អានតួអត្ថបទ

បារាំង ៖ មាន​ករណី​​វាយប្រហារ​លើ​ប៉ូលិស​ដោយ​ញញួរនៅ​ Notre-Dame ក្រុងប៉ារីស​

មាន​ការ​វាយប្រហារ​ប្រឆាំង​នឹង​ប៉ូលិស​បារាំងទៀតហើយ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ទីធ្លា​វិហារ​កាតូលិក Notre Dame កណ្តាល​ក្រុង​ប៉ារីស ដ៏ល្បីល្បាញ។ ប្រដាប់​ដោយ​ញញួរ ជន​ដៃដល់ បាន​ស្ទុះ​ទៅ​វាយ​​ភ្នាក់ងារ​នគរបាល​ម្នាក់ឱ្យ​​រង​របួស មុន​នឹង​ត្រូវ​ប៉ូលិស​ម្នាក់ទៀត​​បាញ់​ឱ្យ​របួស និង​ចាប់​ខ្លួន។ ជន​នេះ​ទំនង​ជា​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ដោយ​​បាន​តាំង​ខ្លួន​ជា​កូន​ទាហានរបស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ធ្វើ​សកម្មភាព ដើម្បី​​សង​សឹក​ឱ្យ​ស៊ីរី ប៉ុន្តែ​ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​ខ្លួន​នៅឡើយ​ទេ។

សង្កាត់​ទេសចរណ៍​Notre-Dame de Parisក្រោម​ការពារ​យ៉ាង​តឹង​រឹង​ក្រោយ​ការ​វាយប្រហារ​ដោយ​ញញួរ
សង្កាត់​ទេសចរណ៍​Notre-Dame de Parisក្រោម​ការពារ​យ៉ាង​តឹង​រឹង​ក្រោយ​ការ​វាយប្រហារ​ដោយ​ញញួរ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅ​ពេលវាយ​​​ប៉ូលិសឱ្យ​របួស​ស្រាល​នៅ​នឹង​ក្បាល ជន​ល្មើស​បាន​ស្រែក​ថា “ធ្វើ​ដើម្បី​ស៊ីរី”។ ពាក្យ​ដែល​អាច​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា​ជា​ទង្វើ​ភេរវកម្ម​។ បើ​តាម​ក្រសួង​មហាផ្ទៃបារាំង ​ជន​ល្មើសនេះ កាន់​​បណ្ណ​ស្នាក់នៅ​បារាំង​ក្នុង​​នាម​​​ជា​និស្សិត​ជាតិ​អាល់ហ្សេរី ​អាយុ​៤០​ឆ្នាំ និង​បាន​ចុះ​ឈ្មោះជា​បេក្ខជន​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ព័ត៌មាន (អ្នកកាសែត) ​នៅ​មហាវិទ្យាល័យ​ Metz (ខាង​កើត​ប្រទេស​បារាំង) តាំង​ពី​ឆ្នាំ​២០១៤​មក។

បើ​តាម​សាស្ត្រាចារ្យ​ដែល​ជា​អ្នក​នាំ​ធ្វើ​និក្ខេបទ​​បណ្ឌិត គ្មាន​សញ្ញា​​ក្រៅ​​ខ្លួន​ណា​មួយ​បញ្ជាក់​ថា​ជន​ដៃ​ដល់​នេះ ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយម​ ជា​មនុស្ស​ផ្តាច់​ខ្លួន​ចូល​ក្នុង​ភាព​ជ្រុល​និយម​ទេ គ្រាន់​តែ​ថា​ ​តាំង​ពី​វិច្ឆិកាមក ជន​នេះ​មាន​អាកប្បកិរិយា​ស្ងប់ស្ងាត់​ចម្លែក​។

គ្មាន​ប្រវត្តិ​ប្រលាក់​ប្រលូស​នៅ​តុលាការ គ្មាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជន​គួរ​តាម​ដាន​មែន ប៉ុន្តែក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​ខ្សែអាត់​​វីដេអូមួយ ដែល​ជន​ដៃ​ដល់​បាន​ប្រកាស​ភ្ជាប់​ខ្លួន​ទៅ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ពេល​ឆែកឆែរ​ក្នុង​ផ្ទះ​របស់​គេ។​ ក្រៅ​អំពីកាន់​ញញួរ​នៅ​នឹង​ដៃ ជន​ល្មើស​មាន​លាក់​កាំបិត​​ធ្វើ​ម្ហូប​ពីរ​​ទៀត​នៅ​ជាប់​នឹង​ខ្លួន។ មាន​ន័យ​ថា​ពេល​នេះ​គេ​កំពុងតែ​ប្រឈម​នឹង​ទម្រង់​ភេរវកម្ម​បែប​ថ្មី ៖ ជន​ដៃដល់​ជា​បញ្ញាជន សកម្មភាព​ភេរវកម្ម​​ឆ្លង​ពីការ​ប្រើ​សម្ភារៈទំនើប​មក​ត្រឹម​វត្ថុ​​អ្វី​ក៏​បាន។ ​​

សូម​បញ្ជាក់​ថា ការ​វាយប្រហារ​ទៅ​លើ​ប៉ូលិស​នេះ​បាន​កើត​ឡើងនៅ​មុខ​​​វិហារ​Notre Dame កណ្តាលរដ្ឋ​ធានី​ ​​ដ៏​ល្បី​ល្បាញរបស់​​ប៉ារីស ដែល​មានទេសចរ​ចូល​ទស្សនា​ប្រមាណ​ជា​១៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ល្ងាច​មិញ ក្រោយពេល​មានផ្ទុះ​អាវុធ​ភ្លាម​​ មនុស្សម្នា​ ទេសចរ​ជាតិ​អន្តរជាតិ ប្រមាណ​ជាង​មួយ​ពាន់ ត្រូវ​បាន​ជម្លៀស​​ទៅ​សំងំ​ក្នុង​វិហារ​ដើម្បី​សុវត្ថិភាព​ និង​យ៉ាង​រលូន។

តាំង​ពី​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥​មក បារាំង​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នេះ​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​លើក​ច្រើន​សារ។ ទីតាំង​ទេសចរណ៍​ Notre Dame​នេះ​ក៏ធ្លាប់​រង​ការ​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​បំផ្ទុះ​ធុង​ហ្កាស​ម្តង​កាលពី​ខែ​កញ្ញា​២០១៦។ ម្យ៉ាង​ទៀត​​ ហេតុការណ៍​លើក​នេះ កើត​ឡើង​តែ​បី​ថ្ងៃ​ក្រោយ​ភេរវកម្ម​នៅ​ក្រុង​ឡុងដ៍​ ដែល​ជា​ក៏​ស្នាដៃ​របស់ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ