rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ម៉ារ៉ុក អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បរិមាណឧស្ម័ន​ផ្ទះ​កញ្ចក់នៅ​ថេរ ​តែ​ខ្ពស់​ជ្រុល​សម្រាប់​អាកាសធាតុ

media
រោងចក្រ​ឧស្សាហកម្ម​បញ្ចេញ​ផ្សែង​ពុល​ឧស្ម័ន​កាបូនិក REUTERS/PETER ANDREWS

បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បង្ក​ឡើង​ដោយ​បំរើ​បំរាស់​ថាមពល​​ធ្យូងថ្ម មាន​កំរិត​ថេរ សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា​តែ​ម្តង ! នេះ​ជា​ដំណឹង​ល្អ និង​ជាការ​​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​មិន​ធ្លាប់​មាន​ទេ​សម្រាប់​ពិភពលោក ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​​សម្រាប់​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី​ឡើយ។ នេះ​បើ​តាម​របាយការណ៍ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ១៤​វិច្ឆិកា ក្នុង​ខណៈ​ដែល​​​អង្គការ​សហប្រជាជាតិ​កំពុង​រៀប​ចំ​សន្និសីទ​ស្តីពី​អាកាសធាតុ​នៅ​ប្រទេស​ម៉ារ៉ុក។


បើ​ប្រៀប​ធៀប​នៅ​នឹង​មួយ​ទសវត្ស​មុន​ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កើន​ឡើង​ខ្លាំង​ជា​លំដាប់​នោះ កំរិត​បញ្ចេញ​ឧស្ម័ន​កាបូនិក​នៅ​ថេរ ជា​ការ​ជឿន​លឿន​ដ៏​ច្បាស់​លាស់ ហើយ​លទ្ធផល​នេះ​ អាច​សម្រេច​ទៅ​​បាន ដោយ​សារ​តែ​ចិន ប្រទេស​បញ្ចេញ​ផ្សែងពុល​ជាងគេ​នៅ​លើ​ពិភពលោក​ បាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពលធ្យូង​ថ្ម។

នៅ​ឆ្នាំ​២០១៥ ឧស្ម័ន​បំពុល​បរិយាកាស​បញ្ចេញ​ដោយ​ឧស្សាហកម្ម​និង​ចំហេះ​ធ្យូង​ថ្ម នៅ​លើ​ពិភពលោក មិន​បាន​កើន​ឡើងទេ ហើយ​នៅ​ឆ្នាំ​២០១៦ ទំនង​ជា​អាច​មាន​រើ​ឡើង​ប្រមាណ​០,២%។ កាលពី​ឆ្នាំ​២០១៤ កំណើន​ឧស្ម័ន​កាបូនិក មាន​ត្រឹម​កំរិត​០,៧% ទល់​នឹង​២,៣%​ជា​មធ្យម​ ជា​រៀង​រាល់​ឆ្នាំ​នៅ​រវាង​ពី​ឆ្នាំ​២០០៤-២០១៣។

ជា​មួយ​តួលេខ​ដ៏​ទាប ស្ទើរ​គ្មាន​​កំណើន​​​បរិមាណ​ឧស្ម័ន​កាបូនិក​បំពុល​បិរស្ថាន ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នាដូច្នេះ ពិត​ជា​​​ករណី​ដ៏​កម្រ ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​ឡើយ​ និងបើ​យោល​ទៅ​លើ​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​។
 
​មិន​បង្កើន​ការ​បញ្ចេញ​ឧស្ម័ន​ពុល ជា​​​ការ​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុហើយ​ ប៉ុន្តែ​នៅ​​មិន​គ្រប់​គ្រាន់ទេ ! ដើម្បី​សម្រេច​កម្មវត្ថុ​កំរិត​សីតុណ្ហភាព​ភព​ផែន​ដីឱ្យ​ឡើង​​ត្រឹម​ពី ២​អង្សារ គេ​ដាច់​ខាត​ត្រូវ​តែ​បញ្ចុះ​បរិមាណ​ផ្សែងពុល​​ឱ្យ​បាន​លឿន​បំផុត។ របាយ​ការណ៍​បាន​រំលឹក​ថា ពិភពលោក​ត្រូវ​បញ្ចុះ​កំរិតឧស្ម័ន​​ពុល​០,៩%​ជា​មធ្យម​ជា​រៀង​រាល់​ឆ្នាំ​ពី​ពេល​នេះ​ដល់​២០៣០។
 
ពេល​នេះ​គេ​សង្ឃឹម​លើ​អ្នក​ក្រុម​អ្នក​ចរចា​ ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ម៉ារ៉ាកេហ្ស ថា​នឹ​ង​អាច​ស្វែង​រក​ឃើញ​សន្ទុះ​ថ្មីៗ​ទៀត ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ស្តី​អំពី​អាកាសធាតុ កាលពី​ឆ្នាំ​២០១៥៕