អានតួអត្ថបទ

លោក ​ម៉ាក្រុង និង​លោកស្រី​ ឡឺប៉ែន មាន​កម្មវិធីនយោបាយផ្ទុយគ្នា​ស្រលះ

ដំឡើង​ចំណាយ​សាធារណៈ គិតការពារតែ​ប្រយោជន៍ជាតិ​ឯង ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប ឈប់​ចាយ​ប្រាក់​អឺរូ ... នេះ​ជា​នយោបាយ​សេដ្ឋកិច្ចរបស់​លោកស្រី ម៉ារីន ឡឺប៉ែន។ តែ​សម្រាប់​លោក​ម៉ាក្រុងវិញ ប្រយ័ត្ន​ប្រយែង​ផ្នែក​ចំណាយ​ថវិកា បើក​ចំហ​សេរីនិយម​ ហើយ​​ពង្រឹង​​​​អឺរ៉ុប ... ​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីពីរ​ ឆ្នាំ​នេះ​ ប្រៀប​ដូច​ជា​ពុះ​ច្រៀក​ប្រទេស​ជាពីរ មាន​បេក្ខជនពីរ ជាមួយ​នឹង​ជំហរ​ទស្សនៈវិស័យ​នយោបាយ​សេដ្ឋកិច្ច​ ផ្ទុយ​គ្នា​ដូច​មេឃ​និង​ដី។

ម៉ាក្រុង និង​ឡឺប៉ែន មាន​កម្មវិធី​នយោបាយ​ផ្ទុយគ្នា​ទាំងស្រុង
ម៉ាក្រុង និង​ឡឺប៉ែន មាន​កម្មវិធី​នយោបាយ​ផ្ទុយគ្នា​ទាំងស្រុង REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

តើ​បារាំង​​មាន​ពាណិជ្ជកម្ម​កំរិត​ណា​សម្រាប់​ពិភពលោក ? តើ​ក្រុមហ៊ុន​សហគ្រាស និង​បុគ្គលិក​ មាន​អនាគត​យ៉ាងណា ? បើ​ពេល​នេះ​បារាំង​កំពុង​ត្រូវ​ជ្រើសរើស​ប្រធានាធិបតី​ ក្នុង​ចំណោម​បេក្ខជន​ពីរ​រូប ដែល​មាន​ទស្សនៈ​វិស័យ​សេដ្ឋកិច្ច​ផ្ទុយ​គ្នា​ទាំង​ស្រុង។

ពិភពលោកភាវូបនីយកម្ម ជា​សំណាង! លោក អេម៉ានុយអែល ម៉ាក្រុង មាន​គម្រោង​ផ្តល់​គ្រប់​មធ្យោបាយ​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ពិភពលោក​ដែល​វិវឌ្ឍន៍ តែ​សម្រាប់​លោកស្រី​ម៉ារីន​ឡឺប៉ែន បារាំង​នឹង​ត្រូវ​ផ្តាច់​ខ្លួន​ពិភពលោកនោះ ព្រោះ​ពិភពលោកភាវូបនីយកម្មបែបព្រៃ ​នឹង​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អរិយធម៌​ជាតិ។ គ្មាន​ព្រំដែន គ្មាន​ការ​ការពារ ច្បាស់​ជា​រញ៉េរញ៉ៃពេញ​ហើយ ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី ម៉ារីន ឡឺប៉ែន ក្រោយ​ចេញ​លទ្ធផល​ជុំ​ទីមួយ​ភ្លាម។

លោកស្រី​ ឡឺប៉ែន បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​ច្បាស់​លាស់​ ចង់​ត្រលប់​ទៅ​ប្រើ​លុយ​ចាស់​របស់​បារាំង​វិញ។ ដក​ខ្លួន​ឈប់​ប្រើ​លុយ​អឺរ៉ូ ដែល​មាន​ន័យ​ស្មើ​នឹង​ចង់​ផ្តាច់​ខ្លួនចេញ​ពី​សហភាព​អឺរ៉ុប។ គឺ​ផ្ទុយ​ស្រលះ​នឹង​ជំហរ​របស់​លោក អេម៉ានុយអែល ម៉ាក្រុង ដែល​ការពារ​យ៉ាង​មុត​មាំ​ អឺរ៉ុប ដោយ​ចង់​ពង្រឹង​ការ​ផ្តោះប្តូរ​សេរី សម្រេច​អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប​កាណាដា ពង្រឹងពង្រីក​​ស្ថាប័ន​អឺរ៉ុប តាម​រយៈ​ការ​បង្កើត​ឱ្យ​កញ្ចប់ថវិកា​រួម​សម្រាប់​តំបន់ចាយ​ប្រាក់​អឺរ៉ូ។

បេក្ខជន​ទាំង​ពីរ ក៏​មាន​ទស្សនៈ​វិស័យ​ខុស​គ្នា​ទទេ​ដែរ ស្តី​ពី​បញ្ហា​ហិរញ្ញវត្ថុ។ លោក​ម៉ាក្រុង មានផែនការ​សន្សំសំចៃ ៦០ពាន់​លាន​អឺរ៉ូ ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់​លោក ដោយ​លុប​ប៉ុស្តិ៍​រដ្ឋការ​១២ម៉ឺន​កន្លែង កាន់​បន្ថយប្រាក់​ឧបត្ថម្ភតាម​ខេត្ត។ ចំណែក​លោកស្រី​​ ឡឺប៉ែន​ មាន​គម្រោង​ជ្រើសរើស​មន្ត្រី​រដ្ឋការ​បន្ថែម ដំឡើង​កាំប្រាក់​ខែ​ បន្ថែម​ប្រាក់​ខែ​ដល់​អ្នក​មាន​ចំណូល​បៀវត្សរ៍​ក្រោម​១៥០០អឺរ៉ូក្នុង​មួយ​ខែ ជា​ថ្នូរ​នឹង​ការ​លុប​ជំនួយ​ឱ្យ​ទៅ​អ្នក​ក្រៅ​មិនមែន​បារាំង។

លើ​ផ្នែក​សង្គម​ គូប្រជែង​ផ្តាច់​ព្រ័ត្រ​ទាំង​ពីរ​ ក៏​គិត​ខុស​គ្នា​ដែរ លោកម៉ាក្រុង​ចង់​សើរើ​របប​ចូលនិវត្តន៍​ របបធានារ៉ាប់រង​ភាព​អត់ការងារធ្វើ គូសវាស​ទីផ្សារ​ការងារ​​ដែល​ងាយ​បត់បែន​ទៅ​តាម​ស្ថានការណ៍​ ដូច​អ្វី​ក្រុម​ប្រទេស​ខាង​ជើង​ធ្វើ តែ​ចំពោះ​លោកស្រី​ ឡឺប៉ែន បារាំង​ត្រូវ​ត្រលប់​មក​ប្រកាន់​របប​ចូលនិវត្តន៍​អាយុ​៦០​ឆ្នាំ និង​រំលាយ​ច្បាប់ការងារ​បារាំង​ដែល​ធ្វើ​តាម​បញ្ជា​អឺរ៉ុប លោកស្រី​ចង់​រក្សា​គំរូ​ការងារដូច​សម័យ​ឆ្នាំ​១៩៦០៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ