អានតួអត្ថបទ
បារាំង-កូឡុំប៊ី

លោក​​​ ​François Hollande ​​បំពេញ​​ទស្សនកិច្ច​​ផ្លូវ​​រដ្ឋ​​២​​ថ្ងៃ​​នៅ​​កូឡុំប៊ី​​ចាប់ពី​​ថ្ងៃ​​ចន្ទ​​នេះ​​ទៅ​​

ប្រធានាធិបតី​បារាំង​លោក ហ្រ្វង់ស័រ​ហូឡង់ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​ចំនួន​២​ថ្ងៃ​នៅ​​ប្រទេស​កូឡុំប៊ី​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ។ គោលដៅ​នៃ​ដំណើរ​ទស្សនៈកិច្ច​​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​កូឡុំប៊ី ដែល​បាន​បិទ​ជម្លោះ​ប្រដាប់​អាវុធ​ជាង​៥០​ឆ្នាំ​រវាង​រដ្ឋាភិបាល​កូឡុំប៊ី​និង​ពួក​ឧទ្ទាម ​Farc ។​ 

ប្រធានាធិបតីបារាំង​លោក Fançois Hollande
ប្រធានាធិបតីបារាំង​លោក Fançois Hollande
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ឈីលី​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មកប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កូឡុំប៊ី​នៅ​ថ្ងៃ​ចន្ទ ២៣​មករា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២​ថ្ងៃ។

 
នា​ពេល​យន្តហោះ​ដឹក​ប្រធានាធិបតី​បារាំង ធ្វើ​ដំណើរ​មក​ដល់​​មូលដ្ឋាន​យោធា​ Catam នៅ​ទីក្រុង Bogota លោកស្រី Maria Angela Holguin រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​ប្រទេស​កូឡុំប៊ី បាន​អញ្ជើញ​មក​ទទួល​ស្វាគមន៍ដោយផ្ទាល់​​លោក​ហ្វ្រង់ស័រ ហូឡង់​ ។

ក្រោយ​​ពី​​បាន​ចូល​រួម​ក្នុង​ពិធី​ផ្លូវការណ៍​មួយ​នៅ Quinta Bolivar ​គេហដ្ឋាន​វីរៈបុរស  Simon Bolivar ដែល​ជា​អ្នក​រំដោះ​ទឹកដី​មួយ​ភាគ​ធំ​នៃ​ទ្វីប​អាមេរិ​ខាងត្បូង​ពី​ក្រោម​នឹម​របស់​អេស្ប៉ាញ​ជំនាន់ (១៧៨៣-១៨៣០) លោក ហូឡង់​បាន​ជួប​ប្រជុំ​​ជាមួយ​ប្រធានាធិបតី​កូឡុំប៊ី លោក Juan Manuel Santos នៅវិមាន​ប្រធានាធិបតី ​Casa de Narino។

នៅ​ថ្ងៃ​អង្គារ៍​ស្អែក លោក​ប្រមុខរដ្ឋ​បារាំង នឹង​ឧទ្ទិស​ដល់​ដំណើរ​ការសន្តិភាព​កូឡុំប៊ី។ នៅ​វេលា​​​ព្រឹក​ស្អែក​ ​នៅ​លំនៅដ្ឋាន​របស់​បារាំង លោក ហូឡង់ នឹង​ជួប​ប្រាស្រ័យ​ជាមួយក្រុម​អ្នក​តំណាង​នៃ​ជន​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​កូឡុំប៊ី​​ដែលកើត​មាន​ចាប់តាំង​ពី​ទស្សវន៍​ឆ្នាំ​​៦០។ ជម្លោះប្រដាប់​អាវុធដែលបាន​បណ្តាល​ឲ្យស្លាប់​មនុស្ស​យ៉ាង​តិច​២៦​ម៉ឺន​​នាក់ និង​បាត់​ខ្លួន​ប្រមាណ៦​ម៉ឺន​នាក់ ក៏ព្រមទាំង​អ្នករត់ភៀស​ខ្លួន​៧​លាន​នាក់​។​

ជាបន្ទាប់មកទៀត លោកហូឡង់ ជាមួយ​នឹង​ប្រធានាធិបតីកូឡុំប៊ី លោក Santos ត្រូវ​អញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​ម្តុំ​តំបន់​មួយ​ដែល​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​កូឡុំប៊ី​ហ្វាក​នឹង​ត្រូវ​មក​ជួប​ជុំ​គ្នា​នៅ​ទីនោះ។ ហើយនៅឱកាសនោះ លោកហូឡង់​នឹង​ធ្វើការ​រួមប្រជុំ​គ្នា​ជាមួយ​ក្រុម​អ្នក​តាម​ដាន​​​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ថ្ងៃ​ទី​២៦​កញ្ញាកន្លងមក​ រវាង​រដ្ឋាភិបាល​កូឡុំប៊ី​និង​ចលនា​ឧទ្ទាម​ហ្វាក​ ក្រោម​​​​វត្តមាន​របស់​បេសកជន​របស់​អសប​លោក Jean Arnault ដែល​ជា​ជនជាតិ​បារាំង។

សូមបញ្ចាក់ថា​​កិច្ចព្រមព្រៀងសន្តិភាពនោះ គ្រោងទុក​នូវ​ការ​បង្កើតជំរំ​ចំនួន​២៦​កន្លែង​នៅ​ទូទាំង​​ប្រទេស​កូឡុំប៊ី​ សម្រាប់​​ការ​​ប្រមូល​ផ្តុំ​​ក្រុម​ពួក​ឧទ្ទាម ​ដើម្បី​​ដក​ហូត​អាវុធ​នៅ​ក្នុង​រយៈ​ពេល​​៦​ខែ​​ក្រោមការត្រួតពិនិត្យ​របស់​ អ.ស.ប.។ ​ចំណែក ប្រទេស​បារាំង​នឹង​​ចូល​រួម​ចំណែក​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​កូឡុំប៊ីនេះ ​ជា​ទឹកប្រាក់​រហូតដល់​១៧​លាន​អឺរ៉ូ​ ​នៃ​ចំនួន ទឺក​ប្រាក់​សរុប ​៩៥​លាន​អឺរ៉ូ ​ដែល​ ​អឺរ៉ុប បាន​​​សន្យា​​ជួយ​​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​កូឡុំប៊ី​នេះ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ