អានតួអត្ថបទ

អន្តោប្រវេសន៍ ៖ អ៊ីតាលីច្រឡោត​នឹង​​អូទ្រីសដែល​ពង្រាយ​ទ័ព​តាម​ព្រំដែន

​​វិបត្តិ​អន្តោប្រវេសន៍អឺរ៉ុប​បាន​រុញ​ច្រាន​ សហភាព​អឺរ៉ុប​ឱ្យ​​​ប្រកាស​ចាត់​វិធានការ​សកម្ម​ថ្មី​ កាលពី​ម្សិលមិញ ប៉ុន្តែនៅ​តែ​មិន​គ្រប់គ្រាន់​។ ដោយ​ហេតុតែ​បញ្ហា​អន្តោប្រវេសន៍​​នេះ​ សមាជិក​អឺរ៉ុប​ពីរ​ប្រទេស​ គឺ​អ៊ីតាលី​និ​ងអូទ្រីស កំពុង​ប្រឈម​មុខ​ដាក់គ្នា​យ៉ាង​ខ្លាំង។ ​រដ្ឋាភិបាល​អ៊ីតាលី​បាន​កោះ​ហៅ​ទូត​អូទ្រីស ឱ្យ​ចូល​ជួប​បំភ្លឺ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​អូទ្រីស បាន​បញ្ជូន​កង​ទ័ព​ទៅ​ឈរ​ត្រួតពិនិត្យ​​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ីតាលី ដើម្បី​ប្រឈម​នឹង​ចរន្ត​អន្តោប្រវេសន៍។

ទូក​ដឹកអន្តោប្រវេសន៍​ដែលសង្គ្រោះ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ
ទូក​ដឹកអន្តោប្រវេសន៍​ដែលសង្គ្រោះ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍​​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ OIM មាន​អន្តោប្រវេសន៍​ប្រមាណ​ជាង​១​សែននាក់​បាន​ឆ្លង​មក​ដល់​ត្រើយ​អឺរ៉ុប​ភាគ​ខាង​ត្បូង នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ ៨៥០០០​នាក់នៅ​អ៊ីតាលី។ រលក​អន្តោប្រវេសន៍​តាម​ទូក​មួយ​ឈុល​ចុងក្រោយ​ ដែល​មាន​ដល់​អ៊ីតាលី​ក្នុង​រយៈ​ពេល​តែ​ពីរបី​ថ្ងៃ​ មាន​ដល់​ជាង​១​ម៉ឺន​នាក់។

អ៊ីតាលី​វក់​វី​ខ្លាំងណាស់​នឹង​បញ្ហា​អន្តោប្រវេសន៍​នេះ ! បន្ទាប់​ពី​​បាន​ស្រែក​គំរាម​បិទ​កំពង់ផែ​មិន​ឱ្យ​ទូក​សង្គ្រោះ​អន្តរជាតិ​ចូល​ចត​មក ល្ងាច​មិញ​អ៊ីតាលី បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​នឹង​អូទ្រីស ដែល​បាន​បង្ហាញ​គម្រោង​បញ្ជូន​ទាហាន​ទៅ​ឈរ​ជើង​យាម​ព្រំដែន​តាម​ច្រក​ចូល​ជាប់​ជាមួយអ៊ីតាលី។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីតាលី​ដែល​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អូទ្រីស​ឱ្យ​ចូល​ជួប​បំភ្លឺ និង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ីតាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍អះអាង​​ថា​ គ្មាន​កើត​ហេតុការណ៍​អ្វី​​អាសន្ន​ និង​បន្ទាន់​ណា​មួយ​ដែល​ត្រូវ​​បញ្ជូន​ទ័ព​មក​កាន់​ព្រំដែន​សោះ។ ទង្វើ​របស់​អូទ្រីស​មាន​សក្តិសម​នឹង​ស្ថានការណ៍​ និ​ងមិន​សមហេតុផល​ទេ ប្រសិន​បើ​គ្មាន​ការ​កែប្រែភ្លាមៗ​ទេ កិច្ចសហប្រតិបត្តិការ​​រវាង​អ៊ីតាលី​និង​អូទ្រីស​ក្នុង​វិស័យ​សន្តិសុខ​នឹង​ត្រូវ​រង​ផលវិបាក និង​ប៉ះពាល់​យ៉ាង​ខ្លាំង។ នេះ​ជា​ការ​គំរាម​របស់​រដ្ឋាភិបាល​អ៊ីតាលី។

សូម​បញ្ជាក់​ថា អូទ្រីស​ដែល​ជា​សមាជិក​អឺរ៉ុប​ដូច​អ៊ីតាលី​ដែរ ធ្លាប់​បាន​ប្រើ​វិធានការ​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍​ដោយ​ទាហាន​ត្រួត​ពិនិត្យ​​ព្រំដែនជាមួយ​ហុងគ្រី​ តាំង​ពី​ឆ្នាំ​២០១៥​មក។ កាលណោះ​អូទ្រីស​ធ្លាប់​បាន​ព្រលយ​ពាក្យ​ថា​នឹង​ចាត់វិធានការ​ដូច​គ្នាជាមួយ​អ៊ីតាលី បើ​ទោះ​បី​ជា​ច្រក​ព្រំដែន​នេះ មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ និង​ពុំ​សូវ​រង​សម្ពាធ​អន្តោប្រវេសន៍​ខ្លាំង ដូច​ច្រក​ព្រំដែន​អ៊ីតាលី-មក​បារាំង ឬ​អ៊ីតាលី-ស្វីស​ក៏​ដោយ។ ច្រក​អូទ្រីស​មាន​អន្តោប្រវេសន៍​រត់​ឆ្លង​ចូល​ប្រមាណតែ​ពី​១៥​ទៅ​២៥​នាក់​ និង​យ៉ាង​ច្រើន​៤០​នាក់​នៅ​ថ្ងៃ​ចុង​សប្តាហ៍។ ប៉ុន្តែអូទ្រីស​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ឃោសនា​បោះឆ្នោត​សភា​ ទើប​នយោបាយ​អន្តោប្រវេសន៍ ក្លាយ​ជា​​ប្រធានបទ​ដ៏​សំខាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ