rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាល្លឺម៉ង់ G20

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាល្លឺម៉ង់​​តៀម​ទទួល​ជំនួប​G២០ ប្រឈម​នឹង​ក្រុម​បាតុករ​ឆ្វេងនិយម​​ជ្រុល​

media
ប៉ូលិស​អាល្លឺម៉ង់​ត្រៀម​ការពារ​សន្តិុសុខ​ សម្រាប់​ជំនួប​កំពូលប្រទេស​ហ្សេ២០ នៅ​ទីក្រុង​Hambourg REUTERS/Fabian Bimmer

ទីក្រុង​Hambourg ភាគខាងជើង​អាល្លឺម៉ង់​កំពុង​ត្រៀម​ទទួលជំនួបកំពូល​​ហ្សេ២០ ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍​នេះ។ ​អាជ្ញាធរ​ដាក់​ពង្រាយ​ប៉ូលិស​​២ម៉ឺននាក់ ​​មកពីអាល្លឺម៉ង់​និង​អូទ្រីស​ ពង្រឹង​សន្តិសុខ​ប្រឈម​​ហិង្សា​ដែល​អាច​បង្កឡើង​ដោយ​​ក្រុមបាតុករ​ឆ្វេងនិយម​ជ្រុល។ ក្រុម​ឆ្វេងនិយម​​ចាត់ទុក​ជំនួប​ហ្សេ២០ ថា​ជា​វេទិកា​ក្រុម​ប្រទេស​មូលធន​និយម។ ​ ​


ទីក្រុង​ Hambourg ភាគខាងជើង​អាល្លឺម៉ង់​មានប្រជាជន​១លាន​៧សែននាក់ ​ជា​ស្រុក​កំណើត​របស់​ប្រមុខ​ដឺកនាំ​ អាន់ហ្កឺឡា​ មែរគែល។ តែ​ក៏ជា​ទីក្រុង​សំបូរ​សកម្មជន​​​ឆ្វេងនិយម​ជ្រុល​ដែរ។ ក្រុមឆ្វេងនិយម​ជ្រុល​ចាត់ទុក​ប្រទេស​ហ្សេ២០ ជា​ប្រទេស​មូលធន​និយម។ ពួកគេ​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​មេដឺកនាំ​​ហ្សេ២០​​ តាំងតែ​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ​ហើយ។ ក្នុង​ថ្ងៃ​ជំនួប​កំពូល​ហ្សេ២០ នៅ​ហាំបួ ថ្ងៃសុក្រ​និង​ថ្ងៃ​សៅរ៍នេះ នឹង​មាន​បាតុកម្ម​ជាង​៣០ ដែល​អាច​មា​នបាតុករ​រហូត​១សែននាក់ ក្នុង​នោះ​អាច​មា​ន​ក្រុមឆ្វេងនិយម​​ជ្រុល​ដល់ទៅ​៨ពាន់​នាក់។ ក្រុមជ្រុល​និយម​ទាំងនេះ​មិនខ្លាច​នឹង​ប្រឈម​នឹង​ប៉ូលិស​ទេ។

អាល្លឺម៉ង់​​​​​ដាក់ពង្រាយ​ប៉ូលិស​២ម៉ឺននាក់ មកពី​ទូទាំង​ប្រទេស មិនត្រឹម​ត្រៀម​ការពារ​ភេរវកម្ម រឺប្រឈម​​​ហិង្សាណាមួយ​ទេ។ អាល្លឺម៉ង់​បារម្ភ​ផងដែរ ខ្លាច​មា​ន​ការ​ប៉ះទង្គិច​​​រវាង​ប្រជាជន​​​គួដឌីស្ថាន​និង​ប្រជាជន​តួកគី ដោយសារ​ថា​ ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ហ្សេ២០​នេះ។ ​​

នៅ​ហំបួ ​ការ​ប៉ះទង្គិច​​​​ បាន​កើតឡើង​តាំង​ពី​ដើមសប្តាហ៍មក។ ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ​រថយន្ត​ទំនើប​ៗ​៨គ្រឿងត្រូវបាន​គេដុតឆេះ។ ប៉ុន្មាន​ថ្ងៃ​មុននេះ ប៉ូលិស​បាន​ប្រឈម​នឹង​ក្រុ​មអ្នក​ចង់​បោះ​ជំរំ​ដេក​នៅ​តាម​ឧទ្យាន​ក្រុង​ ដោយសារ​​ទីនោះ​ជាកន្លែង​ហាមឃាត់​មិនអោយ​បោះជំរំ​។ ​ល្ងាច​ម្សិលមិញ ​មនុស្ស​​១ម៉ឺន១ពាន់​នាក់​បាន​នាំគ្នា​ដង្ហែ​ក្បួន​តវ៉ា ​នៅ​កណ្តាលក្រុង​​ តែ​ជា​ការតវ៉ា​បែប​​សន្តិភាព។

ដោយឡែក ជំនួបក្រុម​ប្រទេស​ហ្សេ២០ មានអ្នកចូលរួម​ជាង​១ម៉ឺននាក់។ ​ដើម្បី​ធានា​​អោយ​ពួកគេ​អាច​ធ្វើការ​ និង​ស្នាក់​នៅ​ស្រួល មានតែ​ទីក្រុង​ធំៗ ដូចជា​ហំបួ ប៊ែរឡាំង រឺ​ក៏​មុយនិច​ប៉ុណ្ណោះ ដែល​អាច​អោយ​អាជ្ញាធរ​រៀបចំ​ ដាក់សម្ភារៈ​ ឆ្លើយតប​តំរូវការ​​​របស់​អ្នកចូលរួម​ដ៏សន្ធឹកសន្ធាប់​ទាំងនេះ។ ក្រុម​សិទ្ធិមនុស្ស​រិះគន់​ថា ហំបួ​មានការពង្រឹង​សុវត្ថិភាព​​ខ្ពស់​ហួសហេតុ​ មាន​ការហាមឃាត់​បាតុកម្ម​​លើ​​តំបន់​ផ្ទៃដី​៣៨​គីឡូម៉ែត្រ​ការ៉េ ពោលគឺ​ហាម​ស្ទើរតែ​គ្រប់ផ្ទៃដី​ទី​​ក្រុង​ទៅហើយ៕