អ៊ុយក្រែនបន្តច្បាំងទល់នឹងភាសារុស្ស៊ី
រដ្ឋសភាអ៊ុយក្រែនថ្ងៃអង្គារ ២៣ឧសភា បានអនុម័តច្បាប់ដែលប្រមើលថាកម្មវិធីទូរទស្សន៍ ក្នុងទំហំយ៉ាងហោចណាស់ ៧៥% ត្រូវផ្សាយជាភាសាអ៊ុយក្រែន។ ច្បាប់នេះ មានន័យជាវិធានការថ្មីតម្រង់ទៅបន្ថយការប្រើភាសារុស្ស៊ីនៅអ៊ុយក្រែន។ មុនពេលនេះ រឿងកុនរុស្ស៊ី ត្រូវបានដកចេញឈប់ឲ្យបញ្ចាំងតាមទូរទស្សន៍អ៊ុយក្រែនទៅហើយ។ មិនតែប៉ុណ្ណោះ ក្រុងគៀវក៏ហាមមិនឲ្យនាំចូលសៀវភៅរុស្ស៊ី ជាច្រើនបែបសម្រាប់លក់នៅអ៊ុយក្រែន។ តាមមតិតំណាងរាស្ត្ររុស្ស៊ីម្នាក់អាជ្ញាធរអ៊ុយក្រែន ដោយអនុម័តច្បាប់ថ្មី ទើបរកឃើញខ្មាំងមួយទៀតសម្រាប់ខ្លួន - ខ្មាំងនេះគឺបណ្តាជនដែលនិយមប្រើភាសារុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥០
ច្បាប់ស្តីអំពីកូតាភាសាផ្សាយតាមទូរទស្សន៍ ត្រូវបានតំណាងរាស្ត្រអ៊ុយក្រែន គាំទ្រដោយសម្លេងដល់ទៅ២៦៩ , រីឯជំទាស់គឺតែ ១៥ សម្លេងហើយអនុបវាទគឺ១០សម្លេង។ ស្របនឹងច្បាប់នេះកាណាល់ទូរទស្សន៍ជាតិមានកាតព្វកិច្ចត្រូវផ្សាយកម្មវិធីខ្លួនជាភាសាអ៊ុយក្រែនក្នុងកូតាកុំឲ្យតិចជាង ៧៥%។ ចំណែកទូរទស្សន៍នៅតាមខេត្តត្រូវផ្សាយជាភាសាអ៊ុយក្រែនគឺក្នុងកូតាកុំឲ្យតិចជាង ៥០%។
ដោយសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនោះ លោកប្រធានរដ្ឋសភាអ៊ុយក្រែន Andrii Paroubiiបានថ្លែងថា ៖ ជាថ្មីម្តងទៀត រដ្ឋសភាជាតិបានបង្ហាញឲ្យឃើញថា ខ្លួនជាជាតិអ៊ុយក្រែនមែនពិត ដែលកំពុងព្យាយាមលុបចោលស្នាមដានសល់ពីអតីតកាលសូវៀតចក្រពត្រ។
ច្បាប់ថ្មីនឹងចូលជាធរមានក្នុងរយៈពេលមួយខែរួចប្រកាសឲ្យប្រើប្រាស់លុះក្រោយពីវាទទួលការចុះ ហត្ថលេខាដោយលោកប្រធានាធិបតី Petro Poroshenkoសិន។
អ្នកស្រុកអ៊ុយក្រែនជាទូទៅនិយាយពីរភាសាគឺភាសាអ៊ុយក្រែននិងភាសារុស្ស៊ី។ ប៉ុន្តែភាសារុស្ស៊ីត្រូវគេ ប្រើញឹកញយជាងគឺនៅតំបន់ខាងកើតរីឯភាសាអ៊ុយក្រែនគឺគេនិយមប្រើនៅប៉ែកខាងលិចប្រទេស។
សមាជិកសភាឌូម៉ាជាសភាជាន់ក្រោមនៃរដ្ឋសភារុស្ស៊ី លោក Rousslan Balbekដែលតំណាងឲ្យខេត្តថ្មីចំណុះសហព័ន្ធរុស្ស៊ីគឺខេត្តគ្រីមេ-ទឹកដីផ្តាច់ចេញពីអ៊ុយក្រែនហើយភ្ជាប់មកនឹងរុស្ស៊ី កាលពី៣ឆ្នាំមុន បាន បរិហាររបស់ដែលហៅថា “បូជនីយកិច្ច” ប្រឆាំងភាសារុស្ស៊ី។ តាមសំដីគាត់ ៖ ម៉ាស៊ីនអំណាចអ៊ុយក្រែនដែលមិនអាចកំទេចតំបន់បះបោរដុនបាស់់ នៅប៉ែកខាងកើត ជាតំបន់រុស្ស៊ីនិយមនិងមិនអាចខ្ទប់ដង្ហើមទៀបកោះគ្រីមេ បានដូចចិត្ត ទើបរកឃើញខ្មាំងថ្មីសម្រាប់ខ្លួន- ខ្មាំងនេះ គឺបណ្តាជនដែលនិយមប្រើភាសារុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ