អានតួអត្ថបទ
បារាំង-អវកាស

បារាំង-អវកាស៖​លោកតូម៉ា ប៉េស្កេ​បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ដោយ​ជោគជ័យ

បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​ជិត ២០០ថ្ងៃ​នៅ​លើ​ស្ថានីយ៍​អវកាសអន្តរជាតិ អវកាសយានិក​ជនជាតិ​បារាំង​លោក​តូម៉ា ប៉េស្កេ (Thomas Pesquet) បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ​ហើយ​នា​នា​រសៀល​ថ្ងៃ​សុក្រ ទី២ មិថុនា។ នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​នេះ លោក​តូម៉ា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​អវកាស​អឺរ៉ុប​នៅ​កូឡូញ ក្នុង​ប្រទេស​អាល្លឺម៉ង់។ លោក​តូម៉ា​មាន​សុខភាព​ល្អ តែ​អស់កម្លាំង​ខ្លាំង។

អវកាស​យានិក​បារាំង​លោក Thomas Pesquet ក្នុង​ពេល​មក​ដល់​ផែនដី បន្ទាប់​ពី​បំពេញ​បេសកកម្ម​រយៈពេល ១៩៦ នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ ថ្ងៃទី២ មិថុនា ២០១៧
អវកាស​យានិក​បារាំង​លោក Thomas Pesquet ក្នុង​ពេល​មក​ដល់​ផែនដី បន្ទាប់​ពី​បំពេញ​បេសកកម្ម​រយៈពេល ១៩៦ នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ ថ្ងៃទី២ មិថុនា ២០១៧ REUTERS/Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

គ្មាន​ពេល​សម្រាក​ទេ​សម្រាប់​លោក​តូម៉ា ប៉េស្កេ ក្រោយ​ពី​បាន​ដាក់​ជើង​ជាន់​ផែនដី​នា​រសៀល​ថ្ងៃ​សុក្រ ទី២ មិថុនា​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​អវកាស​អឺរ៉ុប​នា​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​នេះ។ សូម​ជម្រាប​ជូន​ថា លោក​តូម៉ា​បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​លើ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ចំនួន ១៩៦ថ្ងៃ។ គឺ​ទើប​តែ​នៅ​យប់​មិញ​ទេ​ដែល​លោក​តូម៉ា​បាន​ជួប​មុខ​ក្រុម​គ្រួសារ ញាតិ​មិត្ត​ជិត​ឆ្ងាយ ពិសេស​បាន​សម្រាក​លើ​គ្រែ​ពិត​របស់​លោក​ឡើង​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​តូម៉ា​នៅ​ងីងើ​ដោយ​នៅ​មិន​ទាន់​អាច​បន្សាំ​ខ្លួន​ទៅ​នឹង​លក្ខខណ្ឌ​ជីវិត​លើ​ផែនដី​ឡើង​វិញ​នៅ​ឡើយ​ទេ។

ឈឺ​ស្រឡាក់ដៃ ជើង វិលមុខ ឈឺក្បាល ធីងធោង និង​ស្រវាំងភ្នែក ទាំង​នេះ​សុទ្ធសឹង​ជា​សញ្ញា​ដែល​អវកាសយានិក​ជួប​ប្រទះ បន្ទាប់​ពី​បាន​វិល​ត្រឡប់​ពី​បេសកកម្ម​នៅ​លើ​អវកាស។ តែ​ជា​ទូទៅ ភាព​មិន​ប្រក្រតី​ទាំង​អស់​នេះ​នឹង​បាត់​ទៅ​វិញ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ មុន​នឹង​រាងកាយ​អាច​បន្សាំ​ជា​ថ្មី​ទៅ​នឹង​ជីវិត​រស់នៅ​លើ​ផែនដី។ យ៉ាង​ណា​ក៏​ដោយ លោក​តូម៉ា​នៅ​មិន​អាច​វិល​ទៅ​រស់​នៅ​ជួប​ជុំ​ក្រុមគ្រួសារ​បាន​ភ្លាមៗ​ទេ ដោយ​ត្រូវ​ការ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​មួយ​រយៈ​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​តាម​ដាន​ពិនិត្យ​សុខភាព​របស់​លោក។

គួរ​ជម្រាប​ជូន​ថា​មាន​អាយុ ៣៩ឆ្នាំ លោក​តូម៉ា ប៉េស្កេ​ជា​ជនជាតិ​បារាំង​ទី១០ ដែល​បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​នៅ​លើ​អវកាស និង​ជា​អវកាសយានិក​លើក​ដំបូង​ដែល​បាន​បំពេញ​បេសកកម្ម​យូរ​ជាង​គេ។ នៅ​ក្នុង​បេសកកម្ម​រយៈពេល ១៩៦ នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ លោក​តូម៉ា​បាន​ចាក​ចេញ​ក្រៅ​យានអវកាស​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ការ​ជួសជុល ដូច​យ៉ាង​ជួសជុល​បង្គន់។ អ្នក​ទទួល​ខុស​ត្រូវ​បេសកកម្ម​អវកាស​លោក Sébastien Barde បាន​ថ្លែង​ថា បេសកកម្ម​របស់​លោក​តូម៉ា ប៉េស្កេ​ទទួល​បាន​ជោគជ័យ​ធំធេង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ