អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប២២ឆ្នាំ​នៃ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត​ជា​ក្តីរំពឹង​របស់​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

២២ឆ្នាំ​មុន គឺ ថ្ងៃទី៥ ធ្នូ ឆ្នាំ១៩៩៤ នៅ​ក្រុង​ប៊ុយដាប៉េស្ត មេដឹកនាំ​៤ប្រទេស គឺស.រ.អា. រុស្ស៊ី អង់គ្លេស និង​អ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដែល​បាន​ទទួល​ឈ្មោះ​ជា​ផ្លូវការ​ថា អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត​ធានា​ដល់​សន្តិសុខ​អ៊ុយក្រែន​ជា​ថ្នូរ​នឹង​ការ​ដែល​រដ្ឋនេះ​សុខចិត្ត​លះបង់​អាវុធ​នុយក្លេអ៊ែរ ហើយ​ភ្ជាប់​ខ្លួន​ទៅ​នឹង​សន្ធិសញ្ញា​ស្តីអំពី​ការ​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ចុះ​ឆ្នាំ១៩៦៨ ដែល​មាន​ដល់​ទៅ​ជាង​១៧០ប្រទេស​ជា​ហត្ថលេខី។ ប៉ុន្តែ អ៊ុយក្រែន​ខកចិត្ត ដោយ​រុស្ស៊ី​ជា​ហត្ថលេខី​មួយ​នៃ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត​បែរ​ទៅ​ជា​រំលោភ​លើ​បូរណភាព​ដែនដី​អ៊ុយក្រែន បាន​ន័យ​ថា ផ្ទុយ​នឹង​កាតព្វកិច្ចខ្លួន​ចែង​ក្នុង​មាត្រា​មួយ​នៃ​ឯកសារ​នោះ ដ្បិត​ក្នុង​ឆ្នាំ២០១៤ បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ​របស់អ៊ុយក្រែន​តែ​ម្តង។

អាគារ​រដ្ឋសភា​នៃ​ប្រទេស​ហុងគ្រី
អាគារ​រដ្ឋសភា​នៃ​ប្រទេស​ហុងគ្រី
ផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​អនុស្សរណៈ​ចុះ​ថ្ងៃទី៥ ធ្នូ ឆ្នាំ១៩៩៤ នៅ​ក្រុង​ប៊ុយដាប៉េស្ត ដោយ​មេដឹកនាំ ៤ ប្រទេស​សម័យ​នោះ គឺ លោក​ប្រធានាធិបតី​ស.រ.អា.  Bill Clinton  លោក​ប្រធានាធិបតី​រុស្ស៊ី​រុស្ស៊ី Boris Yeltsin លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស  Jonh Major  លោក​ប្រធានាធិបតី​អ៊ុយក្រែន Leonid Kutchma ក្រុងគៀវ សុខចិត្ត​បោះបង់​ពី​ខ្លួន គឺ​សក្តានុពល​នុយក្លេអ៊ែររបស់​ខ្លួន ដែល​ពេល​នោះ បាន​មាន​ទំហំ​ទី៣ បន្ទាប់​ពី អាមេរិក​និង​រុស្ស៊ី។ ចំណែក អាមេរិក រុស្ស៊ី និង អង់គ្លេស បាន​ទទួល យក​ទៅ​ដាក់​លើ​ខ្លួន នូវ​កាតព្វកិច្ច​ដូច​ត​ទៅ ទី១ គោរព​ឯករាជ្យ អធិបតេយ្យភាព​អ៊ុយក្រែន ក្នុង​ព្រំប្រទល់​ដែល​មាន​ពេល​នោះ។ ទី២ ត្រូវ​ទប់ខ្លួន​កុំ​គម្រាម​ប្រើ​កម្លាំង ឬ ប្រើ​កម្លាំង​តែ​ម្តង ប្រឆាំង នឹង​បូរណភាព​ដែនដី​អ៊ុយក្រែន ប្រឆាំង​នឹង ឯករាជ្យ​នយោបាយ​របស់​ប្រទេស​នេះ។

អាវុធ​ណា​ក៏​ដោយ​នៃ​៣ប្រទេស​ធានា មិន ត្រូវ​ប្រើ​សោះ​ឡើយ​ប្រឆាំង​អ៊ុយក្រែន លើកលែង​តែ​ក្នុង​គោលដៅ​ស្វ័យ​ការពារ ឬ ក្នុង​ករណី​ណា ដែល​តម្រូវ ដោយ​ធម្មនុញ្ញ​អ.ស.ប.។ ទី៣ កុំ​ធ្វើ​សម្ពាធ​សេដ្ឋកិច្ច ដែល​តម្រង់​ទៅ​ដាក់​អធិបតេយ្យ​អ៊ុយក្រែន ឲ្យ​បម្រើ​ផលប្រយោជន៍​ខ្លួន​ផ្ទាល់ ទី៤ ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ចាត់​ការ​ជា​បន្ទាន់​ដើម្បីជួយ​សង្គ្រោះ​អ៊ុយក្រែន បើ​ប្រទេស​នេះ​រងគ្រោះ​នឹង​អំពើ​ឈ្លានពាន ឬ ក្លាយ​ជា​ទីដៅ​នៃការ​គម្រាម​ឈ្លានពាន ដោយ​ប្រើ អាវុធ​នុយក្លេអ៊ែរ។ ទី៥ កុំ​ប្រើ​អាវុធ​នុយក្លេរអ៊ែរ ប្រឆាំងអ៊ុយក្រែន លើកលែង​តែ​ក្នុង​ករណី កាល​ដែល​មាន ការ​វាយប្រហារ ពី​ខាង​អ៊ុយក្រែន ទៅលើ ៣ប្រទេស​ធានា​នោះ និង សម្ព័ន្ធមិត្ត​គេ។ ទី៦ ធ្វើ​ការ​ពិគ្រោះ​ប្តូរ​យោបល់​គ្នា​ភ្លាម ក្នុងករណី​មាន​លេច​ចេញ​មក ស្ថានការណ៍​ដែល​ប៉ះ​លើ​បញ្ហា​ស្តី​អំពី​កាតព្វកិច្ចទាំង​នោះ។

ប៉ុន្តែ ពី​ក្នុង​ចំណោម​៣ប្រទេស​ហត្ថលេខី​ធានា ឥត​មាន​ប្រទេស​ណា​មួយ​បាន​ផ្តល់​សច្ចាប័ន​លើ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត​ឡើយ។ ម៉្លោះ​ហើយ បាន​ជា​តាម​យោបល់​មូស្គូ ឯកសារ​នេះ​គ្មាន​តម្លៃ​គតិយុត្ត។  រុស្ស៊ី​ប្រតិកម្ម​យ៉ាង​នេះ គឺ​ទល់​នឹង​គោលជំហរ​រដ្ឋសភា​អ៊ុយក្រែន ដែល​ក្នុង​ឆ្នាំ២០១៥ ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​នៅ​ទឹកដី​គ្រីមេ និង នៅ​តំបន់​បះបោរ​រុស្ស៊ី​និយម​ប៉ែក​ខាង​កើត​អ៊ុយក្រែន បាន អនុម័ត​សេចក្តីសម្រេច ប្រកាស​រុស្ស៊ី ជា​រដ្ឋឈ្លានពាន ចំណែក រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ប៉ាវឡូ គ្លឹមគីន​ថ្លែង​ថា អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត ត្រូវ​បាន​រំលោភបំពាន​យ៉ាង​កម្រោល ដោយ​រុស្ស៊ី ក្នុង​ឋានៈ​ជាប្រទេស​ហត្ថលេខី​នៃ​ឯកសារ​នោះ ហើយ​ដែល​មាន​កតាព្វកិច្ច ត្រូវ​ទប់​ខ្លួន​ពី​ការ​គម្រាមប្រើ​កម្លាំង ឬ ប្រើ​កម្លាំង ប្រឆាំង​បូរណភាព​ដែនដី ឬ ឯករាជ្យនយោបាយ របស់​រដ្ឋ​អ៊ុយក្រែន។ ស.រ.អា.និង​អង់គ្លេស ជា​រដ្ឋ​ហត្ថលេខី​ពីរ​ទៀត បាន​សាមគ្គី​ជាមួយ​ក្រុង​គៀវ ដោយ​ថ្លែង​ថា រុស្ស៊ី​ក្នុង​ដំណើរ​វិវឌ្ឍន៍​ទៅ​នៃ​ជម្លោះ​នៅ​អ៊ុយក្រែន គឺ​រំលោភ​មែន លើ កតាព្វកិច្ច ចែង​ដោយ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត។ ប្រាកដ​ណាស់ ដែល អ៊ុយក្រែន​ចាត់ទុក​ឯកសារ​នេះ ជា​ឧបករណ៍​មួយ ធានា​ដល់​សន្តិសុខ​ខ្លួន ពី​ខាង ពួក​ប្រទេស​ដើរ​តួនាំ​មុខគេ ក្នុង​លោក។

ប៉ុន្តែ តាម​មតិ លោក​អតីត​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Vladimir Ogryzko ថ្ងៃ៥ធ្នូ​កន្លងទៅ លែង​ជា​កាលបរិច្ឆេទ​ខួប​នៃ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត ដូច​លើក​មុនៗ​ទៀត​ឡើយ។ ត្រឹមត្រូវ ជាង បើ​ហៅ​ថ្ងៃ​នោះ ថា​ជា ទិវា​កប់​ឯកសារ​នេះ ក្នុង​ផ្នូរ។ ពីព្រោះ វា​ជានិមិត្តរូប នៃ អសមត្ថភាព ធានា​សន្តិសុខ​ដល់​អ៊ុយក្រែន ពី​ខាង​ពួក​ប្រទេស​មហា​អំណាចពិភពលោក។ គាត់​លំអិត​ថា ឥឡូវ យើង​ឆ្លងពី នយោបាយ​បរទេស​បំភាន់​វិញ្ញាណ ទៅកាន់ នយោបាយ​បរទេស​ជាក់ស្តែង ហើយ​ការ​មិន​បំពេញ​តាម​កាតព្វកិច្ច​ខ្លួន ​ប៉ះ​មិនគ្រាន់​តែ​លើ ៤ប្រទេស​ហត្ថលេខី​ប៉ុណ្ណោះ​ទេ តែ គឺ​វា​បាន​នាំ​ឲ្យ​រង្គោះរង្គើរ​ទៅ​ហើយ ដល់គោលការណ៍​ធំ​បំផុត​នៃ​ច្បាប់​អន្តរជាតិ ដែល​ថា កិច្ចព្រមព្រៀង​ដែល​មាន​ចុះ​ទៅ​ហើយ ត្រូវ​តែ​បំពេញ​តាម​ខាន​មិន​បាន។

រីឯ​នាយក ដេប៉ារតឺម៉ង់​នយោបាយ​នៃ​ក្រសួង​ការបរទេស​អ៊ុយក្រែន លោក ប៉េត្រូ បេស្តា​ហៅ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត​ថា​ជា​ឧទាហរណ៍​នៃ​អ្វីៗ​ដែល​បាន​ចាប់​ផ្តើម​យ៉ាងជោគជ័យ ប៉ុន្តែ​ចប់​ទៅ ដោយ​អាម៉ាស ដោយ បរាជ័យ​នៃ​សណ្តាប់ធ្នាប់​សេរីនិយម​ក្នុងលោក។ តាម​យោបល់ អតីត​អនុទី១ នៃ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក អាឡិចសង់ ឆាលឺដែល​ធ្លាប់ បាន​ចូល​រួម​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​២២ឆ្នាំ​មុន រុស្ស៊ី​ពិត​ជា មិន​បាន​បំពេញមែន កាតព្វកិច្ច​ខ្លួន​ដែល​ហូរ​ចេញ​មក​ពី អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត ប៉ុន្តែ​មាន​មនុស្សតិច​ណាស់​ដែល​ចោទ​ជា​សំណួរ​ថា តើ​អ៊ុយក្រែន​ខ្លួន​ឯង បំពេញ​បាន​ត្រឹម​កម្រិត​ណា​ដែរ លក្ខន្តិកៈ​ខ្លួន ជា​រដ្ឋ​អព្យាក្រឹត។

គាត់​រំលឹក​ថា តាំង​ពី​ចុង​ទសវត្សរ៍​ទី៩០​ម៉្លេះ ក្រុង​គៀវ​បាន​ជ្រើស​យក​ផ្លូវ​ខិត​ចូល​កាន់​តែជិត​ទៅៗ នឹង​បក្សសម្ព័ន្ធ​អូតង់ ហេតុ​ដែល​បង្កប់ ទៅ​ដោយ​មីន​សម្រាប់​ផ្ទុះ​ឡើង​ជា ជម្លោះ ជាមួយ ប្រទេស​ជិត​ខាង ដែល​ជា​ហត្ថលេខី​ធានា​សន្តិសុខ​រដ្ឋ​អ៊ុយក្រែន​អព្យាក្រឹត។ ដ្បិត នរណា​ក៏​ដឹង​ដែរ​ថា បើ​ជើង​ម្ខាង​ស្ថិត​នៅ​មាត់​ទ្វារ​បក្ស​អូតង់​ទៅ​ហើយ នោះ អ៊ុយក្រែន ពិបាក សង្ឃឹម​ទៅ​លើ​ការ​ធានា​សន្តិសុខ​ខ្លួន ស្រប​នឹង អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត។ គួរនិយាយ​ថា ២២ឆ្នាំ​មុន ជា​លទ្ធផល​នៃ​ការ​ចុះ​អនុស្សរណៈ​ក្រុង​ប៊ុយដាប៉េស្ត ក្រុង​គៀវ បាន​យល់ព្រម​ដឹក​មក​ស្តុកទុក​នៅ​រុស្ស៊ី ជា​ប្រទេស​បន្ត​កេរ្តិ៍​ពី​សហភាពសូវៀត គឺ​សក្តានុពល បរមាណូ​ខ្លួន ដែល​ក្នុង​នោះ មាន​ទាំង​កាំជ្រួច​មីស៊ីល​យុទ្ធសាស្ត្រ​អន្តរទ្វីប ចំនួន ៤៦ដើម បំពាក់ ដោយ​ក្បាល​រំសេវ​នុយក្លេអ៊ែរ និង​ដែល​សុទ្ធ​តែ​តម្រង់​ជា​ស្រេច ទិស​ហោះរបស់​វា ទៅ​សំពង ស.រ.អា.។

ម៉្លោះ​ហើយ បាន​ជា អាមេរិក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​គេ ឲ្យ​មីស៊ីល​ទាំង​នេះ ស្តុក​ទុក​នៅរុស្ស៊ី​ទៅ គឺ​កក់​ក្តៅ​ជាង ស្រប​នឹង​សន្ធិសញ្ញា​រុស្ស៊ី-អាមេរិក ស្តី​អំពី​ការ​កាត់​បន្ថយ​សព្វាវុធ បរមាណូ។ កាលណោះ ទាំង​អាវុធ​នុយក្លេអ៊ែរ ដែល​ប្រចាំការ​នៅ​សាធារណរដ្ឋ​សូវៀត​ពីរទៀត គឺ​បេឡារុស និង​កាហ្សាក់ស្ថាន​ក៏​ត្រូវ​បាន​ដឹក​មក​ស្តុក​ទុក​នៅ​រុស្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ