អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុ​អ្វី​លោក​ត្រាំ ជ្រើសរើស​​​​ចូល​ប៉ូឡូញ មុនទៅ​​ជំនួប​កំពូល​ហ្សេ​២០ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ដូណាល់ ត្រាំ កំពុង​​បំពេញ​ទស្សនកិច្ច​​ជា​ផ្លូវការ​នៅ​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​​ព្រហស្បតិ៍​ទី ៦​កក្កដា​នេះ។ នៅ​ទីនេះ លោក​បាន​​ជួប​​ប្រាស្រ័យ​ជាមួយ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​និង​កណ្តាល​ប្រមាណ​ជាង​១០​ប្រទេស​។ ហើយ​គឺ​ពីទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ​ដដែល​នេះ ដែល​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ចាត់​ទុក​​​លោក​ពូទីន ជាមនុស្ស​​មាន​ចរិក​​បង្ក​អស្ថិរភាព បើ​ទោះបី​ជា​ស្អែក​​លោក​ត្រូវ​ជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​ក៏​ដោយ។ ​​ បើ​តាម​កាលវិភាគ លោកដូណាស់ ឆ្លៀត​​ចូល​​តែ​ប្រទេស​ប៉ូឡូញ​មួយ​គត់ មុន​នឹង​បន្ត​​ដំណើរ​​ទៅ​​ចូល​រួម​ក្នុង​ជំនួបកំពូល ​នៃ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ទាំង​២០​ដំបូង​លើ​ពិភពលោក ឬ​ហៅ​កាត់​ថា ហ្សេ២០ ថ្ងៃ​សុក្រ​និង​សៅរ៍ នៅ​ប្រទេសអាល្លឺម៉ង់។

លោក ត្រាំ​ និងសមភាគី​ប៉ូឡូញ ក្នុង​សន្និសីទ​កាសែត​រួម​នៅទីក្រុង​វ៉ាសូវី ថ្ងៃទី ៦ កក្កដា ២០១៧
លោក ត្រាំ​ និងសមភាគី​ប៉ូឡូញ ក្នុង​សន្និសីទ​កាសែត​រួម​នៅទីក្រុង​វ៉ាសូវី ថ្ងៃទី ៦ កក្កដា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​ ​នៅ​ប៉ូឡូញ​ ? គ្រាន់​តែ​បាន​ឮ​សេចក្តី​ប្រកាស​របស់​សេតវិមាន ​កាលពី​ថ្ងៃទី ៦​មិថុនា​ភ្លាម​ថា ក្នុង​ដំណើរ​ផ្លូវ​ទៅ​ចូល​រួម​ប្រជុំ​G២០ ​វ៉ាសូវី ជា​រដ្ឋធានី​អឺរ៉ុប​តែ​មួយ​គត់​​ដែល​លោកប្រធានាធិបតី​អាមេរិក​ឆ្លៀត​ចូល​​បំពេញ​ទស្សនកិច្ចជា​​ផ្លូវ​ការ​ គ្រប់​គ្នា​បាន​លាន់​មាត់​ថា​ហេតុ​អ្វី​ប៉ូឡូញ ?!

តាមការ​ពិត​ លោក​ ដូណាល់ ត្រាំ មិន​ដែល​ចាប់​អារម្មណ៍​នឹង​ការ​អញ្ជើញ​របស់​ប៉ូឡូញ​ឡើយ ពី​មុន​មកទេ​ ! គ្រាន់​តែ​ជាប់​ឆ្នោត​ភ្លាម ប៉ូឡូញ​បាន​ធ្វើ​លិខិត​អញ្ជើញ​លោកដូណាល់ ត្រាំ​ភ្លាម​ តាំង​តែ​ពី​ខែ​វិច្ឆិកា ២០១៦​ម្ល៉េះ។ លោក​ត្រាំ​ទើប​មើល​ឃើញ​ប្រយោជន៍​របស់​ប៉ូឡូញ​ ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​អឺរ៉ុប កាលពី​ចុង​ខែ​ឧសភា ក្នុង​ឱកាស​ជំនួប​កំពូល​អូតង់ និង​ហ្សេ​៧​ ដែល​កាលណោះ​លោក​ហាក់ឡេះឡះ​និង​​ឯកា។

អញ្ចឹង​ហើយ​បាន​ជា​លោក​ត្រូវ​ការ​រក​ប្រទេស​ណា​មួយ​ដែល​គាំទ្រ​និង​ស្វាគមន៍​លោក​ខ្លាំង។ លោក​ធ្លាប់​គិត​ចង់​អញ្ជើញទៅ​អង់គ្លេស​ដែរ តែ​មួយ​រយៈក្រោយនេះ​​ឡុង​ដ៍ក៏​ខឹងខ្លាំង​​នឹង​លោក​ត្រាំ​ដែរ។ ដូច្នេះ គឺ​មាន​តែ​ ប៉ូឡូញ ! វ៉ាស៊ីនតោន និង​វ៉ាសូវី មាន​ចំណុច​ដូច​គ្នា​ច្រើន ! មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ សុទ្ធ​តែ​ជា​អ្នក​នយោបាយ​ប្រជាភិថុត​ដូច​គ្នា​ នយោបាយ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខ្លាំង​ដូច​គ្នា ចូល​ចិត្ត​ធ្វើ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​នឹង​ពលរដ្ឋ​​អ៊ីស្លាមដូច​គ្នា មាន​គំនិត​ប្រឆាំង​អឺរ៉ុប​ដូច​គ្នា ការពារ​អធិបតេយ្យភាព​នយោបាយ និង​ជាតិ​និយម​ខ្លាំង​ដូច​គ្នា ! ទាំងពីរ​ប្រទេស​នេះ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឯកា​ដូច​គ្នា !

ប៉ូឡូញ​ក៏​ដូច​ជា​បណ្តា​ពលរដ្ឋ​នៃ​ប្រទេស​ជា​អតីត​ប្លុក​សហភាព​សូវៀត​ជា​ច្រើន​​ទៀត​ដែរ បាន​រក្សា​ទុក​នូវ​ការ​ដឹកគុណ​មួយ​ចំពោះភាព​មុះមុត​របស់​​អាមេរិក​ក្នុង​អំឡុងពេល​សង្គ្រាម​ត្រជាក់។

ប្រធានាធិបតី​អាមេរិក​និង​ប៉ូឡូញ ព្រមទាំង​ប្រធានាធិបតី​ក្រូអាស៊ី នៅ​ក្នុង​ជំនួប​បី​សមុទ្ទ
ប្រធានាធិបតី​អាមេរិក​និង​ប៉ូឡូញ ព្រមទាំង​ប្រធានាធិបតី​ក្រូអាស៊ី នៅ​ក្នុង​ជំនួប​បី​សមុទ្ទ © Reuters

ជំនួបកំពួល​ក្រុមប្រទេស​បី​សមុទ្ទ

ទស្សនកិច្ច​ថ្ងៃ​នេះ ជា​ឱកាស​មួយ​ដែល​អាមេរិក​ត្រូវ​លើក​សរសើរ​ បញ្ជោ​ប៉ូឡូញ អំពី​សម្ព័ន្ធភាព​តាំង​ពី​យូរ​លង់​រវាង​ប្រទេស​ទាំង​ពីរ។

ក្រៅ​អំពី​ជំនួប​ពិភាក្សា​មួយទល់​នឹង​មួយ​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ និ​ងផ្តល់​សន្និសីទ​កាសែត​ខ្លី​មួយ​​ហើយ បុរស​រដ្ឋ​ទាំ​ងពីរត្រូវ​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល​បីសមុទ្ទ (សមុទ្ទ​បាល់ទិក សមុទ្ទ​ខ្មៅ និង​សមុទ្ទអាទ្រីយ៉ាទិក ដែល​ជា​បណ្តុំ​ប្រទេស​អឺរ៉ុប​កណ្តាល​និង​ខាង​កើត ចំនួន​១២ ៖ ​​ប៉ូឡូញ លីទុយអានី លេតូនី ហុងគ្រី អេស្តូនី អូទ្រីស ស្លូវេនី ក្រូអាស៊ី សាធារណរដ្ឋ​ឆែក ស្លូវាគី រ៉ូម៉ានី ប៊ុលហ្ការី។ គម្រោង​បង្កើត​​ហេដ្ឋារចនា​សម្ព័ន្ធ​ក្រុមប្រទេស​បី​សមុទ្ទ​នេះ ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប៉ូឡូញ​និង​ក្រូអាស៊ី តាំ​ងពី​ឆ្នាំ​២០១៦​មក ហើយ​ត្រូវ​បើក​ជំនួប​កំពូល​ជា​លើក​ទី​មួយ​របស់​ខ្លួន ក្រោម​វត្តមាន​របស់​ប្រធានាធិបតី​អាមេរិក​ទៀត។ ប៉ូឡូញ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​មេ ប្រចាំតំបន់​ អឺរ៉ុប​កណ្តាល និង​ខាង​កើត ដោយ​មាន​អាមេរិក​ជា​ជន្ទល់​។

​ទស្សនកិច្ច​នេះ ក៏​ជា​ឱកាស​ជជែក​អំពី​បញ្ហា​សន្តិសុខ​និង​ថាមពល​ដែរ។ បណ្តា​ក្រុមប្រទេស​១២​នេះ រង់​ចាំ​ការ​គាំទ្រ​ជា​ថ្មី​ពី​​អាមេរិក។ ប៉ូឡូញ​ចង់ប្រទេស​ខ្លួន​និង​អឺរ៉ុប​ខាង​កើត ឈប់រំ​​ពឹងតែ​លើ ​ថាមពល​ឧស្ម័ន​​រុស្ស៊ី ដោយ​ងាក​ទៅ​ទិញ​ពី​ហ្កាស​អាមេរិក​វិញ។ អាច​ចាត់ទុក​ថា​ជា​ការ​ប្រកួត​ប្រជែង​មួយ ព្រោះ​អាល្លឺម៉ង់ ក៏​​មាន​គម្រោង​ ភ្ជាប់​បំពង់​ឧស្ម័ន​ពីរុស្ស៊ី​មក​អឺរ៉ុប។ ហើយ​ចំណុច​ចុងក្រោយ​មួយ​ទៀត​ ដែល​អាច​ទាញ​ជា​ប្រយោជន៍​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកត្រាំ​នៅ​ប៉ូឡូញ​ពេល​នេះ គឺ​កិច្ចសន្យា​​ទិញអាវុធ ៖ ប៉ូឡូញ​ដែល​នៅ​តែ​ព្រួយ​បារម្ភ​ជា​និច្ច​នឹង​រុស្ស៊ី​ កំពុង​ចង់​ធ្វើ​ទំនើប​កម្ម​គ្រឿង​សព្វាវុធ​របស់​ខ្លួនផង។

ពលរដ្ឋ​ប៉ូឡូញ​ច្រើន​កកកុញ​មក​ស្តាប់​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ នៅ​ទីលាន​បដិវត្ត​ក្រុង​វ៉ាសូវី
ពលរដ្ឋ​ប៉ូឡូញ​ច្រើន​កកកុញ​មក​ស្តាប់​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ នៅ​ទីលាន​បដិវត្ត​ក្រុង​វ៉ាសូវី © Reuters

ប៉ុន្តែ​កម្មវត្ថុដ៏​សំខាន់​បំផុត​ សម្រាប់​លោក​ត្រាំ ក៏​ដូច​ជា​ប៉ូឡូញ នា​ឱកាស​​នេះ គឺ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អាមេរិក​ នៅ​កណ្តាល​ក្រុង​វ៉ាសូវី នៅ​ចំពោះ​មុខ​ពលរដ្ឋ​ប៉ូឡូញ ជា​ច្រើន​ពាន់​នាក់។ ជា​សុន្ទរកថាស្តី​អំពី​​នយោបាយ​អន្តរជាតិ​ ដែល​សំខាន់​បំផុត​ នេះ​បើ​តាម​ទីប្រឹក្សា​សន្តិសុខ​របស់​លោក​ត្រាំ។ ជា​សុន្ទរកថាលើក​ដំបូង​​របស់​លោក​ត្រាំ ទៅ​កាន់​សាធារណជន មិន​មែន​សម្រាប់​តែ​ប៉ូឡូញ​ទេ តែ​ជា​ថ្នាក់​​អឺរ៉ុបតែ​ម្តង។ ហើយ​លោក​ត្រាំ​ជ្រើសរើស​ធ្វើ​នៅ​ប៉ូឡូញ។ ប៉ូឡូញ ដែល​ជា​សិស្ស​មិន​ល្អ​របស់​អឺរ៉ុប​។ ខិត​កាន់​តែ​ឆ្ងាយ​ឯកា​ទៅ​ៗ​ពី​ម្តាយ​ដើម ដោយ​សុខ​ចិត្ត​​រំពឹង​លើ​អាមេរិក។ វត្តមាន​របស់​លោក​ត្រាំថ្ងៃ​នេះបាន​​ពង្រឹងប៉ូឡូញឱ្យ​កាន់​តែ​ខ្លាំង។​

​អឺរ៉ុបនៅតែ​រួម​គ្នា​ជា​ធ្លុង​មួយ​ពេល​ប្រជុំ​G២០

សហភាព​អឺរ៉ុប ហាក់​ដូច​ជា​កំពុងនឿយ​ហត់​ខ្លាំង​ណាស់ នឹង​ភាព​ច្រលើសបើស និង​ជំហរ​ប្រឆាំង​​អឺរ៉ុប​​របស់​ប៉ូឡូញ​ ដែល​ខ្លួន​ជា​សមាជិកសោះ។ អឺរ៉ុប​បាន​ដឹង​ក្លិន​ជា​មុន​និង​កាន់​ច្បាស់​ថា ទស្សនកិច្ច​របស់​លោក​ត្រាំ នេះ បាន​ផ្តល់​កម្លាំង​ឱ្យ​ប៉ូឡូញ​កាន់​តែ​មាន​សក្តានុពល​ចង់​​​បង្កើត​ក្រុម​​មួយដែរ (រួម​មាន​ប៉ូឡូញ ហុងគ្រី ឆែក និង​ស្លូវាគី) ដើម្បី​ទប់​ទល់​នឹង​ចរន្ត​ដឹកនាំបារាំង-អាល្លឺម៉ង់​ ជា​ក្បាល​ម៉ាស៊ីន​ប្រពៃណី​របស់​អឺរ៉ុប។​​

ប៉ុន្តែ​ ទាំង​ព្រុចសែល ប៊ែរឡាំង ឬ​ប៉ារីស សុទ្ធ​តែ​នាំ​គ្នា​សម្រួល​ចិត្ត​ថា​មិន​ថ្វី​ទេ យ៉ាងណា​ប៉ូឡូញ​ក៏​ជា​សមាជិក​អឺរ៉ុប​មួយ​ដែរ ! និងប្រឹង​លួច​លួង​ចិត្ត​គ្នា​ ថាសហភាព​អឺរ៉ុបត្រូវ​​​តែរួម​គ្នា​ជា​ធ្លុង​មួយ នៅ​ក្នុង​ជំនួប​កំពូល​ហ្សេ ២០ ថ្ងៃសុក្រ​និង​សៅរ៍​ខាង​មុខ​នេះ​ ជាពិសេស​លើ​ប្រធានបទ​អាកាសធាតុ​។ ម្យ៉ាង​ទៀត លោក​ត្រាំ​ក៏​នឹង​ត្រលប់​​មក​បំពេញ​ទស្សនកិច្ច​នៅក្រុង​ប៉ារីស ក្នុង​ថ្ងៃ​បុណ្យជាតិ​​១៤ កក្កដា។ ​

សម្រាប់​អឺរ៉ុប គេ​យល់​ថា ធាតុ​ពិត​នៃ​ជម្រើស​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ូឡូញ​របស់លោក​ត្រាំ ទំនង​ជា​គ្មាន​បង្កប់​​នូវ​អត្ថន័យ​យុទ្ធសាស្ត្រ​ពិសេស​ណា​មួយ​​ទេ។ ជួនកាល​លោក​ដូណាល់ ត្រាំ គ្រាន់​តែ​ចង់​បង្ហាញ​ម្ចាស់​ឆ្នោត​អាមេរិក​ថា លោក​បាន​ការ​ទទួល​ស្វាគមន៍​អបអរ​ខ្លាំង​នៅ​ពី​អឺរ៉ុប​ មិនមែន​មាន​តែ​បាតុកម្ម​ប្រឆាំង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ