អានតួអត្ថបទ
បារាំង-អាហ្រ្វិក

ម៉ាលី៖​វត្តមាន​ចុងក្រោយ​របស់​លោកហូឡង់​ក្នុង​ជំនួបកំពូល​បារាំង អាហ្រ្វិក​នៅ​បាម៉ាកូ

នៅ​ថ្ងៃ​សៅរ៍ ទី១៤ មករា​នេះ ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​បារាំង អាហ្រ្វិក។ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ និង​សមភាគី​ម៉ាលី​លោក​អ៊ីប្រាហ៊ីម ប៊ូបាកា​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​ជំនួបកំពូល​ដែល​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋា​អាហ្រ្វិក​ប្រមាណ​ជា ៣០រូប។ ការ​ពង្រឹង​សន្តិសុខ លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍន៍ គឺ​ជា​ប្រធានបទ​សំខាន់​នៃ​ជំនួបកំពូល​បារាំង អាហ្រ្វិក​ឆ្នាំ​នេះ។

ម៉ាលី៖​វត្តមាន​ចុងក្រោយ​របស់​លោកហូឡង់ (រូបស្តាំ) ​ក្នុង​ជំនួបកំពូល​បារាំង អាហ្រ្វិក​នៅ​បាម៉ាកូ
ម៉ាលី៖​វត្តមាន​ចុងក្រោយ​របស់​លោកហូឡង់ (រូបស្តាំ) ​ក្នុង​ជំនួបកំពូល​បារាំង អាហ្រ្វិក​នៅ​បាម៉ាកូ STEPHANE DE SAKUTIN / AFP
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ប្រមុខរដ្ឋ​បារាំង​ហ្រ្វង់ស័រ ហូឡង់ នេះ​ជា​វត្តមាន​លើក​ចុង​ក្រោយ​របស់​លោក​នៅ​ក្នុង​ជំនួបកំពូល​បារាំង អាហ្រ្វិក មុន​នឹង​បញ្ចប់​អាណត្តិ​ជា​ផ្លូវការ​នា​ខែ​ឧសភា​ខាង​មុខ។ នា​ឱកាស​នោះ លោក​ហូឡង់​បាន​បញ្ជូន​សារ​នយោបាយ​ទៅ​កាន់​តំបន់​អាហ្រ្វិក​ដែល​បារាំង​បាន​ចូលរួម​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា​ចំនួន​ពីរ​កាល​ពី​ឆ្នាំ ២០១៣ គឺ​នៅ​ក្នុង​ប្រទេស​ម៉ាលី និង​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ សម្រាប់​ថ្នាក់នាំ​អាហ្រ្វិក​ភាគ​ច្រើន ជំនួបកំពូល​បារាំង អាហ្រ្វិក​ពេល​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​សម្តែង​ការ​អរគុណ​ចំពោះ​លោក​ហូឡង់​ដែល​បាន​យកចិត្ត​ទុក​ចំពោះ​តំបន់​អាហ្រ្វិក​ដែរ។

មាន​ប្រធានបទ​អាទិភាព​មួយ​ចំនួន​ដែល​ជំនួបកំពូល​លើក​ទៅ​ជជែក​រួម​មាន ការ​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​តំបន់​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​ក្រុម​ជីហាត ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​បង្កើន​ការ​អភិវឌ្ឍន៍​រវាង​ប្រទេស​នៅ​ក្នុង​តំបន់។ វិធានការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព​នៃ​ការ​រៀបចំ​បោះឆ្នោត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សុទ្ធសឹង​ជា​ប្រធានបទ​ដ៏​រសើប​ខ្លាំង​នៅ​ក្នុង​ជំនួបកំពូល​សម្រាប់​ប្រទេស​អាហ្រ្វិក​មួយ​ចំនួន​នៅ​ក្នុង​តំបន់។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​ព្រោះ​មាន​ប្រមុខ​រដ្ឋ​ខ្លះ​ដែល​ត្រូវ​ចប់​អាណត្តិ​បាន​ព្យាយាម​ធ្វើ​វិសោតនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​តោន​អំណាច​បន្ថែម​ទៀត។

ក្រៅ​ពី​សំណុំរឿង​ផ្ទៃក្នុង​រវាង​ប្រទេស​នៅ​ក្នុង​តំបន់ ជំនួបកំពូល​ក៏​ត្រូវ​ជជែក​លើ​ប្រធានបទ​មួយ​ចំនួន​ដែល​ទាក់ទង​ជាមួយ​តំបន់​ផ្សេង​ដែរ ពិសេស​អឺរ៉ុប​ក្នុង​សំណុំរឿង​អាន្តោប្រវេសន៍។ ជាមួយ​ប្រទេស​បារាំង ទំនាក់ទំនង​បាន​ផ្តោត​ខ្លាំង​លើ​ផែនការ​អភិវឌ្ឍន៍ និង​ផែនការ​យោធា។ នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍ បារាំង​បាន​ផ្តល់​ជា​ប្រាក់​ជំនួយ និង​ប្រាក់កម្ចី​ក្នុង​តម្លែការប្រាក់ទាប​សរុប ៤ ០០០លានដុល្លារ​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ហើយ​ទីក្រុង​ប៉ារីស​គ្រោង​នឹង​ដំឡើង​ឲ្យ​ដល់ ៥ ០០០លានអឺរ៉ូ​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០១៩។ នៅ​ក្នុង​ផែនការ​យោធា បារាំង​គ្រោង​នឹង​ជួយ​បង្ហាត់​បង្រៀន​ទាហាន​អាហ្រ្វិក​ឲ្យ​បាន ២៥ ០០០នាក់​ក្នុង ១ឆ្នាំ។

ដោយឡែក​នា​ឱកាស​ជំនួបកំពូល​បារាំង អាហ្រ្វិក​ឆ្នាំ​នេះ លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​នឹង​ប្រកាស​បង្កើត​មូលនិធិ​វិនិយោគ​បារាំង អាហ្រ្វិក​លើកទី១ ដែល​មាន​ទឹកប្រាក់ ៧៦លានអឺរ៉ូ​សម្រាប់​រយៈពេល ១០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ