អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ថ្មី វ័យក្មេង​របស់​បារាំង ប្រលូក​ក្នុង​នយោបាយ​អន្តរជាតិ ដោយ​គ្មាន​ការ​ឆ្គាំឆ្គង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំង​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ​ប្រធានាធិបតី​ថ្មី ​វ័យក្មេង​របស់​បារាំង ​ គឺ​លោក​អាម៉ានុយអែល ​ម៉ាក្រុង ​បាន​ចាប់ផ្តើម​ ប្រឡូក​ចូល​ក្នុង​សៃវៀន​ ​នៃ​នយោបាយ​កិច្ចការ​អន្តរជាតិ ​ តាម​រយៈ​ជំនួប​កំពូល​ធំៗពីរ​ គឺ​កិច្ច​ប្រជុំ​អង្គការ​អូតង់ ​និង​ជំនួប​កំពូល​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​៧។ ក្នុង​រយៈពេល​៤​ថ្ងៃ​នេះ ​ លោក​ម៉ាក្រុង ​បាន​ជួប​ជាមួយ​មេដឹកនាំ​ធំៗ ​មិនតិច​ជាង​១០រូប​ទេ ​ដោយ​ក្នុង​នោះមាន​ជា​អាទិ៍​លោក ​ដូណាល់​ ត្រាំ។ គ្រប់​បណ្តាញ​ព័ត៌មាន​ និង​អ្នក​នយោបាយ ​មិន​ថា​ក្នុង​រឺ​ក្រៅស្រុក​បារាំង ​បាន​តាម​ដាន​ឃ្លាំមើល​ អំពី​ដំណើរ​ចាប់ផ្តើម​របស់​លោក ​ម៉ាក្រុង ​លើឆាក​អន្តរជាតិ​នេះ ​ដោយ​សារ​តែ ​លោកជា​ប្រធានាធិបតី​វ័យក្មេង​បំផុត ​ហើយ​ជាង​នេះ​ទៅទៀត ​លោក​ម៉ាក្រុង​ ពុំមាន​បទ​ពិសោធន៍ ​ក្នុង​កិច្ចការ​នយោបាយ​ការបរទេស​ឡើយ។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង​ឱកាស​កិច្ចប្រជុំ​ប្រទេសសេដ្ឋកិច្ច​នាំមុខ​ទាំង៧ នៅអ៊ីតាលី ថ្ងៃទី​២៦ ឧសភា ២០១៧
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង​ឱកាស​កិច្ចប្រជុំ​ប្រទេសសេដ្ឋកិច្ច​នាំមុខ​ទាំង៧ នៅអ៊ីតាលី ថ្ងៃទី​២៦ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ក្មេង​​អាយុ​  ខ្ចី​​បទ​ពិសោធន៍
 
ជំហានដំបូង ​លើ​ឆាក​អន្តរជាតិ ​របស់​លោក​ប្រធានាធិបតី​ ម៉ាក្រុង ​ត្រូវ​បាន​គេ​តាម​ដាន​ខ្លាំងណាស់។ ដោយសារ​តែ​ទីមួយ​ លោក ម៉ាក្រុង​ ជា​ប្រធានាធិបតី​វ័យក្មេង​បំផុត​របស់​បារាំង ​ហើយ​ជាមួយ​នឹង​ប្រមុខដឹកនាំ​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត ​ក៏​លោក​ម៉ាក្រុង​ក្មេង​ជាង​គេ​ដែរ។ អាយុ ​៣៩ឆ្នាំ ​អ្នក​ខ្លះ​បាន​ទាំង​និយាយ​សើច​ចំអក​ថា ​គាត់​ប្រៀប​បាន​ដូច​ជា​កូន​ក្មេង ​បើ​ប្រៀបធៀប​ទៅ​អាយុ​មេដឹកនាំ​ផ្សេង​ទៀត។

ចំណុចទី​ពីរ​នោះ​ គឺ​លោក​ម៉ាក្រុង ​មិនមាន​បទ​ពិសោធន៍​អ្វី​ទេ ​ ក្នុង​កិច្ចការ​នយោបាយ​អន្តរជាតិ។ អ្នក​នយោបាយ​ និង​បណ្តាញ​សារព័ត៌មាន​បារាំង​ បាន​ចាប់​អារម្មណ៍​ខ្លាំង​ លើ​ចំណុច​នេះ ​ ព្រោះ​គេ​បារម្ភ​ថា ​លោក​ម៉ាក្រុង ​មិនមាន​ទស្សន​វិស័យ​រួម ​ និង​វែងឆ្ងាយ ​ ក្នុង​កិច្ចការ​អន្តរជាតិ ​ ពេល​ទៅ​ជួប​និយាយ​ជាមួយ​មេដឹក​នាំ​ធំៗ ​ ចាស់ខែ ​ចាស់ឆ្នាំ​ ផ្សេង​ទៀត​ ដែល​គេ​ស្គាល់​សំណុំ​រឿង​ទាំង​អស់​យ៉ាង​ច្បាស់។ ជាងនេះ​ទៅទៀត​ សំណុំរឿង​កិច្ចការ​អន្តរជាតិ ​ ដែល​ត្រូវ​បាន​យក​មក​ដាក់​លើ​តុ ​ជជែក​គ្នា ​កាល​ពី​ចុង​សប្តាហ៍នេះ​ គឺ​សុទ្ធតែ​ជា​រឿង​ធំៗ ​ហើយ​ស្មុគស្មាញ​បំផុត។

តែ​ភាព​ស្វាហាប់​រហ័សរហួន​ ធ្វើឲ្យ​គេ​ឯង​មាន​សុទិដ្ឋិនិយម
 
តែ​ជារួម​ ​អ្វី​ដែល​គេ​សង្កេត​ឃើញ ​គឺ​គេ​ឃើញថា​ លោក​ម៉ាក្រុង ​បាន​ធ្វើ​ប្រកប​ដោយ​ជោគជ័យ ​គ្មាន​ការ​ឆ្គាំឆ្គង។ មិនត្រឹម​តែ​មិនបាន​ធ្វើអ្វី​ ឲ្យ​រអាក់​រអួល​ទេ ​តែ​វត្តមាន​របស់​ប្រធានាធិបតី​វ័យ​ក្មេង​បារាំង ​ បាន​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ​ធំៗ​ទាំងពីរ ​កាល​ពី​ចុង​សប្តាហ៍​នេះ ​ មាន​ភាព​រហ័ស​រហួន។ នេះ​គឺ​ដោយសារ​តែ​លោក​ម៉ាក្រុង ​ជា​មនុស្ស​វ័យក្មេង ​មាន​ភាព​ស្វាហាប់។

រវាង​កិច្ច​ប្រជុំ​អង្គការ​អូតង់​ នៅ​ក្រុង​ព្រុយសែល ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​មក​ជំនួប​កំពូល ​ប្រទេស​អ្នក​មាន​ទាំង​៧ G7 ​នៅ​ក្រុង​ តាអរមីណា ​ខាងត្បូង​អ៊ីតាលី ​នៅថ្ងៃ​សុក្រ ​និង​ថ្ងៃ​សៅរ៍ ​ លោក​ម៉ាក្រុង ​បាន​ជួប​មួយ​ទល់​នឹង​មួយ​ ជាមួយ​មេដឹកនាំ​ធំ​ៗ ​មិនតិច​ជាង​១០​នាក់​ទេ ​ក្នុង​នោះមាន​ដូចជា​លោក​ប្រធានាធិបតី​អាមេរិក ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​នាយករដ្ឋមន្ត្រី​កាណាដា ​ជាដើម។ ក្រៅពី​នេះ ​នៅមាន​កិច្ច​ប្រជុំ​ជាក្រុម​ការងារ ​ការ​ប្រជុំ​តុមូល ​ជាមួយ​មេដឹកនាំ​ទាំង​អស់​គ្នា។

រាល់​លើក ​គេ​សង្កេត​ឃើញ​ថា ​លោក​ម៉ាក្រុង ​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ផ្សេងទៀត ​ ទទួល​រាក់ទាក់​ និយាយ​ឆ្លើយឆ្លង​ ប្រកប​ដោយ​ការ​ស្មើភាព​គ្នា ​មិន​មាន​អ្នក​ណា​ ចាត់ទុក​លោក​ ជា​កូន​ក្មេង​ឡើយ។ អ្វី​ដែល​ពិសេស​មួយ​ទៀត​នោះ ​លោក​ប្រធានាធិបតី ​ម៉ាក្រុង ​និង​លោក​នាយករដ្ឋមន្ត្រី​កាណាដា ​យុស្តាំង ​ទ្រុយដូ ​បាន​បង្ហាញ​ពី​ភាព​ល្អូកល្អឺន​នឹងគ្នា ​ ប្រៀប​បាន​នឹង​មិត្ត​ស្និទស្នាល ​រាប់​ឆ្នាំ​មក​ហើយ។

វត្តមាន​របស់​លោកត្រាំ ​រឹតតែ​ធ្វើឲ្យ​គេ​ងាក​មក​សរសើ​លោក​ម៉ាក្រុង
 
លោក ​ម៉ាក្រុង ​បាន​បោះ​ជំហាន​ដោយ​ជោគជ័យ​ ព្រោះ​ដោយ​គេ​សង្កេត​ឃើញ​ពី​ភាព​ស្វាហាប់ ​ ចង់​ជជែក​ចង់​ដោះស្រាយ​បញ្ហា ​របស់​លោក​ម៉ាក្រុង។ ភាព​រហ័ស​រហួន​ ស្រស់ស្រាយ​រាក់ទាក់ ​ របស់​លោក​ម៉ាក្រុង​ បាន​ធ្វើ​ឲ្យមាន​បរិយាកាស​សុទិដ្ឋិនិយម​ច្រើន​ នៅ​ក្នុង​កិច្ច​ប្រជុំ។ តែ​ចំណែក ​លោក​ដូណាល់ ត្រាំ ​បាន​ជោគជ័យ​មួយ​បែប​ផ្សេង ​ គឺ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ដ៏ទៃ ​ឈឺក្បាល ​ និង​កើត​ការ​ហ្មងសៅ ​បាន​ជោគជ័យ​មែន។

ក្នុង​រយៈពេល ​៤ថ្ងៃ​កន្លង​មក​នេះ ​លោក​ដូណាល់ ត្រាំ ​ បាន​បន្ថែម​បញ្ហា​ជា​បន្តបន្ទាប់។ ជាក់ស្តែង​ នៅ​ក្នុង​ពេល​ប្រជុំ​អង្គការ​អូតង់​ នៅក្រុង​ព្រុយសែល ​លោកត្រាំ ​បាន​ធ្វើ​សន្ទរកថា ​ដែល​មាន​ខ្លឹមសារ​ធ្ងន់ធ្ងរ​ ស្តី​បន្ទោស ​និង​គំរាម​ ដល់​ប្រទេស​សមាជិក​អូតង់​ រឿង​ប្រាក់​វិភាគ​ទាន។ ចំណែក​ក្នុង​ការ​ប្រជុំ​ប្រទេស​G7 ​វិញ ​លោកត្រាំ ​បាន​យក​ជើង​រាទឹក​ ដោយ​រារាំង​ មិន​ឲ្យ​មាន​សេចក្តី​ថ្លែងការ​រួម​ ដែល​មាន​ខ្លឹមសារ​ទូលំ​ទូលាយ ​ទាក់ទង​នឹង​បញ្ហា​អាកាស​ធាតុ។ លោកត្រាំ ​បាន​បង្ករ​បញ្ហា ​ដោយ​បាន​គំរាម​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​ស្តីពី​អាកាសធាតុ ​ទៀត​ផង។

លោក​ម៉ាក្រុង ​បាន​ចេញ​មុខ​ ចរចា​មួយ​ទល់​មួយ​ ជាមួយ​លោកត្រាំ ​ដើម្បី​និយាយ​បញ្ចុះបញ្ចូល ​ឲ្យ​អាមេរិក​ ព្រម​បន្ត​ការ​ប្តេជ្ញា​ប្រយុទ្ធ​នឹង​បម្រែ​បម្រួល​អាកាសធាតុ។ ត្រង់​ចំណុច​នេះ​យើង​ឃើញ​នឹង​ភ្នែក​ ថា​ លោក​ ម៉ាក្រុង ​បាន​ដើរ​តួចិត្ត​ល្អ ​ ចេញ​មុខ​ការពារ​ភពផែនដី​ ទល់នឹង​តួ​ចិត្ត​ជា​មារ​ជ្រែក ​គឺ​លោក​ ដូណាល់ ត្រាំ។ មុន​បិទ​ការប្រជុំ​ លោក​ដូណាល់ ត្រាំ​ បាន​និយាយ​ថា ​លោក​នឹង​សម្រេច​ក្នុង​រយៈពេល​១សប្តាហ៍​ទៀត ​ថា​សហរដ្ឋ​អាមេរិក​ ត្រូវ​ចេញ ​រឺ​មិនចេញ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។

គេ​មិនទុកចិត្ត​ ពី​សមត្ថភាព​ធ្វើការ ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ
សកម្មភាព ​បន្ថែម​ការ​លំបាក​របស់​លោកត្រាំ ​នេះ ​គឺ​វា​បូក​ផ្សំ​ជាមួយ​នឹង​ រឿង​រ៉ាវ​ខាង​ក្រៅ​ផ្សេង​ទៀត ​បង្ករ​ឡើង​ដោយ​ក្រុម​ការងារ​ និង​លោក​ដូណាល់ ត្រាំ​ដោយ​ផ្ទាល់។ តួយ៉ាង​ លោក​ត្រាំ ​បាន​និយាយ​ទម្លាយ​កិច្ចការ​សម្ងាត់​ របស់​ចារកិច្ច​អ៊ីស្រាអែល ​ប្រាប់​ទៅ​អគ្គរដ្ឋទូត​រុស្ស៊ី។ ហើយ​ក្រោយ​មក​ទៀត ​ រដ្ឋាភិបាល​របស់​លោកត្រាំ ​បាន​ទម្លាយ​ព័ត៌មាន​នៃ​ការ​ស៊ើបអង្កេត ​ស្តីពី​ភេរវកម្ម​នៅ​ទីក្រុង​ម៉ាន់ឆេស្ទឺ ​ប្រាប់​ទៅ​បណ្តាញ​ព័ត៌មាន​អាមេរិក​ទៀត។ ការនេះ ​បាន​បង្ករ​ឲ្យ​រដ្ឋាភិបាល ​អង់គ្លេស​ខឹង​ជា​ខ្លាំង។

បញ្ហា​ទាំង​អស់​នេះ ​បាន​ចូលរួម​ ធ្វើឲ្យ​គ្រប់​ថ្នាក់​ដឹកនាំ​បណ្តា​ប្រទេសធំៗ ​មាន​ការ​មិនទុកចិត្ត ​ទៅលើ​សមត្ថភាព​ធ្វើការ ​របស់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ។ គេ​មិន​ទុកចិត្ត​រឿង​ធ្វើការ​ប្រហែស ​ម្តង​ជា​ពីរ​ដង ​ហើយ​ថែម​ទាំង​គេ​មិន​ទុកចិត្ត​ រឿង​លោកត្រាំ ​ប្តូរចិត្ត​ចុះឡើង ​និយាយ​មិន​ដឹង​ដើម​ មិន​ដឹង​ចុង​ ទៀតផង។

កន្លែងនេះ​ហើយ​​ ដែលធ្វើ​ឲ្យ​គ្រប់គ្នា ​ងាក​មក​សរសើរ ​និង​ពេញចិត្ត​ ចំពោះ​លោកម៉ាក្រុង ​ដោយសារ​គេឃើញ​ប្រធានាធិបតី​វ័យ​ក្មេង​របស់​បារាំង ​រូបនេះ​បាន​ធ្វើ​ល្អជាង ​ក្មេង​តែ​អាយុ ​តែ​គេ​មាន​ភាព​ចាស់ទុំ​ក្នុង​ស្មារតី ​និង​​បុគ្គលិក​លក្ខណៈ ​មិនដូច​លោកត្រាំ ​ដែល​ចាស់តែ​អាយុ ​តែមាន​ចរិក​ក្រអឺត​ក្រទម​ ក្អេងក្អាង ​មិនចុះ​សម្រុង​នឹង​គេ​ឯង។

ត្រៀមខ្លួន ជួប ប្រធានាធិបតីពូទីន នៅប៉ារីស
 
ថ្ងៃចន្ទ ​ស្អែក​នេះ​ ជំនួប​ដ៏​សំខាន់​មួយ​ទៀត ​កំពុង​រងចាំ​លោក​ប្រធានាធិបតី​បារាំង ​ គឺ​លោក​ម៉ាក្រុង ​និង​ទទួល​ស្វាគមន៍​លោក ​ប្រធានាធិបតី​ពូទីន ​ នៅ​ទីក្រុង​ប៉ារីស។ ជំនួប​នេះ ​ពិតជា​សំខាន់​ណាស់ ​សម្រាប់​នយោបាយ​ការបរទេស​បារាំង និ​ង​ពិភពលោក។ លោក​ម៉ាក្រុង ​បាន​មកកាន់​តំណែង​ជា​ប្រធានាធិបតី​បារាំង ​ដោយ​បាន​នាំមក​នូវ​ចរន្ត​គំនិត​ថ្មី ​ដែល​គេចង់​ឃើញ​បារាំង ​ដើរតួ​សំខាន់ ​ក្នុង​កិច្ចការ​ដឹក​នាំ​សហភាព​អឺរ៉ុប​ រួមទាំង​ចូលរួម​ដោះស្រាយ​កិច្ចការ​អន្តរជាតិ​ មិនមែន​ទុក​សៃវៀន ​ឲ្យ​រុស្ស៊ី​អាន់ជ្រី​តែ​ម្នាក់​ឯង។

រវាងរុស្ស៊ី ​និង​សហភាព​អឺរ៉ុប​ គឺ​យើង​មិន​បាច់​និយាយ​ក៏ដឹង​ថា ​ វា​មាន​បញ្ហា​កំរិត​ណាដែរ។ លោក​ពូទីន​ ធ្លាប់​ទាំង​បាន​គាំទ្រ ​បេក្ខភាព​លោកស្រី ​ម៉ារីន ឡឺប៉ែន ​ក្នុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ទៀត​ផង ​​ព្រោះ​លោកស្រី​នេះ ​មាន​ចេតនា​ចង់​បំបែក​រំលាយ​សហភា​ពអឺរ៉ុប។ បើ​សហភាព​អឺរ៉ុប​ធ្លាក់​ទន់ខ្សោយ ​គឺមាន​ន័យ​ថា ​រុស្ស៊ី​នឹង​រឹត​តែ​ខ្លាំង។ ចំណែក​លោក ​ម៉ាក្រុង​វិញ ​គាត់​ធ្លាប់​បាន​និយាយ​ថា ​លោក​មិន​ទៅ​ស្ញប់ស្ញែង ​លើក​ពូទីន​ទូល​លើ​ក្បាល​ ដូច​មនុស្ស​មួយ​ចំនួន​ធ្វើ​ទេ។ លោកថា ​លោក​ធ្វើ​ទៅ​មិន​រួច​ ដោយ​លោក​ពូទីន ​និង​លោក ​ មាន​ស្មារតី ​និង​ទស្សនវិស័យ ​ខុសគ្នា​ឆ្ងាយ​ពេក។ ក្នុងជំនួប នៅថ្ងៃចន្ទ ទី២៩ ឧសភានេះ​ លោក​ម៉ាក្រុង ​ចង់​បង្ហាញ​គោល​ជំហរ​រឹងប៉ឹង​ជាមួយ​រុស្ស៊ី ​និយាយ​គ្នាត្រង់​ទៅ​ត្រង់​មក​ជាមួយប្រធានាធិបតី​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ