អគ្គិភ័យត្របាក់អគារ២៤ជាន់នៅទីក្រុងឡុងដ៍ ធ្វើអោយស្លាប់និងរបួសច្រើននាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤១
នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស អគារកំពស់២៤ជាន់មួយ បានរងអគ្គិភ័យ នៅយប់ថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធ ១៤មិថុនានេះ។ អគ្គិភ័យធ្វើអោយមានមនុស្សស្លាប់និងរបួសច្រើននាក់ យ៉ាងហោចមានអ្នករបួស៥០នាក់។ តាមព័ត៌មានចុងក្រោយ ផ្តល់ដោយប៉ូលិស មានមនុស្សស្លាប់៦នាក់ តែតួលេខអាចកើនជាងនេះ។ ក្រុមរថយន្តពន្លត់អគ្គិភ័យរាប់រយនាក់បានខិតខំបង្ក្រាបអគ្គិភ័យ តាំងពីយប់ថ្ងៃអង្គារមក។ គេមិនទាន់ដឺងមូលហេតុដែលបង្កអោយមានភ្លើងឆាបឆេះនេះនៅឡើយទេ។ “អគ្គិភ័យនេះគឺជាគ្រោះដ៏ធំ” នេះជាការលើកឡើងរបស់លោកសាឌីក ខាន់ Sadiq Khan ជាអភិបាលក្រុងឡុងដ៍។
ស្ថានភាពអគ្គិភ័យ នៅអគារ Grenfell Tower
រហូតដល់ព្រឹកថ្ងៃពុធនេះ ក្រុមពន្លត់អគ្គិភ័យ នៅមិនទាន់អាចបង្ក្រាបភ្លើងបាន។ ភ្លើងបានឆាបឆេះពីជាន់ក្រោមទៅលើសន្ធោរសន្ធៅ។ តាមរូបភាពវីដេអូ និងរូបភាពពីខាងក្រៅ ឃើញថា អគារកម្ពស់២៤ជាន់នេះ ស្ទើរតែឆេះខ្លោចអស់ទៅហើយ ធ្វើអោយគេបារម្ភថា អគារនេះអាចនឹងស្រុតធ្លាក់ចុះទៀតផង។ អាជ្ញាធរបានជម្លៀសប្រជាជនដែលនៅផ្ទះក្បែរៗអគារនោះដែរ។ ដោយថា មានមនុស្សច្រើននាក់ នៅជាប់ខ្លួន ក្នុងអគារ Grenfell Tower ដូច្នេះ អាចនឹងមានអ្នករងរបួស រឺស្លាប់ថែមលើតួលេខដែលអាជ្ញាធរក្រុងឡុងដ៍ផ្តល់ចុងក្រោយនេះ។
សូមបញ្ជាក់ថា អគារ២៤ជាន់ Grenfell Tower នេះ មានផ្ទះល្វែង១២០ខ្នង ជាផ្ទះជួលអោយប្រជាជនក្នុងតម្លៃថោកសមរម្យ។ អគារនេះស្ថិតនៅសង្កាត់ North Kensington ខាងលិចក្រុងឡុងដ៍ សង់ឡើង ក្នុងឆ្នាំ១៩៧៤ ហើយធ្លាប់រងការជួសជុលច្រើនដងហើយ។
អគារមានកម្ពស់ច្រើនជាន់ មានផ្ទះល្វែងច្រើនខ្នង ធ្វើអោយគេពិបាកដឹងតួលេខជនរងគ្រោះពិតប្រាកដ។ ក្រុមពន្លត់អគ្គិភ័យបានទទួលទូរសព្ទជាច្រើន ពីគ្រោះអាសន្ននេះ នៅប្រហែលម៉ោង១ភ្លឺ រំលងអាធ្រាត្រ ចូលព្រឹកថ្ងៃពុធនេះ។ ក្រុមសង្គ្រោះបានបញ្ជូនអ្នករបួសរាប់សិបនាក់ ទៅមន្ទីរពេទ្យចំនួន៥កន្លែងនៅទីក្រុងឡុងដ៍។ អ្នកដែលរួចពីគ្រោះភ្លើងពីយប់មក បានទូរសព្ទទាក់ទងបងប្អូនអ្នកជិតខាងដែលនៅជាប់ក្នុងអគារ ដែលអ្នកខ្លះលែងផ្តល់ដំណឹងឈឹងតែម្តង។
អ្នកខ្លះមិនហ៊ានចេញពីអគារ ដោយសារមានផ្សែងច្រើនក្រាសឃ្មឹកពេក។ អ្នករួចពីគ្រោះភ្លើង ខ្លះប្រាប់ថា បានលឺសម្លេងក្មេងៗស្រែកហៅអោយជួយ ឃើញស្ត្រីពរកូនក្បែរបង្អួច មានទាំងមនុស្សលោតពីអគារទៀតផង។ ស្តាប់ទៅព្រឺព្រួចណាស់ ពិតជាពិបាកទទួលបាន ស្ថានភាពនេះនៅនឹងភ្នែកណាស់។
គេមិនដឺងមូលហេតុអគ្គិភ័យអោយច្បាស់ទេ តែបើតាមអ្នករស់នៅអគារមួយចំនួន អាចបណ្តាលមកពីការផ្ទុះទូទឹកកក រឺក៏អាចមកពីបញ្ហាសម្ភារដែលដាក់នៅមុខអគារក្នុងពេលមានការជួសជុល នៅឆ្នាំមុននេះ។
អ្នករស់នៅអគារGrenfell Tower ធ្លាប់តវ៉ាច្រើនដងពីស្ថានភាពអគារ
រហូតព្រឹកថ្ងៃពុធនេះហើយ ក៏ក្រុមឡានទឹក៤០គ្រឿង មានគ្នាដល់ទៅរាប់រយនាក់ នៅតែមិនអាចបង្ក្រាបអគ្គិភ័យនៅ Grenfell Tower បាន។ នេះសបង្ហាញពីបញ្ហាស្ថានភាពអគារ ដែលធ្លាប់រងការជួសជុលកែលម្អ ច្រើនដង។ យោងតាមឯកសារចុះផ្សាយតាមវេបសាយ ប្រមាណជា១ឆ្នាំមុននេះ អ្នករស់នៅក្នុងអគារច្រើននាក់ណាស់បាននាំគ្នាតវ៉ាច្រើនដងមកហើយ តវ៉ាថា អគារនេះអាចនឹងរងគ្រោះអគ្គិភ័យធ្ងន់ធ្ងរ បើគ្មានការដោះស្រាយណាមួយទេ ពោលគឺជាគ្រោះភ្លើងដែលមិនអាចចៀសបាន។ អ្នករួចជីវិតពីអគ្គិភ័យម្នាក់ លើកឡើងថា ឆ្នាំ២០១៣ ធ្លាប់មានបញ្ហាប្រព័ន្ធអគ្គិសនីគួរកត់សម្គាល់ម្តងហើយ។ ដូច្នេះ អគារ Grenfell Tower ពិតជាមានបញ្ហាមែនហើយ។
អគារ ធ្លាប់រងការជួសជុលកែលម្អច្រើនលើកហើយ។ អ្នករស់នៅទីនោះរិះគន់ថា ក្រោយជួសជុលកែលម្អអគារម្តងៗ គឺតែងមានសល់កំទេចកំទីជានិច្ច។ អ្នករួចជីវិតពីអគ្គិភ័យម្នាក់បានសំដែងការបារម្ភប្រាប់អ្នកសារព័ត៌មាន អគារ Grenfell Tower នេះទើបជួសជុលមួយឆ្នាំមុននេះ ជួលជុលកែលម្អបង្អួចនឹងប្រព័ន្ធកំដៅ។ ដូច្នេះ សម្ភារដែលប្រើប្រាស់ទាំងនេះ អាចនឹងបន្ថែមបញ្ហាដល់អគារថែមទៀត។
បញ្ហាធ្ងន់បំផុតដែលគេរិះគន់ គឺថា ពេលជួសជុលម្តងៗ អគារមានច្រកចេញចូលតែមួយទេ។ បើមានអគ្គិភ័យនៅច្រកផ្លូវចេញចូលនេះ ប្រាកដជាគ្មានអ្នកណាម្នាក់អាចរត់ចេញពីអគារទេ។ អគ្គិភ័យយប់មិញនេះមិនពិបាកឆ្ងល់ទេ សម្រាប់អ្នករស់នៅអគារនេះ។ ប្រជាជននៅអគារនេះត្រូវតែខឹងសម្បារហើយ ព្រោះបណ្តាអ្នកដែលផ្តល់ជំនួយ និងទទួលខុសត្រូវអគារ មិនព្រមរកដំណោះស្រាយ បញ្ហាអគារ កន្លងមក។ អ្នករួចជីវិតពីគ្រោះភ្លើងឆេះខ្លះលើកឡើងថា ទាល់តែត្រូវមានអគ្គិភ័យ ត្រូវមានមនុស្សស្លាប់ទើបគេវែករកមុខអ្នកទទួលខុសត្រូវ។
អ្នករស់នៅអគារនេះខឹងសម្បារគឺមិនខុសទេ ព្រោះតាមរយៈគ្រោះភ្លើងនេះ ពួកគេច្បាស់ជាយល់ថា ជីវិតពួកគេដូចជាគ្មានតម្លៃអ្វីទេ បានជាអ្នកដែលទទួលខុសត្រូវ មិនព្រមដោះស្រាយបញ្ហាអគារ កន្លងមក ចាំទាល់តែមានមនុសស្លាប់និងរបួស។ ត្បិតថា ផ្ទះល្វែងជួលអោយពួកគេក្នុងតម្លៃថោក តែជីវិតមនុស្សមិនមែនជាទំនិញ មិនមែនជារឿងលេងសើចទេ។ គេមិនអាចបន្ថោកជីវិតមនុស្ស តាមថ្លៃឈ្នួលផ្ទះអញ្ចឹងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ