រឿងខ្មោចអ៊ីស្មាអែលបើកឆាកមហោស្រពភាពយន្តកាន
មហោស្រពអន្តរជាតិកាន នៅយប់ថ្ងៃពុធទី១៧ឧសភា បានបើកសម្ពោធយ៉ាងឱឡារិកជាមួយនឹងវត្តមានរបស់តារាភាពយន្តហូលីវូដ តារាចម្រុះជាតិសាសន៍ នៅលើកម្រាលព្រំក្រហម ក្រោមពន្លឺភ្លើងឆ្វេចឆ្វាចរបស់កាមារ៉ារាប់រយរបស់អ្នកថតរូប។
ចុះផ្សាយនៅថ្ងៃ៖
មហោស្រពកាននៅតែរក្សាក្បួនប្រពៃណីចាស់របស់ខ្លួន ដោយផ្តល់តម្លៃទៅលើពេលវេលាថតរូបតារាភាពយន្ត អ្នកចម្រៀង ឥស្សរៈជនល្បីៗ ដែលតែងបង្អួតបង្ហាញម៉ូដខោអាវ និងគ្រឿងអលង្ការបស់ខ្លួន នៅលើកម្រាលព្រំក្រហម។ នៅក្រោយចប់ពិធីដើរឡើងជណ្តើក្រាលដោយកម្រាលព្រំក្រហម គឺពិធីបើកប្រកាសជាផ្លូវការមហោស្រពដែលសម្របសម្រួលដោយតារាអ៊ីតាលី លោកស្រី ម៉ូនីកា បេលុចឈី។ “អត្តសញ្ញាណរបស់ភាពយន្តគឺគ្មានភេទ ទង់ជាតិ និងព្រំដែន” នេះជាសាររបស់តារាអ៊ីតាលី ក្នុងពេលដែលប្រធានគណៈមេប្រយោគ លោកPedro Almodovar សមិទ្ធិករល្បីឈ្មោះរបស់អេស្ប៉ាញបានសន្យាថា លោកនឹងធ្វើការឲ្យអស់ពីកម្លាំងចិត្ត ដើម្បីដាក់ពិន្ទុឲ្យសុក្រិតបំផុតលើភាពយន្តចំនួន ១៩ ដែលក្រុមមេប្រយោគទាំង៨នាក់របស់លោក រួមមានទាំងតារាអាមេរិកាំង វីល ស្មីតផង ត្រូវជ្រើសរើសសម្រាប់ពានរង្វាន់តាល់ប័ត្រមាស។
នៅយប់ថ្ងៃពុធ ខ្សែភាពយន្តបារាំង រឿងខ្មោចរបស់អ៊ីស្មាអែលរបស់សមិទ្ធិករArnaud Desplechinត្រូវបានជ្រើសរើសសម្រាប់បើកឆាកដំបូងក្នុងមហោស្រព។ រឿងខ្មោចរបស់អ៊ីស្មាអែលចូលរួមសំដែងដោយតារាស្រីល្បីៗឈ្មោះរបស់បារាំង មានដូចជា Marion Cotillard Charlotte Gainsbourg។
រឿងខ្មោចរបស់អ៊ីស្មាអែល មានរយៈពេល១១០នាទី ជាខ្សែភាពយន្តខ្នាតវែង ដែលនិយាយពីជីវិត វិលវល់របស់អ្នកដឹកនាំរឿងបារាំង។ ជីវិតវិលវល់ ចិត្តមិនដាច់ស្រលះនេះជាទម្លាប់ ចារិករបស់ជនជាតិបារាំង ដែលពេលខ្លះ គេមិនអាចយល់ជ្រៅពីគំនិតដ៏អរូបិយរបស់ពួកគេបាន។ នៅក្នុងរឿងនេះ សមិទ្ធិករបារាំង លោក Arnaud Desplechinលើកនិយាយពីអ្នកដឹកនាំរឿងមា្នក់បានរៀបការប្រពន្ធថ្មី បន្ទាប់ពីប្រពន្ធដើមរបស់គាត់បាត់ខ្លួនយ៉ាងអាថ៌កំបាំង និងត្រូវបានគេប្រកាសថា បានស្លាប់បាត់ជីវិត។ ប៉ុន្តែ នៅក្រោយបាត់ខ្លួន២០ឆ្នាំ ប្រពន្ធដើមរបស់អ៊ីស្មាអែលបានលេចខ្លួនត្រដែត នៅមុខប្រពន្ធទី២របស់អ៊ីស្មាអែល ដែលសំដែងដោយតារាភាពយន្ត Charlotte Gainsbourg។
ខ្មោចរបស់អ៊ីស្មាអែល ប៉ុន្តែ និយាយពីប្រពន្ធរបស់អ៊ីស្មាអែលដែលលេចខ្លួនដូចខ្មោចទៅវិញ។ សមិទ្ធិករបារាំងកំពុងចង់ឲ្យអ្នកមើលវិលវល់ដែរឬយ៉ាងណា? គេសង្ឃឹមថា ខ្សែភាពយន្តទាំង១៩ដែលចូលរួមប្រកួតដណ្តើមរង្វាន់តាល់ប័ត្រមាសនឹងអាចសាមញ្ញ ងាយយល់ជាងរឿងអ៊ីស្មាអែល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ