លោកដូណាល់ ទូស្ក៖អាមេរិករបស់លោកដូណាល់ ត្រាំជាការគំរាមកំហែងអឺរ៉ុប
លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបដូណាល់ ទូស្កបានថ្លែងដោយកត់សម្គាល់ឃើញនាថ្ងៃអង្គារ ទី៣១ មករាថា ចាប់ពីពេលនេះតទៅ អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីដូណាល់ ត្រាំជាការគំរាមកំហែងសម្រាប់អឹរ៉ុប ដូចជាប្រទេសរុស្ស៊ី ចិន ឬមួយពួកអ៊ីស្លាមជ្រុលនិយមអ៊ីចឹងដែរ។ លោកដូណាល់ ទូស្កបានចាត់ទុកសេចក្តីថ្លែងការណ៍មួយចំនួនរបស់រដ្ឋបាលថ្មីអាមេរិកថាជារឿងគួរឲ្យបារម្ភ និងធ្វើឲ្យប៉ះពាល់ដល់អនាគតអឺរ៉ុបក៏ដូចជាទំនាក់ទំនងអន្តរអាត្លង់ទិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបដូណាល់ ទូស្កបានថ្លែងយ៉ាងដូចនេះនៅក្នុងសំបុត្រមួយផ្ញើទៅកាន់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអឺរ៉ុបទាំង ២៧រូបដែលកំពុងត្រៀមខ្លួនទៅចូលរួមជំនួបកំពូលក្រៅផ្លូវការស្តីពីអនាគតអឺរ៉ុបក្នុងប្រទេសម៉ាល់ត៍នាថ្ងៃសុក្រ ទី៣ មករា។ នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងថ្ងៃអង្គារ ទី៣១ មករា លោកដូណាល់ ទូស្កបានពន្យល់ច្បាស់ៗថា សេចក្តីថ្លែងការណ៍គួរឲ្យព្រួយបារម្ភរបស់រដ្ឋបាលថ្មីអាមេរិកនៅក្នុងស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោកសព្វថ្ងៃបានធ្វើអនាគតអឺរ៉ុបស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំង។
ដោយនិយាយយោងលើគម្រោងរបស់អឹរ៉ុបក្នុងការរៀបចំពិធីសាទរខួបគម្រប់ ៧០ឆ្នាំនៃសន្ធិសញ្ញាទីក្រុងរ៉ូមនៅដំណាច់ខែមីនាខាងមុខ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានប្រើសម្តីវាយប្រហារលើរដ្ឋបាលថ្មីអាមេរិកថា កំពុងព្យាយាមបំផ្លាញសមិទ្ធិផលនយោបាយការបរទេសអាមេរិកក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅនេះ។ ប្រតិកម្មរបស់លោកដូណាល់ ទូស្កពេលនេះបានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីថ្មីអាមេរិកដូណាល់ ត្រាំបានផ្តល់ចំណាប់អារម្មណ៍ឆ្កឹះឆ្កៀល និងអុជអាលមួយចំនួន ដូចយ៉ាង រិះគន់ ទិតៀនអូតង់ថាជាអង្គការគ្មានប្រយោជន៍ ឬមួយក៏សាទរអង់គ្លេសដែលដកខ្លួនចេញពីអឺរ៉ុប ព្រមទាំងជំរុញប្រទេសផ្សេងឲ្យធ្វើតាមអង់គ្លេសជាដើម។
ក្រៅពីវ៉ៃប្រហារលើរដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបដូណាល់ ទូស្កក៏បានវ៉ៃប្រហារលើចិនដែលកំពុងពង្រីកមហិច្ឆិតាយោធានៅក្នុងសមុទ្រចិន និងវ៉ៃប្រហារលើនយោបាយរុស្ស៊ីរបស់លោកប្រធានាធិបតីពូទីនដែលទន្ទ្រានឈ្លានពានប្រទេសជិតខាងខ្លួន ពិសេសអ៊ុយក្រែន។ នៅផ្ទៃក្នុងអឺរ៉ុប លោកដូណាល់ ទូស្កបានបរិហារពីកំណើន និងការគំរាមកំហែងពីពួកអ្នកជាតិនិយម និងពួកអ្នកស្អប់ជនបរទេស។ នៅចុងបញ្ចប់នៃសំបុត្រ លោកដូណាល់ ទូស្កបានអំពាវនាវអឺរ៉ុបឲ្យចាត់វិធានការបន្ថែមដើម្បីលើកស្ទួយអឺរ៉ុប និងនិយាយដាក់ផ្លែផ្កាឲ្យលោកត្រាំថា « ការរួមគ្នាជាកម្លាំង ការបែកបាក់គ្នាធ្វើឲ្យចុះខ្សោយ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ