អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស៖​ភេរវកម្មអត្តឃាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២នាក់ និង​របួស​ប្រមាណ ៦០នាក់​នៅ Manchester

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២២នាក់ និង​របួស​ប្រមាណ​ជា ៦០នាក់​នៅ Mancheter Arena កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២២ ឧសភា។ គិត​តាំង​ពី ១២ឆ្នាំ​កន្លង​ទៅ នេះ​ជា​ភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ខណៈ​នេះ នៅ​មិន​មាន​ជន ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ភេរវកម្ម​ដ៏​តក់ស្លុត និង​គួរ​ឲ្យ​ភ័យខ្លាច។ ចំណែក​ប្រតិកម្ម​អន្តរជាតិ​ថ្កោលទោស និង​សារ​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។

អង់គ្លេស៖​ភេរវកម្មអត្តឃាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២នាក់ និង​របួស​ប្រមាណ ៦០នាក់​នៅ Manchester
អង់គ្លេស៖​ភេរវកម្មអត្តឃាត​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២នាក់ និង​របួស​ប្រមាណ ៦០នាក់​នៅ Manchester REUTERS/Andrew
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​រង្គសាល​មួយ​ឈ្មោះ Mancheter Arena នៅ​ក្រុង Manchester ដែល​មាន​ផ្ទុះ​អំពើ​ភេរវកម្ម​អត្តឃាត​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២២ ឧសភា​វេលា​ម៉ោង ១០ និង​៣០នាទី​យប់ ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស ត្រូវ​ជា​ម៉ោង ៤ និង​៣០នាទី​ទើប​ភ្លឺ ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​អង្គារ ទី២៣ ឧសភា។ រង្គសាល Mancheter Arena ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​ទៅ ២០ ០០០នាក់​មាន​ការ​រៀបចំ​ប្រគំតន្រ្តី​ច្រៀង​ដោយ​កញ្ញា​តារា​ចម្រៀង​អាមេរិកាំង​វ័យក្មេង​ម្នាក់​ឈ្មោះ Ariana Grandé។ ក៏​ប៉ុន្តែ ភេរវកម្ម​អត្តឃាត​នោះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ការ​ប្រគំ​តន្រ្តី​ទើប​បញ្ចប់ និង​ក្នុង​ពេល​ដែល​ក្រុម​ទស្សនជន​ផ្តើម​នាំ​គ្នា​ចេញ​ពី​រង្គសាល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

តាម​សាក្សី​ខ្លះ​ឲ្យ​ដឹង​ថា ភេរវជន​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ជាប់​នឹង​ខ្លួន​គេ​នៅ​ក្នុង​រង្គសាល តែ​ខ្លះ​ទៀត​ថា ភេរវជន​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្នែក​ខាង​ក្រៅ ពោល​នៅ​កន្លែង​ទទួល​ភ្លៀវ​របស់​រង្គសាល​ក្បែរ​ទ្វារ​ដែល​ទស្សនជន​កំពុង​ប្រជ្រៀត​គ្នា​ចេញ។ ចំណែក​នាយក​រង្គសាល Mancheter Arena បាន​បញ្ជាក់​ជា​ផ្លូវការ​ថា គ្រាប់បែក​ពិត​ជា​បាន​ផ្ទុះ​នៅ​ផ្នែក​ខាង​ក្រៅ​របស់​រង្គសាល ពោល​មិនមែន​នៅ​កន្លែង​មនុស្ស​អង្គុយ​ទស្សនា​ការ​ប្រគំ​តន្រ្តី​ទេ។ យ៉ាង​ណា​ក៏​ដោយ រូបភាព​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ហ្វូង​មនុស្ស​ភ័យ​ស្លន់ស្លោ រត់​ប្រសេកប្រសាច​នៅ​ក្នុង​រង្គសាល​ក៏​ដូច​ជា​នៅ​ខាង​ក្រៅ​អាគារ​រង្គសាល។

តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២២នាក់ និង​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៦០នាក់​ដែល​ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ​ដែល​ស្រឡាញ់ ចូលចិត្ត និង​គាំទ្រ​តារា​ចម្រៀង​អាមរិកាំង​កញ្ញា Ariana Grandé។ គួរ​បញ្ជាក់​ថា អ្នក​រងរបួស​ក៏​មាន​ឱពុក ម្តាយ ឬ​បងប្អូន​ដែល​បាន​ទៅ​ចាំ​ទទួល​កូនៗ ឬ​សាច់ញាតិ​ចេញ​ពី​មើល Concert របស់​កញ្ញាAriana ដែរ។ ចំណែក​រូប​កញ្ញា Ariana បាន​រួច​ខ្លួន​ទាំង​មូល​ពី​ការ​វាយប្រហារ​នោះ។

មាន​ភេរវជនអត្តឃាត​តែ​ម្នាក់​គត់ តែ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ

មេប៉ូលិស​ក្នុង​ក្រុង Manchester លោក Ian Hopkins បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៣ ឧសភា​នេះ​ថា ភេរវកម្មអត្តឃាត​បាន​ធ្វើ​ឡើង​ដោយ​បុរស​តែ​ម្នាក់​គត់​ដែល​បាន​ទាញ​បំផ្ទុះ​គ្រាប់បែក​ដែល​ពាក់​ជាប់​នឹង​ខ្លួន​គេ និង​ថា រូប​ភេរវជន​នោះ​ក៏​បាន​ស្លាប់​ភា្លមៗ​នៅ​នឹង​កន្លែង​ជាមួយ​នឹង​គ្រាប់បែក​របស់​គេ។ តាម​រូប​មេប៉ូលិស​ក្នុង​ក្រុង Manchester ដដែល ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ផ្តើម​ធ្វើ​ការងារ​ជាមួយ​ក្រុមប៉ូលិស​ផ្នែក​ប្រឆាំង​ភេរវកម្ម និង​ក្រុម​ប៉ូលិស​ផ្នែក​ស៊ើបការណ៍សម្ងាត់​ដើម្បី​ចង់​ដឹង​ថា តើ​សេណារីយ៉ូ​ភេរវកម្មអត្តឃាត​នោះ​បាន​រៀបចំ​យ៉ាង​ម៉េច និង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម។ អង្គការ​រដ្ឋអ៊ីស្លាម​ទើប​បាន​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន។

ភេរវកម្ម​អត្តឃាត​នៅ​រង្គសាល Mancheter Arena ពេល​នេះ​បាន​កើត​មាន​ឡើង ២ខែ​ក្រោយ​ពី​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ៥នាក់។ កាល​ណោះ បុរស​ម្នាក់​បាន​បរ​រថយន្ត​សំដៅ​លើ​ហ្វូង​មនុស្ស និង​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់ មុន​នឹង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​វិញ។ បើ​គិត​តាំង​ពី ១២ឆ្នាំ​កន្លង​ទៅ ភេរវកម្មអត្តឃាត​នៅ Manchester បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ បន្ទាប់​ពី​ភេរវកម្មអត្តឃាត​ក្នុង​ទីក្រុង​ឡុងដ៏​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ ដែល​បាន​សម្លាប់​មនុស្ស ៥៦នាក់ និង​របួស ៧០០នាក់។

ពិភពលោក​ចូលរួម​សាមគ្គី​ជាមួយ​អង់គ្លេស និង​ផ្ញើ​សារ​រំលែកទុក្ខ​ជាមួយ​ជនរងគ្រោះ

ប្រតិកម្ម​អន្តរជាតិ​រួម​សាមគ្គី​ជា​មួយ​ប្រជារាស្រ្ត​អង់គ្លេស និង​សារ​ចូលរួម​រំលែក​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។ ចំណែក​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​ថ្លែង​ទៅ​កាន់​ប្រជាជាតិ បន្ទាប់​ពី​លោកស្រី​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៣ ឧសភា។ លោកស្រី​បាន​ថ្លែង​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​មនុស្ស​រងរបួស​ដែល​ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ និង​ដែល​ខ្លះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ដោយសារ​របួស​របស់​ខ្លួន។ ក្រៅ​ពី​បាន​បរិហារ​ភេរវកម្មអត្តឃាត​ថា​ជា​ទង្វើ​ដ៏​កំសាក និង​ឆ្កួតលីលា លោកស្រី​ក៏​បាន​គូស​បញ្ជាក់​ថា អង់គ្លេស​កំពុង​ប្រឈម​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្មាន​ត្រាប្រណី គ្មាន​ការ​អាសូរ្យ​ពី​ក្រុម​ជ្រុលនិយម។

ទន្ទឹម​គ្នា​នោះ លោកស្រី Theresa May ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប៉ូលិស​ប្រហែល​ជា​បាន​រក​ឃើញ​ហើយ​នូវ​អត្តសញ្ញាណ​របស់​ជនដៃដល់ តែ​នៅ​មិន​ទាន់​បាន​ប្រាប់​ឈ្មោះ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ប៉ូលិស​បាន​បញ្ជាក់​ពី​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​មាន​អាយុ ២៣ឆ្នាំ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​លើ​រង្គសាល Mancheter Arena។ សូម​ជម្រាប​ជូន​ថា ការ​វាយប្រហារ​នៅ Manchester ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​នា​ថ្ងៃទី៨ មិថុនា​ខាង​មុខ។ តែ​ពេល​នេះ គ្រប់​គណបក្ស​នយោបាយ​បាន​សម្រេច​ផ្អាក​យុទ្ធនាការ​ឃោសនា​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ។

ចំណែក​ប្រតិកម្ម​អន្តរជាតិ​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់​ពី​បារាំង អាល្លឺម៉ង់ រុស្ស៊ី ឬ​អាមេរិក​ជាមួយ​នឹង​សារ​បរិហារ​លើ​ការ​វាយប្រហារ សារ​រួម​សាមគ្គី​ជាមួយ​ប្រជារាស្រ្ត​អង់គ្លេស និង​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ