសធាតុ ឬ​មួយ​ក៏​វិស័យ​ឧស្សាហកម្ម​ដាច់​ដោយឡែក​ពី​គ្នា​បាន តែ​សម្រាប់​ខ្ញុំ ដំណោះស្រាយ​របៀប​នេះ​គ្មាន​ន័យ​អ្វី​សោះ ព្រោះ​បញ្ហា​នីមួយៗ​មាន​សំណង​ទាក់ទង​រវាង​គ្នា​ដែល​គេ​ត្រូវ​ដោះស្រាយ​ស្រប​គ្នា។

ដូច្នេះ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង គឺ​ចូលរួម​ដោះស្រាយ​ជា​កញ្ចប់​លើ​គ្រប់​កិច្ចសន្យា​ទាំង​អស់ »