អានតួអត្ថបទ
អាល្លឺម៉ង់-អ៊ុយក្រែន

ជំនួបកំពូល​ចតុភាគី​ស្តីពី​សន្តិភាព​អ៊ុយក្រែន​ចាប់​ផ្តើម​ជា​ថ្មី តែ​សុទិដ្ឋិនិយម​មាន​តិចតួច

នៅ​ថ្ងៃ​ពុធ ទី១៩ តុលា​នេះ ជំនួបកំពូល​រវាង​ប្រទេស​រុស្ស៊ី អាល្លឺម៉ង់ បារាំង និង​អ៊ុយក្រែន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ កម្មវត្ថុ​នៃ​ជំនួបកំពូល គឺ​ដើម្បី​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​នៅ​ក្នុង​ជម្លោះ​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុមឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី។ នេះ​ជា​លើកទី១ គិត​តាំង​ពី ១ឆ្នាំ​កន្លង​ទៅ​ដែល​ថ្នាក់ដឹកនាំ​ទាំង ៤ប្រទេស​ជួប​គ្នា​ជា​ថ្មី តែ​មាន​ខ្លះ​ហាក់​ដូច​ជា​មិន​បាន​រង់ចាំ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។

ជំនួប​ចតុភាគី​រវាង​ប្រទេសអាល្លឺម៉ង់ រុស្ស៊ី បារាំង និង​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ ២០១៥
ជំនួប​ចតុភាគី​រវាង​ប្រទេសអាល្លឺម៉ង់ រុស្ស៊ី បារាំង និង​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ ២០១៥ REUTERS/Mykola Lazarenko/Ukrainian Presidential Press Service/
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ជំនួបកំពូល​ចតុភាគី​ចូលរួម​ដោយ​ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី បារាំង និង​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ឆ្នាំ ២០១៤ រៀបចំ​ធ្វើ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ គោលដៅ​នៃ​ជំនួបកំពូល​ចតុភាគី គឺ​ជួយ​ផ្តល់​សន្ទុះ​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន​នៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​រវាង​ទ័ពរដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុមអ្នកទាមទារ​ផ្តាច់ទឹកនិយម​មាន​ទំនោ​រក​រុស្ស៊ី​ក្នុង​តំបន់​ដុនបាស់​ស្ថិត​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ តែ​ទុទ្ទិដ្ឋិនិយម​បាន​លេច​ចេញ​រួច​ជា​ស្រេច ព្រោះ​មាន​ភាគី​ខ្លះ​គ្មាន​ជំនឿ​លើ​ឆន្ទៈ​របស់​រុស្ស៊ី​ដែល​កំពុង​ប្រឈម​មុខ​ទល់​នឹង​បស្ចិមលោក​ទាក់ទង​នឹង​សំណុំរឿង​ស៊ីរី។

លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​បញ្ជាក់​ថា បើ​ជំនួបកំពូល​លើក​នេះ​មិន​ទាន់​អាច​ឈាន​ទៅ​បញ្ចប់​ការ​ប្រឈម​គ្នា​ផ្លូវអាវុធ​រវាង​ទ័ពរដ្ឋាភិបាល​អ៊ុយក្រែន និង​ពួកឧទ្ទាមនិយម​រុស្ស៊ី​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់ ជំនួបកំពូល​អាច​ជជែក​ពី​ច្បាប់​បោះឆ្នោត និង​លក្ខន្តិក​តំបន់​ដុនបាស​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ក្នុង​តំបន់​នោះ។ នៅ​ត្រង់​ចំណុច​នេះ លោក​ប្រមុខ​ការទូត​បារាំង​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ចម្រើន​ទៅ​មុខ តែ​នៅ​មាន​បញ្ហា​សំខាន់​ចំនួន​ពីរ​ដែល​ត្រូវ​បន្ត​ជជែក គឺ​កាលបរិច្ឆេទ និង​រឿង​សន្តិសុខ។

សូម​ជម្រាប​ជូន​ថា កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍ ឆ្នាំ ២០១៤ ដែល​មាន​រុស្ស៊ី បារាំង អាល្លឺម៉ង់ និង​អ៊ុយក្រែន​ជា​ប្រទេស​ហត្ថលេខី​មិន​សូវ ឬ​មិន​បាន​គោរព​ត្រឹមត្រូវ​ទេ។ រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​បាន​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​បទ​រំលោភ​លើ​កិច្ចព្រមព្រៀង​នោះ។ តែ​យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ គ្រប់​ភាគី​បាន​យល់​ឃើញ និង​ឲ្យ​សារៈសំខាន់​ដូច​គ្នា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍ ឆ្នាំ ២០១៤ និង​ថា គេ​គួរ​តែ​គោរព​ឲ្យ​បាន​ម៉ត់ចត់។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​ចតុភាគី​ស្តីពី​វិបត្តិ​អ៊ុយក្រែន​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​តានតឹង​មួយ​រវាង​រុស្ស៊ី និង​បស្ចិមលោក​ស្តីពី​វិបត្តិ​ស៊ីរី។

បន្ទាប់​ពី​អាមេរិក និង​បារាំង សហភាព​អឺរ៉ុប​បាន​យល់​ឃើញ​ក្នុង​ថ្ងៃ​អង្គារ ទី១៨ តុលា​ថា រុស្ស៊ី​អាច​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម​ទាក់ទង​នឹង​ការ​ចូលរួម​ទម្លាក់​គ្រាប់បែក​ក្នុង​ទីក្រុង​អាឡិប ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ