ក្រុមហ៊ុនសំណង់បារាំង ជាប់រឿងអាស្រូវផ្តល់ហិរញ្ញវត្ថុដោយប្រយោលឱ្យអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី
លោក អេរិក អូលសិន Eric Olsen ថៅកែក្រុមហ៊ុនគ្រឿងសំណង់បារាំង បានប្រកាសសុំលាលែងចេញពីតំណែង ចាប់ថ្ងៃទី ១៥កក្កដា២០១៧ទៅ ដោយសង្ឃឹមថានឹងអាចបិទបញ្ចប់រឿងអាស្រូវទាក់ទងនឹងសកម្មរបស់ក្រុមហ៊ុននៅស៊ីរី។ ក្រុមហ៊ុនបានជាប់ចោទថាបានផ្តល់ហិរញ្ញវត្ថុដោយប្រយោលដល់ក្រុមប្រដាប់អាវុធនៅក្នុងប្រទេស រាប់ទាំងពួកអង្គការរដ្ឋអ៊ីស្លាមផង។ ប៉ុន្តែសម្រាប់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុននេះ ត្រូវរងការកាត់ទោសពីតុលាការ តាមច្បាប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១១
រឿងអាស្រូវរបស់ក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់បារាំង ផ្តល់ហិរញ្ញវត្ថុដោយប្រយោលដល់ក្រុមប្រដាប់អាវុធនៅស៊ីរី បានផ្ទុះឡើងកាលពីខែមិថុនាឆ្នាំ ២០១៦។ សារព័ត៌មាន ឡឺម៉ុង បានធ្វើអង្កេតមួយរកឃើញថា ក្រុមហ៊ុន Lafarge បានជួលអន្តរការីម្នាក់ទៅនិយាយដោយស្ងាត់ៗជាមួយនឹងអង្គការរដ្ឋអ៊ីស្លាម ដើម្បីឱ្យពួកប្រដាប់អាវុធជីហាតដែលនៅចាំកាក់តាមច្រកចេញចូល បើកផ្លូវឱ្យបុគ្គលិកក្រុមហ៊ុនចេញចូល ទៅកាន់រោងចក្រផង និងធានាសុវត្ថិភាពដល់បុគ្គលិកក្រុមហ៊ុននៅទីនោះផង ហើយអាចបន្តធ្វើជំនួញទៀត។
ប៉ុន្តែរដ្ឋាភិបាលបារាំង និងអង្គការក្រៅរដ្ឋាភិបាល មិនទទួលយកបានឡើយ ! ទង្វើព្រមព្រៀងជាមួយពួកភេរវជនដោយប្រើលុយ ! ជាការផ្តល់ហិរញ្ញវត្ថុជួយក្រុមនោះ។ ដូច្នេះអ្នកទទួលខុសត្រូវក្រុមហ៊ុន ត្រូវតែទទួលទោសទៅតាមច្បាប់។ រដ្ឋាភិបាលបារាំងបានដាក់ដាក់ពាក្យបណ្តឹងមួយទៅតុលាការ កាលពីខែតុលាឆ្នាំ២០១៦ តុលាការបារាំងបានបើកអង្កេតបឋមមួយ។
ក្រោមសម្ពាធក្រុមហ៊ុនបានទទួលស្គាល់ កាលពីខែមីនា ២០១៧ថា សាខានៅស៊ីរី ដែលជាអ្នកប្រឈមនឹងស្ថានភាពហិង្សាជាក់ស្តែង ពិតជាបានបញ្ចេញសកម្មភាពផ្ទុយពីវិធានរបស់ក្រុមហ៊ុនមេមែន។ ប៉ុន្តែបើតាមអង្កេតផ្ទៃក្នុង លោក អេរិច អូលសិន គ្មានទំនួលខុសត្រូវពាក់ព័ន្ធនឹងសំណុំរឿងរកស៊ីនៅស៊ីរីទេ។ ក្រុមប្រឹក្សារដ្ឋបាលរបស់ក្រុមហ៊ុនបានព្រមព្រៀងឱ្យថៅកែលាលែងចេញពីតំណែង តាមសំណើសុំហើយ ! ដោយសង្ឃឹមថាសេចក្តីសម្រេចចិត្តនេះនឹងធ្វើសម្ពាធដែលដាក់បន្ទុកលើក្រុមហ៊ុនរយៈពេលប៉ុន្មានខែកន្លងមក បានធូរស្បើយខ្លះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់បារាំង Lafarge បានទិញរោងចក្រស៊ីម៉ង់ស៊ីរី នៅឆ្នាំ២០០៧ នៅJalabiya ចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីក្រុងអាឡិប និងបានចំណាយជួលជុលឡើងវិញ ក្នុងតម្លៃ៦៨០លានដុល្លារ មុននឹងអាចចាប់ដំណើរការបាននៅឆ្នាំ២០១០។ ប៉ុន្តែមិនបានប៉ុន្មានផង ប្រទេសក៏ធ្លាក់ក្នុងសង្គ្រាម ហើយរោងចក្រនេះស្ថិតក្នុងតំបន់គ្រប់គ្រងដោយពួកអង្គការរដ្ឋអ៊ីស្លាមទាំងស្រុង តាំងពីឆ្នាំ២០១៤មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ