បារាំងបោះឆ្នោតប្រធានាធិបតីជុំទី២
បារាំងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យទី ៧ឧសភា។ ជាការបោះឆ្នោតដែលគេតាមដានយ៉ាងយកចិត្តទុក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក និងការបោះឆ្នោតប្រជាមតិ ដែលធ្វើឲ្យអង់គ្លេសដើរចេញពី សហភាពអឺរ៉ុប។ នៅថ្ងៃអាទិត្យការិយាល័យបោះឆ្នោតជាង ៦ម៉ឺន បានបើកទ្វារដើម្បី រង់ចាំទទួលអ្នកបោះឆ្នោតបារាំង ប្រមាណ ៤៧លាននាក់ ដែលត្រូវជ្រើសរើសរវាងបេក្ខជនកណ្តាលនិយម អេម៉ានុយអែល ម៉ាក្រុង និងម៉ារីន ឡឺប៉ែន បេក្ខជនស្តាំនិយមជ្រុលបារាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃអាទិត្យនេះ មានតែបេក្ខជនពីររូប នៅតទល់គ្នា បន្ទាប់ពីបេក្ខជន៩នាក់ផ្សេងទៀតត្រូវគេជម្រុះចោលនៅជុំទី១។ ការបោះឆ្នោតប្រធានាធិបតីបារាំង សំខាន់ ដែលគេត្រូវផ្តោតការចាប់អារម្មណ៍ខ្លាំងព្រោះថា វាជាសៃង្វៀន តទល់គ្នា រវាងបេក្ខជន មកពីគណបក្សបារាំង ដែលមិនធ្លាប់ឈ្នះឆ្នោត ដឹកនាំបារាំង សោះតាំងពីមុនមក។ ក្នុងរយៈពេល៦០ឆ្នាំ នេះជាលើកទី ១ ដែលគណបក្សកាន់អំណាច បានខ្ទាត ត្រូវគេទាត់ជម្រុះចោល តាំងពីនៅជុំទី១។
ការបោះឆ្នោតប្រធានាធិបតីបារាំងលើកនេះ នឹងអាចឲ្យដឹងពីជោគវាសនា ផ្លូវដើរទៅមុខរបស់បារាំង នៅអឺរ៉ុប។ បើសិនប្រជាជនបារាំងបោះឆ្នោត ជ្រើសរើសលោកអេម៉ានុយអែល ម៉ាក្រុង នោះ នយោបាយ ក្នុង និងក្រៅប្រទេសរបស់បារាំង នឹងមិនប្រែប្រួលខ្លាំងទេ។ លោកអេម៉ានុយអែល ម៉ាក្រុងជាបេក្ខជនដែលបានប្តេជ្ញាបន្ត ពង្រឹងវត្តមានបារាំង នៅក្នុងសហភាពអឺរ៉ុប។ មានបទពិសោធន៍ជាអ្នកសេដ្ឋកិច្ច លោកអេម៉ានុយអែល ម៉ាក្រុងចង់ដឹកនាំបារាំង ឲ្យវិវឌ្ឍខ្លួន នៅក្នុងមហាសាគរនៃសកលភាវូបនីយកម្ម ពោលគឺមិនបិទខ្ទប់បារាំង ឲ្យនៅតែម្នាក់ឯង ដូចដែលគូប្រជែងរបស់លោកចង់ធ្វើនោះទេ។
លោកស្រីម៉ារីន ឡឺប៉ែន មកពីគណបក្សរណរិស្សជាតិ គណបក្សស្តាំនិយមជ្រុល បារាំង សន្យាធ្វើនយោបាយដើម្បី ប្រយោជន៍របស់ប្រជាជនបារាំង ដំបូងគេ។ លោកស្រីម៉ារីន ឡឺប៉ែនត្រូវមនុស្សមួយចំនួនចាត់ទុកជាលោកដូណាល់ ត្រាំ នៅប្រទេសបារាំង ពោលគឺប្រធានាធិបតីដែលគិត តែពីប្រយោជន៍បារាំង និងបង្កើតព្រំដែនបារាំងឡើងវិញ ដើម្បី រារាំងកុំឲ្យមានជនបរទេសចូលខុសច្បាប់ក្នុងទឹកដីបារាំង។ លោកស្រីម៉ារីន ឡឺប៉ែន បាននិយាយហើយថា បើលោកស្រីឈ្នះឆ្នោត ធ្វើជាប្រធានាធិបតី លោកស្រីនឹងស្វាគមជនភៀសខ្លួន ជនអន្តោប្រវេសន៍។ លោកស្រីនឹងចរចាដើម្បីដកបារាំងចេញពីអឺរ៉ុប និងឈប់ឲ្យប្រជាជនបារាំង ចាយប្រាក់អឺរ៉ូ។ បើសិនលោកស្រីម៉ារីន ឡឺប៉ែន ឈ្នះឆ្នោតមែន គឺវីវរខ្លាំងណាស់ ទាំងសម្រាប់សេដ្ឋកិច្ច និងសង្គមបារាំង។ លើសពីនោះទៀត ជ័យជំនះរបស់លោកស្រី ម៉ារីន ឡឺប៉ែន គឺជាការគំរាមកំហែង ធ្វើឲ្យរង្គោះរង្គើសហភាពអឺរ៉ុបទាំងមូល ព្រោះថា បារាំង ជាមួយអាល្លឺម៉ង់ គឺជាស្ថាបនិក សរសរគ្រឹះ សំខាន់របស់អឺរ៉ុប។
អេម៉ានុយអែល ម៉ាក្រុង បេក្ខជនចំណូលចិត្តរបស់បារាំង
ការស្ទង់មតិបានបង្ហាញថា លោកអេម៉ានុយអែល ម៉ាក្រុង អ្នកសេដ្ឋកិច្ច សេរីនិយម បានទទួលសំឡេងគាំទ្រ ដល់ទៅជាង ៦០ភាគរយ គឺច្រើនជាងលោកស្រីម៉ារីន ឡឺប៉ែនដែលមានតែ ៣០ភាគរយ។ ប៉ុន្តែ ក្រុមអ្នកគាំទ្រលោកម៉ាក្រុង ក៏កុំទាន់ត្រូវអរនឹងតួលេខនេះដែរ។ តើអ្នកណាដែលគេគិតថា លោកដូណាល់ ត្រាំ ដែលសំបូរដោយរឿងអាស្រូវ ចម្រូងចម្រាស មិនសូវយល់ច្បាស់លាស់ពីនយោបាយក្រៅប្រទេសនោះ បានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក? តើអ្នកណាដែលគិតដល់ថា លោកស្រី ហ៊ីឡារី គ្លីនតុន ដែលនាំមុខលោកដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិបានចាញ់ឆ្នោត យ៉ាងអាម៉ាស់មុខ?
សូមចុចមើលត្រង់នេះ៖ ចោរអ៊ីនធ័រនែតកំពុងលូកដៃក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង?
តាំងពីមានមេរៀននៅអាមេរិកមក គេប្រយ័ត្នប្រយែងណាស់ មិនទាន់ហ៊ានសន្មត់ថា អ្នកដែលទទួលសំឡេងគាំទ្រនាំមុខ នៅក្នុងការស្ទង់មតិ នោះ អាចឈ្នះឆ្នោតនោះទេ។ នៅក្នុងការបោះឆ្នោតកន្លងមក ដូចជានៅឆ្នាំ ២០០២ នៅពេលដែល Jean Marie Lepenដែលជាឪពុកលោកស្រីម៉ារីន ឡឺប៉ែន ឈ្នះឆ្នោត ចូលដល់ជុំទី២ គ្រប់គណបក្សចាញ់ឆ្នោតដទៃទៀត មិនថា បក្សប្រឆាំងដ៏ធំជាងគេ ឬក្រុមសហជីពទេ គឺបានអំពាវនាវ ធ្វើបាតុកម្ម តាមថ្នល់ ដើម្បី ស្រែកឲ្យគេទៅបោះឆ្នោត ដើម្បីរារាំងកុំឲ្យគណបក្សរណរិស្សជាតិ ដែលជាគណបក្សស្តាំនិយមជ្រុលឈ្នះឆ្នោត។
ប៉ុន្តែ បរិយាកាសបោះឆ្នោតលើកនេះ គឺមានលក្ខណៈខុសពីលើកមុន។ គណបក្សស្តាំនិយមជ្រុលបារាំង ដឹកនាំដោយលោកស្រីម៉ារីន ឡឺប៉ែន ជាកូនស្រី បានទទួលសំឡេងគាំទ្រ ជិត ៨លាននាក់ នៅជុំ ទី១ គឺច្រើន បើប្រៀបធៀបនឹងឪពុក។ ប្រជាជនបារាំងបានបែកខ្ញែក គ្មានមូលមតិគ្នា ដូចមុន ដើម្បីបោះឆ្នោត ប្រឆាំងលោកស្រីឡឺប៉ែន។
នៅក្នុងយុទ្ធនាការឃោសនាកន្លងមក លោកស្រីឡឺប៉ែនបានព្យាយាមទាក់ទាញ អ្នកដែលរារែក ដែលធ្លាប់បោះឆ្នោត ឲ្យគណបក្សផ្សេងទៀត ដែលត្រូវគេជម្រុះចោលនៅជុំទី១។ នេះគេនៅមិនទាន់និយាយពីចំនួនអ្នកដែលមិនទៅបោះឆ្នោត ឬអ្នកដែលបោះឆ្នោតអនុប្បវាទផង។ គឺអវត្តមានរបស់អ្នកទៅបោះឆ្នោត ឬក៏ការប្តូរចិត្តគាំទ្រគណបក្សស្តាំនិយមជ្រុលរបស់លោកស្រីឡឺប៉ែន ដែលអាចធ្វើលទ្ធផលឆ្នោត ការគន់គូរគិតទុកមុន មានការផ្លាស់ប្តូរ នោះបើទោះបីជាលោកអេម៉ានុយអែល ម៉ាក្រុងត្រូវគេមើលឃើញថា នឹងអាចឈ្នះឆ្នោតលើកនេះក៏ដោយ។
ចំនួនអ្នកមិនទៅបោះឆ្នោតច្រើន ជាចំណុចគន្លឹះ នៅក្នុងការបោះឆ្នោត
វិទ្យាស្ថានស្ថិតិប៉ាន់ប្រមាណថា អត្រាអ្នកដែលនឹងមិនទៅបោះឆ្នោត នៅជុំទី ២ នឹងកើនឡើងដល់២៥% គឺច្រើនជាងជុំទី១ដែលមានប្រមាណ ២២%។ រឿងនេះមិនធ្លាប់កើតមានទេ ពីមុនមក ព្រោះថា តាមធម្មតា ប្រជាជនបារាំងតែងតែចេញទៅបោះឆ្នោតច្រើននៅជុំទី ២។ ប្រជាជនបារាំងដែលនៅរារែក មិនចង់ទៅបោះឆ្នោត ព្រោះតែពួកគេមិនពេញចិត្តនឹងបេក្ខជនទាំងពីរទាល់តែសោះ។ អ្នកឆ្វេងនិយម ដែលមាននិន្នាការផ្តល់តម្លៃដល់ការចែករំលែក ប្រយោជន៍សង្គម សាធារណៈ មិនចូលចិត្តលោកស្រីម៉ារីន ឡឺប៉ែនដែលធ្វើនយោបាយផ្តាច់ការ គិតតែប្រយោជន៍ប្រជាជនបារាំង ស្អប់ជនបរទេសនោះទេ។
អ្នកឆ្វេងនិយមទាំងនោះក៏មិនចង់បានធនាគារិក ដូចជាលោកអេម៉ានុយអែល ម៉ាក្រុងមកធ្វើជាប្រធានាធិបតី ព្រោះថា លោកម៉ាក្រុងជាអ្នកសេដ្ឋកិច្ច គិតប្រយោជន៍តែក្រុមនាយទុន គឺគ្មានគិតគូរដល់ប្រយោជន៍កម្មករ អ្នកធ្វើការតូចតាចនោះទេ។ អ្នកខ្លះនៅគិតទៀតថា លោកម៉ាក្រុងនេះ តាមពិតនឹងក្លាយជាអាយ៉ង បន្តនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺដើរតាមការតម្រង់ទិសរបស់អាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនដឹកនាំអឺរ៉ុប។
លោកម៉ាក្រុងនេះធ្លាប់ធ្វើជារដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បច្ចុប្បន្ន មុននឹងលាលែងចេញពីតំណែង ទៅបង្កើតគណបក្សEn Marche។ សមាជិកជាន់ខ្ពស់របស់បក្សមួយចំនួនធំ ធ្លាប់ជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្នទៀតផង។ គេយល់ថា បោះឆ្នោតឲ្យលោកម៉ាក្រុង គឺស្មើនឹងបោះឆ្នោតឲ្យគណបក្សកាន់អំណាចឲ្យបន្តនយោបាយអប្រជាប្រិយភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
ក្រៅពីអ្នកដែលមិនទៅបោះឆ្នោត នៅមានអ្នកដែលអាចទៅបោះឆ្នោត ដែរ ប៉ុន្តែ បោះឆ្នោតអនុប្បវាទ ពោលគឺមិនជ្រើសរើសបេក្ខជនណាទាំងអស់ នៅក្នុងបន្ទប់បោះឆ្នោត។ កត្តានេះក៏ សំខាន់ណាស់ដែរ នៅក្នុងការបោះឆ្នោតជុំទី២នេះ។ គេវាយតម្លៃថា បើចំនួនអ្នកមិនទៅបោះឆ្នោតមានច្រើន ហើយអ្នកដែលទៅបោះហើយ ប៉ុន្តែ បោះអនុប្បវាទ នោះ ឱកាសដែលលោកស្រី ម៉ារីន ឡឺប៉ែន ឈ្នះឆ្នោតគឺមានកាន់តែច្រើន ដែរ ព្រោះថា អ្នកដែលច្បាស់ក្នុងចិត្តទៅបោះឆ្នោតឲ្យលោកស្រីឡឺប៉ែន នៅតែមានចំនួនមិនប្រែប្រួល និងមានតែកើនឡើង ផ្ទុយទៅវិញ លោកម៉ាក្រុង ដែលមានសំឡេងគាំទ្រច្រើននៅមុនថ្ងៃបោះឆ្នោត ប៉ុន្តែ នឹងអាចខ្វះសំឡេងទៅវិញ រហូតដល់ឆ្នោត ក៏អាចថាបាន ដោយសារតែមានមនុស្សច្រើន មិនទៅបោះឆ្នោត ប្រឆាំងលោកស្រីម៉ារីន ឡឺប៉ែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ