អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិស៊ីរី៖​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​កំពុង​បាន​បំផ្លាញ​ជាថ្មី​ដោយ​អំពើហិង្សា​នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ សន្និសីទអន្តរជាតិ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ គិត​តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា​ក្នុង​ឆ្នាំ ២០១១ មក នេះ​ជា​លើក​ទី៤ ដែល​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ឲ្យ​មាន​សន្និសីទ​នេះ​ឡើង​ក្នុង​គោលដៅ​បិទបញ្ចប់​ជម្លោះ​នៅ​តំបន់​ដើមបូព៌ា​មួយ​នេះ។ តែ​បើ​តាម​មើល​ទៅ និង​ក៏​ដូច​ជា​នៅ​ក្នុង​សន្និសីទ​មុនៗ​ដែរ ការ​ខ្វែង​គំនិត​គ្នា​នៅ​មាន​ច្រើន​ដែល​គេ​ពិបាក​និយាយ​បញ្ចុះបញ្ចូល​គូភាគី​ជម្លោះ​ស៊ីរី​ឲ្យ​អង្គុយ​ចរចា​ទល់មុខ​គ្នា​បាន។ តើ​មាន​បញ្ហា​ចម្រូងចម្រាស​អ្វី​ខ្លះ​ដែល​គូភាគី​ស៊ីរី​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា និង​ថា តើ​សហគមន៍​អន្តរជាតិ​អាច​ធ្វើ​អ្វី​ឲ្យ​លើស​ពី​នេះ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី?

លោកស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី
លោកស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី Reuters
ផ្សាយពាណិជ្ជកម្ម

សន្និសីទអន្តរជាតិ​លើកទី៤ រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ដែល​គេ​ហៅ​ថា « ហ្សឺណែវ​ទី៤ » ទើប​ចាប់​ផ្តើម​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់​លេច​ឡើង​នូវ​ក្តីអស់​សង្ឃឹម​បាត់​ទៅ​ហើយ។ អស់​សង្ឃឹម​ក៏​ដោយសារ​តែ​នៅ​ក្នុង​ពេល​បើក​កិច្ចប្រជុំ គូភាគី​ជម្លោះ​ស៊ីរី​ដែល​មាន​វត្តមាន​នៅ​កន្លែង​ប្រជុំ គឺ​ខាង​ក្រុម​រដ្ឋាភិបាល និង​ខាង​ក្រុម​ប្រឆាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ជា​ស្រេច​នូវ​ភាព​មិន​ទុកចិត្តគ្នា។ សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី។

មុន​នឹង​ប្រកាស​បើក​សន្និសីទ​ជា​ផ្លូវការ លោក​មីស្ទូរ៉ា​បាន​បើក​ជំនួប​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​គូបដិបក្ខ​ស៊ីរី មុន​នឹង​អញ្ជើញ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​ឲ្យ​ចូល​អង្គុយ​តុ​រួម​គ្នា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ។ តែ​គេ​សម្គាល់​ឃើញ​ថា ភាគី​ទាំង​ពីរ​បាន​ត្រឹម​តែ​សំឡឹង​មើល​គ្នា​ទៅ​វិញ ទៅ​មក​ដោយ​មិន​បាន​ឆ្លើយឆ្លង​សម្តី​ដាក់​គ្នា សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ។ ទន្ទឹម​គ្នា​នេះ​នៅ​
ក្នុង​ប្រទេស​ស៊ីរី​ឯណោះ ការ​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​ទ័ពរុស្ស៊ី និង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​លើ​តំបន់​ក្រុមប្រឆាំង​កំពុង​បន្ត​មាន​ដូច​រៀងរាល់​ថ្ងៃ។

បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍ ទី២៥ កុម្ភៈ ពោល ២ថ្ងៃ​ក្រោយ​សន្និសីទ​បើក​ទ្វារ ស្រាប់​តែ​មាន​អំពើភេរវកម្ម​អត្តឃាត​សំដៅ​លើ​អាគារ​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ទីក្រុង Homs ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤២នាក់ ក្នុង​នោះ មាន​ប្រមុខ​ស៊ើបការណ៍​សម្ងាត់​យោធា​ស៊ីរី​ម្នាក់​ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ អំពើ​ភេរវកម្ម​នេះ​ជា​ស្នាដៃ​របស់​ចលនា Fateh al-Cham អតីត​សាខា​អង្គការ​អាល់កៃដា​ក្នុង​ទឹកដី​ស៊ីរី។ គេ​អាច​និយាយ​បាន​ថា អំពើ​ភេរវកម្ម ឬ​មួយ​អំពើ​ហិង្សា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ ព្រោះ​វា​បាន​កើត​មាន​សឹង​រាល់​ថ្ងៃ​ទៅ​ហើយ។

តែ​សម្រាប់​លោក​ស្តាហ្វាន មីស្ទូរ៉ា​វិញ លោក​មិន​បាន​យល់​ឃើញ​ថា​ជា​រឿង​ចំឡែក​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ទង្វើ​ប៉ុនប៉ន​បំផ្លាញ និង​បំពុល​បរិយាកាស​នៅ​ក្នុង​សន្និសីទ។ លោក​មីស្ទូរ៉ា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា ឲ្យ​តែ​ដល់​ពេល​មាន​បើក​សន្និសីទ​ម្តងៗ តែងតែ​មាន​មនុស្ស​ព្យាយាម​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព។ ចំណាប់​អារម្មណ៍​បង្កប់​ដោយ​ការ​ព្រមាន និង​ក្តីបារម្ភ​របស់​លោក​មីស្ទូរ៉ា​ដូច​នេះ​ពិត​ជា​មិន​ខុស​ប៉ុន្មាន​ឡើយ ព្រោះ​ថា នៅ​ក្រោយ​ប្រតិកម្ម​របស់​លោក​មីស្ទូរ៉ា​បន្តិច ក៏​មាន​ផ្ទុះ​ប្រតិកម្ម​ចេញ​ពី​របបស៊ីរី​ស្តីពី​អំពើ​ភេរវកម្ម​អត្តឃាត​ក្នុង​ទីក្រុង Homs ដែរ។

ប្រតិកម្ម​របស់​ទីក្រុង​ដាម៉ាស់​បាន​ធ្វើ​ឡើង​តាម​រយៈ​លោក​បាស្ហា អាល់យ៉ាហ្វារី អ្នកតំណាង​របស់​ខ្លួន​នៅ​ក្នុង​កិច្ចចរចា។ នៅ​ក្នុង​សន្និសីទកាសែត លោក​អាល់យ៉ាហ្វារី​បាន​សន្យា​ផ្តន្ទាទោស​លើ​ចលនា ឬ​ជន​ដែល​បាន​រៀបចំ​អំពើ​ភេរវកម្ម​នេះ ព្រម​ទាំង​បាន​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ក្រុមប្រឆាំង​ចេញ​មុខ​ថ្កោលទោស​ជា​ផ្លូវការ​លើ​អំពើភេរវកម្ម​អត្តឃាត​នោះ។ បន្ទាប់​មក​ទៀត អ្នកតំណាង​ចរចា​ខាង​រដ្ឋាភិបាល​ស៊ីរី​រូប​នេះ​បាន​រម្លឹក​ម្តង​ជា​ពីរ​ដង​ថា អាទិភាព​ទី១ នៃ​កិច្ចចរចា​ក្នុង​ទីក្រុង​ហ្សឺណែវ​ពេល​នេះ គឺ​និយាយ​អំពី​ភេរវនិយម។

ជា​ការ​ឆ្លើយ​តប​វិញ​នៅ​ក្នុង​សន្និសីទកាសែត​ដាច់​ដោយឡែក អ្នកតំណាង​ពួកប្រឆាំង​បាន​ចេញ​មុខ​ថ្កោលទោស​អំពើ​ភេរវកម្ម តែ​និយាយ​ជា​លក្ខណៈ​ទូទៅ ពោល​មិន​និយាយ​ចំ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង Homs ទេ។ សូម​ជម្រាប​ជូន​ថា តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក សន្និសីទអន្តរជាតិ​ត្រូវ​លើក​ប្រធានបទ​ចំនួន ៣ ទៅ​ជជែក ទី១ ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល ទី២ ការ​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ទី៣ កំណត់​ពេល​រៀបចំ​ការ​បោះឆ្នោត។ ទីបំផុត កិច្ចចរចា​សន្និសីទ​អន្តរជាតិ​ពេល​នេះ​បែរ​ជា​ត្រូវ​ដាក់​ជំនួស​ដោយ​រឿង​ភេរវនិយម​ទៅ​វិញ។ វិល​ទៅ វិល​មក សន្និសីទ​បាន​ឈាន​មក​ដល់​ផ្លូវបំបែក​មួយ​ដែល​គេ​មិន​ដឹង​ជ្រើសរើស​ផ្លូវមួយ​ណា​ដើម្បី​បន្ត​កិច្ចចរចា​ទេ។ សូម្បី​តែ​លោក​ស្តាហ្វាន មីស្ទូរ៉ា​ដែល​ធ្លាប់​តែ​ទទួល​បេសកកម្ម​លំបាកៗ និង​មាន​បទពិសោធន៍​ជា​អន្តរការី​ក៏​ដូច​ជា​ទាល់ច្រក​ដែរ។

ប្រសិន​បើ​សន្និសីទអន្តរជាតិ​លើកទី៤ ពេល​នេះ​ទទួល​បរាជ័យ​ដូច ៣ដងលើក​មុន តើ​វា​ជា​កំហុស​របស់​អ្នក​ណា?។

មាន​តែ​តួអង្គ​ពីរ​គត់​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​បរាជ័យ​នេះ គឺ​ភាគី​រដ្ឋាភិបាល និង​ភាគី​ប្រឆាំង​ដែល​បន្ត​មិន​ជ្រលក់មាត់​រក​គ្នា​ទាល់​តែ​សោះ។ ទន្ទឹម​គ្នា​នេះ សូម្បី​តែ​ក្រុមប្រឆាំង​ខ្លួន​ឯង​ក៏​មាន​ដល់​ទៅ ៣ក្រុម​សម្រាប់​កិច្ចប្រជុំ​តែ​មួយ ក្នុង​នោះ មួយ​ជា​ក្រុម​ដាច់ខាត និង​ពីរ​ទៀត​ជា​ក្រុម​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។ ក្រុម​អ្នកការទូត​បស្ចិមលោក​បាន​យល់​ឃើញ​ដូច​គ្នា​ថា បើ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ​បាន​អង្គុយ​ចរចា​ទល់​មុខ​គ្នា ទោះ​បី​ជា​មិន​ទាន់​និយាយ​ចុះ​សម្រុង​គ្នា​ក៏​ដោយ ក៏​វា​ជា​ជោគជ័យ​មួយ​ធំធេង​ណាស់​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ។

ដូច្នេះ​ឃើញ​ថា សន្តិភាព​ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ​សម្រាប់​ស៊ីរី​ដែល​បាន​ស្គាល់​សង្រ្គាម​ហែកហួរ​គ្នា ៦ឆ្នាំ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៣០០ ០០០នាក់ និង​មាន​ជនភៀសខ្លួន​រាប់លាននាក់។ ជោគជ័យ ឬ​បរាជ័យ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព គឺ​វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ