rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង អឺរ៉ុប អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពិព័រណ៍​យន្តហោះ​អន្តរជាតិ​​បួរហ្សេ ឆ្នាំ២០១៧ ឱកាស​ថ្មីនៃការ​ប្រកួត​ប្រជែង​រវាង​ប៊ូអ៊ីងនិង​អ៊ែរប៊ូស

media
ការ​បង្អួត​យន្តហោះ​នៅ​ក្នុង​ពិព័រណ៍ បួរហ្សេ ថ្ងៃទី ១៩ មិថុនា ២០១៧ REUTERS/Pascal Rossignol

ពិព័រណ៍​យន្តហោះ​អន្តរជាតិ​​បួរហ្សេ ឆ្នាំ២០១៧ បាន​ចាប់ផ្តើម​បើក​ទ្វារ​នៅថ្ងៃ​ចន្ទ​នេះ នៅឯព្រលាន​យន្តហោះ​​បួរហ្សេ ក្រុង​ប៉ារីស។ ពិធីបើក​ជាផ្លូវការ​នៅថ្ងៃ​ចន្ទ​មាន​ការ​ចូលរួម​ជាអធិបតី​ក្នុង​ពិធី​បើក ពី​សំណាក់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ហើយ​យន្តហោះ​ជាង​១រយគ្រឿង ទាំង​យន្តហោះ​ស៊ីវិល និង​យោធា នឹង​ត្រូវ​គេយក​មក​ដាក់តាំង​និង​ហោះ​បង្ហាញ នៅ​ក្នុង​​ពិព័រណ៍​រយៈពេល ១សប្តាហ៍​នេះ​។


ពិព័រណ៍​​យន្តហោះ​អន្តរជាតិ​បួរហ្សេ គឺ​ជា​ពិព័រណ៍​ដ៏ធំ​បំផុត​មួយ​ខាង​ផ្នែក​អាកាសចរណ៍​និង​អវកាស ហើយ​ដែល​គេ​តែងតែ​រៀបចំ​ធ្វើឡើង រៀងរាល់​ពីរឆ្នាំ​ម្តង ដោយ​ឆ្លាស់គ្នា​ជាមួយ​នឹង​ពិព័រណ៍​ Farnborough នៅ​អង់គ្លេស។

នៅ​ឆ្នាំ២០១៧​នេះ ក៏ដូចជា​នៅ​រៀងរាល់​លើកដែរ ពិព័រណ៍​រយៈពេល​មួយសប្តាហ៍​នេះ​នឹង​ត្រូវ​ចែកចេញ​ជា​ពីរ​ផ្នែក គឺ​ពីថ្ងៃ​ចន្ទ​ទី១៩ ដល់ថ្ងៃ​ព្រហស្បតិ៍ ទី២២ បម្រុងទុក​​សម្រាប់​តែ​អ្នក​ជំនាញ ឬ​អ្នក​រកស៊ី​ក្នុង​វិស័យ​អាកាសចរណ៍ ចំណែក​ឯសាធារណជន​ទូទៅ​វិញ​នឹង​អាច​ចូល​ទស្សនាបាន ចាពីថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ។
 
គេ​រំពឹង​ថា​ពិព័រណ៍​រយៈពេល​១សប្តាហ៍​នេះ​នឹង​ទាក់ទាញ​មនុស្ស​ប្រមាណ​ជា ៣៥ម៉ឺននាក់​ ឲ្យ​ចូល​មក​ទស្សនា​យន្តហោះ​ និង​ឧទ្ធម្ភាគចក្រ​ គ្រប់ប្រភេទ​គិត​ជា​សរុប​ប្រមាណ​ជា ១៤០គ្រឿង ហើយ​ដូចជា​សព្វដង ពិព័រណ៍​នេះ​ គឺ​ជាឱកាស​នៃ​ការ​ប្រកួតប្រជែងគ្នា​យ៉ាងស្រួចស្រាវ រវាង​ក្រុមហ៊ុន​ផលិតយន្តហោះ​ធំៗ ជាពិសេស គឺ​ក្រុមហ៊ុន​ប៊ូអ៊ីង​របស់​អាមេរិក និង​ក្រុមហ៊ុន​អ៊ែរប៊ូស​របស់​អឺរ៉ុប។
 
សម្រាប់​ពិព័រណ៍ឆ្នាំ​នេះ ការប្រកួតប្រជែងគ្នា​រវាង​ក្រុមហ៊ុន​ធំៗ​ទាំងពីរ​នេះ នឹង​មិន​ផ្តោត​លើ​ប្រភេទ​យន្តហោះ​ធំៗ ដូចជា ធុន A380 នោះទេ តែគេ​នឹង​ងាក​មកផ្តោត​អារម្មណ៍​ល​ើ​យន្តហោះ​ធុន​មធ្យម ហើយ​តួឯក​ទាំងពីរ​នៅ​ឆ្នាំ​នេះ គឺ​យន្តហោះ ប៊ូអ៊ីង 737 MAX និង​​ អ៊ែរប៊ូស A321neo។ យន្តហោះ​ទាំងពីរ​​​ប្រភេទ​នេះ សុទ្ធតែ​ជា​យន្តហោះ​ដែល​សម្រាប់​ប្រើ​ក្នុងការ​ហោះហើរ​រយៈចម្ងាយ​មធ្យម​ក្នុង​តំបន់ ហើយ​ដឹកអ្នក​ដំណើរ​បាន​ក្នុងចន្លោះ​ពី ១៤០នាក់ ទៅ​ ២៣០នាក់ ក៏ប៉ុន្តែ សុទ្ធសឹង​ជា​យន្តហោះ​ដែល​ប្រើ​បច្ចេកវិទ្យាទំនើប​ ប្រើប្រាស់​សាំងតិច ដែល​ជា​ចំណុច​សំខាន់​មួយ សម្រាប់​ក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​តាមយន្តហោះ។
 
នៅ​ក្នុង​វិស័យ​យោធា​វិញ ការ​ប្រកួតប្រជែង​គ្នា ក៏​នៅតែ​ធ្វើឡើង រវាង​អាមេរិក និង​អឺរ៉ុប​ដែរ គឺ​រវាង​យន្តហោះ​ធុន F-35 របស់​ក្រុមហ៊ុន​អាមេរិក Lockheed Martin និង​យន្តហោះ​ធុនរ៉ាហ្វាល់​ របស់​ក្រុមហ៊ុន​បារាំង Dassault។ វត្តមាន​យន្តហោះ F-35 គឺ​ជា​ចំណាប់អារម្មណ៍​ដ៏ធំមួយ នៅក្នុង​បួរហ្សេ​នៅពេលនេះ ពីព្រោះ​ថា វា​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ថ្មីចុងក្រោយ​បំផុត​មួយ ដែល​មាន​បច្ចេកវិទ្យា​ទំនើប រួមទាំង​បច្ចេកវិទ្យា​បំបាំងកាយ​ពី​រ៉ាដា​ផង ហើយ​ម្យ៉ាងទៀត វាគឺ​ជា​លើកទី១ ដែល​យន្តហោះ F-35 ធ្វើការ​ហោះបង្ហាញខ្លួន នៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ​បួរហ្សេនេះ។ កាលពី​ពេល​កន្លងមក យន្តហោះ​ F-35 នេះ​ត្រូវ​បាន​គេ​យក​មក​ដាក់បង្ហាញ​នៅស្ងៀម​នៅលើ​ដីតែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ នៅ​ឆ្នាំ​នេះ អាមេរិក​បាន​បញ្ជូន F-35 នេះ​ចំនួន ២គ្រឿង​ឲ្យ​មក​បួរហ្សេ ដោយ​មួយគ្រឿង​​ដាក់តាំង​បង្ហាញ​នៅលើ​ដី និង​មួយគ្រឿងទៀត​ធ្វើការហោះ​បង្ហាញ​សមត្ថភាព​លើ​អាកាស។
 
ជាចុងក្រោយ គេ​មិនគួរភ្លេចទេ​ថា ពិព័រណ៍​បួរហ្សេ​នេះ មិនមែន​ត្រឹមតែ​ជា​ពិព័រណ៍​យន្តហោះ​ប៉ុណ្ណោះទេ តែ​ក៏​ជា​ពិព័រណ៍​ខាង​អវកាស​ផងដែរ ហើយ​ខាង​ផ្នែក​អវកាស​នេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​យក​មក​ដាក់តាំង​បង្ហាញ​សាធារណជន នូវ​រ៉ុកែត ​សម្រាប់​បាញ់​បង្ហោះយានអវកាស ឬ​ផ្កាយរណប គឺ​រ៉ុកែត​ឈ្មោះ​ថា អារីយ៉ាន៦។ រ៉ុកែត អារីយ៉ាន៦​នេះ គឺ​ជា​ប្រភេទ​រ៉ុកែត​​ធុន​ទំនើប​និង​ថ្មី​ស្រឡាង​បំផុត​មួយ ដែល​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប គ្រោង​នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ២០២០​ខាងមុខ ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​រ៉ុកែត SpaceX របស់​សហរដ្ឋ​អាមេរិក។
 
សម្រាប់​អ្នក​ដែល​ចូល​មក​ទស្សនា​ពិព័រណ៍​បួរហ្សេ​នេះ គឺប្រាកដ​ជា​មិន​អាច​រំលងភ្នែក​បានឡើយ​ពី​រ៉ុកែត អារីយ៉ាន៦​នេះ ដែល​មាន​កម្ពស់​រហូតដល់​ទៅ ៧០ម៉ែត្រ (ពោលគឺ​ប្រហែល​នឹង​អគារ​កម្ពស់​ ១៧ជាន់) ហើយ​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បញ្ឈរ​នៅ​ចំកណ្តាល​​​ទីតាំង​ពិព័រណ៍៕