អានតួអត្ថបទ

បារាំង​រង​ព្យុះ​រដូវ​រងារ អ.ស.ប.​​ស្រែក​​​អាសន្នជំនួស​ជនភៀសខ្លួន​

ព្យុះរដូវ​រងារ​ ដែល​មាន​កម្លាំង​ខ្យល់​បោក​បក់​១៤៦គ.ម.​ក្នុង​ម៉ោង អម​ដោយ​​ទឹក​កក​សំឡី និង​ទឹក​ភ្លៀង​យ៉ាង​ត្រជាក់ បាន​វាយ​បោក​បក់​លើ​ប្រទេស​បារាំង​ នៅ​យប់​មិញ និង​កំពុង​បន្ត​ទៅ​ឆ្ពោះ​ទៅ​ទិស​អាគ្នេយ៍ ព្រមទាំង​បណ្តាប្រទេស​អឺរ៉ុប​បែក​ខាង​កើត​មួយ​ចំនួន​ទៀត។ ព្យុះ​ ​កំណាច​ដ៏​កម្រ​ប្រចាំ​រដូវមួយនេះ បាន​ផ្តាច់​ជីវិត​មនុស្ស​ម្នាក់ និង​បង្ក​ការ​ខូច​ខាត​ជា​សម្ភារៈ​ជា​ច្រើន។ ប៉ុន្តែ​គឺ​ជន​ភៀស​ខ្លួន និង​អន្តោប្រវេសន៍ទេ ដែល​កំពុង​រង​គ្រោះ​ខ្លាំង​ជាង​គេ។ នេះ​បើ​តាម​ការ​ប្រកាស​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ។

ដើម​ឈើ​រលើង​ឬស បាក់​រលំ ដោយ​ខ្យល់​ព្យុះ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង
ដើម​ឈើ​រលើង​ឬស បាក់​រលំ ដោយ​ខ្យល់​ព្យុះ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង DAMIEN MEYER / AFP
ផ្សាយពាណិជ្ជកម្ម

ព្យុះ​ដ៏​កំណាច​ឈ្មោះ​ Egon បាន​បោកបក់​លើ​ប្រទេស​បារាំង​ភាគ​ខាង​ជើង​​ទៅ​អាគ្នេយ៍ និង​កំពុង​បន្ត​រាតត្បាត​ នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ផ្សេងទៀត ដោយ​កាត់​តាម​ស្វ៊ីស​ អាល្លឺម៉ង់។ ក្នុង​ដំណើរ​ឆ្លង​កាត់​ប្រទេស​បារាំងយប់​មិញ ព្យុះ​កំណាច​បានសម្លាប់​ជីវិត​ស្ត្រី​វ័យ​៣៤​ឆ្នាំ​ម្នាក់ ដោយ​ដើមឈើ​រលើង​ឬស​បាក់​រំលំ​សង្កត់​លើ​។ មនុស្ស​ជាង​មួយ​ពាន់​នាក់ ត្រូវ​ជម្លៀស​ ជាង​៣៣០ ០០០គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់។ ចរាចរណ៍​ផ្លូវ​គោក​ ត្រូវ​រអាក់​រអួល​យ៉ាង​ខ្លាំង អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​​កំរិត​ការ​ធ្វើ​ដំណើរ។ រថភ្លើង​ល្បឿនលឿន​ភ្ជាប់​ពី​ក្រុង​ប៉ារីស -​ព្រុចសែល ជួប​ការ​យឺតយ៉ាវ​យ៉ាង​ខ្លាំង។

ឧតុនិយម​បារាំង​ទើប​បាន​លើក​សេចក្តី​ប្រកាស​​អាសន្ន​កំរិត​ខ្ពស់​ នៅ​​រសៀល​ថ្ងៃ​សុក្រនេះ ប៉ុន្តែ​ភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ ជា​អ្នក​ទាញ​សញ្ញា​អាសន្ន​ថ្មី​មួយ​ទៀត អំពីភាព​ប្រឈមខ្លាំង​របស់​ជនភៀស​ខ្លួន និងជន​អន្តោប្រវេសន៍​ ចំពោះ​អាកាសធាតុ​ត្រជាក់ធ្លាក់​ទឹកកក និង​ព្យុះភ្លៀង​រដូវ​រងារ។ មានជន​ភៀស​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​៥​នាក់ថ្មី​ទៀត បាន​ស្លាប់​ ដោយ​ហេតុ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ។

អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង​អស់ ប្រឹង​ប្រែង​ជួយពួក​គេ និង បញ្ឈប់​ការ​បញ្ជូន​ទៅ​ព្រំដែន​ឱ្យ​ផុត​អឺរ៉ុប។ ស្ថានភាព​ជនភៀស​ខ្លួន​ កាន់​តែ​ដុនដាប​ទៅ​ទៀត នៅក្នុង​​ប្រទេសក្រិកនិង​ស៊ែរប៊ី ដោយ​ជនភៀស​ខ្លួន​រស់​នៅ​ក្នុង​ជំរំ​ក្រណាត់ដែល​មិនអាច​ធន់​​នឹង​អាកាសធាតុ​ព្យុះភ្លៀង​ទឹកកក ត្រជាក់​ក្រោម​សូន្យ​បាន​ឡើយ។ HCR បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ក្រិក​ពន្លឿន កា​រដឹកជញ្ជូន​ជនភៀស​ខ្លួន​ពី​កោះ ទៅ​ដែន​ដី​ទ្វីប និង​សូម​ឱ្យ​​សមាជិក​អឺរ៉ុប ​ចូល​រួម​ចំណែក​ជួយ។

បើ​តាម​ភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ ​អាកាសធាតុ​ត្រជាក់​ពិបាក​ទ្រាំ ជនភៀស​ខ្លួន​ត្រូវ​រង​អំពើ​ហិង្សា ​របស់​ប៉ូលិស​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ