អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​រដ្ឋាភិបាល​លោក​ម៉ាក្រុង ប្រើសិល្ប៍​វិធី​ចរចា​ដើម្បី​ធ្វើ​កំណែទម្រង់​ច្បាប់ការងារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​បាន​សន្យា​ក្នុង​ពេលឃោសនាបោះឆ្នោត ​រដ្ឋាភិបាល​បារាំង​របស់​លោក អេម៉ាណុយអែល ម៉ាក្រុង ​នឹង​ធ្វើ​​កំណែទម្រង់​ច្បាប់ការងារ។ កំណែទម្រង់​​នេះនឹង​ត្រូវ​អនុម័តដោយ​​​ក្រិត្យ​ប្រធានាធិបតី​ ដើម្បី​អាចដាក់​ឱ្យ​ប្រើ​ប្រាស់​បាន​ឆាប់ និង​មាន​ប្រសិទ្ធិភាពខ្លាំង។ នៅ​ថ្ងៃ​អង្គារ​ទី ៦​មិថុនា លោក​នាយក​រដ្ឋមន្ត្រី ​និងលោកស្រី​​រដ្ឋមន្ត្រីក្រសួង​​ការងារ បាន​បង្ហើប​បង្ហាញ​គម្រោង​កំណែទម្រង់​ច្បាប់ការងារ​ និង​កាលវិភាគ​ដែល​ត្រូវ​ជជែក​ចរចា​ជាមួយ​ដៃគូ។ តើ​រដ្ឋាភិបាល​បារាំង​ថ្មី​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់ការងារ​នេះ​យ៉ាង​ដូចម្តេច​ខ្លះ ? តើ​មាន​សង្ឃឹម​ចេញ​រួច​ប៉ុណ្ណា ?

សៀវភៅ​ច្បាប់ការងារ​​របស់​បារាំង
សៀវភៅ​ច្បាប់ការងារ​​របស់​បារាំង Fred Tanneau / AFP
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​បារាំង លោក អេដ័រ ហ្វីលីព និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការងារ Muriel Pinicaud​ បាន​បង្ហាញ​ផែន​ទី​ចង្អុល​ផ្លូវ​ស្តី​ពី​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ សម្រាប់​រយៈ​ពេល ១៨​ខែ​ខាង​មុខ។ បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល ​ការ​​ទំនើប​កម្ម​គំរូ​សង្គមបារាំង គឺ​ជា​ការ​ចាំ​បាច់ ​និង​បន្ទាន់​បំផុត បើ​យោល​ទៅ​លើ​បរិបទ​សង្គម​និង​សេដ្ឋកិច្ច​នា​សម័យ​បច្ចុប្បន្ន។ ​​កំណែទម្រង់ដំបូង​គេ គឺ​​ច្បាប់ការងារ​ បន្ទាប់​មក​ច្បាប់​ធានារ៉ាប់រង​សុខភាព​និង​ភាព​អត់ការងារ​ធ្វើ ការ​សិក្សា​ និង​ការ​ចូល​និវត្តន៍។

ទាក់​ទង​នឹង​ខ្លឹម​សារ​ កំណែទម្រង់​ច្បាប់​ការងារ​ផ្តោត​លើ​ប្រធានបទ​បី​សំខាន់ ៖ ការ​បន្ស៊ីកិច្ចព្រមព្រៀង​រវាង​​ក្រុមហ៊ុន​និង​សាខា ដោយ​មិន​ផ្តល់​អាទិភាព​ទៅ​លើ​តែ​​កិច្ច​ព្រមព្រៀង​​របស់​​ក្រុមហ៊ុន- សម្រួល​និង​ពង្រឹង​ការ​ចរចា​សេដ្ឋកិច្ច​និង​សង្គម ​ - លែង​ឱ្យ​មាន​​កំរិតពិដាន​​ប្រាក់​សំណង​នៅ​ពេល​មាន​ជម្លោះ​បញ្ឈប់​ការងារ​បុគ្គលិក តែ​ត្រូវជំនួស​វិញ​ដោយ​​តារាង​សំណងនិង​ផលប្រយោជន៍។

ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​ជំហរ​ដាច់​ខាត​ណាស់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ ស្រប​តាម​ការ​ចង់​បាន​របស់​លោក​ប្រធានាធិបតី តែ​មិន​មើល​រំលង​​ដៃ​គូសង្គម ដែល​ជា​ក្រុម​សហជីព​កម្មករ​និង​ថៅកែ​ទេ។ បើ​តាម​ផែន​ទី​ចង្អុល​ផ្លូវ​ និង​កាលវិភាគ​របស់​​​រដ្ឋាភិបាល ​ពេញ​មួយ​ខែ​មិថុនា និង​កក្កដា​នេះ រដ្ឋាភិបាល​និង​ដៃ​គូ​សង្គម​ត្រូវ​ជជែក​ពិភាក្សា​គ្នា​ មិន​តិច​ជាង​៤៨​លើក​ទេ។ បន្ទាប់​មក​នឹងមាន​​កា​រ​ពិគ្រោះ​យោបល់​គ្នា​មួយ​ខ្សែ​ទៀត នៅ​ខែ​សីហា​និង​កញ្ញា មុន​នឹង​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​បាន។ រដ្ឋាភិបាល​លោក​ម៉ាក្រុង ចង់​ឃើញ​​​​កំណែទម្រង់ច្បាប់ការងារ​របស់​ខ្លួន ជា​កំណែទទម្រង់​​ដែល​​ប្រសូត​ចេញពី​ព្រមព្រៀង​គ្នា​ដោយ​ពិតៗ។

​កំណែទម្រង់ច្បាប់​ការងារ​​នេះ មិន​ត្រូវ​ឆ្លង​កាត់​ចុះ​ឡើង​ការ​តស៊ូ​មតិ​នៅ​សភា និង​ព្រឹទ្ធសភា ដូច​ទម្លាប់​ទេ។ ដើម្បី​បាន​លឿន និង​ដូច​បាន​ប្រកាស​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ កំណែទម្រង់​ច្បាប់​ការងារ​នេះ នឹង​ត្រូវ​អនុម័ត​ ​តាម​រយៈ​ការ​ចេញ​ក្រិត្យ​ច្បាប់ ឬ​ក្រិត្យ​ប្រធានាធិបតី។ នៅ​ថ្ងៃទី ២៨​មិថុនា​ខាង​មុខនេះ គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល​សុំ​ធ្វើ​កំណែទម្រង់​ដោយ​ចេញ​ក្រិត្យ​ច្បាប់​ នឹង​ត្រូវ​ពិនិត្យ​នៅ​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី។ ប្រសិន​បើ​មាន​ការ​ព្រមព្រៀង​ ប្រធានាធិបតី​ចង់​​ចេញ​ក្រិត្យ​ច្បាប់​​​នេះ​ឱ្យ​បាន​មុខ​ថ្ងៃទី ២១​កញ្ញា។

រដ្ឋាភិបាល​​ចង់​បាន​កំណែទម្រង់​លឿន និង​​ផ្តល់​អាទិភាព​ខ្លាំង​ដល់​ការពិគ្រោះ​ជាមួយ​សង្គម​ស៊ីវិល ក៏​ព្រោះ​រដ្ឋាភិបាល​ក្មេង​ខ្ចីនេះ​យល់​យ៉ាង​ច្បាស់​ ថា​កំណែទម្រង់​ច្បាប់ការងារ​ ដែល​ប្រជាពលរដ្ឋ​បារាំង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង ជា​ប្រភព​នៃ​ភាព​តាន​តឹង​នយោបាយ​និង​សង្គម​ខ្លាំងណាស់ ទើបផ្តល់​ពេលវេលា​ច្រើន​ដល់​ការ​ចរចា​ពិភាក្សា​ជាមួយ​ក្រុមសហជីព​និង​ក្រុមហ៊ុន​ច្រើន​។

រដ្ឋាភិបាលមុនៗ​ បាន​សាក​ល្បង​ធ្វើ​កំណែទម្រង់​ច្បាប់​នេះ​ដែរ ទោះ​​មាន​លក្ខណៈ​សើរៗ មិន​ស៊ី​ជម្រៅ​ខ្លាំង​ក៏​ដោយ ក៏​តែង​បំផុស​បំផុល​ឱ្យ​ចលនា​បាតុកម្ម​ជាតិ​ រុញ​ច្រាន​ប្រទេស​ឱ្យ​ជាប់​គាំង​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍​នៅ​ឆ្នាំ​២០០៦ រដ្ឋាភិបាល​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ​ដោយ​បង្កើត​កិច្ចសន្យា​ការងារដំបូង​​សម្រាប់​យុវជន​ក្រោម​អាយុ​២៦​ឆ្នាំ​ ប៉ុន្តែចលនា​ប្រឆាំង​និស្សិត​ចុះ​ថ្នល់​បាន​ធំ​ធេង​ខ្លាំង​បាន​រុញ​នាយក​រដ្ឋមន្ត្រី​ឱ្យ​ធ្លាក់​ពី​តំណែង ច្បាប់​នោះ​ក៏​ត្រូវ​ដក​វិញ។ រដ្ឋាភិបាល​លោក​ហូឡង់ ក៏​បាន​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ​ដែរ តែ​បាន​រង​ការ​ប្រឆាំង​ដូច​គ្នា បាតុកម្ម​បាន​រាលដាល​បង្ក​ជា​អំពើ​ហិង្សា​ពេញ​ប្រទេស នៅ​ពេលរដ្ឋាភិបាល​បាន​ប្រើ​មាត្រា​ ៤៩កថាខណ្ឌ៣ នៃរដ្ឋធម្មនុញ្ញ ផ្តល់​អំណាច​ពិសេស​ឱ្យ​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​សម្រេច​​​ឬ​​​អនុម័ត​ច្បាប់។ នាយក​រដ្ឋមន្ត្រី​លោក​ ម៉ានុយអែល វ៉ាល បាន​រង​ការ​រិះគន់​ និង​អប្រជាប្រិយភាព​យ៉ាង​ខ្លាំង រហូត​ចាញ់​ឆ្នោត​មិន​ទាំង​បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ផង។

សម្រាប់​ពេល​នេះ គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​​ចេញ​​មក​ខាង​ក្រុម​សហជីព​កម្មករ​ទេ។ អាច​ជា​ពេល​វេលា​រង់ចាំ​ក៏​ថាបាន។ ប៉ុន្តែ​ដោយ​ការ​បោះឆ្នោត​សភា​នឹង​ខិត​មក​ដល់​នៅ​បី​ថ្ងៃ​ទៀត ក្រុម​អ្នក​ឆ្វេងនិយម បាន​ផ្តើមបរិហារ​គម្រោង​កំណែទម្រង់​នេះ​ហើយ។ គណបក្ស​ France Insoumise របស់​ហ្សង់លុច មេឡង់ស្ហុង បាន​តាំង​ខ្លួន​ជា​បក្ស​ប្រឆាំង​ធំ​របស់​រដ្ឋាភិបាល។ លោក​ប្រឆាំង​ទាំង​ទម្រង់ (ការ​ប្រើ​ក្រិត្យ​ដើម្បី​អនុម័ត​ច្បាប់) ​ទាំង​ខ្លឹមសារ (ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ច្រើន​ពេក​ក្នុង​ពេល​ចរចា)។ អ្នក​កុម្មុយនិស្ត​ឆ្វេង​និយម​ ដែល​ជាប់​លំដាប់​លេខ​បួន​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​មួយរូប​នេះ​ បាន​ចាត់​ទុក​​កំណែទម្រង់​ច្បាប់ការងារ​នេះ​ជា​រដ្ឋប្រហារ​សង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ