អានតួអត្ថបទ
ឡេតូនី-លីទុយអានី​និង​អេស្តីនី​-អាមេរិក​

ប្រទេស​​ក្នុង​តំបន់​បាល់ទិក​​​ពង្រឹង​សហប្រតិបត្តិការណ៍​យោធា​​ថែម​ទៀត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​

ប្រទេស​លីទុយអានី​និង​អែស្តូនី​ក្នុង​តំបន់​បាលទិក នៅ​ថ្ងៃ​អង្គារ៍​នេះ ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយក្រុង​វ៉ាស៊ីនតោន ស្តីពី​លក្ខន្តិកៈ​កងទ័ព​អាមេរិក​ដែល​បាន​បញ្ជូន​​នៅ​លើ​ទឹក​ដី​របស់​​ខ្លួន​ដោយ​រដ្ឋបាល​ផុត​អាណត្តិ​របស់​លោក​បារ៉ាក អូបាម៉ា។ ការ​ចុះ​ហត្ថលេខា​នេះ ត្រូវ​​ប្រព្រឹត្ត​ទៅ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ ដល់ពេល​​លោក ដូណាល់ត្រាំ ចូល​កាន់​កាប់​សេតវិមាន​ប្រធានាធិបតី​អាមេរិក។​ 

លោក Jens Stoltenberg, អគ្គលេខាធិការរ​បស់​អង្គការអូតង់​នៅ​ទីក្រុង​ Bruxelles ថ្ងៃទី​១៣​កញ្ញា២០១៦​
លោក Jens Stoltenberg, អគ្គលេខាធិការរ​បស់​អង្គការអូតង់​នៅ​ទីក្រុង​ Bruxelles ថ្ងៃទី​១៣​កញ្ញា២០១៦​ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​ឡេតូនី  ទើប​បាន​​ចុះ​ហត្ថលេខា​បែប​គ្នា​នេះ​ដែរ​ជាមួយ​ក្រុងវ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​មុន។ ការ​ចុះហត្ថលេខា​រវាង​ឡេតូនី លីទុយអានី​និង​អេស្តូនី ជាមួយ​ទីក្រុងវ៉ាស៊ីនតោន នៅ​ពេល​នេះ ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​ជាផ្លូវការ​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​រួម​រស់​ក្បែរ​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អូតង់​ជានិច្ច។

ក៏ប៉ុន្តែ បណ្តា​ប្រទេស​ក្នុង​តំបន់​បាល់ទិក​ទាំង​៣​នេះ នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ជាប់​ជានិច្ច ខ្លាច​ប្រទេស​រុស្ស៊ី ​នៅតែ​មាន​ចេតនា​ប៉ុនប៉ង​ធ្វើ​ឲ្យ​ប្រទេស​របស់​ពួក​គេ​ជួប​នៅ​​ស្ថានភាព​អសន្តិសុខ។

បន្ថែមពី​លើ​នេះ​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ដូណាល់ត្រាំ​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មី នា​ពេល​កន្លង​ទៅ​នេះ​ បាន​​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ ពី​ជំហរ​នយោបាយ​​បន្ធូ​ស្រាល​របស់​លោក​ចំពោះ​ទីក្រុង​ម៉ូស្គូ​។  លោកត្រាំ ថែម​ទាំង​ប្រកាស​ទៀត​ថា លោក​ចង់​ឲ្យ​បណ្តា​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អូតង់ ត្រូវ​បង់​ការ​ចំណាយ​លុយ​ដើម្បី​ជា​វិភាគទាន​ដល់​អូតង់​នៅ​ក្នុង​កិច្ច​ការពារ​ជួយ​បណ្តា​ប្រទេស​របស់​ពួក​គេ។

សំដី​បែប​នេះ​ហើយ ដែល​ធ្វើ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​បាល់ទិក មាន​ការ​ផ្អើល​ភ័យ​ឆោឡោ​ ដោយសារ​តែ​ប្រទេស​ទាំង​អស់​នេះ​កាលពី​អតីតកាល ធ្លាប់​ត្រូវ​បាន​អតីត​សហភាព​សូវៀត កាន់កាប់​នៅ​លើ​ទឹកដី​របស់​ពួកគេ​​​ហើយ​នៅ​ក្នុង​ចំណោម​នោះ មាន​ប្រទេស​ចំនួន​ពីរ​គឺ​ឡេតូនី​និង​អេស្តូនី​​ដែល​មាន​ប្រជាជន​ជាតិ​ភាគ​តិច​និយាយ​ភាសា​រុស្ស៊ី​រស់​នៅ​ដ៏​ច្រើន​សម្បើម។​

ចំណែក ប្រមុខ​ការទូត​លីទុយអានី​វិញ​ នៅ​តែ​មាន​ទំនុក​ទុកចិត្ត​ជានិច្ច​នៅ​លើ​ការ​សន្យា​ចូល​រួម​របស់​លោក​ត្រាំ​នៅ​ក្នុង​អង្គការ​អូតង់​​និង​សុខចិត្ត​យល់ព្រម​​ការ​បង្កើន​ការចំណាយ​របស់​បណ្តា​​ប្រទេស​សម្ព័ន្ធមិត្ត​របស់​​អូតង់​សម្រាប់​កិច្ច​ការពារ​ជាតិដែរ​។

រីឯ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង Riga​ប្រទេស​ឡេទុយនី​វិញ លោកស្រី​ Nancy Petit ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នោះ បាន​សម្តែង​ការ​ទុកចិត្ត​លើ​អាមេរិកជានិច្ចនៅ​​ក្នុង​​កិច្ចការ​​ពង្រឹង​សហប្រតិបត្តិការ​​ ​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​បាល់ទិក។​
 

ចំពោះ​លោកស្រី​​​ Nancy Petit កិច្ចព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការណ៍​ជាមួយ​ទីក្រុង វ៉ាស៊ីនតោន​នេះ កាន់តែ​បញ្ជាក់​ជា​ថ្មី​ថែម​ទៀត នូវ​​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​ប្រទេស​ឡេតូនី ក៏​ព្រម​ទាំង​​មាត្រា​ទី​៥​នៃ​សន្ធិសញ្ញា​របស់​អូតង់​ផង​ដែរ។ សន្ធិសញ្ញា​អូតង់​ដែល​ចែង​ថា បើ​មាន​ការ​វាយ​ប្រហារ​​ប្រឆាំង​ទៅ​លើ​ប្រទេស​សមាជិក​របស់​អូតង់​ណា​មួយនោះ ​បាន​​​​ន័យ​ដែរ​ថា​ គឺ ​​អួតង់​ទាំង​មូល ត្រូវបាន​​គេ​​វាយប្រហារដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ