អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយភេរវកម្ម ​ជំនាញ​សន្តិសុខ​និង​ចារកិច្ច​ឡើង​កូដ​ខ្លាំង​នៅ​សាកលវិទ្យាល័យ​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​រងភេរវកម្ម​មួយ​ហើយ​មួយ​ទៀត កណ្តាល​ក្រុង​ប៉ារីស និងពាក្យ​ថា​ប្រឈម​នឹង​​គំរាម​កំហែង​ភេរវកម្ម​លាន់​ចេញ​ស្ទើរគ្រប់​មាត់​មក សកលវិទ្យាល័យ​បារាំងបាន​ចាប់​ពង្រីកមុខ​វិជ្ជា​ជំនាញ​ថ្មី​ ក្នុង​ផ្នែក​សន្តិសុខ​និង​ចារកិច្ច។ ការបើក​ជំនាញ​ថ្មី​កាន់​តែ​ច្រើន​ឡើងៗ​នេះ គឺ​ដើម្បីបំពេញ​បំណងស្រេកឃ្លានចង់​ដឹង​​របស់​​​និស្សិត​ផង និង​​ដើម្បី​បំពេញ​តម្រូវការ​​​របស់​រដ្ឋ​ផង។

កម្មវិធី​ប្រកាស​អាសន្ន​ភេរវកម្ម​ ដែល​ជា​អភិវឌ្ឍន៍​សម្រាប់​បញ្ជូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ
កម្មវិធី​ប្រកាស​អាសន្ន​ភេរវកម្ម​ ដែល​ជា​អភិវឌ្ឍន៍​សម្រាប់​បញ្ជូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ Damien MEYER / AFP
ផ្សាយពាណិជ្ជកម្ម

ជា​និស្សិត​ច្បាប់ និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វិទ្យាសាស្ត្រ​សង្គម ឆ្នាំ​ទីពីរ ទីបី ... នៅ​ឡើយ​ ប៉ុន្តែ​ពួក​គេ​ចង់​ធ្វើ​ជា​មនុស្ស​មាន​ប្រយោជន៍ និង​បាន​ស្ម័គ្រ​ចិត្ត​ចូល​បំរើ​យោធា ក្នុងនាមជា​ទ័ព​បំរុង។ ខ្លះ​រៀន​ចប់​​បរិញ្ញា​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ​រៀន​បន្ត​ថ្នាក់​អនុ​បណ្ឌិត ដើម្បី​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ ...។ ប្រឈម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ យុវជន​បារាំង​ កាន់​តែ​ច្រើន​ឡើង​ៗ​ ​បាន​បង្ហាញ​ឆន្ទៈចង់​បំរើ​ជាតិ មិន​ចង់​នៅ​ឈរ​ស្ងៀម​អោប​ដៃ​គៀន​ជញ្ជាំងការពារ​តែ​ប្រយោជន៍​បុគ្គល​ទេ។ ​តើ​នេះ​ជា​និន្នាការ​ថ្មី មែន​ទេ ?

សម្រាប់​អតីត​នាយក​រង​ទីភ្នាក់ងារ​ចារកិច្ច​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុងជាតិ និង​ជា​សាស្ត្រាចារ្យ​វាគ្មិន នៅវិទ្យាស្ថាន​វិទ្យាសាស្ត្រ​នយោបាយ​ក្រុង​ប៉ារីស Sciences-Po ​ដ៏​ល្បីល្បាញ ហេតុការណ៍​ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស កាលពីថ្ងៃទី ១៣​វិច្ឆិកា ២០១៥ បាន​ដាស់​កន្ត្រាក់​​សតិ​យុវជន​បារាំង​ ឱ្យ​ផ្តើម​ត្រិះរិះពិចារណា ថាតើ​ត្រូវ​ធ្វើដូច​ម្តេច​ទើប​មាន​ប្រយោជន៍​ ប្រឈម​​នឹងការ​គំរាម​កំហែង​ភេរវកម្ម។​

តាំង​ពី​មាន​ហេតុការណ៍​ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស​មក ចរន្ត​ដាក់​ពាក្យ​សុំ​ចូល​កងទ័ព​បំរុង ដោយ​ស្ម័គ្រ​ចិត្ត​ បាន​កើន​ឡើង​ទ្វេ​ដង​ប្រើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ ពេល​ភ្នាក់ងារ​ចារកិច្ច​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សាកលវិទ្យាល័យ​ និស្សិត​បាន​ចូល​មក​ត្រង​ត្រាប់​ស្តាប់​យ៉ាង​យកចិត្ត​ទុក​ដាក់ និង​ណែន​សាល។

ម្យ៉ាង​វិញ​ទៀត ក្រៅ​អំពី​ការ​ស្ម័គ្រ​ចិត្តចូល​បំរើ​​ទាហាន​ រដ្ឋាភិបាល​ក៏​បាន​បើក​យុទ្ធនាការ​ជ្រើសរើស​ប៉ូលិស/​យោធា​ដែរ ៖ បង្កើត​ប៉ុស្តិ៍​ថ្មី​ចំនួន​១៤០០​កន្លែង នៅ​រវាង​ពី​ឆ្នាំ​២០១៥-២០១៧ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​១១០០កន្លែង​សម្រាប់​សេវាចារកិច្ច និង​រហូត​ដល់​ឆ្នាំ​២០១៨ ក្រសួង​​ការពារ​ជាតិត្រូវ​ការ​ជ្រើសរើសទាហាន​​៨០០​នាក់។នៅ​ខាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ទូទៅ មាន​ការ​ជ្រើសរើស​បុគ្គលិក​៦០០​នាក់​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​នៅ​ឆ្នាំ​២០១៩ ចំនួន​ភ្នាក់ងារ​ចារកិច្ច​បាន​ឡើង​ដល់​៧០០០​នាក់។

ទីផ្សារការងារ​ដែល​មាន​បើក​ច្រក​ធំ​ខ្លាំង​ចាំ​ទទួល​​​ទៀតនោះ គឺ​សម្រាប់​អ្នក​មាន​ឯកទេស​ផ្នែក​ទូរគមនាគមន៍ និង​ព័ត៌មាន​វិទ្យាវិទ្យា បច្ចេកទេស​ជាន់ខ្ពស់ វិស្វករ ឬ អ្នក​វិភាគ កូដគ្រីប ... ហើយ​បើ​ចេះ​ភាសា​កម្រ​ទៀត រុស្ស៊ី អារ៉ាប ចិន ឬ​ក្រៀម​ភាសា​ក្នុង​តំបន់​មាន​ជម្លោះ​ទៀត​ កាន់​តែ​ប្រសើរ។ ចេញ​ពី​សាលា ពី​មហាវិទ្យាល័យ ជាមួយ​សញ្ញាប័ត្រ​បឋម​មែន តែ​មាន​ឯកទេស​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែត ឬ​វិស្វករ​ Big data មិន​ត្រឹមតែជា​ចំណាប់​អារម្មណ៍​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិទេ តែ​ថែម​ទាំង​​បាន​ទទួល​ប្រាក់​ខែ​ខ្ពស់​ទៀត។

ទឹក​ចិត្ត​ពលរដ្ឋ​ក៏​មាន តម្រូវការ​របស់​រដ្ឋក៏​ធំ សូម្បី​តែ​សេវាកម្មឯកជន​ក៏​ត្រូវ​ការ​អ្នក​ជំនាញ​សន្តិសុខ​និង​សុវត្ថិភាព​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាកលវិទ្យាល័យ​បារាំង​​ បាន​ផ្តួច​ផ្តើម​បង្កើតនិង​បង្កើន​​មុខវិជ្ជា​ជំនាញ​ផ្នែក​ការពារ​ និង​សន្តិសុខ។ បច្ចុប្បន្ន​នេះ គេ​រាប់​ឃើញ​មាន​​ការ​បង្រៀន​ជំនាញឯកទេស​​ផ្នែក​សន្តិសុខ និងយោធា​ ចំនួន​៦៧ ជំនាញ​ ក្នុង​នោះ ២៥​ ជា​មុខវិជ្ជា​របស់អ្នក​សិក្សា​ផ្នែក​​វិទ្យាសាស្ត្រ​សង្គម​ នៅ​សាកលវិទ្យាល័យ​ច្បាប់​ Sorbonne  ឬ​វិទ្យាសាស្ត្រ​នយោបាយ Sciences-Po ជា​ដើម។ នេះ​បើ​តាម​ការ​រៀប​រាប់​លម្អិត​របស់​នាយក​​បំពាក់បំប៉ន​​នៃ​វិទ្យាស្ថាន​ជាតិ​យោធា​ជាន់​ខ្ពស់។

មាន​ន័យ​ថា នៅ​ពេលនេះ​មហាវិទ្យាល័យ បាន​ផ្តើម​គិត​គូរ​ ពង្រីក​ជំនាញ​ណា​ដែល​អនុញ្ញាត​ឱ្យ​​ និស្សិត​អាច​តម្រង់​ទិស និង​សម្រួច​ខ្លួន​ទៅ​លើ​ផ្នែក ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ច្បាប់​សន្តិសុខ​ហិរញ្ញវត្ថុ និង​នយោបាយ​ការពារជាតិ​សាធារណៈ សុវត្ថិភាព​អ៊ីនធ័រនែត ការ​ចាត់ចែងហានិភ័យ ចារកិច្ច និង​ការសម​វិបត្តិ ។ល។ និង។ល។ កម្មវត្ថុ​របស់​សាកល​វិទ្យាល័យ គឺ​បំពាក់​បំប៉ន​និស្សិត​ឱ្យ​ក្លាយ​ទៅ​ជា​បុគ្គលិក​​ជាន់ខ្ពស់​មាន​សមត្ថភាព​អាច​យល់​ភាសា​វិស្វករ​ និង​ល្បែង​ល្បង​បច្ចេកទេស​នៃសុវត្ថិភាព​ ដែល​បារាំង​នៅ​មាន​​ការ​ខ្វះខាត​ធនធាន​មនុស្ស​​ខ្លាំង​នៅ​ឡើយ។

ប៉ុន្តែ​ទម្រាំ​បំពាក់បំប៉ន​បាន​ តើ​អាច​ជា​ការ​យឺត​ពេល​បន្តិច​ទេ ?​ ទីផ្សារ​ការ​ងារ​បែប​នេះងាយ​​នឹង​រួម​តូច​ទៅ​វិញណាស់ ព្រោះ​​អ្វីៗ​អាច​ប្រែប្រួល​​លឿន ទៅ​តាម​ស្ថានភាព​នយោបាយ​។ បើ​ស្ថានភាព​នយោបាយ​បាន​ធូរស្រាល នោះ​ទីផ្សារ​សន្តិសុខ​សុវត្ថិភាព​ក៏​លែង​សូវ​ទាក់ទាញ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ