rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប អាកាសចរណ៍ ចិន អាស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Airbus៖ ចំនួន​យន្តហោះ​នឹង​កើនទ្វេរ​ដង នៅក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខ

media
យន្តហោះ​ប្រភេទ A380របស់​ក្រុមហ៊ុន​Airbus ដែល​ក្រុមហ៊ុន​ហោះហើរ​អេមីរ៉ា អារ៉ាប់រួម​ទិញ​ទៅ​ប្រើប្រាស់ © REUTERS/Louis Nastro

ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​តម្លៃ​ថា ចំនួន​យន្តហោះ នៅក្នុង​ពិភពលោក នឹង​កើនឡើង​មួយជា​ពីរ នៅក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ។ បរិមាណ​កើនឡើង​នៃ​ចំនួន​យន្តហោះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធ្វើដំណើរ​របស់​មនុស្ស ដែល​កើនឡើង ច្រើន នៅក្នុង​ពិភពលោក។


មនុស្ស​ទើប​តែ​ចាប់ផ្តើម​ធ្វើដំណើរ​តាម​យន្តហោះ បាន​១០០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ យន្តហោះ មធ្យោបាយ​ហោះហើរ​លើ​អាកាស​ប្រភេទនេះ បាន​លុកលុយ​ពេញមេឃ​ទៅហើយ។ និន្នាការ​នេះ​នឹង​មិនថមថយ​ចុះ ប៉ុន្តែ ផ្ទុយទៅវិញ នឹង​កើនឡើង​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ តាម ការវាយតម្លៃ​របស់​អគ្គនាយក​ក្រុមហ៊ុន​ Airbus យន្តហោះ ដឹក​អ្នកដំណើរ ដែល​មានចាប់​ពី​១០០​កៅអី​ឡើងទៅ នឹង​កើនឡើង មួយ ទ្វេ​ជាពីរ នៅ​២០​ឆ្នាំ​ខាងមុខ ក្នុងពេល​ដែល​ចរាចរណ៍​ផ្លូវ​អាកាស​ត្រូវ​កើនឡើង ប្រមាណ ៤,៤ភាគរយ នៅក្នុង​មួយឆ្នាំៗ។

 
តាម​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អឺរ៉ុប Airbus នៅក្នុង​រយៈពេល​២០​ឆ្នាំ ទៅមុខ គេ​នឹង​ត្រូវការ​យន្តហោះ​ថ្មី ប្រមាណ ៣៥ ០០០​គ្រឿង ដែល​គិត​ជាទឹកប្រាក់​សរុប ប្រមាណ ៥ពាន់ ពាន់ លាន​ដុល្លារ​ដុល្លារ។ ចំនួននេះ គឺ​កើនឡើង​បន្តិច បើប្រៀបធៀប​នឹង​ការព្យាករណ៍​របស់​ក្រុមហ៊ុន នៅ​ឆ្នាំមុន។ នៅក្នុង​របាយការណ៍​វាយតម្លៃ​របស់​Airbus ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ម្សិលមិញ ការកើនឡើង​នៃ​ចំនួន​យន្តហោះ នៅ​លើ​មេឃ នឹង​ជួយ​ឲ្យ​គេ​បង្កើត​ការងារ​ដូចជា ពីឡុត អ្នកបើកបរ​យន្តហោះ ប្រមាណ ៥ម៉ឺននាក់ ហើយ​និង​អ្នកបច្ចេកទេស ថែរក្សា ជួសជុល​យន្តហោះ ជាង ៥សែននាក់។
 
សម្រាប់​ក្រុមហ៊ុនAirbus ចំនួន​អ្នក​ដែល​ជិះ​យន្តហោះ​លើកទី១ ក្នុង​ជីវិត បាន​កើនឡើង ប្រាក់ចំណូល​បាន​កើនឡើង នៅក្នុង​ពេល​តម្លៃ​ធ្វើ​ដំណើរ​តាម​យន្តហោះ​មាន​តម្លៃ​ថោក ដោយសារ​តែ​ការប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ហោះហើរ នៅក្នុង​ពិភពលោក។ គឺ​កត្តា​ទាំង​អស់​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វាយតម្លៃ​ថា បរិយាកាស​វិនិយោគ និង​ការផលិត​យន្តហោះ​នឹង​ល្អប្រសើរ កើនឡើង នៅក្នុង​ពីរ​ទសវត្សរ៍​ខាងមុខ។
 
ទៅតាម​សិក្សា​របស់​ក្រុមហ៊ុនAirbus នៅក្នុង​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ដូចជា ឥណ្ឌា អាមេរិក​ខាងត្បូង និង​ចិន តម្រូវការ​យន្តហោះ​បានកើនលឿន​រហ័ស ពីដង គឺ​ដូច​នៅ​អាមេរិកខាងជើង និង​នៅ​ទឹកដី​អឺរ៉ុប។ គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​បាន​កើនឡើង​កាន់តែ​ច្រើន នៅ​អាស៊ី ជាពិសេស​ប្រទេស​ចិន។ ចិន ដែល​បើតាម​Airbus គឺ​នឹង​អាច​ក្លាយ​ជា​អនាគត​ប្រទេស​ផលិត​យន្តហោះ​ធំ​ទីបី ដែល​អាច​ប្រកួតប្រជែង​នឹង​Airbus របស់​អឺរ៉ុប និង​ប៊ូអ៊ីង​របស់​អាមេរិក ដែល​កំពុង​ផ្តាច់មុខ​គេ នៅ​ក្នុង​ពិភពលោក ខាង​ ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ៕