អានតួអត្ថបទ
សហរដ្ឋអាមេរិក

ជេមស៍ ខមី៖ លោក​ដូណាល់ ត្រាំពិត​ជា​​បាន​ប្រាប់​ឲ្យ​ឈប់​ស៊ើបអង្កេតលើ​ករណី​ពាក់ព័ន្ធ​នឹង​រុស្ស៊ី

តើ​​អតីត​មេដឹកនាំ​ប៉ូលិស​សហព័ន្ធ​អាមេរិក FBI លោក​ជេមស៍ ខមី បាន​រងការដាក់​សម្ពាធ​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ? លោក​ជេមស៍ ខមី ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ នៅថ្ងៃ​ព្រហស្បតិ៍ទី ៨​មិថុនា ​នៅ​គណៈ​កម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​អាមេរិក។ នៅ​ក្នុង​ចម្លើយ​ជា​សំណេរ​ ដែល​ចេញផ្សាយ​នៅថ្ងៃ​ពុធគណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា លោក​ជេមស៍ ខមី បាន​រៀបរាប់​​ថា លោកដូណាល់ ត្រាំ ពិតជា​បាន​ប្រាប់​លោក​ឲ្យ​លែង​ស៊ើបអង្កេត​លើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ Michael Flynn ដែល​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី។

ប្រធានាធិបតី​អាមេរិក និង​លោក​ជេមស៍ ខមី​ដែល​ត្រូវ​ដុណាល់ ត្រាំ​ដកហូត​ចេញ​ពី​មុខតំណែង​ប្រធាន​ប៉ូលិស​FBI
ប្រធានាធិបតី​អាមេរិក និង​លោក​ជេមស៍ ខមី​ដែល​ត្រូវ​ដុណាល់ ត្រាំ​ដកហូត​ចេញ​ពី​មុខតំណែង​ប្រធាន​ប៉ូលិស​FBI ©REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

​ការសួរ​ដេញដោលនៅ​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក​ធ្វើឡើង​នៅក្នុង​ពីរដំណាក់កាល។ ដំណាក់​កាលទី១​ដែលធ្វើ​ឡើង​ជា​សាធារណៈ​នឹង​ត្រូវ​ចាក់ផ្សាយ​បន្តផ្ទាល់​នៅតាម​ប៉ុស្តទូរស្សន៍​បី គឺ ABC CBS និង​NBC។ ចំណែក​ដំណាក់កាល​ទី២ ធ្វើឡើង​ដោយ​បិទទ្វារ​ជិត​រវាង​លោក​ជេមស៍​ ខមី James Comey ​និងសមាជិក​គណៈកម្មការ​ព្រឹទ្ធសភា។

 
នៅក្នុង​ចម្លើយ​ជា​សំណេរ​៧ ទំព័រ​ដែល​លោក​ខមី​ប្រុង​នឹង​អាន​ នៅមុខ​គណៈកម្មការ​ព្រឹទ្ធសភា​ លោក​ខមី បាន​សរសេរ​យ៉ាង​លម្អិត ពី​ខ្លឹមសារ​​នៃ​កិច្ចសន្ទនា​រវាង​លោក ជាមួយ​លោក​ដូណាល់ ត្រាំ តាំង​ពី​ខែ​មករា​។ លោក​​ជេមស៍ ខមី បាន​សរសេរ​​ថា នៅក្នុង​រយៈពេល ៤ខែ លោក​បានជួប លោក​ដូណាល់ ត្រាំ ដល់ទៅ ៩​ដង ដោយ​ជួបទល់មុខ ចំនួន​៣ដង និង​៦ដងទៀត គឺ​ជួប​និយាយ​តាម​ទូរស័ព្ទ។ លោក​ខមី​បាន​ប្រៀបធៀប​ទៅ​នឹង​​អាណត្តិ​៨​ឆ្នាំ​របស់​លោកអូបាម៉ា ដែល​លោក​ជួប​ផ្ទាល់ ទល់មុខ​​ ​តែ​ពីរលើកគត់ និង​មិនដែល​បាន​និយាយ​ទូ​រស័ព្ទ​ទាក់ទង ​ដូចដែល​លោក​ដូណាល់ ត្រាំ​​ធ្វើ​ជាមួយ​លោក​នោះទេ។

​ខ្លឹមសារ​នៃ​​ចម្លើយ​សំណេរ​របស់លោក​​ជេមស៍ ខមី ដូចគ្នា​នឹង​ការចុះផ្សាយ​កន្លងមក​របស់​កាសែត​អាមេរិកាំង។ ចម្លើយ​សំណេរ​របស់លោក​​ជេមស៍ ខមីបាន​បញ្ជាក់ ធ្វើ​ឲ្យ​​​ព័ត៌មាន​ដែល​កាសែត​អាមេរិកាំងចុះផ្សាយ​កន្លងមក​ថា ជា​រឿងពិត នោះគឺលោក​ដូណាល់ ត្រាំ​បាន​ទាមទារ​ឲ្យ​លោក​​ជេមស៍ ខមី កាលនៅ​ជា​មេដឹកនាំ​របស់​FBI ឲ្យ​ឈប់​ស៊ើបអង្កេត​ទៅ​លើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​Michael Flynn។ តាមសំណេរ​របស់​លោក​ខមី លោក​ដូណាល់ ត្រាំ បាន​ហៅ​លោក​ឲ្យ​ជួប​នៅ​ក្នុង​បន្ទប់​ប្រធានាធិបតី នៅមួយ​ថ្ងៃ​ក្រោយ លោក​Michael Flynn បាន​បង្ខំចិត្ត​លាចេញពី​តំណែង ដោយសាររឿងអាស្រូវ​ មាន​ជាប់ទាក់ទង​នឹង​រុស្ស៊ី។ តាម​សំនេរ​របស់លោក​ខមី លោក​ដូណាល់ ត្រាំ បាន​ឃាត់​ទុក​លោក​តែ​ម្នាក់ បន្ទាប់​​​ពី​បាន​​ប្រាប់​ឲ្យអនុប្រធានាធិបតី និង​ជំនួយការ​ផ្សេងទៀត ​ចេញ​ពី​​បន្ទប់ប្រជុំ​​ប្រធានាធិបតី។ នៅពេល​មាន​គ្នាតែពីរនាក់ ជាមួយ​លោកខមី លោកដូណាល់ ត្រាំ​​បាន​និយាយ​ថា លោក​សង្ឃឹម​ថា លោកខមី​នឹង​បោះបង់​ចោល​ការស៊ើបអង្កេត​ទៅលើ​ លោក​Flynn។ លោក​Flynn ជាមនុស្ស​ល្អ មិន​បានធ្វើ​អ្វីអាក្រក់​នោះទេ។ នេះ​ជា​សំដី​របស់លោក​ត្រាំ ដែលលោក​ខមី បាន​កត់ត្រា នៅក្រោយ​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ។

នេះ​ជាលើក​ទី១ ជាផ្លូវការ​ដែល​លោក​ជេមស៍ ខមី​អះអាង​ចេញ​ពី​មាត់​របស់លោក​ថា លោក​ដូណាល់ ត្រាំ​បាន​ប្រាប់​ឲ្យ​លោក​ឈប់​ស៊ើបអង្កេត​លើ​Michael Flynn។

នៅក្នុង​ចម្លើយ​សំណេរ​របស់​លោក​ខមី លោក​ខមី​បាន​លើកផងដែរ ខ្លឹមសារ​ជំនួប​រវាង​លោក និង​លោកដូណាល់ ត្រាំ នៅ​ថ្ងៃទី ២៧​មករា ពោល​គឺ​មួយសប្តាហ៍​ក្រោយលោក​បាន​ស្បថ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ តាមលោក​ខមី លោក​ដូណាល់ ត្រាំ​​បាន​សួរ​​លោក មួយដង ជា​ពីរដង ថា តើ​លោក​ចង់​នៅ​ធ្វើ​ជា​ប្រធាន​FBIដែរឬទេ។ បន្ទាប់មក​ លោក​បាន​និយាយ​ថា លោក​ចង់​បាន​ភាពស្មោះស្ម័គ្រ ពីលោក​ជេមស៍ ខមី។ ដោយ​ទើសទាល់ លោក​ខមី​បាន​ឆ្លើយទៅវិញថា លោក​ដូណាល់ត្រាំ នឹង​បាន​ភាពស្មោះត្រង់​ពីលោក។ “​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញថា ​ចម្លែក​ណាស់ គឺ​ថា លោក​ប្រធានាធិបតី​បាន​និយាយ​ដដែលៗ ពីរលើក នៅក្នុង​ការសន្ទនា​កន្លងមកថា លោក​ចង់​ឲ្យ​ខ្ញុំ​នៅ​កាន់តំណែង​ជា​ប្រធាន​FBI”។ នៅក្នុង​ចម្លើយ​សំណេរ​ដាក់​ទៅ​ព្រឹទ្ធសភា លោក​ខមី​បាន​សរសេរ​ថា លោក​ចាប់ផ្តើម​សង្ស័យថា លោក​​ប្រធានាធិបតី​បាន​ប្រើ​ការទទួល​ទាន​អាហារ​ពេលល្ងាច​ជាមួយ​លោក ដើម្បី ទាក់ទាញ​ឲ្យ​លោក​និយាយ​ថា លោក​ចង់​នៅ​កាន់តំណែង​ជា​ប្រធាន​FBI និង​ចង់​បង្ហាញ​ថា លោក​ខមីដែល​អាច​កាន់តំណែង​ជា​ប្រធាន​ប៉ូលិស​សហព័ន្ធ គឺនៅ​​ជំពាក់​គុណ​​របស់​ប្រធានាធិបតី។

ស្មោះស្ម័គ្រ​” តើ​​មាន​អ្វី​ដែល​ខុស?
នៅ​អាមេរិក ប្រធានាធិបតី​មាន​សិទ្ធិអំណាច​ដកហូត និង​តែងតាំង​ប្រធាន​FBIក៏ពិត​មែនហើយ ប៉ុន្តែ ប្រធានាធិបតី​គ្មាន​សិទ្ធិ​ ​ទាមទារ​ឲ្យ​មេដឹកនាំ​FBI​ត្រូវតែ​ស្មោះស្ម័គ្រ​នឹង​ខ្លួន​តែ​ម្នាក់​នោះទេ។ នៅក្នុងសំណេរ លោក​ខមី​និយាយ​ថា លោក​បារម្ភ​ដែល​លឺ​លោក​ដូណាល់ ត្រាំ​ទាមទារ​ឲ្យ​លោក​និយាយ​ពាក្យ​ស្មោះស្ម័គ្រ​នឹង​លោក ព្រោះថា តាម​ប្រពៃណីអាមេរិក FBIជា​ស្ថាប័ន​ឯករាជ្យ​ មិន​ស្ថិតនៅក្រោម​អំណាច​ប្រធានាធិបតី​នោះទេ។

ប្រធានាធិបតី​គ្មាន​អំណាច គ្មាន​សិទ្ធិ​លូកដៃ បញ្ជារ​ឲ្យ​​​FBI​ធ្វើតាម​បញ្ជារ​របសខ្លួននោះទេ។ FBI ដែល​ស្ថិតនៅក្រោម​ការដឹកនាំ​តែមួយ​គត់​ពី​ក្រសួង​យុត្តិធម៌ គឺ​មាន​សិទ្ធិ​ស៊ើបអង្កេត​លើ​គ្រប់បុគ្គល មិនថា ប្រធានាធិបតី ឬ​សមាជិក​សភា​អាមេរិក។ ដូច្នេះ នៅពេល​លោក​ដូណាល់ ត្រាំ ទាមទារ​ឲ្យ​ជេមស៍ ខមី​ស្មោះ​ស្ម័គ្រ​នឹង​លោក លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​តែ​ធ្វើ​ជំនួញ គិតស្មាន ​ចង់​ទាក់ទាញ​ លោក​ខមី ឲ្យ​គោរព​ស្មោះស្ម័គ្រ​នឹង​លោក មិន​ធ្វើអ្វី​ប្រឆាំង​នឹង​លោក។ លោក​ដូណាល់ ត្រាំ​យល់​ច្រឡំ​ ខុសធ្ងន់ណាស់ ព្រោះ​ថា ធ្វើដូច្នេះ លោកកំពុង​​រំលោភ​អំណាច ប្រើឥទ្ធិពល​របស់​ខ្លួន ដើម្បី​ដាក់​គំនាប សម្ពាធ​ទៅលើ​ប្រធាន​FBI​ ដែលតាម​ពិត​​ជា​ស្ថាប័ន​ឯករាជ្យនោះ។

តើ​លោក​ដូណាល់ ត្រាំ​ ត្រូវ​ប្រឈម​នឹង​ការបោះឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​ប្រធានាធិបតី ដែរឬទេ?
ការលូកដៃ រារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​ចាត់ទុក ជា​បទល្មើស​ឧក្រិដ្ឋ និង​អាច​ឈាន​ទៅ​ដល់​ការបោះឆ្នោត ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង។ ទោះជា​សមាជិក​ព្រឹទ្ធសភា​ខ្លះ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បានពន្លយ​ពាក្យ​រួចហើយ​ពី​ការបើក​និតិវិធី​សម្រាប់​ឈាន​ទៅរក​ការបោះឆ្នោត​ទម្លាក់​លោក​ដូណាល់ ត្រាំ ចេញពី​តំណែង​ប្រធានាធិបតី សមាជិក​សភា​ភាគច្រើន ទាំង​មក​ពី​គណបក្ស​កាន់អំណាច និង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​យល់​ថា ដំណាក់កាល​នោះ​នៅ​មិនទាន់​មក​ដល់​ទេ។ គេ​ត្រូវ​ប្រមូល​ឲ្យ​បាន​ច្រើន​ជាមុន​សិន នូវ​ភស្តុតាង ដែល​បាន​បញ្ជាក់ថា ប្រធានាធិបតី​បាន​រំលោភ​អំណាច លូកដៃ​រារាំង បំផ្លាញ​ការស៊ើបអង្កេត​របស់​តុលាការ។

ម្យ៉ាងវិញទៀត នៅក្នុង​ចម្លើយ​សំណេរ លោក​ជេមស៍ ខមី​មិន​បាន​​និយាយ ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​នោះទេ។ លោក​ខមី ដែល​ល្បីឈ្មោះ​ថា ជាមនុស្ស​ម៉ត់ចត់ សរសេរ​កំណត់ហេតុ​រាល់​ពាក្យ​ដែល​លោក​បាន​និយាយ​ជាមួយ​ប្រធានាធិបតី នឹង​ចូលខ្លួន​ក្នុង​នាមជា​សាក្សីតែប៉ុណ្ណោះ។ នៅក្នុង​ចម្លើយ​សំណេរ លោក​ខមី​បាន​សរសេរ​រៀបរាប់​ពី​អ្វី​ដែលលោក​ដូណាល់ ត្រាំ បាននិយាយ ប៉ុន្តែ ​លោក​មិន​បាន​បញ្ចេញ​យោបល់ វិនិច្ឆ័យ​ថា​លោក​ដូណាល់ ត្រាំ បាន​រារាំង ការស៊ើបអង្កេត​របស់​FBI​​នោះទេ។ គឺ​រដ្ឋអាជ្ញា​ពិសេស ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី ដែល​ជា​អ្នកវិនិច្ឆ័យ សម្រេច​ថា សំដី​របស់លោក​​ដូណាល់ ត្រាំ មាន​លក្ខណៈ ដាក់​សម្ពាធ ក្នុង​គោលដៅ រារាំង​ដំណើរ​ការ​​ស៊ើបអង្កេត​​របស់​តុលាការ។

នៅពេល​នេះ លោក​Robert Mueller ដែល​ទើប​ចូល​ធ្វើ​ជា​រដ្ឋអាជ្ញាពិសេស កំពុង​ស៊ើបអង្កេត​លើ​ការជាប់ពាក់ព័ន្ធ​រវាង​ក្រុមឃោសនា​របស់លោក​ដូណាល់ ត្រាំ ជាមួយ​រុស្ស៊ី។ តាម​កាសែត លោក​ជេមស៍ ខមី​ទំនង​ជា​នឹង​មិន​និយាយ​អ្វី​ច្រើន លើស​ពី​អ្វី​ដែលលោក​បាន​សរសេរ​នៅក្នុង​ចម្លើយ​សំណេរ​របស់លោក​នោះទេ ព្រោះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា។ ​ប៉ុន្តែ បើសិន​ជា​រដ្ឋអាជ្ញា​ពិសេស រកឃើញថា លោក​ដូណាល់ ត្រាំ ពិតជាបាន​រារាំង​ដំណើរការស៊ើបអង្កេត ដែលផ្តោតទៅលើ​ក្រុមឃោសនា​របស់លោកមែន នោះ​រដ្ឋអាជ្ញា​នឹង​រាយការណ៍​ទៅ​សភា ដែល​​ជាអ្នកមាន​សិទ្ធិ​សម្រេច​បើកសនវការ​កាត់ទោស និង​បោះឆ្នោត ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង។ ​

ករណី​នេះ​បាន​កើតមាន​​ម្តងហើយ នៅ​សម័យ​លោក​Richard Nixon នៅ​ឆ្នាំ ១៩៧៤ ដែលនៅពេលនោះ ​សភា​បាន​រៀបចំ​ដំណើរការ​​បោះឆ្នោត​ទម្លាក់​លោក​ចេញពី​តំណែង ដោយសារ​តែ​លោក​បាន​លូកដៃ ចូលក្នុង​ដំណើរការ​ស៊ើបអង្កេតក្នុង​រឿង​អាស្រូវ Watergate​ ដែល​​មាន​លោក​ជាប់ ពាក់ព័ន្ធ​។ ប៉ុន្តែ សម័យនោះ លោក​និចសុន​បាន​លាលែងចេញ​ពី​​តំណែង​ ប្រធានាធិបតី​មុន​នឹង​លោក​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​លោក​ទៅទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ