អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តារាវិទូ​រកឃើញ​ភព​ចំនួន​៧​ដែល​មាន​ទំហំ មាឌ​ប៉ុន​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តារាវិទូ​របស់​ទីភ្នាក់ងារ​ណាសា បាន​រកឃើញ​មាន​ភព​ចំនួន​៧ ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផែនដី វិល​ជុំវិញ ផ្កាយ​តូចមួយ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៤០​ឆ្នាំ ពន្លឺ​ពី​ភពផែនដី​នៃយើង។ តាម​ការសិក្សា​របស់​ណាសា ដែល​ចុះផ្សាយ នៅ​ថ្ងៃ​ពុធ ទី ២២ កុម្ភៈ ដោយ​ទស្សនាវដ្តី​អាមេរិកាំង Nature ភព ៣ ក្នុង​ចំណោម​៧ អាច​ឲ្យ​មាន​ជីវិត​រស់នៅ។ ការរកឃើញ​ថ្មី គួរ​ឲ្យ​ចាប់អារម្មណ៍​ព្រោះ​ថា ភពទាំង​៧ ដែល​គេ​រកឃើញ ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ផែនដី ហើយ វា​មាន​ទឹក​ដែល​អាច​ជា​ប្រភព​កកើត​ជីវិត​ដូច​ផែនដី។ 

ប្រព័ន្ធផ្កាយ​Trappist ដែល​មាន​ភព​ចំនួន​៧ វិល​ជុំវិញ ផ្កាយ ដែល​គេ​ទើប​រកឃើញ​មាន​ថ្មី នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ
ប្រព័ន្ធផ្កាយ​Trappist ដែល​មាន​ភព​ចំនួន​៧ វិល​ជុំវិញ ផ្កាយ ដែល​គេ​ទើប​រកឃើញ​មាន​ថ្មី នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ NASA
ផ្សាយពាណិជ្ជកម្ម

អ្នកវិទ្យាសាស្រ្ត​របស់​ទីភ្នាក់ងារ​ណាសា ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​កាសែត ប្រកាស​ពីការរកឃើញ​ភព​ចំនួន ៧ ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ភពផែនដី។ ផែនដី ព្រះចន្ទ និង​ភព​អង្គារ ពុធ និង​ភព​ផ្សេងទៀត ​វិល​ជុំវិញ ព្រះអាទិត្យ ចំណែក​ភព​ទាំង​៧ ដែល​គេ​ទើប​រកឃើញ វិល​ជុំវិញ​ផ្កាយ​របស់​វា ដែល​គេ​ដាក់​ឈ្មោះថា Trappist។ ប្រព័ន្ធ​Trappist​ដែល​ត្រូវគេ​ចាត់ទុក​ដូចជា​ព្រះអាទិត្យ​របស់​ផ្កាយទាំង ៧ ស្ថិតនៅ​ចម្ងាយ ៤០​ឆ្នាំ​ពន្លឺ ពី​ផែនដី ក្នុង​ពេល​ដែល​ភពផ្សេងៗ​ទៀត ដែល​គេ​រកឃើញ​កន្លងមក ស្ថិតនៅឆ្ងាយ រាប់លាន​យោជន៍ ពី​ផែនដី។

អ្វី​ដែល​ថ្មី ប្លែក គឺ​ថា បើ​ប្រៀបធៀប​នឹង​ភព​ផ្សេងទៀត ដែល​គេ​ធ្លាប់​រកឃើញ​កន្លងមក គឺ​ភព​ចំនួន ៦ ក្នុង​ចំណោម​៧ ដែល​គេ​ទើបរកឃើញ មាន​ទំហំ មាឌ ប្រហាក់ប្រហែល ផែនដី ចំណែក​ភព​មួយ​ចុងក្រោយ​​គេ តូច​ជាង​ផែនដី​តែបន្តិចបន្តួច​ប៉ុណ្ណោះ។

នៅ​ឆ្នាំ ២០១៦ តារា​វិទូ អន្តរជាតិ​របស់​ទីភ្នាក់ងារ​ណាសា ធ្លាប់​បាន​ប្រកាស​ម្តងហើយ ថា គេ​រកឃើញ​មាន​ភព​ចំនួន​៣ ដែល​មានទំហំ​ប៉ុន​ផែនដី។ ប៉ុន្តែ ដោយ​មាន​ជំនួយពី​ការថត​បន្ថែម​របស់​ផ្កាយរណប​របស់​ទីភ្នាក់ងារ​ណាសា នៅទីបំផុត គេ​រកឃើញថា មាន​ភព​ដល់​ទៅ ៧​ដែល​វិល​ជុំវិញ​ផ្កាយ Trappist។

តាម​ក្រុមតារាវិទូ ដែល​ជា​អ្នករកឃើញ ប្រព័ន្ធ​ផ្កាយ​Trappist ភព​ទាំង ៧ ស្ថិតនៅ​ជិតៗ​គ្នា និង​វិលជុំវិញ  មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្កាយ Trappist ដែលគេ​ចាត់ទុក​ជា​ព្រះអាទិត្យ​របស់​ពួកវា។ ផ្កាយ​Trappist​មាន​ទំហំ​តូច​ជាង​ព្រះអាទិត្យ​ប្រមាណ ១០ដង ចំណែក​កំដៅ​របស់​វា មាន​តែ​ជាង ២ពាន់​អង្សារ គឺ​តិចជាង​ព្រះអាទិត្យ​ឆ្ងាយណាស់ ដែល​មាន​ដល់​ទៅ ជាង ៥ពាន់​អង្សារ​តែប៉ុណ្ណោះ។ ភព​ដែល​នៅ​ជិត​ផ្កាយ​ជាងគេ វិល​ប្រមាណ មួយថ្ងៃ​កន្លះ ចំណែក​ភព​ដែល​នៅ​ឆ្ងាយ​ជាងគេ គឺ​វិលប្រមាណ តែ​២០ថ្ងៃ ជុំវិញ​ផ្កាយ​Trappist។

មួយវិញទៀត តាមអ្នកវិទ្យាសាស្រ្ត នៅ​លើ​ភព​ទាំងនោះ គ្មាន​ទេ ថ្ងៃ ឬ​យប់ ដោយសារ​តែ​វា​បែរ​មុខ​តែម្ខាង​ទៅរក​ផ្កាយ។ មានន័យថា នៅ​ផ្នែក​ម្ខាង​របស់​ភព​គឺ​ត្រជាក់ និង​ងងឹត​រហូត ចំណែក​នៅ​ម្ខាងទៀត គឺ​ថ្ងៃ និង​ទទួល​កំដៅ​រហូត​ពី​ផ្កាយ​Trappist។ ចំណុច​ទាំង​អស់នេះ គឺ​ខុស​ពី​ផែនដី​ដែល​វិលខ្ញាល់ មាន​យប់​ថ្ងៃ និង​វិល ជុំវិញ ព្រះអាទិត្យ​ចំនួន ៣៦៥​ថ្ងៃ។
 

តើ​គេ​នឹង​អាច​សង្ឃឹម​ទៅ​រស់នៅ​លើ​ភព​ទាំង ៧ដែរឬទេ?

ចំណុច​ចុងក្រោយ​ដែលធ្វើ​ឲ្យ​ក្រុមតារាវិទូ ត្រេកអរ​នឹង​ការរកឃើញ​ថ្មី គឺ​ត្រង់​ថា ភព​ទាំង ៧ សុទ្ធ​តែ​មាន​ដី ថ្ម និង​អាច​មាន​ទឹក ដែល​ជា​ប្រភព​នៃ​ការកកើត​ជីវិត។ ប៉ុន្តែ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ គេ​បាន​សួរ​ថា តើ​ភពដែល​រកឃើញ​មាន​មហាសមុទ្រ​ដូចជា​ផែនដី​ដែរឬទេ? ឆ្លើយ​របៀប​កំប្លែង និង​ហាក់​ចំអក​បន្តិច តារាវិទូ លោកFranck Selsis ដែល​ជា​អ្នកនិពន្ធ​ម្នាក់​នៃ​ការសិក្សា​ខាងលើ បាន​និយាយ​ថា គេ​មិនត្រូវ​សង្ឃឹម​ថា នឹង​អាច​ជិះ​យានអវកាស​ទៅរស់នៅ ឬ​ទៅ​លេង​នៅ​ភព​ដែល​គេ​ទើប​រកឃើញ​ថ្មី​នេះទេ។ ភព​ទាំង​អស់​នោះ​ស្ថិតនៅ​ឆ្ងាយ មហាសែន​ឆ្ងាយ គឺ​ដល់​ទៅ ៤០ឆ្នាំ​ពន្លឺ​ពីផែនដី។ ឋាន​ព្រះចន្ទ ដែល​មនុស្ស​បាន​ទៅ​ដាក់ជើងជាន់​មុនគេ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​មួយ​វិនាទី ពន្លឺ​ពី​ផែនដី ចំណែកព្រះអាទិត្យ​ស្ថិតនៅ​ចម្ងាយ​៨នាទី​ពន្លឺ​ពីផែនដី។ ចុះ​ទម្រាំ ៤០​ឆ្នាំ ពន្លឺ គឺ​នៅ​ឆ្ងាយណាស់។ គេ​មិនអាច​សង្ឃឹម​ថា នឹង​អាច​មាន​វាសនា​បញ្ជូន​មនុស្ស​ឲ្យ​ទៅរស់នៅ​លើ​ភព​អស់នោះបានទេ នោះបើទោះបី​ជា​ភពទាំង​អស់​នោះ​មានរូបរាង ទំហំ មានទឹក មានជីវិត ប្រហាក់ប្រហែល នឹង​ផែនដី​ក៏ដោយ។

នៅក្នុង​កាលៈទេសៈ បច្ចុប្បន្ន ជាមួយ​បច្ចេកវិទ្យា​សព្វថ្ងៃ គេ​មិន​អាច​សង្ឃឹម ទៅរស់នៅ នៅភព​នោះបាន ប៉ុន្តែ អ្វី​ដែល​សំខាន់ និង​ដែល​គេ​អាច​ទាញ​យក​ប្រយោជន៍ ពី​ការរកឃើញ​ថ្មីនេះ គឺ​នៅត្រង់​ថា បន្ទាប់​ពី​នេះ គេ​នឹង​សិក្សា​លម្អិត​បន្តទៀត ទៅលើ​បរិយាកាស កំដៅ ពន្លឺ នៅ​ភព​ទាំង​៧ ដើម្បី​អាច​ដឹង តើ​មាន​ជីវិត​រស់នៅ​លើ​ភព​ទាំង​អស់​នោះ​ដែរឬទេ? ការរកឃើញ​ថ្មី​យ៉ាងណា​នឹង​អាច​បំបែក​ចម្ងល់ សំណួរ​តាំង​ពីយូរយារ​ណាស់​មកហើយ ​ដែល ចង់​ដឹង​ថា តើ​មាន​ជីវិត មាន​មនុស្ស​ក្រៅ​ភព រស់នៅ ក្រៅ​តែ​ពី​ផែនដី​របស់​មនុស្ស​យើង​ដែរឬទេ។

ក្នុង​១០​ឆ្នាំ គេ​នឹង​អាចដឹងថា តើ​មាន​ជីវិត​នៅ​លើ​ភព​ដែរឬទេ

គេ​អាច​រកឃើញ​ប្រព័ន្ធ​ផ្កាយ​Trappistដែល​មាន​ភព​៧ វិល​ជុំវិញ ដោយសារ​ប្រព័ន្ធ កែវពង្រីក ដែល​មាន​តាំង​នៅលើ​ដី នៅ​ប្រទេស​ឈីលី នៅ​ម៉ារ៉ុក នៅ​កោះ​ហាវៃ​របស់​អាមេរិក​ជាដើម។ បន្ទាប់ពី​រកឃើញ​ថា មាន​ភព​ចំនួន ៧ ការងារ​រុករក​បន្ត​នឹង​ផ្តោតទៅលើ​ចំនួន​ម៉ូលេគុល ក្នុង​បរិយាកាស កម្រិត​អូហ្សូន ដែល​ជា​ប្រភព​កត្តាអំណោយផល​ឲ្យ​មាន​ការកកើត​ជីវិត។ ប្រព័ន្ធ​កែវពង្រីក​នឹង​ត្រូវ​គេ​ដាក់​នៅ​លើ​យានអវកាស​James Webb telescope ដែល​គេ​នឹង​បង្ហោះ នៅ​ឆ្នាំ ២០១៨ ទៅ​ជំនួស​យានអវកាស Hubble។ ការងារ​របស់​វា គឺ​ទៅ​ថត​រាល់​ទិន្នន័យ​របស់​ប្រព័ន្ធ​ផ្កាយ​Trappist។ តាមអ្នកវិទ្យាសាស្រ្ត ពីពេលនេះ រហូត​ដល់​១០ឆ្នាំ គេ​នឹង​អាច​ដឹងថា តើ​មាន​ជីវិត​នៅ​ភព​ដែល​គេ​ទើប​រកឃើញ​ហ្នឹង​ដែរ​ឬទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ