អានតួអត្ថបទ

ប្រទេស​ហូឡង់​បោះឆ្នោត​សភា​ ក្នុង​ផ្ទៃ​នៃ​សន្ទុះ​ជាតិ​និយម​ជ្រុល

​ថ្ងៃពុធ​ទី ១៥ មីនា ២០១៧ ប្រទេស​ហូឡង់​បាន​រៀប​ចំ​ការ​បោះឆ្នោត​សភា​ ដែល​ជា​វិញ្ញាសា​ដ៏​សំ​ខាន់ ​​សម្រាប់​ប្រទេស និង​សម្រាប់​អឺរ៉ុប​ទាំង​មូល​ផង ព្រោះ​ចរន្ត​ជាតិ​និយម​ ​​ស្អប់​ខ្ពើម​អឺរ៉ុប អន្តរប្រវេសន៍ ស្ទុះ​ឡើង​ខ្លាំង​ គ្រប់​ទិសទី មិន​ថា​នៅ​ហូឡង់ ឬ​បារាំង ឬ​អាល្លឺម៉ង់​ទេ។ ​​​ ថ្វីបើ​ប្រទេសហូឡង់​​មានកំណើន​​សេដ្ឋកិច្ច​ល្អ​ជាង​គេ​នៅ​ក្នុង​តំបន់ ចំនួន​អ្នក​អត់​ការ​ងារ​ធ្វើ​​ទាប អតិផរណា​ជាតិ​សម​រម្យ​មែន ប៉ុន្តែ​ពលរដ្ឋ​ហូឡង់ភាគ​​ច្រើន​នៅ​អល់​អែក​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត ! និងច្រើន​នាក់​​ចង់​ផ្តល់​ទំនុក​ចិត្ត​លើបក្ស​ដើម្បី​សេរីភាព​ដែល​ជា​​ចលនា​​​ស្តាំ​និយម​ជ្រុល​និយម​​។

ការ​បោះឆ្នោត​នៅ​ក្រុង​  La Hayeប្រទេស​ហូឡង់ ថ្ងៃទី ១៥​មីនា ២០១៧
ការ​បោះឆ្នោត​នៅ​ក្រុង​ La Hayeប្រទេស​ហូឡង់ ថ្ងៃទី ១៥​មីនា ២០១៧ REUTERS/Michael Kooren
ផ្សាយពាណិជ្ជកម្ម

ស្ទើរ​តែ​គ្មាន​ឱនភាព​ថវិកា​សោះ​នៅ​ឆ្នាំ​នេះ និង​កំណើន​សេដ្ឋកិច្ច​លើស​ពី​២% សេដ្ឋកិច្ច​ប្រទេស​ហូឡង់​​មាន​សុខភាព​ល្អ​ជាង​គេ និងមាន​ភាព​ប្រកួត​ប្រជែង​ខ្លាំងជាង​គេ​​​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ! ខុស​ស្រឡះ​កាលពី​បី​ឆ្នាំ​មុន​ ដែល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ អត្រាអ្នក​អត់ការងារ​ធ្វើ​ឡើង​ដល់​១០% ...

ប្រទេស​បាន​ងើប​ឡើង​វិញតាំង​ពី​ឆ្នាំ​២០១៤ ចំនួន​អ្នក​អត់ការងារ​ធ្វើ​ថយ​អស់​ពាក់​កណ្តាល ដោយ​សារ​តែ​កំណែទម្រង់​រចនា​សម្ព័ន្ធ​​ក្រុមហ៊ុន​សហគ្រាស  និង​​នយោបាយ​គាប​រិតត្បិត​ថវិកា​របស់​រដ្ឋាភិបាលលោក Mark Rutte នៃ​​បក្ស​ស្តាំ​កណ្តាល​និយម​។

​ទោះបី​​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ចរន្ត​ជាតិ​និយម​ជ្រុលមិន​ចុះ​ខ្សោយ​ទេ ! ​ បក្សស្តាំ​និយម​ជ្រុល​ដើម្បី​សេរីភាពរបស់​លោក Geert Wilders កំពុង​ប្រដេញ​កែង​​​បក្ស​សេរី​ប្រជាជន​និង​ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្ត្រី (នៅ​ក្នុង​ចំណោម​​បក្ស​តូច​ធំ​មធ្យម​ទាំង​​២៨ ចូលប្រកួត​​ដណ្តើម​អាសនៈ១៥០​នៅក្នុង​សភា)។​ បក្ស​កាន់​អំណាច​នៅ​តែ​មាន​ការ​គាំទ្រ​​ច្រើន​​មែន តែ​អាច​​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភាប្រមាណ​ពី ២៤​ទៅ​២៨​ប៉ុណ្ណោះ ក្នុង​ចំណោម​អាសនៈ​សរុប​១៥០កៅអី បើ​ប្រៀប​ទៅ​នឹង​៤០​អាសនៈ​ក្នុង​សភា​ផុត​អាណត្តិ។ គណបក្ស​នេះ​ទំនង​ជា​ត្រូវ​​​សហការ​ជាមួយ​បក្ស​នយោបាយ​ផ្សេងៗ​ទៀត​ដើម្បី​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

ផ្ទុយ​ទៅ​វិញ ​បក្ស​ដើម្បី​សេរីភាព របស់​លោក Geert Wilders ដែល​ជា​បក្ស​ស្តាំ​និយម​ជ្រុល​ ប្រឆាំង​អ៊ីស្លាម ប្រឆាំង​អឺរ៉ុប និងអន្តោប្រវេសន៍​ បាន​នាំ​មុខ​រហូត​ តាំង​ជា​ច្រើនខែ​​មក​ហើយ នៅ​ក្នុង​ការស្ទង់​មតិ ! មុននឹ​ងធ្លាក់​មក​លំដាប់​ទីពីរ ឬក៏​​អាច​ធ្លាក់​ដល់​ទៅ​៥​ បើ​តាម​គំនូស​សន្ទទស្សន៍​ចុងក្រោយ តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​គណបក្ស​នេះ​នៅ​តែ​សង្ឃឹម​ថា​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ។ ​ក្នុង​ប្រព័ន្ធ​សមមាត្រ​ដូច​នៅ​ហូឡង់ ការ​ឡើង​​ចុះ​សំឡេង ​អាច​ធ្វើ​ឱ្យ​​ទម្ងន់​នៃ​បង្កើត​រដ្ឋាភិបាល​ផ្កាប់​​ផ្ញារបាន​យ៉ាង​ស្រួល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ