rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ុយអែត រុស្ស៊ី ការពារជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រឈម​នឹង​ការ​ពង្រីក​មហិច្ឆតាយោធា​​​​រុស្ស៊ី ស៊ុយអែត​បង្កើត​កាតព្វកិច្ច​យោធា​ឡើងវិញ

media
ទាហាន​ស៊ុយអែត​ល្បាត​នៅ​លើ​ Gotland ក្នុង​សមុទ្ទ​បាល់ទិក © Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស៊ុយអែត​បាន​ប្រកា​សដាក់​ឱ្យ​ដំណើរការ​កាតព្វកិច្ចយោធា​ឡើង​វិញ ចាប់ពី​ថ្ងៃទី​មួយ​កក្កដា​។​ មូលហេតុ គឺ​បណ្តាល​មក​ពី​ស្ថានភាព​សន្តិសុខ​ប្តូរ​ផ្លាស់ ! ស៊ុយអែត សំឡឹង​ឃើញ​មហិច្ឆតា​យោធារបស់​រុស្ស៊ី​រីកធំ​ខ្លាំង​ក្នុង​តំបន់ ថា​ជា​ការគំរាម​កំហែង​ប្រទេស បើ​ទោះ​បី​ជា​ស៊ុយអែត​​​គ្មាន​ព្រំដែន​គោកជាប់​រុស្ស៊ី​ក៏​ដោយ។


បំពេញ​កាតព្វកិច្ច​យោធា ​ជា​ចំណែក​មួយ​នៃ​បង្កើន​សមត្ថភាពយោធា​របស់​ប្រទេស ! នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ ទៅ​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង ដោយ​លម្អិតបន្ថែម​ទៀត​​ថា បរិបទ​សន្តិសុខ​ប្រែប្រួល យុវជន​ស៊ុយអែត​ ទាំង​ស្រី ទាំង​ប្រុស កើត​ក្រោយ​ឆ្នាំ​១៩៩៩ ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា ១១​ខែ ជា​ចាំបាច់ មិនមែន​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​ដូច​ពី​មុន​ទៀត​ទេ។ ព្រោះ​ស៊ុយអែត​គ្មាន​កម្លាំង​យោធា​គ្រប់គ្រាន់។

សម្រាប់លោក​រដ្ឋមន្រ្តី ​រុស្ស៊ី​ បាន​ពង្រីក​មហិច្ឆតា​យោធា​ជា​លំដាប់ តាំង​ពី​ឆ្នាំ​២០១៤​មក ! ​ម៉ូស្គូ​ ​ហ៊ាន​ដល់​ទៅ​​ប្រើ​អំពើ​ហិង្សា​ដើម្បីសម្រួល​ប្រយោជន៍​ខ្លួន។ រុស្ស៊ី​ចាប់​យក​តំបន់​គ្រីមេ បង្កើន​លំហាត់​យោធា​ក្នុង​តំបន់​កាន់​តែ​ជិត​ស៊ុយអែត ... ​​នាវាមុជទឹក​​យោធារុស្ស៊ី​​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​បាន​រុល​ចូល​ដល់​ដែន​ទឹក​ជិតក្រុង​​ស្តុកខុមទៀត។

តាំង​ពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​ស៊ុយអែត បាន​យល់​យ៉ាង​ច្បាស់​ថា​ខ្លួន​គ្មាន​សមត្ថភាព​ និងគ្មាន​​ឆន្ទៈ​នយោបាយ​ ដក​ខ្លួន​ឆ្ងាយ​ពី​ជម្លោះ​ក្នុង​តំបន់​បាន​ទេ ទើប​បានស​ម្រេចចិត្ត​បំពាក់​កម្លាំងយោធា​និងអាវុធ​ឡើង​វិញ ព្រមទាំង​បង្កើន​ថវិកា​យោធា​ បន្ថែម​១១០០​លាន​អឺរ៉ូ សម្រាប់​រយៈពេល​ពី​ឆ្នាំ​២០១៦-២០២០។ ស៊ុយអែត​ក៏​បាន​បញ្ជូន​យោធា​ទៅ​ប្រចាំ​ការ​នៅ​កោះ​Gotland មូលដ្ឋាន​យោធា​ដែល​ស៊ុយអែត​បាន​បិទ​ចោល​តាំង​ពី​ជាង​១០​ឆ្នាំ​មក​ហើយ។ ​បើ​តាមរបាយការណ៍​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​របស់​មជ្ឈមណ្ឌល​វិភាគ​អាមេរិកនយោបាយ​អាមេរិក​ ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា២០១៥​ ​រុស្ស៊ី​ទំនង​ជា​បាន​បង្វឹក​បង្ហាត់​យោធា​ ៣៣០០០នាក់ ​សម្រាប់​ទៅ​ឈ្លានពាន​លើ​តំបន់បរទេស​ផ្សេងៗ រាប់​ទាំង​កោះ​របស់​ស៊ុយអែត​មួយ​ផង។

ស៊ុយអែត​ មិន​ដែល​ស្គាល់​​សង្គ្រាម​ឬ​ជម្លោះ​ប្រដាប់​អាវុធ​លើ​ទឹក​ដី តាំង​ពី​ជាង​ពីរ​សតវត្សរ៍​មក​ហើយ​ ហើយ​ក៏​មិន​មែន​ជា​សមាជិក​អង្គការអូតង់​ដែរ ! ស៊ុយអែត​ក៏​គ្មាន​ព្រំដែន​គោក​ជាប់​រុស្ស៊ី​ដែរ មាន​តែ​ព្រំដែន​សមុទ្ទ​បាល់ទិក​រួម ​ ដែល​រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ព​ដ៏​ធំ​ក្នុង​តំបន់​កាលីនីហ្កាដ ទល់​មុខ​ស៊ុយអែត។

នៅ​ឆ្នាំ​២០១៦ ស៊ុយអែត​និង​​ហ្វាំងឡង់ដែល​មាន​ព្រំដែន​ជាប់​រុស្ស៊ី​ដល់​ទៅ​ជាង​១៣៤០​គ.ម.  បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ ​ម្នាក់មួយៗ​ជាមួយ​អាមេរិក។​ ប្រទេស​ទាំង​ពីរ​ក៏​កំពុង​ពិចារណា​លើ​សំណើសុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ដែរ ក្រោម​ការ​គំរាម​កំហែងបំបាក់​ទឹក​ចិត្ត​​ឥត​ឈប់​ពី​រុស្ស៊ី៕