អានតួអត្ថបទ
អាល្លឺម៉ង់-សហរដ្ឋអាមេរិក

នាយក​រដ្ឋមន្រ្តីអាល្លឺម៉ង់ សន្យា​រក​ការសម្រប​សម្រួល​ជាមួយ​លោក​ដូណាល់ ត្រាំ

លោកស្រី​អង់ហ្គេឡា​មែរកិល​នៅថ្ងៃ​សៅរ៍ទី ២១​មករា បានអះអាង​ថា លោកស្រីនឹងព្យាយាម​ថែរក្សា ទំនាក់ទំនង​ជាមួយ​អាមេរិក។ នៅក្នុង​បទអត្ថាធិប្បាយ​លើកដំបូង​របស់លោកស្រី ទៅលើ​លោក ដូណាល់ ត្រាំ នៅមួយ​ថ្ងៃក្រោយ លោក​ស្បថ​ចូលកាន់​តំណែង ជាប្រធានាធិបតី​ថ្មី របស់​អាមេរិក លោកស្រី មែរកិល​បាន​សន្យាថា លោកស្រី​នឹង​ស្វែងរក​ការសម្របសម្រួល​មួយ​ជាមួយ​អាមេរិក របស់​ត្រាំ ក្នុងផ្នែក ពាណិជ្ជកម្ម និង​ផ្នែកចំណាយ​របស់ យោធា​សម្ព័ន្ធ​អាត្លង់ទិក។ 

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ដែល​នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​G២០​នៅ​អាល្លឺម៉ង់​ព្រមាន​ពី​វិធានការ​ការពារ​និយម
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​ដែល​នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​G២០​នៅ​អាល្លឺម៉ង់​ព្រមាន​ពី​វិធានការ​ការពារ​និយម REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

ជាមួយ​លោកដូណាល់ត្រាំ លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ មិនយក​កំហឹង​ទល់កំហល់នោះ​ទេ។ ឆ្លើយ​ទៅកាន់​អ្នកកាសែត ដែល​សាកសួរ​លោកស្រី​ពី​ពិធី​ស្បថ​ចូល​កាន់​តំណែងរបស់​លោក​ដូណាល់ ត្រាំ លោកស្រីអង់ហ្គេឡា មែរកិល​បាន​និយាយថា នៅក្នុងសុន្ទរកថា លោកដូណាល់ ត្រាំបាន​បញ្ជាក់ ច្បាស់ៗរួចហើយ​ពី​គំនិត​ចង់បាន​របស់លោក។ ចំពោះរឿងនេះ លោកស្រី​មានតែ ចំណុច២ទេ ដែល​ត្រូវនិយាយ។ ទីមួយ លោកស្រី​នៅតែ​ជឿជាក់​ថា ដើម្បី​បាន​ប្រយោជន៍ ទាំងអស់គ្នា គេត្រូវ​តែ ធ្វើការ​ជាមួយគ្នា ដោយឈរ​លើ មូលដ្ឋានច្បាប់ ហើយនិង តម្លៃរួម ដែលមាន​ចែង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ នាពេលបច្ចុប្បន្ន។ ទី២ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សន្យា​ថា លោកស្រី​នឹង​ប្រឹងប្រែង​ធ្វើការ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​អាមេរិក កុំ​ឲ្យ​វាធ្លាក់​ចុះខ្សោយ ជាងមុន។

 
លោកដូណាល់ត្រាំ និងលោកស្រីអង់ហ្គេឡាមែរកិល​មិនដែល​បានជួប​មុខគ្នា​ម្តង​ណាទេ។ ប៉ុន្តែ តាំងពី​សប្តាហ៍​មុន ភាគី​ទាំងពីរ​ចាប់​ឆ្លើយឆ្លង រិះគន់​គ្នាខ្លាំង ទៅវិញ ទៅមក បន្ទាប់ពី លោកស្រី នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បាន​ចេញមុខ​មុនគេ ព្រមាន​វិធានការ អត្មានិយម (Protectionnisme​ការពារនិយម)របស់ លោកដូណាល់ ត្រាំ។ នៅក្នុង បទសម្ភាសន៍​ទៅកាន់កាសែតអាល្លឺម៉ង់ និងអង់គ្លេស ប៉ុន្មាន​ថ្ងៃ​មុន​លោក​ស្បថ​ចូល​កាន់តំណែង លោកដូណាល់ ត្រាំ​បាន​រិះគន់​លោកស្រីមែរកិល​ខ្លាំងវិញ ដោយថា លោកស្រី​បានធ្វើ​កំហុស​មួយ​ដ៏ធ្ងន់ធ្ងរ ដោយ​បានបើកទ្វារ​ទទួល​ជនអន្តោប្រវេសន៍ នៅឆ្នាំ២០១៥។ លោកដូណាល់ ត្រាំ នៅបានគំរាម​ដែរថា លោកនឹង​ដំឡើងពន្ធ​លើ​រថយន្ត​អាល្លឺម៉ង់​ដល់ ៣៥% បើសិន ក្រុមហ៊ុន​អាល្លឺម៉ង់BMW សាងសង់​រោងចក្រនៅ ប្រទេស ម៉ិចស៊ិក ដើម្បី​ផលិត​រថយន្ត​នាំចូល​ទៅ​ អាមេរិក។ សម្រាប់ លោកដូណាល់ ត្រាំ ប្រទេស នៅអឺរ៉ុប​ផ្សេង​ទៀត នឹង​យកគំរូ​តាម​អង់គ្លេស ដើរ​ចេញពី សហភាពអឺរ៉ុប ដែល សព្វថ្ងៃកំពុង​ក្លាយជា ឧបករណ៍ ញាក់ខ្សែ​របស់​អាល្លឺម៉ង់។

មួយថ្ងៃក្រោយ​មក លោកស្រីមែរកិល​បានប្រតិកម្ម​តប​វិញ ដោយ​បាន​អំពាវនាវ ឲ្យ​មាន​ការរួបរួមគ្នា ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង ២៧​របស់​សហភាពអឺរ៉ុប។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ជោគវាសនា​របស់​អឺរ៉ុប​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​អឺរ៉ុប។ “ដោះស្រាយបញ្ហា មិនថា ក្នុងផ្នែក​អន្តោប្រវេសន៍ ឬ កំណើន​សេដ្ឋកិច្ចទេ គឺ អឺរ៉ុប​ត្រូវពឹង​លើខ្លួនឯង”។ លោកស្រី​នាយក​រដ្ឋមន្រ្តី អាល្លឺម៉ង់ បាន​បញ្ជាក់ទៀតថា អឺរ៉ុប​មិន​ត្រូវការ មតិ​យោបល់​ពីខាងក្រៅ ដែល​ថា អឺរ៉ុបត្រូវ​ធ្វើអ្វី​នោះទេ។

យ៉ាងណា​ក៏ដោយ សម្រាប់​លោកស្រីមែរកិល អឺរ៉ុប​នៅតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​បន្ត​ការសហការ​ជាមួយ​សហរដ្ឋអាមេរិក។ ប៉ុន្តែ ការសហការ​នឹង​ធ្វើឡើង ដោយ​មើលទៅ ផលប្រយោជន៍ និង​តម្លៃ​របស់​អឺរ៉ុប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ