អានតួអត្ថបទ
គ្រឿងញៀន​

អង្គការ​​សហប្រជាជាតិ៖​ទីផ្សារ​​គ្រឿង​ញៀន​​ពិភពលោក​​កំពុង​​ជួប​​”ភាព​​រុងរឿង”​​

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ បង្ហាញ​​ពី​ការរីកចំរើន​នៃ​ទីផ្សារ​គ្រឿងញៀន​ក្នុង​ពិភពលោក ខណៈ​អ្នកស្លាប់​ដោយគ្រឿងញៀន​មាន​ការកើនឡើង។ ​របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​​ពី​ការ​កើនឡើង​នៃ​ការ​ផលិត​គ្រឿង​ញៀន​កូកាអ៊ីន អាភៀន និង​ការ​កើនឡើង​នៃ​ប្រភេទ​ថ្នាំញៀន​សំយោគ។ អ្នកដែល​​ស្លាប់​ដោយសារ​គ្រឿងញៀននៅ​សហរដ្ឋ​អាមេរិក មានតួលេខ​ត្រូវនឹង​ ១ភាគ៣នៃ​មនុស្ស​ស្លាប់​ដោយគ្រឿងញៀន​ក្នុង​ពិភពលោក។

ដំណោះអាភៀនOpium នៅប្រទេស​អាហ្វហ្កានីស្ថាន​
ដំណោះអាភៀនOpium នៅប្រទេស​អាហ្វហ្កានីស្ថាន​ REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

“ប្រសិន​បើ​ពេល​ថ្មីៗនេះ គេនាំគ្នា​យកចិត្ត​ទុកដាក់​ដល់​សារធាតុ​មេតំ​ហ្វេតាមីន គេ​មិនត្រូវ​ភ្លេច​ទេថា ​ការ​ផលិត​កូកាអ៊ីន និង​​សារធាតុ​​អាភៀន ដែល​ទាក់ទង​ផ្នែក​សរសៃ​ប្រសាទ មា​នការ​កើនឡើង” នេះ​ជា​ប្រសាសន៍​របស់​លោកយូរី ហ្វេដូតូវ ​Yuri Fedotov ជា​ប្រធាន​​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម។ ការិយាល័យ​នេះ​​មា​នទីតាំង​នៅ​ក្រុងវីយែន ប្រទេស​អូទ្រីស។​

ឆ្នាំ២០១៦ ការ​បង្កបង្កើនផល​នៅ​អាហ្វហ្កានីស្ថាន​មានដំណើរការ​ល្អប្រសើរ ធ្វើអោយ​ការផលិត​អាភៀន​ក្នុង​ពិភពលោក ​​កើនឡើង​១ភាគ៣ ប្រៀប​នឹង​ឆ្នាំ២០១៥។ អាភៀន​ផ្តល់ផល​​​​បរិមាណ​ជាង៦៣០០តោន។ តួលេខ​នេះ​ទាបជាង​តួលេខ​ឆ្នាំ២០១៤ ប្រមាណ​ជា​២០ភាគរយ។ ឆ្នាំ២០១៤ ជា​ឆ្នាំ​ដែលភោគផលការផលិត​អាភៀន កើនដល់​កម្រិតកំពូល។ ចំពោះ​ការដាំដុះ​ដំណាំ​កូកាដែល​ប្រើ​សម្រាប់​ផលិត​កូកាអ៊ីនវិញ គេឃើញ​មាន​ការកើនឡើង​៣០ភាគរយ ​ពីឆ្នាំ២០១៣​ដល់​ឆ្នាំ២០១៥ ពិសេសការដាំដុះ​​នៅ​កូឡុំប៊ី​តែម្តង។ ​

យោងតាម​របាយការណ៍ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម ​គ្រឿងញៀន​អេរ៉ូអ៊ីន ​ដែល​អាជ្ញាធរអាមេរិក​​រឹបអូស​បានក្នុងស្រុក​ បានកើនឡើង​ខ្ពស់ ក្នុងឆ្នាំ​២០១៥។ ​អង្គការ​សហប្រជាជាតិ​បានសំដែង​ការ​បារម្ភពី​បញ្ហា​នៅ​អាមេរិក ដោយ​បាន​​ប្រដូច​បញ្ហា​នេះទៅនឹង​ជំងឺ​រាតត្បាត។ ​​​នៅ​សហរដ្ឋ​អាមេរិក ​​ការ​​ដែល​គេ​ប្រើប្រាស់​​នូវ​​ថ្នាំ​ដែលផលិត​ដោយ​អាភៀន ដូចជា​ថ្នាំ​បំបាត់​ការឈឺចាប់ ហ្វង់តានីល Fentanyl លាយជាមួយ​សារធាតុ​អេរ៉ូអ៊ីន ជា​រឿងគ្រោះថ្នាក់​ខ្លាំងណាស់។

ហ្វង់តានីល​ជា​គ្រឿងញៀន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អេរ៉ូអ៊ីន​ដល់ទៅ​៥០ដង ហើយ​ខ្លាំងជាង​មរហ្វ៊ីន​ដល់ទៅ​១០០ដង។ អ្នកដែល​​ស្លាប់​ដោយសារ​គ្រឿងញៀននៅ​សហរដ្ឋ​អាមេរិក មានតួលេខ​ត្រូវនឹង​ ១ភាគ៣នៃ​អ្នក​​ស្លាប់​ដោយគ្រឿងញៀន​ក្នុង​ពិភពលោក។ ការ​ប្រើគ្រឿងញៀន​ហួសកម្រិតនៅ​អាមេរិក​​បានកើន​១ជា៣ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៥។ ​ក្រៅពី​នៅ​សហរដ្ឋ​អាមេរិក ​អង្គការ​សហប្រជាជាតិ​សង្កេតឃើញ​​ថា ការ​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​អឺរ៉ុប ​​ហាក់​បាន​កើនឡើង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ