rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព័រទុយហ្កាល់ គ្រោះធម្មជាតិ ព្រៃឈើ ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សោកនាដកម្ម​ ស្លាប់​មនុស្ស ​នៅក្នុង​ភ្លើងឆេះព្រៃ​នៅ​ព័រទុយហ្កាល់

media
ក្រុមពន្លត់​អគ្គិភ័យ​នៅ​ Bouca, ភាគកណ្តាល​របស់​ព័រទុយហ្កាល់ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ១៨​មិថុនា ២០១៧ ©REUTERS/Rafael Marchante

ភ្លើងឆេះព្រៃ​ដ៏​កាចសាហាវ នៅ​ព័រទុយហ្កាល់ បាន​លេបត្របាក់​ជីវិត​មនុស្ស​យ៉ាងហោច ៦២នាក់ នៅ​ថ្ងៃ​សៅរ៍​ទី​១៧ មិថុនា។ តាម​តួលេខ​របស់​រដ្ឋាភិបាល ភ្លើងឆេះ​ព្រៃ​ដែល​រាលដាល​យ៉ាងលឿន និង​ឆាប់រហ័ស នៅ​ល្ងាច​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​ផងដែរ ប្រមាណ​៥៦​នាក់ ដែល​នៅក្នុង​នោះ មាន​អ្នកពន្លត់​អគ្គិភ័យ​ព័រទុយហ្កាល់​បីនាក់។


ជនរងគ្រោះ​ភាគច្រើន​បាន​ស្លាប់ ឆេះ​ខ្លោច នៅក្នុង​រថយន្ត​របស់ពួកគេ​ដែល​ជាប់គាំង​លើផ្លូវ ដោយសារ​អណ្តាតភ្លើង​ឆេះព្រៃ។ លោក​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់ Antonio Costa បាន​ចាត់ទុក ភ្លើងឆេះ​ព្រៃ នៅ​ថ្ងៃ​សៅរ៍ ថា ជា​សោកនាដកម្ម​ដ៏ធ្ងន់ធ្ងរ​ដែល​ព័រទុយហ្កាល់​មិនធ្លាប់​ជួប​ប្រទះ​នៅក្នុង​ប្រវត្តិ​ភ្លើងឆេះព្រៃ។ ព័រទុយហ្កាល់​ធ្លាប់​រងគ្រោះ​ដោយសារ​ភ្លើងឆេះព្រៃ នៅ​ឆ្នាំ ២០០៣ ដែល​បាន​សម្លាប់​មនុស្ស​២០នាក់ និង​នៅ​ឆ្នាំ ១៩៦៦ ដែល​បាន​សម្លាប់​ទាហាន​២៥នាក់ ប៉ុន្តែ មិនដែល​បាត់បង់​ជីវិត​មនុស្ស​ច្រើន ដូច​នៅក្នុង​ភ្លើង​ឆេះព្រៃ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះទេ។ ប្រមុខ​រដ្ឋាភិបាល​ព័រទុយហ្កាល់​បាន​ប្រកាស​​កាន់ទុក្ខ​ជាតិ ៣​ថ្ងៃ សម្រាប់​សោកនាដកម្ម​ភ្លើងឆេះសម្លាប់​មនុស្ស​នៅ​ថ្ងៃ​សៅរ៍។

 
ភ្លើងឆេះព្រៃ បានចាប់ផ្តើម​នាពេល​រសៀល ថ្ងៃ​សៅរ៍​ម្សិលមិញ និង​បាន​រាលដាល​យ៉ាងឆាប់​រហ័ស​ក្នុង​បួន​មុខព្រួញ នៅ​ភាគកណ្តាល​ប្រទេស​ព័រទុយហ្កាល់។ អ្នកពន្លត់​អគ្គិភ័យ​ប្រមាណ ៦០០​នាក់ ហើយ​និង​រថយន្ត​ដឹកទឹក​១៩០​គ្រឿង​ត្រូវ​បាន​បញ្ជូន​ឲ្យ​បាញ់បង្រ្កាប​ភ្លើង​យក្ស តាំង​ពី​យប់​ថ្ងៃ​សៅរ៍ រហូត​ដល់​ភ្លើង​បាន​ថមថយ​កម្លាំង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។
 
តាមនាយក​រដ្ឋមន្រ្តី ព័រទុហ្កាល់ រន្ទះ​បាញ់​ខែប្រាំង អាច​ជា​ដើមហេតុ​មួយ បង្ក​ឲ្យ​មាន​ភ្លើងឆេះ​ព្រៃ។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ សីតុណ្ហភាព​នៅ​តំបន់​ខ្លះ របស់​ព័រទុយហ្កាល់ បាន​ឡើង​ក្តៅខ្លាំង រហូត​ដល់​៤០អង្សារសេ។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ដែរ អ្នកពន្លត់​អគ្គិភ័យ​ជាង ១៧០០​នាក់ បាន​ញាប់ដៃជើង ពន្លត់​ភ្លើងឆេះ​ព្រៃ​ជាង​៦០​កន្លែង ដែល​បាន​កើតឡើង នៅទូទាំង​ប្រទេស ព័រទុយហ្កាល់។
 
ព័រទុយហ្កាល់​ឧស្សាហ៍​ជួប​ភាពរាំងស្ងួត និង​ក្តៅខ្លាំង​នៅ​អំឡុង​រដូវក្តៅ។ ប្រទេស​នេះ​បាន​រួចផុត​ពី​គ្រោះកាច​ភ្លើងឆេះ​ព្រៃ តែ​នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥​តែប៉ុណ្ណោះ។ នៅ​ឆ្នាំ ២០១៦​កន្លងទៅ ភ្លើងឆេះព្រៃ​ដ៏សន្ធោសន្ធៅ ដែល​ឡើង​កម្លាំងខ្លាំង​ដោយសារ​ខ្យល់ និង​អាកាសធាតុ​ក្តៅខ្លាំង បាន​បំផ្លាញ​លេបត្របាក់​ព្រៃ ជាង​១ម៉ឺនហិចតា នៅលើ​ដីគោក ប៉ុន្តែ មិន​បាន​សម្លាប់​ជីវិត​មនុស្ស​នោះទេ។ នៅលើ​កោះទេសចរណ៍​របស់​ព័រទុយហ្កាល់ ឈ្មោះ Madère ភ្លើងឆេះព្រៃ​បាន​សម្លាប់​មនុស្ស​៣នាក់ និង​បាន​បំផ្លាញ​ផ្ទះជាង​៤០ខ្នង៕