rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង សន្និសីទ​អាកាសធាតុ​ប៉ារីស២០១៥ ប្រែប្រួល​អាកាសធាតុ សហរដ្ឋអាមេរិក អប់រំ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋាភិបាល​​បារាំង​ផ្តល់​​៣០​លាន​អឺរ៉ូ​សម្រាប់​​ជនបរទេស​ដែល​ស្រាវជ្រាវ​ផ្នែក​​អាកាសធាតុ

media
អ្នកគាំទ្រ​បរិស្ថាន និង​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ជួបជុំ​គ្នា​នៅអ៊ីតាលី​ ©, 2015. REUTERS/Alessandro Bianchi

ប៉ារីស​កំពុង​ប្រកួត​ប្រជែង​ជាមួយ​វ៉ាស៊ីនតោន ក្នុង​រឿង​អាកាសធាតុ។ នៅ​ពីរសប្តាហ៍​ក្រោយ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ និង​ពីរ​សប្តាហ៍​ក្រោយ​ការអំពាវនាវ បោះដៃ របស់​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង រដ្ឋាភិបាល​បារាំង នៅថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ប្រកាស​កញ្ចប់​ថវិកា​ប្រមាណ ៦០លាន​អឺរ៉ូ សម្រាប់​ឧបត្ថម្ភ​ដល់​ក្រុមអ្នកស្រាវជ្រាវ​ផ្នែក​អាកាសធាតុ។


នៅថ្ងៃទី ២​មិថុនា មួយ​ថ្ងៃ​ក្រោយ​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ច ព្រមព្រៀង​​អន្តរជាតិ​ស្តីពី​អាកាសធាតុ ប្រធានាធិបតី​វ័យក្មេង​របស់​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អំពាវនាវ​ជា​ភាសា​អង់គ្លេស ឲ្យ​អ្នកវិនិយោគ និង​ស្រាវជ្រាវ​អាមេរិកាំង​ខាងផ្នែក​អាកាសធាតុ មក​ធ្វើការ​នៅ​ប្រទេស​បារាំង។

 
នៅ​ពីរ​សប្តាហ៍​ក្រោយ​ការអំពាវនាវ​របស់​ប្រធានាធិបតី រដ្ឋាភិបាល​បារាំង បាន​ប្រកាស​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ ៣០​លាន​អឺរ៉ូ សម្រាប់​កម្មវិធី​អាទិភាព​មួយ​សម្រាប់ ការស្រាវជ្រាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​អប់រំ​ជាន់ខ្ពស់ ចេញផ្សាយ នៅ​ថ្ងៃ​សៅរ៍ ថវិកា​ប្រមាណ ៦០​លាន​អឺរ៉ូ ដែល​នៅក្នុង​នោះ ពាក់ កណ្តាល បាន​មក​ពី​សកលវិទ្យាល័យ និង​ស្ថាប័ន​ធ្វើការ​ទៅលើ​អាកាសធាតុ នឹង​ត្រូវ​ប្រើ​ជា​អាហារូបករណ៍​សម្រាប់​​អ្នកស្រាវជ្រាវ​បរទេស​ជាង​៥០​នាក់ នៅក្នុង​រយៈពេល ៥ឆ្នាំ។
 
នៅ​ថ្ងៃទី ២​មិថុនា ដោយ​បកផ្គើនទៅ​នឹង​ការសម្រេច​ចិត្ត​ដកខ្លួន​របស់​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ លោក​ម៉ាក្រុង​បាន​កាឡៃ​ពាក្យ​របស់លោក​ប្រធានាធិបតី​ដែល​ថា ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត មក​ជា​ពាក្យថា ធ្វើ​ឲ្យ​ផែនដី​អស្ចារ្យ​ឡើងវិញ។ នៅ​សប្តាហ៍​មុននេះ វិមាន​ប្រធានាធិបតី​បាន​បង្កើត វិបសៃតិ៍​មួយ​ឈ្មោះ Makeourplanetgreatagain.fr ដើម្បី​ផ្សព្វផ្សាយ​ការអំពាវនាវ​របស់​ប្រធានាធិបតី​ផង និង​ដើម្បី​ទាក់ទាញ​បេក្ខជន​ដែល​ធ្វើការ​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​អាកាសធាតុផង។ ជារួម កម្មវិធី​របស់​រដ្ឋាភិបាល​សំដៅ ផ្តល់​អាហារូបករណ៍​ដល់​អ្នកវិទ្យាសាស្រ្ត​ជាន់ខ្ពស់ ស្ថាប័ន​ស្រាវជ្រាវ​បរទេស ជាពិសេស​ប្រជាជន​អាមេរិក ដែល​ធ្វើការ​ទៅលើ​វិទ្យាសាស្រ្ត​អាកាសធាតុ ប្រព័ន្ធផែនដី វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ដែល​ជួយ​ឲ្យ​គេ​បង្កើត​ថាមពល​ថ្មី ដែល​មិន​បញ្ចេញផ្សែង​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​នៃ​ការឡើង​កំដៅ​ផែនដី។
 
សម្រាប់​អ្នកវិភាគ​ជាច្រើន ការប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​ជនបរទេស ជាពិសេស អ្នកស្រាវជ្រាវ​អាមេរិកាំង គ្រាន់​តែ​ជាយុទ្ធនាការ​ឃោសនា​របស់​វិមាន​ប្រធានាធិបតី​បារាំង​តែប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ​បារាំង​មួយចំនួន សោកស្តាយ ដែល​សំណើ​សុំ​ថវិកា​របស់​អ្នកស្រាវជ្រាវ​ក្នុង​ស្រុក ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ ក្រុមអ្នកស្រាវជ្រាវ​អាមេរិកាំង​ឯណោះវិញ ដូចជា Earth Institute de l'université de Columbia.​ជាដើម​បាន​ស្វាគម​វិធានការ​របស់​រដ្ឋាភិបាល​បារាំង ប៉ុន្តែ ជាមួយ​គ្នានោះ គេ​បាន​វាយតម្លៃ​ថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​បារាំង​នឹង​អាច​ទាក់ទាញ​តែ​អ្នកស្រាវជ្រាវ​ថ្មីថ្មោង ប៉ុន្តែ មិនអាចទាក់ទាញ​ចិត្ត​របស់​ អ្នកស្រាវជ្រាវអាមេរិកាំង ​យូរឆ្នាំបានទេ ព្រោះថា ​កញ្ចប់​ថវិកាអាមេរិក សម្រាប់​ការស្រាវជ្រាវ​ផ្នែក​អាកាសធាតុ​ មាន​ចំនួន ច្រើនឆ្ងាយណាស់ ​បើប្រៀបធៀប​នឹង​បារាំង។ ម្យ៉ាងទៀត ទោះជា​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ប៉ុន្តែ គេ​សង្ឃឹមថា ព្រឹទ្ធសភា​អាមេរិក​នឹង​មិន​ព្រមបោះឆ្នោត ដើម្បី​ឲ្យលោក​ដូណាល់ ត្រាំ កាត់ផ្តាច់​ជំនួយ​របស់​អ្នកស្រាវជ្រាវ​អាមេរិក ដែល​ធ្វើការ​ទៅលើ​ផ្នែក​អាកាសធាតុ​ដែរ៕
www.makeourplanetgreatagain.fr