អានតួអត្ថបទ
ព័រទុយហ្កាល់-អឺរ៉ុប

លោកហ្រ្វង់ស័រ ហូឡង់៖​អឺរ៉ុប​ជា​លំហ​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ

ជំនួបកំពូល​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​នៅ​សមុទ្រមេឌីទែរ៉ាណេ​បាន​បើក​ធ្វើ​ក្នុង​ទីក្រុង​លីស្បូន ប្រទេស​ព័រទុយហ្កាល់​នៅ​ថ្ងៃ​សៅរ៍ ទី២៨ មករា។ នា​ឱកាស​នោះ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​អំពាវនាវ​អឺរ៉ុប​ឲ្យ​ឆ្លើយតប​ដោយ​ភាព​ម៉ឹងម៉ាត់​ទល់​នឹង​ចំណាប់​អារម្មណ៍​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ស្តីពី​អឺរ៉ុប។ លោក​ហ្រ្វង់ស័រ​បាន​បញ្ជាក់​ច្បាស់ៗ​ថា អឺរ៉ុប​ជា​ទ្វីប​ដែល​មាន​តម្លៃ និង​មាន​គោលការណ៍​ជាក់ច្បាស់​របស់​វា និង​ថា សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ​បាន​ជួយ​លើកទឹកចិត្ត​ដល់​ក្រុម​អ្នកប្រជានិយម។

លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ REUTERS/Lionel Bonaventure/Pool
ផ្សាយពាណិជ្ជកម្ម

« អ្វី​ដែល​ជា​បញ្ហា គឺ​ប្រជានិយម។ សុន្ទរកថា​ដែល​យើង​បាន​ឮចេញ​ពី​អាមេរិក​បាន​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុម​ប្រជានិយម​ដាច់​ខាត។ មាន​ការ​លើក​ឡើង​ជា​គំនិត​ថា មិន​គួរ​មាន​សហភាព​អឺរ៉ុប​ទេ មិន​គួរ​រួមរស់​ជា​សហគមន៍​ទេ មិន​គួរ​ណា​ទទួល​យក​ជនភៀសខ្លួន​ទេ គេ​ត្រូវ​តែ​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ឬ​មួយ​ក៏​ថា គេ​ត្រូវ​តែ​អនុវត្តន៍​នយោបាយ​ការពារ​ប្រយោជន៍​ផ្ទាល់ខ្លួន។
 
ពិត​ជា​មិន​អាច​ទៅ​រួច​ទេ អឺរ៉ុប​មិនមែន​ជា​អ្នក​ការពារ​តែ​ប្រយោជន៍​ខ្លួន​ឯង​ឡើយ អឺរ៉ុប​មិន​បាន​បិទទ្វារ​ទេ ហើយ​អឺរ៉ុប​ក៏​មិនមែន​ជា​ទ្វីប​ដែល​គ្មាន​តម្លៃ និង​គ្មាន​គោលការណ៍​ជាក់លាក់​របស់​វា​ដែរ។ អឺរ៉ុប​ត្រូវ​តែ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​ពី​តម្លៃ និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។
 
យល់​ដឹង​ពី​តម្លៃ និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​មិនមែន​ដើម្បី​ជា​ការ​តបស្នង​ចំពោះ​អ្នក​មុនៗ​ដែល​បាន​បន្សល់​ទុក​តម្លៃ​អឺរ៉ុប​ជា​កេរដំណែល​ប៉ុណ្ណោះ​ទេ តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​បំពេញ​កាតព្វកិច្ច​នេះ​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត។
 
ចូរ​កុំ​ភ្លេច​ថា អឺរ៉ុប​គឺ​ជា​កម្លាំង​មួយ អឺរ៉ុប​គឺ​ជា​ការ​ធានា​មួយ អឺរ៉ុប​គឺ​ជា​ការ ការពារ​មួយ ហើយ​អឺរ៉ុប​ក៏​ជា​លំហ​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដែរ។ ខ្ញុំ​គោរព​គោលការណ៍​ទាំង​អស់​នេះ​ជានិច្ច »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ