អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហភាពអឺរ៉ុប​ប្រារព្ធខួបកំណើត​៦០​ឆ្នាំ ដោយ​គ្មាន​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប នៅថ្ងៃ​សៅរ៍​ទី​២៥​មីនា បាន​ជួបជុំគ្នា​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដើម្បី​បា្ររព្ធ រំលឹក​ខួប​៦០​ឆ្នាំ​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម ដែល​ជា​ប្រភព​កំណើត​សហភាពអឺរ៉ុប។ ប៉ុន្តែ សហភាព​អឺរ៉ុប នៅថ្ងៃនេះ ​នឹង​ប្រារព្ធ​ខួបកំណើត​របស់ខ្លួន ជាមួយ​សមាជិក​ចំនួន ២៧ គឺ​គ្មាន​អង់គ្លេស ដែល​បាន​សម្រេច​ចិត្ត​បោះឆ្នោត​ប្រជាមតិ ដើរចេញ​ពី​អឺរ៉ុប។

សម្តេច​សង្ឃ​ប៉ាប ថត​រូប​ជាមួយ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​នៅមុន​ជំនួប​កំពូល​ដើម្បី​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម ថ្ងៃទី ២៥ មីនា ២០១៧
សម្តេច​សង្ឃ​ប៉ាប ថត​រូប​ជាមួយ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​នៅមុន​ជំនួប​កំពូល​ដើម្បី​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម ថ្ងៃទី ២៥ មីនា ២០១៧ ©AFP
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​អឺរ៉ុប​បាន​បើក​ធ្វើ​ជា​ពិសេស នៅ​ប្រទេស​អ៊ីតាលី ដើម្បី​ប្រារព្ធ​ខួប ៦០ឆ្នាំ នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម។ នៅ​ថ្ងៃសៅរ៍ នេះ ថ្នាក់ដឹកនាំ​កំពូល​របស់​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ថ្មី​មួយ ដែល​នឹង​ទៅ​ជំនួស​លើ​សេចក្តីប្រកាស ដែល​ត្រូវ​បាន​គេ​ធ្វើ កាលពី​៦០​ឆ្នាំមុន។

 
នៅ​ថ្ងៃទី ២៥ មីនា ឆ្នាំ ១៩៥៧ សន្ធិសញ្ញា​ក្រុង​រ៉ូម ត្រូវ​បាន​ចុះហត្ថលេខា ដោយ​ប្រទេស​ចំនួន ៦ គឺ​បារាំង អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក ហូឡង់ ហើយ​និង​លុចសំបួរ។ សន្ធិសញ្ញា​ក្រុង​រ៉ូម សំដៅ​ដល់​សន្ធិសញ្ញា​ពីរ គឺ​សន្ធិសញ្ញា​ស្តី​ពី​សហគមន៍​អឺរ៉ុប​ផ្នែក​ថាមពល​អាតូមិក ហើយ​និង​សន្ធិសញ្ញា ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​សហភាព​អឺរ៉ុប​រហូត​ដល់​សព្វថ្ងៃនេះ។

សន្ធិសញ្ញា​ដែល​សំខាន់ គឺ​សន្ធិសញ្ញា​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប។ សន្ធិសញ្ញា​នេះ​បាន​ចែង​ពីការ​បង្កើត​សហភាព​ពន្ធគយ​រួមគ្នា និង​បង្កើត​ឲ្យ​មាន​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ​ចេញចូល របស់​មនុស្ស សេវា ទំនិញ ហើយ និងលំហូរ​មូលធន ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុង​រ៉ូម។ សន្ធិសញ្ញា​បាន​ចែង​ផងដែរ ពី​ច្បាប់​វិន័យ ដើម្បី​ជៀសវាង​ការប្រកួតប្រជែង មិន​ស្មើភាព និង​ដើម្បី​ហាមឃាត់​ការលួចបន្លំ ដើម្បី​យក​ចំណេញ​តែម្នាក់ឯង​របស់​ប្រទេស​សមាជិក​ណាមួយ។

ពី​មួយឆ្នាំ ទៅ​មួយឆ្នាំ ជាមួយ​នឹង​កំណើន​នៃការដោះដូរ​សេដ្ឋកិច្ច ដែល​ជាលទ្ធផល​នៃ​ការគ្មាន​របាំងរនាំង​ពន្ធគយ នៅ​ព្រំដែន សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប កាន់តែ​រីកមាឌ វិសាលភាព​ធំៗ​ឡើង និង​បាន​ប្រែក្លាយ​ជា​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​សមាជិក​សរុប​ចំនួន ២៨​ប្រទេស។ ក្នុង​រយៈពេល​៦០​ឆ្នាំទៅនេះ ស្ថាប័ន​ជាច្រើន​បាន​កើតចេញឡើង ដែល​មាន​ដូចជា​គណៈកម្មការ​អឺរ៉ុប សភា​អឺរ៉ុប និង​តុលាការ​ជាដើម​អឺរ៉ុប។

សហភាព​អឺរ៉ុប​ប្រារព្ធ​ខួប​៦០ឆ្នាំ ក្នុង​កាលៈទេសៈ​ដែល សហភាព​អឺរ៉ុប ​កំពុង​ជួប​ការបែកបាក់
សមាជិក​របស់​សហភាព​អឺរ៉ុប​បាន​កើនឡើង​ពី ៦ នៅ​ដំបូងទី មក​ចំនួន ២៨​ប្រទេស។ លំហ​Schengen បាន​បើកផ្លូវ​ឲ្យ​ប្រជាជន​នៅ​អឺរ៉ុប​ធ្វើដំណើរ​ដោយ​សេរី។ ការសិក្សា​របស់​និស្សិត​អឺរ៉ុប​ក៏​ត្រូវ​បាន​បើកទូលាយ និង​ទទួល​បានជំនួយ​ពីកម្មវិធី​អឺរ៉ុប ដូចជា Eramus ជាដើម។ នេះ​គេ​នៅមិនទាន់​និយាយ​ពី​លុយ​អឺរ៉ូ រូបិយបណ្ណ​អឺរ៉ុប រួម ដែល​បាន​ជួយ​សម្រួល​ច្រើន ក្នុង​ការចាយវាយ​របស់​ប្រជាជន​អឺរ៉ុប។

សហភាពអឺរ៉ុប​នៅ​តែ​ជាគំរូ​នៃ​ការរួបរួម​គ្នា បើទោះបី​ជា​ពេលខ្លះ ត្រូវ​ជួប​វិបត្តិ​ផ្ទៃក្នុង ក៏ដោយ។ ជាការពិត ប្រទេស​ដែល​បាន​សម្រេចចេញ ឬ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ក៏ដោយសារ​តែ​គេមើលឃើញ​ប្រយោជន៍​របស់​ស្ថាប័ន​អឺរ៉ុប។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​មធ្យម ដូច​ក្រិក ឬ​ទន់ខ្សោយ ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត ដូចជា​ប៉ូឡូញ ជាដើម បាន​ទទួល​ជំនួយថវិកា​ច្រើនណាស់​ពី​សហភាព​អឺរ៉ុប។

ចំណែក​អង់គ្លេស​វិញ ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ទី ២ បន្ទាប់​ពី​អាល្លឺម៉ង់ នៅ​អឺរ៉ុប​បាន​ចូលជាសមាជិក​កន្លងមក ដើម្បី ទាញយក​ប្រយោជន៍​ពី​ទីផ្សារ​អឺរ៉ុប ដែលនៅក្នុង​នោះ អង់គ្លេស​អាចគេចផុត​ពី​ការបង់ពន្ធ​លើ​ទំនិញ​របស់ខ្លួន។ ប៉ុន្តែ អង់គ្លេស សម្រេច​ដើរចេញ​សហភាព​អឺរ៉ុប​នៅពេលនេះ ក៏ដោយសារ​តែ​អង់គ្លេស​គិត​ឃើញថា ប្រយោជន៍​ដែល​ខ្លួន​បាន​ពី​សហភាព​អឺរ៉ុប គឺ​តិច​ជាង​កម្លាំង​ដែល​ខ្លួន​បាន​បរិច្ចាគ​ទៅ​ឲ្យ​អឺរ៉ុប។ ប្រជាជន​អង់គ្លេស​បោះឆ្នោត ចាកចេញ​ពី​សហភាព​អឺរ៉ុប ក៏ដោយសារ​តែ​មិន​ចង់​រងការដាក់គំនាប​ឲ្យ​​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍​របស់​អឺរ៉ុប។ សូមបញ្ជាក់ថា កន្លងមក ដោយសារ​តែ គ្មានការកំណត់​ព្រំដែន​សម្រាប់​អ្នកធ្វើការ​នៅ​អឺរ៉ុប ប្រជាជន​នៅ ប្រទេស​អឺរ៉ុប​ខាងកើត​ជាច្រើន​បាន​ចូល​ទៅធ្វើការ​ដោយ​សេរី នៅ​ប្រទេស​អង់គ្លេស។ នៅ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង ប្រជាជន​អង់គ្លេស​ជាច្រើន​វាយតម្លៃថា គឺ​ប្រជាជន​បរទេស ដែល​បាន​មក​ដណ្តើម​ការងារ​របស់ពួកគេ។ អង់គ្លេស​សម្រេច​ចាកចេញ​ពីសហភាព​អឺរ៉ុប​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។

អឺរ៉ុប​នៅ តែ​សាមគ្គីគ្នា
សហភាព​អឺរ៉ុប​បាន​បាត់បង់​អង់គ្លេស ដែល​ជា​សមាជិក​សកម្ម ផ្តល់​វិភាគច្រើន​ច្រើន​គួរសម​មួយ ក្នុង​កញ្ចប់​ថវិកា​អឺរ៉ុប។ ការចាកចេញ​របស់​អង់គ្លេស បាន​ស្តែង​ពីការបាក់បែក​ផ្ទៃក្នុង​របស់​អឺរ៉ុប។ ប៉ុន្តែ អឺរ៉ុប​ទាំងមូល​បែកបាក់ និង​ដួលរលំ​ដោយសារ​តែ​គ្មាន​អង់គ្លេស​នោះទេ។ អឺរ៉ុប​នៅ​តែ​បោះជំហាន​ទៅមុខ ទោះ​ជា​គ្មាន​អង់គ្លេស។

ក្រិក ហើយ​និង ប៉ូឡូញ ប្រទេស​ទាំង​ពីរចេញមុខ​តវ៉ា​ច្រើន​ជាងគេ ដោយសារ​តែ ពួកគេ​មិន​ចង់​អឺរ៉ុប ភ្លេច ទុក​ពួកគេ នៅ​កន្លែង គន្លៀត​ជញ្ជាំង​មួយ​តែ​ប៉ុណ្ណោះ។ ក្រិក ដែល​ជាប់​វិបត្តិប្រាក់បំណុល​ចង់​ទាមទារ​ឲ្យ​សហភាពអឺរ៉ុប ដែល​ជា​ម្ចាស់​ប្រាក់បំណុល​មួយផ្នែក យោគយល់ អធ្យាស្រ័យ កុំ​សង្កត់​ក​ប្រជាជន​ក្រិក ឲ្យត្បិតត្បៀត​ខ្លាំង រហូត​ត្រូវ​បាត់បង់សេវា​សង្គម។ ចំណែក​ប៉ូឡូញ​វិញ ដែល​ទទួល​ប្រាក់​ជំនួយ​ច្រើនជាងគេ បំផុត ពី​សហភាព​អឺរ៉ុប មិន​ចង់​លឺ ពាក្យថា អឺរ៉ុប​មាន​បែងចែក​ច្រើនក្រុម និង​អាច​ចូលរួម ទៅតាម​សមត្ថភាព និង​ល្បឿន​របស់ខ្លួន។

សហភាព​អឺរ៉ុប​ដែល​ដឹកនាំ​មុខ​ដោយ​ប្រទេស​សេដ្ឋកិច្ច​សំខាន់ៗ ដូចជា​អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និង​អ៊ីតាលី​បាន​ស្តាប់លឺ​ពី​កង្វល់​របស់​ក្រិក និង​ប៉ូឡូញ ប៉ុន្តែ គឺ​ដើម្បី ជៀសវាង​កុំ​ឲ្យ​គេ​ចោទថា យន្តការ​អឺរ៉ុប មិន​ដំណើរការ និង​ដើម្បី​អនាគត​អឺរ៉ុប​មួយថ្មី ទើប​អឺរ៉ុប​ចង់ អនុម័ត​វិធានការ​ថ្មីៗ នៅ​តាម​វិស័យ​មួយចំនួន ដោយ​មិនចាំបាច់ ត្រូវ​រង់ចាំ​ឲ្យ​មាន​ការបោះឆ្នោត យល់ព្រម​ទាំងស្រុង​របស់​ប្រទេស​សមាជិក។

ការកើនឡើង​នៃ​ចលនា​ប្រជាពិថុត ក្រោយ​ការបោះឆ្នោត​លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក វិបត្តិ​ជនភៀសខ្លួន ការគំរាមកំហែង​របស់​ក្រុមភេរវនិយម ថ្នាក់ដឹកនាំ​របស់​ប្រទេស​អឺរ៉ុប​កំពុង​ប្រឈម​នឹងពិភពលោក​មួយ​ដែល​មិនច្បាស់លាស់។ គេសង្ឃឹមថា ការដកំណែទម្រង់​អឺរ៉ុប​ដ៏​ស៊ីជម្រៅ​ នឹង​អាច​ធ្វើ​ឡើង នៅ​ក្រោយ​ការបោះឆ្នោត​នៅប្រទេស​អាល្លឺម៉ង់ ហើយ​និង​បារាំង ដែល​នៅក្នុង​នោះ ក្រុមគណបក្ស​ស្តាំ​ជ្រុលនិយម ដែល​ស្អប់​ជនបរទេស កំពុង​ឡើងកូដខ្លាំង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ