អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពី​ជំនួបកំពូល​អូតង់​ដល់​ជំនួបកំពូល G៧ ប្រទេស​សម្ព័ន្ធមិត្ត​បាក់​ទឹក​ចិត្ត និង​សោកស្តាយ​ចំពោះ​កាយវិការ និង​ជំហរ​របស់​លោក​ដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​តំបន់​មជ្ឈិមបូព៌ា​រហូត​ដល់​តំបន់​អឺរ៉ុប លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចំណាយ​ពេល ៩ថ្ងៃ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ពីរ​យ៉ាង​សំខាន់ គឺ​ជំនួបកំពូល​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក និង​ជំនួបកំពូល​របស់​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុង​លោក​ហៅកាត់​ថា G៧ នៅ Taormina ក្នុង​ប្រទេស​អ៊ីតាលី។ នៅ​ទីបំផុត ក្រុម​ប្រទេស​សមាជិក​មាន​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន និង​សោកសាយ​ខ្លាំង​ចំពោះ​ឥរិយាបទ​របស់​លោក​ដូណាល់ ត្រាំ។

រូបភាព​នៃ​កិច្ច​ប្រជុំ​តុមូល​រវាង​ថ្នាក់ដឹកនាំ G៧ ក្នុង​ប្រទេស​អ៊ីតាលី ថ្ងៃទី២៦ ឧសភា ២០១៧
រូបភាព​នៃ​កិច្ច​ប្រជុំ​តុមូល​រវាង​ថ្នាក់ដឹកនាំ G៧ ក្នុង​ប្រទេស​អ៊ីតាលី ថ្ងៃទី២៦ ឧសភា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​សម័យ​ប្រជុំ​របស់​អង្គការ​អូតង់ និង​សម័យ​ប្រជុំ​របស់ G៧​ដែល​មាន​លក្ខណៈ​ពិសេស​បន្តិច​សម្រាប់​ឆ្នាំ​នេះ។ ពិសេស​នៅ​ត្រង់​ថា ជា​ការ​ចូលរួម​លើក​ទី១ របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May។ ក៏​ដូច​ជា​សព្វ​មួយ​ដង រូប​ប្រធានាធិបតី​អាមេរិក​ជា​តួអង្គ​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង គោរព​កោតខ្លាច និង​រៀបចំ​ទទួល​យ៉ាង​អធិកអធម​ជា​ទីបំផុត។ អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​លោក​ដូណាល់ ត្រាំ​មាន ៣ ទី១ លោក​ជា​ប្រធានាធិបតី​ថ្មី​ដែល​មាន​ថ្នាក់ដឹកនាំ​បរទេស​ខ្លះ​មិន​ធ្លាប់​និយាយ និង​ចាប់​ដៃ​ជាមួយ ទី២ លោក​ជា​ប្រធានាធិបតី​អាមេរិក​ដែល​គ្មាន​បទពិសោធន៍​នយោបាយ និង​ទី៣ លោក​ជា​ប្រធានាធិបតី​ដែល​បាន​ប្តូរ​ជំហរ​ស្រេច​នឹង​ចិត្ត​ពិបាក​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត​បាន។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ដំណើរ​ចាក​ចេញ​ទៅ​បរទេស​ក៏​ដូច​ជា​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អន្តរជាតិ​លើក​ដំបូង​របស់​លោក​ដូណាល់ ត្រាំ គឺ​ជា​ឱកាស​ដើម្បី​ស្គាល់ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេង និង​ដើម្បី​បង្ហាញ​ពី​ជំហរ ព្រម​ទាំង​ការ​យល់ឃើញ​របស់​អាមេរិក​ចំពោះ​សំណុំរឿង​មួយ​ចំនួន​របស់​ពិភពលោក។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ក៏​ដូច​ជា​ពេល​កាន់​អំណាច លោក​ដូណាល់ ត្រាំ​បាន​បន្ត​ធ្វើ​ឲ្យ​ពិភពលោក ពិសេស​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​មាន​ការ​ភ្ញាក់ផ្អើល​ផង និង​មន្ទិលសង្ស័យ​ផង។ ភ្ញាក់ផ្អើល និង​សង្ស័យ​លើ​ផ្លូវ​ដែល​អាមេរិក​ត្រូវ​ដើរ និង​ប្រកាន់​យក​ជាមួយ​សហគមន៍​អន្តរជាតិ​នា​ពេល​ខាង​មុខ។

ឥឡូវ​នេះ និង​ក្រោយ​ពី​បាន​ជួប​សំណេះសំណាល អង្គុយ​ប្រជុំ​ជាមួយ​លោក​ដូណាល់ ត្រាំ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​អូតង់ និង G៧ មក ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​លែង​មាន​មន្ទិលសង្ស័យ និង​បាន​ដឹង ស្គាល់​កាន់​តែ​ច្បាស់​មុខមាត់ ជំហរ​ពិត​ក៏​ដូច​ជា​កាយវិការ​របស់​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ហាក់​មិន​បាន​ឲ្យ​តម្លៃ​សម្ព័ន្ធមិត្ត និង​ថែម​ទាំង​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់ ទិតៀន រួម​ទាំង​សម្តែង​ចេញ​នូវ​អាកប្បកិរិយា​មិន​សមរម្យ​ទាល់តែ​សោះ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​ដៃគូ​មួយ​ចំនួន។ ឧទាហរណ៍​ជាក់ស្តែង​នៅ​ក្នុង​ដំណើរ​ដើរ​ចូល​ទីស្នាក់ការ​អង្គការ​អូតង់​ក្នុង​ប្រទេស​បែលហ្ស៊ិក លោក​ដូណាល់ ត្រាំ​បាន​ច្រាន​លោក​នាយករដ្ឋមន្រ្តី​ម៉ុងតេណេហ្គ្រោ​ដើម្បី​មក​នៅ​ជួរ​មុខ​គេ។

នៅ​ពេល​ដាក់​ជើង​ចូល​ក្នុង​សាលប្រជុំ​របស់​អង្គការ​អូតង់ សមាជិក​ទាំង​អស់​បាន​ក្រោក​ឈរ​គោរព​ដូច​ដែល​កូនសិស្ស​ក្រោក​ឈរ​គោរព​គ្រូ​ពេល​គ្រូ​ចូល​ដល់​ក្នុង​ថ្នាក់ តែ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​ពី​លោក​ដូណាល់ ត្រាំ​វិញ គឺ​ពាក្យ​រិះគន់ ទិតៀន​មិន​សំចៃមាត់​លើ​ប្រទេស​សមាជិក​ដែល​មិន​បាន​រួម​វិភាគទាន​ឲ្យ​បាន​ច្រើន​ជាង​នេះ និង​ថា មាន​ប្រទេស​សមាជិក​ខ្លះ​នៅ​ជំពាក់​លុយ​អង្គការ​អូតង់​ច្រើន​ណាស់។ តែ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​ភ្លេច​រម្លឹក​នោះ​គឺ​ថា រឿង​បង់វិភាគទាន​ជូន​អូតង់​បាន​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត​ទេ​តើ ពោល​មិន​មាន​ការ​បង្ខិតបង្ខំ​ឡើយ។ ធ្ងន់ធ្ងរ​ជាង​នេះ លោក​ដូណាល់ ត្រាំ​មិន​បាន​បញ្ជាក់​ប្រាប់​ប្រទេស​សមាជិក​ពី​ការ​គោរព​មាត្រា​ទី៥ នៃ​សន្ធិសញ្ញា​អូតង់​ដែល​ចែង​ពី​ការ​ជួយ​ការពារ​សមាជិក​ក្នុង​ពេល​មាន​ការ​គំរាមកំហែង​ពី​ក្រៅ។

រឿង​ស្រពិចស្រពិល​មួយ​ទៀត គឺ​ទាក់ទង​នឹង​រុស្ស៊ី​ដែល​ជា​ប្រទេស​ប្រឈម​នឹង​អង្គការ​អូតង់ តែ​លោក​ដូណាល់ ត្រាំ​មិន​បាន​ផ្តល់​ចំណាប់​អារម្មណ៍​បន្តិច​ណា​សោះ។ បន្ទាប់​មក លោក​ដូណាល់ ត្រាំ​ហ៊ាន​ទាំង​វ៉ៃប្រហារ​អាល្លឺម៉ង់​ដែល​ជា​សិស្ស​ច្បង​អឺរ៉ុប​ទាក់ទង​នឹង​កំណើន​សំណល់​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ ប្រទេស​សមាជិក​អូតង់​ភាគ​ច្រើន​បាន​យល់​ឃើញ​ថា លោក​ដូណាល់ ត្រាំ​គួរ​តែ​បញ្ចេញ​អាកប្បកិរិយា និង​ថ្លែង​ពាក្យ​រិះគន់​របៀប​នេះ​ជាមួយ​ប្រទេស​សត្រូវ ពោល​មិន​ត្រូវ​ធ្វើ​ជា​មួយ​ប្រទេស​សម្ព័ន្ធមិត្ត​ទេ។ បន្ទាប់​ពី​ជំនួបកំពូល​អូតង់ ជំហរ​ស្រពិចស្រពិល​របស់​លោក​ដូណាល់ ត្រាំ​បាន​ជ្រាប​ចូល​ដល់​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុង​លោក G៧ ក្នុង​ប្រទេស​អ៊ីតាលី​ទៀត។

នៅ​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​អន្តរជាតិ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ ឬ​មួយ​ក៏​ការ​ប្រកាន់​ឥរិយាបទ​ទល់​នឹង​រុស្ស៊ី លោក​ដូណាល់ ត្រាំ​ផ្ទៀង​ត្រចៀក​ស្តាប់​អ្នក​ផ្សេង​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត និង​ដោយ​បញ្ចេញ​ស្នាម​ញញឹម​ជាប់​ជានិច្ច តែ​បញ្ហា​នៅ​ត្រង់​ថា លោក​មិន​បាន​បញ្ជាក់​ពី​ការ​យល់​ឃើញ និង​ជំហរ​ច្បាស់ៗ​អ្វី​ទាំង​អស់។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​សម្រេច​ចិត្ត​នៅ​សប្តាហ៍​ក្រោយ​ថា តើ​អាមេរិក​នឹង​បន្ត​ស្ថិត​នៅ ឬ​មួយ​ក៏​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។ ជំហរ​របៀប​នេះ​របស់​លោកត្រាំ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​មិន​យល់​ទាល់​តែ​សោះ។

នៅ​ទីបំផុត G៧ បាន​ចេញ​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​មួយ​ដោយ​បាន​ដាក់​ច្បាស់ៗ​ពី​ភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​រវាង​អាមេរិក និង​សមាជិក ៦ប្រទេស​ទៀត​លើ​សំណុំរឿង​មួយ​ចំនួន ពិសេស​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ។ ប្រតិកម្ម​វ៉ៃប្រហារ​លាយឡំ​នឹង​ពាក្យ​ដៀមដាម​ដាក់​លោក​ដូណាល់ ត្រាំ​បាន​កើត​មាន​ជា​ហូរហែ​ពី​មន្រ្តី​ជាន់ខ្ពស់​អឺរ៉ុប។ ខ្លះ​ថា វត្តមាន​លើក​ដំបូង​របស់​លោក​ត្រាំ​នៅ​អូតង់ និង G៧ គឺ​ដើម្បី​ស្តាប់ និង​រៀនសូត្រ​ពី​អ្នក​ដទៃ។ ខ្លះ​ទៀត​ថា ជា​រឿង​ធម្មតា​ព្រោះ​លោក​ត្រាំ​គ្មាន​បទពិសោធន៍​នយោបាយ។ ចំណែក​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា សម័យកាល​ដែល​យើង​អាច​ពឹងពាក់​គ្នា​ទៅ​វិញ ទៅ​មក​មាន​ការ​ផ្លាស់ប្តូរ និង​ជំរុញ​អឺរ៉ុប​ឲ្យ​​ផ្តើម​គិតគូរ​ពី​ជោគវាសនា​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ