អានតួអត្ថបទ
អង្កការ​សហប្រជាជាតិ

អង្គការ​FAO៖ តម្លៃ​ស្បៀងអាហារ​បន្ត​កើនឡើង​នៅក្នុង​ពិភពលោក

អង្គការ​ស្បៀងអាហារ និង​កសិកម្ម FAO បាន​ព្រមាន​ពី​ស្បៀងអាហារ​ឡើងថ្លៃ នៅក្នុង​ទីផ្សារ​ពិភពលោក។ នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២​កុម្ភៈ ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ដែល​មានទីតាំង​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ​បាន​បង្ហាញ​ពី​សន្ទស្សន៍​កើនឡើង​នៃ​តម្លៃ គ្រាប់​ធញ្ញជាតិ អង្ករ និង​ស្រូវសាឡី ជាដើម នោះ​បើទោះបី​ជា​ការស្តុកទុក​នៅ​មាន​ច្រើន មិន​ខ្វះ​ក៏ដោយ។ 

នៅ​ផ្សារ Calambaក្បែរ​ទីក្រុង​ម៉ានីល តម្លៃ​អង្ករ​កើនឡើង ៣០ភាគរយ ក្នុង​រយៈពេល ៦ខែ
នៅ​ផ្សារ Calambaក្បែរ​ទីក្រុង​ម៉ានីល តម្លៃ​អង្ករ​កើនឡើង ៣០ភាគរយ ក្នុង​រយៈពេល ៦ខែ (Photo : S. Farcis/RFI)
ផ្សាយពាណិជ្ជកម្ម

តាម​សន្ទស្សន៍​របស់​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ តម្លៃ​ស្បៀង​បាន​បន្ត​កើនឡើង នៅ​ខែ​មករា។ តម្លៃ​គ្រាប់​ធញ្ញជាតិ​បាន​កើនឡើង ៣,៤% ចាប់តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៦ ពោល​គឺជា​កម្រិត​ខ្ពស់​បំផុត នៅក្នុង​រយៈពេល ៦​ខែ។ ការណ៍នេះ​បាន​បណ្តាល​ឲ្យ​តម្លៃ​ស្រូវ​សាឡី ពោត និង​អង្ករ​កើនឡើង​ដែរ។

 
តាម​ការពន្យល់​របស់​អង្គការ​ FAO ស្រូវសាឡី​ឡើងថ្លៃ ដោយសារ​តែ​ទីផ្សារ​របស់​វា​កំពុង​ប្រឈម​នឹង​អនាគត​មិនច្បាស់លាស់​នៃ​ការផ្គត់ផ្គង់​ស្រូវសាឡី ដែល​បណ្តាល​មក​ពី​អាកាសធាតុ​មិន​អំណោយផល ហើយ​និង​ការកាត់បន្ថយ​ការដាំដុះ​ស្រូវសាឡី នៅ​សហរដ្ឋអាមេរិក។ តាម FAO​ការធ្លាក់​ចុះ​តម្លៃ​ខ្លាំង ដែល​មិនធ្លាប់​មាន បាន​ជំរុញ​ឲ្យ​កសិករ​អាមេរិកាំង​កាត់បន្ថយ​ផ្ទៃដី​ដាំស្រូវ​សាឡី។ ចំណែកឯ តម្លៃ​ពោត​បាន​ឡើង​ថ្លៃ​ដែរ ដោយមក​ពី​តម្រូវការ​កើនឡើង នៅ​ទីផ្សារ ហើយ​និង​ការទិញស្តុកទុក ដោយសារ​តែ​គេ​មិនច្បាស់​ប្រាកដ​ពី​ការប្រមូលផល​នៅ​អាមេរិក​ខាងត្បូង។

តម្លៃ​អង្ករវិញ​បាន​កើន​ឡើងដែរ ដោយសារ​តែ​នយោបាយ​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​កាត់បន្ថយ​ការនាំចេញ​អង្ករ ដើម្បី​ស្តុកទុក​ក្នុង​ស្រុក។ គេ​បាន​ប្រមាណ​ដែរថា ទឹកភ្លៀង​ធ្លាក់​ជោគជាំខ្លាំង នៅ​ប្រទេស​វៀតណាម ហើយ​និង​ភ្លៀង​ខុសរដូវ​នឹង​អាច​ធ្វើ​ឲ្យ​ការផលិត​ស្រូវ​ធ្លាក់​ចុះ​នៅ​ប្រទេស​ស្រីលង្កា។ មួយវិញទៀត វិធានការ​រឹតត្បិត មិន​សូវ​ផ្គត់ផ្គង់​ច្រើន របស់​ប្រទេស​ថៃ ប្រេស៊ីល ហើយ​និង​ឥណ្ឌា បាន​ធ្វើ​ឲ្យ​តម្លៃ ស្ករស​ឡើងថ្លៃ។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ដូងប្រេង​ដែល​ឡើងថ្លៃដែរ ដោយសារ​តែ​ការផលិត​បាន​ធ្លាក់ចុះ​នៅ​អាស៊ី​អាគ្នេយ៍។

តម្លៃ​ស្រូវសាឡី អង្ករ ស្ករ ឬ​គ្រាប់ធញ្ញជាតិ​កើនឡើង ប៉ុន្តែ សាច់ និង​ទឹកដោះគោ មាន​តម្លៃ​ថេរ​ដូចមុន។ តាម​សន្ទស្សន៍​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម នៅ​ទន្ទឹម​នឹង​ការឡើងថ្លៃ​ស្បៀងអាហារ ការស្តុក​គ្រាប់​ធញ្ញជាតិ ស្រូវសាឡី អង្ករ បាន​កើនឡើង គួរ​ឲ្យ​កត់សំគាល់។ តាម​តួលេខ​ចុងក្រោយ​របស់​ FAO ការស្តុក​ស្រូវសាឡី ក្នុង​ពិភពលោក​បាន​កើនឡើង ១,៥% ដល់​ចំនួន ៨៦១​លាន​តោន។ គេ​រំពឹងថា ការស្តុក​គ្រាប់​ធញ្ញជាតិ ហើយ​និង​ស្រូវសាឡី នឹង​អាច​កើនឡើង​ដល់​កម្រិត​មួយ​ខ្ពស់​មិនធ្លាប់​មាន នៅ​ចុង​ឆ្នាំ ២០១៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ