អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វ៊ីស៖​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ទី៤៧​គ្របដណ្តប់​ដោយ​គម្លាត​សង្គម និង​កំហឹង​ពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ប្រចាំ​ឆ្នាំ​លើក​ទី​៤៧​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី១៧ ដល់​ថ្ងៃ​សុក្រ ទី២០ មករា​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។ ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ​ដែរ កិច្ចប្រជុំ​បាន​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រធាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំៗ អ្នក​តំណាង​អង្គការ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​តំណាង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ ព្រម​ទាំង​អ្នក​សិល្បករ​ជា​ច្រើន​រូប​ដែល​សរុប​មាន​គ្នា​ប្រមាណ​ជា  ៣ ០០០នាក់។ តែ​លក្ខណៈពិសេស​នៃ​កិច្ចប្រជុំ​ក្នុង​ឆ្នាំ ២០១៧ នេះ គឺ​ការ​ចូលរួម​ជា​លើកទី១ របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ក្តីបារម្ភ​របស់​ពិភពលោក​លើ​ចក្ខុវិស័យ​របស់​លោក​ប្រធានាធិបតី​ថ្មី​អាមេរិក​ដូណាល់ ត្រាំ។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ថ្លែង​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៧ ក្នុង​ទីក្រុង​ដាវូស ប្រទេស​ស្វ៊ីស ថ្ងៃទី១៧ មករា ២០១៧
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ថ្លែង​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៧ ក្នុង​ទីក្រុង​ដាវូស ប្រទេស​ស្វ៊ីស ថ្ងៃទី១៧ មករា ២០១៧ REUTERS/Ruben Sprich
ផ្សាយពាណិជ្ជកម្ម

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៧១ ហើយ​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​វេទិកា​នេះ​ឡើង គឺ​លោក Klaus Schwab សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ តាំង​ពី​ពេល​នោះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នំា​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស។ ជា​វេទិកា​សេដ្ឋកិច្ច តែ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា មាន​ប្រធានបទ​សំខាន់ៗ​ក្នុង​លោក​ជា​ច្រើន​ផ្សេង​ទៀត​ដែល​វេទិកា​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ៤ថ្ងៃ។

ប្រធានបទ​ទាំង​នោះ​មាន បញ្ហា​អាកាសធាតុ​ក្នុង​ពិភពលោក ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងរាត្បាត បញ្ហា​មនុស្សធម៌ ជម្លោះ​ប្រដាប់អាវុធ ឬ​មួយ​ការ​គំរាមកំហែង​ភេរវនិយម​ពី​អង្គការ​រដ្ឋអ៊ីស្លាម។ ជា​រួម វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ជា​កន្លែង​ដែល​អ្នក​ចូល​រួម​ត្រូវ​លើក​យក​ទៅ​ជជែក​នូវ​បញ្ហា​សំខាន់ៗ និង​បន្ទាន់​មួយ​ចំនួន​ដែល​ពិភពលោក​កំពុង​ពើប​ប្រទះ​បច្ចុប្បន្ន។ ទន្ទឹម​គ្នា​នេះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក៏​ជា​ទីកន្លែង និង​ជា​ឱកាស​ដែល​អនុញ្ញាត​ឲ្យ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ជួប​គ្នា​ក្រៅ​ផ្លូវការ​ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី ដូច​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ស្វ៊ីស​ក្នុង​ថ្ងៃទី១៦ មករា។

លោក​ស៊ី ជីនពីង​បង្ហាញ​ចក្ខុវិស័យ​របស់​ចិន​ចំពោះ​សកលភាវូបនីយកម្ម

លោក​ស៊ី ជីនពីង​បាន​នាំ​គណៈប្រតិភូ​ចិន​មួយ​ក្រុម​ធំ​ទៅ​ជាមួយ​លោក ពិសេស​ថៅកែ​ចិន​គ្រាក់ៗ​ជា​ច្រើន​នាក់ ដូច​ជា​លោក​ហ្សាក់ ម៉ា ស្ថាបនិក​វិបសែយ៍ Alibaba ដែល​លក់​ទំនិញ​តាម​អ៊ីនធឺណែត ឬ​មួយ​ក៏​លោក យ៉ាង ហ្សាគីន អគ្គនាយក Baidu ដែល​ជា​វិបសែយ៍​ផ្នែក​ស្វែង​រក​ដូច​ជា Google តែ​ជា Google Made in China។ លោក​ស៊ី ជីនពីន​បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី៤៧ ឆ្នាំ​នេះ។ នា​ឱកាស​នោះ លោក​ស៊ី ជីនពីង​បាន​បង្ហាញ​ប្រាប់​ពិភពលោក​នូវ​ចក្ខុវិស័យ​របស់​ចិន​ចំពោះ​សកលភាវូបនីយកម្ម បង្ហាញ​ប្រាប់​ពិភពលោក​នូវ​មហិទ្ធិឫទ្ធិ​ពាណិជ្ជកម្ម​របស់​ចិន និង​តាំង​ខ្លួន​ជា​អ្នក​ការពារ​ទ្រឹស្តី​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ដែល​លោក​ស៊ី ជីនពីង​យល់​ថា ជា​គោលការណ៍​ជា​មូលដ្ឋាន​សម្រាប់​ចរន្ត​ពាណិជ្ជកម្ម​ក្នុង​លោក។

ទន្ទឹម​គ្នា​នេះ លោក​ស៊ី ជីនពីង​បាន​ចេញ​មុខ​ធានា​ពិភពលោក​ដែល​កំពុង​បារម្ភ​ពី​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​ចិន ពិសេស​ចំ​ពេល​ដែល​ចិន​កំពុង​ផ្តើម​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​លើ​នយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន។ លោក​ស៊ី ជីនពីង​យល់​ឃើញ​ថា សកលភាវូបនីយកម្ម​ជា​តម្លៃ​សារវន្ត​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ក្នុង​លោក។ គេ​អាច​និយាយ​បាន​ថា ដោយ​ប្រយោល ឬ​ដោយ​ចំពោះ លោក​ប្រមុខ​រដ្ឋ​ចិន​ចង់​បញ្ជូន​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​ដែល​ព្រមាន​ចង់​សើរើ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​អាមេរិក​មាន​ជា​មួយ​ប្រទេស​ផ្សេង និង​ចង់​អនុវត្តន៍​វិធានការ​អាត្មានិយម​ការពារ​តែ​ប្រយោជន៍​អាមេរិកាំង។

វេទិកា​គ្របដណ្តបើ​ដោយ​ការ​ប្រេះឆា​ក្នុង​សង្គម និង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ

ប្រធានបទ​សំខាន់ៗ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ និង​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​មាន​ច្រើនដោយ​បន្ត​ស្តារ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​នៅ​ផុយស្រួយ ម្ង៉ៃកាត់ ម្ង៉ៃកោ។ បន្ទាប់​មក មាន​ការ​គំរាមកំហែង​ភេរវកម្ម​ពី​អង្គការ​រដ្ឋអ៊ីស្លាម វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ទ្វីបអឺរ៉ុប និង​នៅ​ដើមបូព៌ា។ ក៏​ប៉ុន្តែ ព្រឹត្តិការណ៍​ដែល​កំពុង​លេចធ្លោ​ខ្លាំង​ជាង​គេ និង​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​បាន​ទាញ​សញ្ញាអាសន្ន កន្ទា្រក់​ស្មារតី​ឲ្យ​ថ្នាក់ដឹកនាំ​ពិភពលោក​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​នោះ​មាន​ពីរ ទី១ គម្លាត​កាន់​តែ​ឆ្ងាយ​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​ក្នុង​គំរូសេដ្ឋកិច្ច​នៃ​សកលភាវូបនីយកម្ម​បច្ចុប្បន្ន និង​ទី២ កំណើន​នៃ​ចលនា​ប្រឆាំង​សកលភាវូបនីយកម្ម​នៅ​ក្នុង​លោក ពិសេស​ពី​សំណាក់​ប្រជាជន​រស់ក្នុង​ក្រុមប្រទេស​លោកខាងលិច។

ពលរដ្ឋ​បស្ចិមលោក​ទូទៅ​បាន​យល់​ឃើញ​ថា គឺ​គំរូសេដ្ឋកិច្ច​នៃ​សកលភាវូបនីយកម្ម​បច្ចុប្បន្ន​ជា​អ្នក​រុញច្រាន​ប្រភេទ​មនុស្ស​មាន​ជីវភាព​កណ្តាល​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សង្គម ជា​អ្នក​បង្កើត​ឲ្យ​មាន​ការ​ប្រេះឆា​ក្នុង​សង្គម និង​ជា​ប្រភព​នៃ​គម្លាត​ដាច់​ឆ្ងាយ​រវាង​អ្នកមាន និង​អ្នកក្រ។ យោង​តាម​របាយការណ៍​របស់​អង្គការ Oxfam ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៦ មករា​ឲ្យ​ដឹង​ថា គ្រាន់​តែ​ទ្រព្យសម្បតិ្ត​របស់​មហាសេដ្ឋី​គ្រាក់ៗ​ចំនួន ៨នាក់​ក្នុង​លោក​បូក​បញ្ចូល​គ្នា គឺ​ស្មើ​នឹង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ក្រីក្រ​ពាក់កណ្តាល​ក្នុង​លោក។ ការ​ដែល​ពលរដ្ឋ​អាមេរិក​បោះឆ្នោត​ឲ្យ​លោក​ដូណាល់ ត្រាំ និង​ការ​ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បោះឆ្នោត​ឲ្យ​ក្រុមជ្រុលនិយម គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​ភាព​ក្តៅក្រហាយ​របស់​ពួក​គេ​ចំពោះ​វិសមភាព​ក្នុង​សង្គម។

ដូច្នេះ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ថ្នាក់ដឹក​នាំ​ពិភពលោក​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នយោបាយ​សង្គម និង​នយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​រំងាប់​ភាព​ក្តៅ​ក្រហាយ​របស់​ពលរដ្ឋ និង​កាត់បន្ថយ​គម្លាត​នៅ​ក្នុង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ