ហេតុអ្វីអឺរ៉ុបចាត់ទុកការបោះឆ្នោតសភានៅហូឡង់ជាវិញ្ញាសាសាកល្បង ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០១
ហូឡង់ប្រទេសដ៏តូចមានប្រជាជនប្រមាណ១៧លាននាក់ បានរៀបចំការបោះឆ្នោតសភានៅថ្ងៃពុធទី១៥មីនា ២០១៧។ ជាការបោះឆ្នោតដែលមានគណបក្សតូចធំមធ្យមដល់ទៅ២៨ចូលរួមប្រកួត។ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានទេ គិតចាប់ពីសង្គ្រាមលោកលើកទីពីរមក ! បន្ទាប់ពីឆ្លងកាត់យុទ្ធនាការឃោសនាដែលផ្តោតខ្លាំងលើវិបត្តិអត្តសញ្ញាណជាតិ វិបត្តិការទូតជាមួយតួកគី ការបោះឆ្នោតសភាហូឡង់នៅថ្ងៃនេះ ត្រូវបានចាត់ទុកជារង្វាស់ ស្ទង់កំរិតនយោបាយប្រជាភិថុតនៅអឺរ៉ុប។
បន្ទាប់ពីលទ្ធផលប្រជាមតិអង់គ្លេសដើរចេញពីអឺរ៉ុប និងជោគជ័យរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតីអាមេរិក ពេលនេះគ្រប់ចក្ខុកំពុងសំលឹងផ្តោតទៅលើការបោះឆ្នោតនៅប្រទេសហូឡង់។ ហូឡង់ដែលមិនខុសពីបណ្តាលប្រទេសផ្សេងៗនៅលើពិភពលោក កំពុងរងព្យុះនៃចរន្តជាតិនិយម។ បក្សដើម្បីសេរីភាពរបស់លោក Geert Wilders ដែលជាបក្សស្តាំនិយមជ្រុល ស្អប់ខ្ពើមអ៊ីស្លាម អឺរ៉ុប និងអន្តោប្រវេសន៍ បាននាំមុខគេអស់ជាច្រើនខែ មុនធ្លាក់ចុះបន្តិចមកវិញ។ អាចធ្លាក់ចុះមកនៅលំដាប់ទី៥ ក៏ព្រោះតែនយោបាយជ្រុលនិយមក្នុងវិបត្តិជាមួយតួកគី កាលពីចុងសប្តាហ៍កន្លងទៅ មិនត្រូវចិត្តប្រជាពលរដ្ឋ។ នេះបើគេជឿលើការស្ទង់មតិចុងក្រោយ។
ប៉ុន្តែបក្សស្តាំនិយមជ្រុលដ៏ក្មេងខ្ចីមួយនេះ បានក្លាយជាបក្សនយោបាយដ៏សំខាន់មួយរបស់ហូឡង់ ហើយព្រមទាំងអាចទទួលបានសំឡេងគាំទ្រច្រើនបំផុតនៅលើនេះ គិតចាប់តាំងពីបក្សបានបង្កើតឡើងនៅឆ្នាំ២០០៦មក និងទទួលបានអាសនៈនៅក្នុងសភាពី១៩ ទៅ២២កៅអី។ ប្រសិនបើអ្នកស្តាំនិយមជ្រុលហូឡង់ ពិតជាបានទទួលជ័យជំនះបែបនេះមែន នោះសម្ព័ន្ធមិត្តផ្នែកមនោគមវិជ្ជានៅបារាំងនិងនៅអាល្លឺម៉ង់ កាន់តែមានទឹកចិត្តនិងមានសង្ឃឹមខ្លាំងដែរ ព្រោះប្រទេសក្បាលម៉ាស៊ីនអឺរ៉ុបពីរនេះ ក៏នឹងត្រូវរៀបចំការបោះឆ្នោតក្នុងពេលឆាប់ៗនេះដែរ។
វិសមភាពសង្គម
នៅក្នុងអំឡុងពេលឃោសនា លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ Mark Rutte នៃបក្សសេរីប្រជាជននិងប្រជាធិបតេយ្យ បានសាកល្បងប្រែក្លាយការបោះឆ្នោតទៅជាការតស៊ូមួយទល់នឹងមួយជាមួយលោកGeert Wilders និងធានាអះអាងប្រាប់ពលរដ្ឋហូឡង់ទូទៅថាត្រូវធ្វើជម្រើសរវាង ស្ថិរភាពនិងភាពជ្រួលច្របល់។ ប៉ុន្តែពលរដ្ឋហូឡង់ចំនួនច្រើននៅឡើងនៅតែពុំទាន់ធ្វើសេចក្តីសម្រេចចិត្តទៀត មកដល់ថ្ងៃបោះឆ្នោតទៅហើយ។
បើមើលទៅលើបរិបទសេដ្ឋកិច្ច បក្សកាន់អំណាចដែលបានស្តារប្រទេសឱ្យរួចផុតពីវិបត្តិ គួរណាស់បានទទួលការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងអាចប្រមូលសំឡេងភាគច្រើនដាច់ខាតបានសម្រាប់បង្កើតរដ្ឋាភិបាលម្នាក់ឯង តែនយោបាយស្រោចស្រង់សេដ្ឋកិច្ចជាតិរបស់បក្សសេរីនិយមផុតអាណត្តិ បានជីករូងឱ្យមានគម្លាតនិងវិសមភាពសង្គម កាន់តែជ្រៅ ទៅតាមពេលវេលា។ គម្លាតនេះហើយដែលបានដាស់ស្រទាប់ពលរដ្ឋថ្នាក់កណ្តាល ឱ្យងាកទៅគាំទ្របក្សស្តាំនិយមជ្រុលរបស់លោក Geert Wilders។
កត្តាមួយទៀតដែលជំរុញឱ្យបក្សស្តាំនិយមជ្រុលមានប្រជាប្រិយភាពកើនឡើងឥតឈប់នោះ គឺហូឡង់ក៏ដូចជាបណ្តាប្រទេសនៅក្នុងអឺរ៉ុបផ្សេងទៀត សុទ្ធតែកំពុងឆ្លងកាត់វិបត្តិអន្តោប្រវេសន៍ ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានគិតចាប់ពីសង្គ្រាមលោកលើកទីពីរមក។ ប្រធានបទអត្តសញ្ញាណជាតិ សាសនា អន្តោប្រវេសន៍ បានគ្របដណ្តប់ខ្លាំងក្នុងពេលឃោសនា។ លោក Geert Wilders បានសន្យាហាមឃាត់ការលក់គម្ពីរធម៌អ៊ីស្លាមកូរ៉ង់ បិទវិហារអ៊ីស្លាម បិទទ្វារប្រទេសប្រឆាំងនឹងអន្តោប្រវេសន៍អ៊ីស្លាម ... បក្សកាតូលិកប្រជាធិបតេយ្យបក្សអភិរក្សដ៏ចំណាស់របស់ហូឡង់ ក៏បានលេចមុខលេចមាត់ឡើងវិញ បើកចំហការតស៊ូមតិស្តីពីការកាន់សញ្ជាតិពីរផង។
គ្មានអ្នកឈ្នះធំ
លទ្ធផលឆ្នោត (ដែលត្រូវរាប់ដោយដៃ មិនមែនតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីចៀសវាងការវាយប្រហារ) នៅសប្តាហ៍ក្រោយជាការអារកាត់សេចក្តីថាតើនយោបាយប្រជាភិថុតនៅហូឡង់ចម្រើនបានប៉ុណ្ណា។ ប៉ុន្តែទោះក្នុងស្ថានភាពណាក៏គេបានដឹងជាស្រេចថា ការបោះឆ្នោតនេះនឹងគ្មានអ្នកឈ្នះដាច់ឡើយ ! ហើយបក្សដើម្បីសេរីភាព ទោះបានទទួលសំឡេងច្រើនយ៉ាងណាក៏ដោយ ក៏ទំនងជាគ្មានសំណាងបានចូលរួមបង្កើតរដ្ឋាភិបាលទេ !
លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ ដែលកំពុងនាំមុខគេនៅថ្ងៃនេះ បានប្រកាសហើយថានឹងមិនចរចាជាមួយបក្សស្តាំនិយមជ្រុលនេះឡើយ។ ជាមួយនឹងវត្តមានគណបក្សដល់ទៅ២៨ ប្រកួតប្រជែងដណ្តើមអាសនៈ១៥០ បូកផ្សំជាមួយរបៀបគិតសំឡេងឆ្នោតតាមបែបសមមាត្រទាំងស្រុង ហូឡង់ទំនងជាត្រូវប្រើពេលយូរដល់រាប់ខែ សម្រាប់បង្កើតរដ្ឋាភិបាលចម្រុះ ព្រោះត្រូវចរចាជាមួយបក្សតូចៗនិងមធ្យម។ តាមទម្លាប់រដ្ឋាភិបាលប្រទេសហូឡង់ច្រើនតែប្រសូតចេញពីបន្សំនៃបក្ស ពីរទៅ ឬ៥បក្សផងក៏មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ