អានតួអត្ថបទ
អាល្លឺម៉ង់

ពិភពលោក​សោកស្តាយ​ចំពោះ​ការបាត់បង់​បិតា​បង្រួបបង្រួម​ជាតិ​អាល្លឺម៉ង់

ថ្នាក់ដឹកនាំ​របស់​ប្រទេស​លោកខាងលិច នៅ​ថ្ងៃ​សៅរ៍​ទី ១៧​មិថុនា​បាន​ប្រតិកម្ម សោកស្តាយ នៅក្រោយ​មរណភាព​របស់ អតីត​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ លោក​ហែលមុត ខូល Helmut Kohl​បាន​ទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្នុង​អាយុ ៨៧​ឆ្នាំ។

លោកស្រី​អង់ហ្គេឡា មែរកិល និង​លោក​ហែលមុត ខូល​រំលឹក​ខួប​១០​ឆ្នាំ នៃ​ការបង្រួបង្រួម​អាល្លឺម៉ង់ នៅ​ឆ្នាំ ២០០០
លោកស្រី​អង់ហ្គេឡា មែរកិល និង​លោក​ហែលមុត ខូល​រំលឹក​ខួប​១០​ឆ្នាំ នៃ​ការបង្រួបង្រួម​អាល្លឺម៉ង់ នៅ​ឆ្នាំ ២០០០ ©REUTERS/Michael Urban/File Photo
ផ្សាយពាណិជ្ជកម្ម

ឥស្សរជន​នយោបាយ​ដ៏សំខាន់​របស់​អឺរ៉ុប នៅក្រោយ​សង្រ្គាម​លោក​លើក​ទី ២ លោក​ហែលមុត ខូល អតីត​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ (១៩៨២-១៩៩៨)​បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទិ ១៧​មិថុនា។ នេះ​បើតាម​កាសែត​អាល្លឺម៉ង់ Bild។

 
លោក​ហែលមុត ខូល​ដែល​មាន​សុខភាព​ទ្រុតទ្រោម ដោយសារ​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ពិការ​អង្គុយ​លើ​កៅអី​កង់វិល តាំង​ពី​ឆ្នាំ ២០០៤ បាន​ទទួល​មរណភាព​នៅ​អាយុ ៨៧​ឆ្នាំ។

លោកស្រី នាយករដ្ឋមន្រ្តី អង់ហ្គេឡា មែរកិល នៅ​ថ្ងៃ​សៅរ៍នេះ បាន​សរសេរ​សារ​សោកស្តាយ បាត់បង់​មនុស្ស​ដ៏​សំខាន់ ដែល​ធ្លាប់​បានជួយ​ផ្លាស់ប្តូរ​ជីវិត​នយោបាយ​របស់​លោកស្រី។ លោកស្រី​ដឹងគុណ លោក​ហែលមុត ខូល​ដែល​បាន​អូសទាញ លោកស្រី​ឲ្យ​ចូលរួម​ក្នុង​គណបក្ស រហូត​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ១២​ឆ្នាំ​មកនេះ។

នាយករដ្ឋមន្រ្តី​ដែល​កាន់អំណាច​បាន​យូរជាងគេ ប្រចាំ​សតវត្សរ៍ទី​២០
កើត​នៅ​ឆ្នាំ ១៩៣០ នៅក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​មន្រ្តី​ពន្ធដា លោក​ហែលមុត ខូល​បាន​ចូល​ប្រលូក​ក្នុង​នយោបាយ​តាំង​ពី​អាយុ ១៦ឆ្នាំ។ ជាមួយ​នឹង​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត ផ្នែក​ប្រវត្តិសាស្រ្ត និង​វិទ្យាសាស្រ្ត​នយោបាយ លោក​បាន​ឈាន​ឡើង​កាំ​បន្តិច​ម្តងៗ រហូត​បាន​ក្លាយ​ជា​ប្រធាន គណបក្ស​សហភាព​គ្រិស្ត​ប្រជាធិបតេយ្យ អស់​រយៈពេល ២៤​ឆ្នាំ។ នៅ​ក្រោយ​ការចាញ់ឆ្នោត​របស់​បក្ស នៅ​ឆ្នាំ ១៩៩៨ លោកស្រី អង់ហ្គេឡា ម៉ែរគិល​បាន​បរិហារ​លោក​ហែលមុត ខូល ក្នុង​រឿង​អាស្រូវ ទទួល​លុយ​ពី​បរទេស និងបាន​ជំរុញ​ឲ្យ​លោក​ដើរចេញ​ពី​តំណែង​ប្រធាន​បក្ស។

ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់ អស់​រយៈពេល ១៦​ឆ្នាំ ពី​ឆ្នាំ ១៩៨២ រហូត​ដល់​ឆ្នាំ ១៩៩៨ លោក​ហែលមុត ខូល បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​បាន​កាន់​តំណែង​យូរ​ជាងគេ ប្រចាំ សតវត្សរ៍​ទី ២០។ លោក​ហែលមុត ខូល ត្រូវ​បាន​ពិភពលោក ជាពិសេស​ប្រជាជន​អាល្លឺម៉ង់ ចារទុក​ក្នុង​ប្រវត្តិសាស្រ្ត ថា ជា​បិតា​បង្រួបបង្រួម​ជាតិ​អាល្លឺម៉ង់។ អាល្លឺម៉ង់ ដែល​ត្រូវ​បាន​ប្រទេស​លោកខាងលិច ហើយ​និង​សហភាព​សូវៀត ដែល​ជា​អ្នកឈ្នះ​សង្រ្គាម បាន​ពុះចែក​ចេញ​ជាពីរ និង​កាន់កាប់ រៀងៗខ្លួន នៅក្រោយ​សង្រ្គាម​លោក​លើក​ទី២។

ចាប់តាំង​ពី​ឆ្នាំ ១៩៨២ ដល់​ឆ្នាំ ១៩៨៩ លោក​ហែលមុត ខូល ធ្លាប់​ធ្វើជា​នាយករដ្ឋមន្រ្តី​នៅ​អាល្លឺម៉ង់​ខាងលិច ដែល​ស្ថិតនៅ​ក្រោម​ការកាន់កាប់​របស់​ក្រុមប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក។ ប៉ុន្តែ នៅ​ពេល​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ត្រូវ​បាន​ចលនា​មហាជន​អាល្លឺម៉ង់ វាយផ្តួល​រំលំ​នៅ​ឆ្នាំ ១៩៨៩ និង​ឆ្លៀតពេល​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​នៅ​អាល្លឺម៉ង់ ខាងកើត ចុះខ្សោយ លោក​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ដោយ​បាន​ដាក់​ចេញ​នូវ​សំណើ​១០​ចំណុច ដើម្បី​បង្រួបបង្រួម​ទឹកដី​អាល្លឺម៉ង់ ឡើងវិញ នោះបើទោះបី​ជា​ការជំទាស់​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស ម៉ាហ្ការីត ថាតឆ័រ ប្រធានាធិបតី​បារាំង ហើយ​និង​មេដឹកនាំ​សហភាព​សូវៀត គឺ លោក ហ្គរបាឆក។

ប៉ុន្តែ នៅទីបំផុត លោក​ហែលមុត ខូល​បាន​បញ្ចុះបញ្ចូល​ដោយ​ជោគជ័យ ឲ្យ​សហភាព​សូវៀត ដក​កងទ័ព​ចេញ​ពី​ទឹកដី​អាល្លឺម៉ង់ ខាងកើត។ ជាមួយ​គ្នានោះ ជាមួយ​ក្រុមប្រទេស​លោកខាងលិច លោក​បាន​សន្យា​គាំទ្រ​អូតង់ និង​ធានា​ថា អាល្លឺម៉ង់​នឹង​មិន​ពង្រឹង​សមត្ថភាព​ដើម្បី​ធ្វើសង្រ្គាម​បំផ្លាញ​ប្រទេស​ដទៃ​ដូចមុន។ ជាមួយ​នឹង​ការបើកភ្លើងខៀវ​ពី​ក្រុមប្រទេស​មហាអំណាច​ដែល​កាន់កាប់ អាល្លឺម៉ង់ លោក​ហែលមុត ខូល​បាន​ឈ្នះឆ្នោត នៅ​ឆ្នាំ ១៩៩០ ដោយ​នៅពេលនោះ លោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ទាំងមូល គឺអាល្លឺម៉ង់​ដែល​ត្រូវ​បាន​បង្រួបបង្រួម​ឲ្យ​ចូល​គ្នា​តែមួយ​ឡើងវិញ។

ស្ថាបនិក​ប្រាក់អឺរ៉ូ
នៅ​ក្នុង​សារ​Twitter​នៅថ្ងៃ​សៅរ៍នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្សង់ក្លូត ហ្សុងគ័រ​បាន​សរសរ​ថា គ្មាន​លោក​ហែលមុត ខូល គឺ​ប្រហែល​ជា​គ្មាន​លុយអឺរ៉ូ​សព្វថ្ងៃ​នេះទេ។ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុងវិញ បាន​សរសេរថា គេ​កំពុង​បាត់បង់​អ្នកដែល​គាំទ្រ​អឺរ៉ុប​ដ៏​សំខាន់ម្នាក់។

លោក​ហែលមុត ខូល មិនត្រឹម​ជា​បិតា​បង្រួបបង្រួមជាតិ​អាល្លឺម៉ង់​តែប៉ុណ្ណោះទេ ប៉ុន្តែ លោក​គឺ​ជា​ស្ថាបនិក​ដ៏​សំខាន់ នៃ​ការកសាង​សហភាព​អឺរ៉ុប ជាពិសេស​គឺ​ការបង្កើត​លុយរួម​អឺរ៉ូ។ ក្នុង​តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​បាន​បញ្ចុះបញ្ចូល​ប្រជាជន​អាល្លឺម៉ង់​លះបង់​ចោល​លុយ​ម៉ាក​របស់អាល្លឺម៉ង់​ដើម្បី ប្រើប្រាស់​អឺរ៉ូ លុយរួម​របស់​អឺរ៉ុប​វិញ។

ការបង្រួបបង្រួម​អាល្លឺម៉ង់ ហើយ​និង​កសាង​អាល្លឺម៉ង់ ឡើងវិញ នៅក្នុង​សហភាព​អឺរ៉ុប គឺ​ជា​មហិច្ឆតា​ដ៏​ងប់ងុល​របស់​លោក។ នៅក្នុង​ក្រសែភ្នែក​របស់​ថ្នាក់ដឹកនាំ​បរទេស លោក​ហែលមុត ខូល ជា​មេដឹកនាំ​ប្រកប​ដោយ​ទស្សនវិស័យ។ ប្រជាជន​បារាំង នៅ​ចងចាំ​ជាប់ជានិច្ច រូបភាព​ដែល​លោក​ខូល​បាន​ចាប់ដៃ អតីត​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ មីឌេរ៉ង់ ដើម្បី​គោរព​សព​ទាហាន​ដែល​បាន​ស្លាប់​នៅក្នុង​សមរភូមិ រវាង​បារាំង​និង​អាល្លឺម៉ង់។ ភាពស្និទ្ធស្នាល និង​ស្មោះត្រង់របស់​លោក​ខូល បាន​បង្ហាញ​ពី​មេដឹកនាំ​អាល្លឺម៉ង់​ម្នាក់ ដែល​ចង់​កសាង​មិត្តភាព​ជាមួយ​បារាំង។

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន នៅ​ថ្ងៃសៅរ៍ ​ក៏​បាន​ផ្ញើសារ​សោកស្តាយ​ចំពោះ​ការបាត់បង់​មេដឹកនាំ​អាល្លឺម៉ង់ ម្នាក់ ដែល​ធ្លាប់​ជួយ​ធ្វើ​ឲ្យ​អាល្លឺម៉ង់ និង​រុស្ស៊ី មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា។ នៅក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក អតីត​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោក​ហែលមុត ខូល ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​ម្នាក់​ដែល​បាន​ជំរុញ​ឲ្យ​លោក​ហ្គរបាឆក អតីត​មេដឹកនាំ​សហភាព​សូវៀត ចាប់ដៃ​ចរចា​ប៊ូស ឪពុក អតីត​ប្រធានាធិបតី​អាមេរិក ដើម្បី​ឲ្យ​អាល្លឺម៉ង់​ទាំងពីរ អាច​រួបរួម​ចូលគ្នា​វិញ នៅ​១ឆ្នាំ​ក្រោយ​ជញ្ជាំង​ប៊ែរឡាំង ត្រូវ​គេ​វាយផ្តួល​រំលំ។

នៅ​ថ្ងៃ​សៅរ៍នេះ ប្រតិកម្ម​ទៅនឹង​មរណភាព​របស់​លោក​ខូល លោក​ហ្គរបាឆក​បាន​សរសេរ​ថា លោក​ហែលមុត ខូល គឺ​ជា​ឥស្សរជន​សំខាន់​ដែល​បាន​បន្សល់​ទុក​ស្នាដៃ នៅក្នុង​ប្រវត្តិសាស្រ្ត​អាល្លឺម៉ង់ អឺរ៉ុប ហើយ​និង​អន្តរជាតិទាំងមូល។ ចំណែក​លោក​ប៊ូស ឪពុក​វិញ បាន​ស្វាគម​លោក​ហែលមុត ខូល​ថា ជា​មិត្ត​នៃ​សេរីភាព និង​ជា​មេដឹកអឺរ៉ុប​ដ៏សំខាន់​ម្នាក់ នៅក្រោយ​សង្រ្គាម​លោក​លើក​ទី២។

ជីវិត​នយោបាយ​ដែល​ចុះស្រអាប់​ដោយសារ​តែ​រឿងអាស្រូវពុករលួយ
ឥទ្ធិពល និង​មុខមាត់​ប្រជាប្រិយភាព​របស់​ហែលមុត ខូល បានចុះ​ស្រអាប់ ចាប់តាំង​ពី​លោក​បាន​ចាញ់​ឆ្នោត នៅ​ឆ្នាំ ១៩៩៨។

ការនៅ​ក្រាញ​អំណាច ច្រើនឆ្នាំ ដល់​ទៅ ១៦​ឆ្នាំ ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​រូបភាព​របស់​លោកមិនសូវល្អ។ អ្វី​ដែល​សំខាន់​ជាងនោះ គឺ​មុខមាត់ ប្រជាប្រិយភាព និង​ស្នាដៃ​របស់​លោក​ត្រូវ​បំពុល បំផ្លាញ​ដោយសារ​តែ​រឿងអាស្រូវ ទទួល​លុយ​ពី​បរទេស សម្រាប់ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​ទសវត្សរ៍ ឆ្នាំ ១៩៩០។ លោក​ហែលមុត ខូល​វិញ ក៏ ធ្លាប់​បាន​រិះគន់​នយោបាយ​បើក​ចំហរ​ដល់​ជនអន្តោប្រវេសន៍​របស់លោកស្រី​មែរកិល និង​នយោបាយ​រឹតត្បិត​ថវិកា​ដោយសារ​វិបត្តិ​ប្រាក់បំណុល​នៅ​អឺរ៉ុប។ ប៉ុន្តែ លោក​ហែលមុត ខូល​ដែល​មានជម្ងឺ​ដាច់សរសៃ​ខួរក្បាល បាន​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ពិភព​នយោបាយ ​ដែល​លោក​ងប់ងុល ចូលប្រលូក​តាំង​ពី​អាយុ ១៦​ឆ្នាំ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ