អានតួអត្ថបទ
បារាំង

ក្នុង​​រយៈពេល ៣​ថ្ងៃ រដ្ឋមន្រ្តី​៤រូប​របស់លោក​ម៉ាក្រុង ​លាលែង​ចេញ​ពី​តំណែង

រដ្ឋមន្រ្តី​សំខាន់ៗ​របស់​លោក អេម៉ានុយអែល ម៉ាក្រុង ដូចជា រដ្ឋមន្រ្តី​ការពារ​ជាតិ រដ្ឋមន្រ្តី​ យុត្តិធម៌ បាន​លាលែង ពី​តំណែង។ នៅ​ពី​ថ្ងៃ​ក្រោយ​រដ្ឋមន្រ្តី​ក្រសួង​ដែនដី រីឆាដ ហ្វេរ៉ង់ លា​ចេញពី​តំណែង លោក​ហ្រ្វង់ស័រ បីរូ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFPថា លោក​បាន​ដើរចេញ​ពី​រដ្ឋាភិបាល នៅ​ថ្ងៃ​ពុធ​ទី ២១​មិថុនា។ ក្នុង​រយៈពេល ៣​ថ្ងៃ រដ្ឋមន្រ្តី​សំខាន់​៤​រូប​របស់​រដ្ឋាភិបាលលោក​ម៉ាក្រុង បាន​សុំ​លាលែង​ពី​តំណែង។ 

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង
រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស័រ បីរូ ប្រកាស​លាចេញ​ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​​យុត្តិធម៌។ តាម​មន្រ្តី​បក្ស​កណ្តាល​និយម Modem លោកស្រី រដ្ឋមន្រ្តី​កិច្ចការអឺរ៉ុប មុយរីយែល ដឺ សាកនែស ដែល​ជា​អនុប្រធាន​បក្ស​កណ្តាល​និយម បន្ទាប់ពី​លោក​បីរូ នឹង​លាលែង​ចេញពី​តំណែង ដើម្បី ទៅ​ធ្វើ​ជា​ប្រធាន​ក្រុម​បក្ស​​Modem នៅ​សភា។ ការលាលែង​ចេញពី​តំណែង​រដ្ឋមន្រ្តី របស់​លោក​បីរូ និង​របស់លោកស្រី ដឺ សាកនែស ធ្វើឡើង នៅ​មួយ​ថ្ងៃ​ក្រោយ លោកស្រី ស៊ីល្វី ហ្គូឡារ​បាន​សុំ​លាលែង​ចេញពី​តំណែង រដ្ឋមន្រ្តី​ការពារជាតិ​បារាំង។

 

គិត​មក​ដល់​ថ្ងៃ​ពុធនេះ មាន​រដ្ឋមន្រ្តី​បួនរូប របស់​លោក​ម៉ាក្រុង​បានចុះចេញ​ពី​តំណែង ដែល​នៅក្នុង​នោះ មាន​ម្នាក់ ជា​រដ្ឋមន្រ្តី ជំនិត​របស់​លោកម៉ាក្រុង គឺ​លោក រីឆា ហ្វែរ៉ង់ ដែល​បាន​សុំ​លាលែង​ផងដែរ ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​បារាំង។

 

ការលាលែង​ចេញពី​តំណែង​របស់​លោក​ហ្វ្រង់ស័រ បីរូ ធ្វើឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន ការរុះរើ​រដ្ឋាភិបាល របស់​លោក​Eduard Philippe ដែល​គេ​រំពឹង​ថា ឈ្មោះ សមាជិក​រដ្ឋាភិបាល​ថ្មី នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង នៅ​យប់​ថ្ងៃ​ពុធ​នេះ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​សភា បោះឆ្នោត​អនុម័ត​គាំទ្រ។

 

លាលែង​ពីតំណែង​ដោយសារ​តែ​សំណាញ់​ស៊ើបអង្កេត​របស់​តុលាការ

រដ្ឋមន្រ្តី​ទាំង​៤រូប ដែល​បាន​សុំ​លាលែង​ចេញពី​តំណែង គឺ​ជា​រដ្ឋមន្រ្តី​ដែល​កំពុង​ជាប់​ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ពុករលួយ កេងលុយ​រដ្ឋ។ ឧទាហរណ៍ លោក​រីឆាដ ហ្វេរ៉ង់ រដ្ឋមន្រ្តី​ដែនដី​ដែល​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ម៉ាក្រុង កំពុង​ត្រូវ​តុលាការ​ស៊ើបអង្កេត​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​សំណុំរឿង​ទិញដូរ​អចលនទ្រព្យ។ ចំណែក រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ហ្វ្រង់ស័រ បីរូ លោកស្រី​រដ្ឋមន្រ្តី ការពារ​ជាតិ ហើយ​និង​រដ្ឋមន្រ្តី​កិច្ចការ​អឺរ៉ុប ទាំង​បីនាក់ ជា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​កណ្តាល​និយម Modem ដែល​កំពុង​ជាប់​ក្នុង​សំណាញ់ ស៊ើបអង្កេត​របស់​តុលាការ​បារាំង។

 

ត្រូវ​ដឹងថា តាំង​ពី​ដើម​ខែ​មិថុនា នេះ រដ្ឋអាជ្ញា​បារាំង​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​គណបក្ស​កណ្តាល​និយម របស់​លោកហ្រ្វង់ស័រ បីរូ ដែល​គេ​សង្ស័យថា បានបន្លំ ចុះ​ឈ្មោះ​បុគ្គលិក​បក្ស​របស់ខ្លួន ឲ្យ​ធ្វើ​ជា​អ្នកជំនួយការ​របស់​សមាជិក​សភា​អឺរ៉ុប ដូចជា​លោកស្រី​រដ្ឋមន្រ្តី​ដឺ សាកនេស ជាដើម ដើម្បី​អាច​ទទួល​បាន​ប្រាក់ខែ​ពី​សភា​អឺរ៉ុប ប៉ុន្តែ មិនដែល​បានធ្វើការ​ឲ្យ​សភា​អឺរ៉ុប​នោះទេ។

 

លោក​ម៉ាក្រុង​មិន​បាន​ដាក់​សម្ពាធ​លើរដ្ឋមន្រ្តី​ឲ្យ​លាលែង​ចេញពី​តំណែង

លោក​រីឆាដ ហ្វេរ៉ង់ ជា​រដ្ឋមន្រ្តី​តែម្នាក់ ដែល​លោក​ម៉ាក្រុង បាន​ទាមទារ​ឲ្យ​ចាកចេញពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ដែនដី។ លោក​ហ្វេរ៉ង់ ដែល​ស្និទ្ធ​នឹង​លោក​អេម៉ានុយអែល ម៉ាក្រុង ត្រូវ​ដកចេញពី​សមាជិក​រដ្ឋាភិបាល ប៉ុន្តែ លោក​ត្រូវ​លោក​ម៉ាក្រុង​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​បក្ស​កាន់អំណាច នៅ​សភា ដែល​ជាតំណែង​សំខាន់​មួយដែរ។

 

ក្នុង​ករណី របស់​រដ្ឋមន្រ្តី​បីរូប​ផ្សេងទៀត អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល Christophe Castanerបាន​និយាយ​ថា រដ្ឋមន្រ្តីបាន​លាលែង​ចេញពី​តំណែង​ដោយ​ខ្លួនឯង និង​ដោយសារ​តែ​ហេតុផល​ផ្ទាល់ខ្លួន។ ពួកគេ​ចង់​មាន​សេរីភាព ពេញទី ដើម្បី​ចេញមុខ​ការពារ​ខ្លួន នៅក្នុង​ករណី​ប្តឹង​ផ្តល់​របស់​តុលាការ ពោល​គឺ​មិន​បាន​ស្ថិតនៅ​ក្រោម​ការដាក់​សម្ពាធ​ណាមួយ ពីលោក​ប្រធានាធិបតី​ម៉ាក្រុង​នោះទេ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល ទទួល​ស្គាល់ថា ការដើរចេញ​ពី​រដ្ឋាភិបាល របស់​រដ្ឋមន្រ្តី​ដែល​ជាប់សង្ស័យ កេងលុយរដ្ឋ អាច​ជួយ​សម្រួល បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​អាច​ធ្វើការ​ដោយ​គ្មាន​មន្ទិល សៅហ្មង។

 

លោកស្រី រដ្ឋមន្រ្តីការពារ​ជាតិ​ស៊ីល្វី ហ្គូឡា ដែល​មកពី​បក្ស​តែមួយ ជាមួយ​លោក​បីរូ គឺ​បក្ស​កណ្តាល​និយម​ Modem បាន​និយាយ​ថា លោកស្រី បាន​សុំ​លាលែង​ចេញពី​តំណែង ដោយមក​ពី​លោកស្រី​ចង់​បញ្ជាក់ បង្ហាញ​ពី ភាពបរិសុទ្ធ ស្អាតស្អំ​របស់​គណបក្ស។ គេ​វាយតម្លៃ​ថា គឺ​ការលាលែង​ចេញពី​តំណែង​របស់​លោកស្រី រដ្ឋមន្រ្តី​ការពារ​ជាតិ គឺ​ជាសំពាធ ជំរុញ​ឲ្យ​លោក​បីរូ ដែល​ជា​ប្រធានបក្ស​Modem​ចុះចេញ​ពីតំណែង​រដ្ឋមន្រ្តី​យុត្តិធម៌​ដែរ។ គេ​និយាយ​ដូច្នេះ ព្រោះ​ថា នៅ​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្រ្តី​បារាំង បាន​អះអាងថា លោក​បីរូ​នៅ​ចង់​បន្ត​ចូលរួម​ក្នុង​រដ្ឋាភិបាល​ថ្មី​បារាំង នៅឡើយ នៅក្រោយ​ការរុះរើ​នៅ​ថ្ងៃនេះ។ ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃនេះ លោក​បីរូ បែរជា​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល ដោយ​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ថា លោក​បាន​សម្រេច​ដើរចេញ​ពី​រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​ទៅវិញ។

 

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បង្ហាញ​ច្បាប់​សីលធម៌​នយោបាយ បាន​សម្រេច​លាលែង​ពី​តំណែង​រដ្ឋមន្រ្តី​ការបរទេស
រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បង្ហាញ​ច្បាប់​សីលធម៌​នយោបាយ បាន​សម្រេច​លាលែង​ពី​តំណែង​រដ្ឋមន្រ្តី​ការបរទេស © REUTERS/Philippe Wojazer/File Photo

ជាមួយ​នឹង​ការលាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្រ្តី ​លោក​ប្រធានាធិបតី​ម៉ាក្រុង​ចង់​បង្ហាញ​ភាពស្អាតស្អំ​របស់​រដ្ឋាភិបាល​ក្មេងខ្ចី​របស់លោក

ជាមួយ​នឹង​ការដើរចេញ​របស់​រដ្ឋមន្រ្តី​ដែល​ជាប់ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​បាន​ជ្រះដាច់ស្រឡះ ពី​ក្តីសង្ស័យថា រដ្ឋាភិបាល​របស់​លោក​មាន​មនុស្ស​ដែល​មិន​ស្អាតស្អំ។ ការសុខចិត្ត​ដើរចេញ​ពី​រដ្ឋាភិបាល របស់​រដ្ឋមន្រ្តី បារាំង​ស បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ថ្មី​របស់​បារាំង របស់​លោក​អេម៉ានុយអែល ម៉ាក្រុង គឺ​ជារដ្ឋាភិបាល ដែល​ប្រមូល​ផ្តុំ​ដោយ​មនុស្ស​ស្មោះត្រង់ ស្អាតស្អំ និង​ក្លាហាន ហ៊ាន​ដើរចេញ​ពី​រដ្ឋាភិបាល ដើម្បីកុំ​ឲ្យ​រដ្ឋាភិបាល ប្រឡាក់ប្រឡូស ដោយសារ​តែ​រឿង​អាស្រូវ​ផ្ទាល់ខ្លួន។

 

នៅក្រោយ​ឈ្នះ​ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ចង់​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ​ប្រព័ន្ធ​ធ្វើ​នយោបាយ​នៅ​ស្រុក​បារាំង។ លោក​អេម៉ានុយអែល សម្រិតសម្រាំង​ខ្លាំងណាស់ នៅក្នុង​ការជ្រើសរើស​មនុស្ស អ្នកនយោបាយ ឲ្យ​មកធ្វើការ​នៅក្នុង​រដ្ឋាភិបាល​របស់លោក។ មុន​នឹង​ប្រកាស​សមាជិក​រដ្ឋាភិបាល លោកម៉ាក្រុង​ធ្លាប់​បាន​ទាមទារ​ឲ្យ​បេក្ខជន​ត្រូវ​តែ​ប្រកាស​ទ្រព្យសម្បត្តិ និង​បង់ពន្ធ​បង់​ជូនរដ្ឋ ដើម្បី ​កុំ​ឲ្យ​គេ​ចោទ​ថា មន្រ្តី​របស់លោក តាមពិត​គឺ​ពុករលួយ ដូចតែ​គេ​ឯងនោះ។

 

មួយវិញទៀត ដើម្បី​លាងសម្អាត ដុះខាត់​គំនិត​អ្នកនយោបាយ លោក​ម៉ាក្រុង​នៅ​បាន​ឯកភាព​ជាមួយ​រដ្ឋមន្រ្តី​យុត្តិធម៌ គឺ​លោកហ្វ្រងស័រ បីរូ ក្នុងការបង្កើត​ច្បាប់​ក្រមសីលធម៌​នយោបាយ ដើម្បី គ្រប់គ្រង​កុំ​ឲ្យ​អ្នកនយោបាយ រំលោភ​អំណាច កេងរលុយ​រដ្ឋ តទៅទៀត។

 

ក្នុង​ករណី​របស់​លោក​ហ្រ្វង់ស័រ បីរូ ​ផ្ទាល់ លោក​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយទេ ប៉ុន្តែ គឺ​បក្ស​របស់​លោក​ដែល​ត្រូវតុលាការ​ស៊ើបអង្កេត។ ប៉ុន្តែ ដោយ​សម្រេច​ចាកចេញ​ពី​តំណែង ជាជាង​នៅ​ត្រាំត្រែង ក្រាញអំណាច រដ្ឋមន្រ្តី​បារាំង ក្នុង​នាមជាអ្នកស្នើ​ច្បាប់​សីលធម៌​អ្នកនយោបាយ ចង់​បង្ហាញ​គំរូ​ដល់​អ្នកនយោបាយ​ដទៃទៀត។

 

អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​បក្សModem ​ដែល​ជាដៃគូ​របស់​បក្ស​កាន់អំណាច គឺ​ថា ដោយសារ​តែ​រឿងអាស្រូវ មាន​ជាប់ពាក់ព័ន្ធ​នឹង​បក្ស​ទាំងមូល គេ​វាយតម្លៃ​ថា ប្រហែល​ជា​នឹង​គ្មាន​សមាជិក​ណាម្នាក់​របស់​បក្ស​នេះ នឹងត្រូវ​ជ្រើសរើស​សម្រាប់​តំណែង​សមាជិក​រដ្ឋាភិបាល​ថ្មី​ដែល​លោក​នាយករដ្ឋមន្រ្តី នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ទេ។

 

ទោះជា​គ្មាន​សមាជិក​របស់​បក្ស​កណ្តាលនិយម លោក​ម៉ាក្រុង មិនខ្វះ​មនុស្ស​មក​បំពេញ​រដ្ឋាភិបាល។ រដ្ឋាភិបាល​របស់​លោក​ម៉ាក្រុង​ជា​រដ្ឋាភិបាល​បារាំង​ដំបូងគេ ដែល​មាន​លាយចម្រុះ​ដោយ​អ្នកនយោបាយ មក​ពី​គ្រប់​និន្នាការ​គណបក្ស គឺ​គ្មាន​បក្ស​ឆ្វេង ឬ​បក្ស​ស្តាំ​ផ្តាច់មុខ ដូច​រដ្ឋាភិបាល​មុនៗ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ