អានតួអត្ថបទ
សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​ចាប់គិតគូរ​ពី​អនាគត​​ដែល​គ្មាន​​អង់គ្លេស

នៅ​ថ្ងៃសុក្រ ទី ១០​មីនា ថ្ងៃ​​ទីពីរ នៃ​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប ដែល​បើកធ្វើ​នៅ​ទីក្រុង​ព្រុចសែល មេដឹកនាំ​ប្រទេស​សមាជិក​អឺរ៉ុប ទាំង​២៧ បាន​ជួប​ពិភាក្សា ដើម្បី​រិះរក គូរវាស​ឡើងវិញ សហភាព​អឺរ៉ុប ដែល​គ្មាន​ប្រទេស​អង់គ្លេស។ អង់គ្លេស ដែល​ជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​មួយ​របស់​អឺរ៉ុប​បាន​សម្រេច​ដើរចេញ​ពី​សហភាពអឺរ៉ុប នៅក្នុង​ការបោះឆ្នោត ប្រជាមតិ កាលពី ពាក់​កណ្តាល​ឆ្នាំមុន។

ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោកDonald Tusk, នាយករដ្ឋមន្រ្តីស៊ុយអែត Stefan Lofven,និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel​មុន​ចូលតុ​ពិភាក្សា​ក្នុង​ជំនួប​កំពូល​អឺរ៉ុប ថ្ងៃទី ១០​មីនា ២០១៧
ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោកDonald Tusk, នាយករដ្ឋមន្រ្តីស៊ុយអែត Stefan Lofven,និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel​មុន​ចូលតុ​ពិភាក្សា​ក្នុង​ជំនួប​កំពូល​អឺរ៉ុប ថ្ងៃទី ១០​មីនា ២០១៧ REUTERS/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​របស់​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​សុក្រនេះ ដោយគ្មាន​វត្តមាន​របស់​លោកស្រី​នាយករដ្ឋមន្រ្តី អង់គ្លេស។ លោកស្រី​តេរ៉េសា មេ​នឹង​គ្មាន​មុខ​នៅក្នុង​កិច្ចប្រជុំ ដែល​នៅក្នុង​នោះ មេដឹកនាំ​របស់​អឺរ៉ុប​ត្រូវ​ពិភាក្សា​ពី​អនាគត​របស់​អឺរ៉ុប នៅក្រោយ ការដើរចេញ ចប់​សព្វគ្រប់​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប។

 

 
នៅក្នុង​ឱកាស​ត្រៀម​រៀបចំ​រំលឹក​ខួប​៦០ឆ្នាំ នៃ​ការកកើត​សហភាព​អឺរ៉ុប តាម​សន្ធិសញ្ញា​ទីក្រុង​រ៉ូម សហភាព​អឺរ៉ុប ដែលមាន​សមាជិក​ថយ​ពី​២៨ មកនៅ ២៧ ចង់​បង្ហាញថា សហភាព​អឺរ៉ុប​នៅ​តែរឹងមាំ បើទោះបី​ជា​បាន​ជួប​វិបត្តិ​អន្តោប្រវេសន៍ និង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប។

សហភាព​អឺរ៉ុប ក្រោយ​ការដើរ​ចេញ​របស់​អង់គ្លេស​ត្រូវការ​កំណែទម្រង់​ផ្ទៃក្នុង​មួយ​ដ៏ចាំបាច់។ សេណារីយ៉ូ​ស្តីពី​អនាគត​ថ្មី​របស់​អឺរ៉ុប​ត្រូវ​បាន​គេ​ពន្លយ​ឲ្យដឹង តាំង​ពី​ជំនួប​ចតុភាគី របស់​មេដឹកនាំ​បារាំង អាល្លឺម៉ង់ អ៊ីតាលី ហើយ​និង​អេស្ប៉ាញ ក្នុង​ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ ដើមសប្តាហ៍​នេះ។ ជំរើស​មាន​ពីរ​សម្រាប់​កសាង​អឺរ៉ុប​មួយ ដែល​គ្មាន​អង់គ្លេស។ ទីមួយ ប្រទេស​សមាជិក​អឺរ៉ុប​ទាំងអស់​ត្រូវតែ​គោរព​តាម​ច្បាប់ បទបញ្ជារ​រួម ដើម្បី ជៀសវាង​ឧបសគ្គ ដែលកន្លងមក កើត​ចេញ​មក​ពី​ការមិនចុះ​សម្រុងគ្នា​ក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប។ គេ​នៅ​ចាំបានថា វិបត្តិ​អន្តោប្រវេសន៍​បាន​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប ស្គាល់​ការបែកបាក់គ្នា​ដ៏ធ្ងន់ធ្ងរ រហូត​ដល់​មាន​ការបោះឆ្នោត​ប្រជាមតិ អនុញ្ញាត​ឲ្យ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប។

ក្នុង​ជម្រើស​ទី២ គឺ​ប្រទេស​នៅ​សមាជិក​អឺរ៉ុប អាច​សម្រេចចិត្ត ចូលរួម តិច ឬ​ច្រើន នៅក្នុង​សកម្មភាព​នយោបាយ​របស់​សហភាព​អឺរ៉ុប។ ជម្រើស​ទាំងពីរ​នេះ​នឹងអនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​នៅតែអាច​បោះឆ្នោត អនុវត្ត​វិធានការ​ណាមួយ ដោយ​មិនចាំ​បាច់ ត្រូវតែ​មាន​សំឡេង គាំទ្រ​ទាំង​២៧ របស់​ប្រទេស​សមាជិក។ ជម្រើស​នេះ​ត្រូវ​បាន​គេគិតគូរ ឲ្យ​តម្លៃខ្លាំង បន្ទាប់​ពី​មានការរិះគន់​កន្លងមកថា សហភាព​អឺរ៉ុប អសមត្ថភាព ដោយសារ​តែការបែកបាក់ និង​គ្មាន​សំឡេងរួម​ពី​ប្រទេស​សមាជិក។

នៅ​ថ្ងៃចន្ទ នៅក្រោយ​ជំនួប​ចតុភាគី លោកស្រី ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ជា​ក្បាល​ម៉ាស៊ីន​របស់​សហភាព​អឺរ៉ុប​បាន​លើកឡើង ពី​អឺរ៉ុប​មួយ ដែល​នឹង​មាន​ជា​ក្រុមផ្សេងៗ​គ្នា ដែល​និង​មិន​ប្រាកដ​ថា មាន​សមាជិក​ទាំង​អស់​អាច​ចូលរួម​ គ្រប់​ដំណាក់កាល ក្នុង​ការសម្រេចចិត្ត។ គំនិត​បែងចែក​ជា​ក្រុមនេះ បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​មួយចំនួន ជាពិសេស​ក្រុមប្រទេស​នៅ អឺរ៉ុប​ខាងកើត ដូចជា​ប៉ូឡូញ ហុងគ្រី សាធារណរដ្ឋ​ឆែក និង​ស្លូវ៉ាគី​ជាដើម​កើតការមិន​សប្បាយចិត្ត ដោយយល់​ថា ខ្លួន​នឹង​រងការរើសអើង មិន​ផ្តល់តម្លៃ។ គឺ​ក្រុមប្រទេស​Visgrad នេះ​ ដែលកន្លងមក ​បាន​ប្រឆាំង​ នឹង​នយោបាយ​អន្តោប្រវេសន៍​ដាក់​ចេញ​ដោយ​សហភាព​អឺរ៉ុប៕

រដ្ឋាភិបាល​ប៉ូឡូញ​នៅថ្ងៃ​សុក្រ​នេះ​បានព្រមាន​ថា ខ្លួន​នឹងបោះឆ្នោត ​គាំទ្រ សេចក្តី​សន្និដ្ឋាន ដែល​នឹង​កើតចេញ​មកពី​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប នៅថ្ងៃ​នេះទេ ដោយសារ​តែ​ហេតុផលថា សហភាព​អឺរ៉ុប​បានបោះឆ្នោត​ជ្រើសរើស​លោក​Donald Tusk អតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ ឲ្យ​ធ្វើ​ជា​ប្រធាន បន្តទៀត ក្រុមប្រឹក្សា​អឺរ៉ុប។ ទីក្រុង​វ៉ាសូវី ប្រឆាំង​នឹង​បេក្ខភាព​របស់​លោក​Donald Tusk ក្នុង​ហេតុផល​ថា ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​រូបនេះ ដែល​មាន​និន្នាការ​គាំទ្រ​ក្រុមប្រឆាំង​នយោបាយ នៅ​ប៉ូឡូញ តែងតែ​ប្រើអំណាច​របស់ខ្លួន ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដើម្បី​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់​ប៉ូឡូញ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​Donald Tusk ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បន្តធ្វើ​ជា​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប រហូត​ដល់ ចុងឆ្នាំ ២០១៩ ជាមួយ នឹងសំឡេង​ចំនួន២៧ និង​សំឡេង​ប្រឆាំង​តែមួយ ពី​ប៉ូឡូញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ