rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សុខភាព ជំងឺឆ្លង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

OMS៖​ជម្ងឺ​​ឆ្លង​​​របេង​​ជា​ជម្ងឺ​​រាតត្បាត​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​ដែលគេ​មិន​នឹក​ស្មាន​ដល់​

media
អគ្គនាយិកា​​​ប្រតិបត្តិការ​​អង្គការ​សុខភាព​ពិភពលោក​​(OMS), Margaret Chan​​ REUTERS/Ueslei Marcelino

អង្គការ​សុខភាព​ពិភពលោក​ទើប​បាន​ចេញផ្សាយ​របាយការណ៍​មួយកាលពីម្សិលមិញ​​ស្តី​ពី​ស្ថានភាព​ជម្ងឺ​របេង​នៅ​លើ​លោក។ របាយការណ៍​បាន​ទាញសញ្ញា​អាសន្ន​ថាជម្ងឺ​របេង​ ​ជា​ជម្ងឺ​ឆ្លង​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​​ដែល​គេ​មិន​នឹក​ស្មាន​ដល់។​អង្គការ​សុខភាព​ពិភព​លោក​ថែមទាំង​អំពាវនាវ​សហគមន៍អន្តរជាតិ​ឲ្យ​មាន​ការ​​ប្រឹងប្រែង​​ជា​​ទ្វេរ​គុណនៅ​​លើ​​ការ​​កំចាត់​​ជម្ងឺ​​ឆ្លង​​នេះ។​ ជម្ងឺ​​របេង​​ដ៏​​កាចសាហាវ​​​ដែល​​គេ​​ពុំ​នឹក​ស្មាន​​​ដល់​​រហូត​មក​ទល់​ពេល​នេះ បាន​បណ្តោល​​ឲ្យ​​មាន​​មនុស្ស​​ឆ្លង​​ចំនួន ១០​លាន​៤​សែន​នាក់​នៅ​ឆ្នាំ​មុន នៅ​ខណៈពេល​ដែល​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​និង​ថ្នាំ​ពេទ្យ​ផ្សេងៗ​ទៀត ​ត្រូវ​ជួប​ការ​ខ្វះខាត​មូលនិធិ​យ៉ាង​ធ្ងន់ធ្ងរ។

 


យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក លោកស្រី Magaret CHAN ​អគ្គនាយិកា​រ​ប្រតិបត្តិការ​អង្គការ​សុខភាព​ពិភព​លោក បាន​គូស​បញ្ជាក់​ថា “​អង្គការ​សុខភាព​ពិភពលោក​ មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​មួយ​ក្នុង​ការ​​ប្រយុទ្ធ​កំចាត់​ទល់​នឹង​ជម្ងឺ​របេង។

អគ្គ​នាយិការ អង្គការ​OMS ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ជ្រោម​ជ្រែង​យ៉ាង​ពេញ​ទំហឹង​ដើម្បី​​សម្រេច​គោលដៅ​ពេញលេញ​​ក្នុង​ការ​កំចាត់​រោគ​រាតត្បាត​របេង​ដែល​បាន​បៀតបៀន​ដល់​ជីវិត​មនុស្ស​យ៉ាង​សម្បើម​នៅ​លើ​លោក។

អង្គការ​សុខភាព​ពិភពលោក ក៏​មាន​បំណង​ចង់​​កាត់​បន្ថយ​ដែរ​ចំនួន​អ្នក​ស្លាប់​ដោយ​របេង​ឲ្យ​បាន​៣៥% និង​​អ្នក​​ឆ្លង​មេរោគ ឲ្យ​បាន​ចំនួន ២០%​នៅ​ឆ្នាំ​២០២០​បើ​ប្រៀបធៀប​​ទៅ​នឹង​កម្រិត​នៅ​ឆ្នាំ​២០១៥។
សំរាប់​ឆ្នាំ​២០៣០ សហគមន៍​អន្តរជាតិ ​មាន​ចង់​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺ​របេង​នេះ ឲ្យ​បាន​៩០%​និង​មនុស្ស​ដែល​ឆ្លង​រោគ​ចំនួន​៨០%។

របាយការណ៍​ដដែល​បាន​គូស​បញ្ជាក់​ទៀត​ថា “នៅ​ឆ្នាំ​២០១៥ មនុស្ស​ដែល​ស្លាប់​ដោយ​រោគ​របេង មាន​ប្រមាណ​​១​លាន​៨​សែន​នាក់ គឺ​ថា​​មាន​ចំនួន​​ច្រើន​ជាង​ឆ្នាំ​មុន​រហូត​ដល់​ទៅ​៣​សែន​នាក់។

ហើយ​នៅ​ក្នុង​ចំណោម​ជន​៥​នាក់ មាន​មនុស្ស​២​នាក់ បាន​ឆ្លង​រោគ​តែ​ពុំ​បាន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​អ្វី​ឡើយ។ កត្តា​នេះ​ហើយ​ដែល​ជម្រុញ​ឲ្យ​មាន​ការ​រីក​រាលដាល​រោគ​និង​ការ​ចម្លង​ទៅ​លើ​មនុស្ស​តាម​ខ្សល់​អាកាស​ទៀត​ផង។លើស​ពី​នេះ ជន​ចំនួន​កន្លះ​លាន​ បាន​ឆ្លង​មេរោគ​ក្នុង​ទម្រង់​ជម្ងឺ​របេង​នេះ ដែល​អាច​ធុន​ទ្រាំ​​នឹង​ថ្នាំ​ផ្សះ​ជម្ងឺ។

អង្គការ​គ្រូពេទ្យ​គ្មានព្រំដែនវិញ បានអះអាងថា “របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ គឺ​ជា​ការ​ទាញ​សញ្ញា​អាសន្ន​មួយ​ដើម្បី​បិទ​បញ្ចប់​នូវ​ស្ថានភាព​ច្រំដែល​នៅ​លើ​វិធី​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដែរ។

ម្យ៉ាងទៀត ការ​ខ្វះ​មូលនិធិ​នេះ ក៏​ជា​បញ្ហា​ដ៏​ចំបង​មួយ នៅ​លើ​​ការ​ប្រយុទ្ធ​កំចាត់​​ជម្ងឺ​របេង។ ហើយ​នៅ​រវាង​ឆ្នាំ​២០០៥​និង​២០១៤ មូលនិធិ ដែល​សម្រាប់​ការ​ស្រាវជ្រាវ  មាន​តែ​ចំនួន​៧០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ក៏ប៉ុន្តែ អង្គការសុខភាព​ពិភពលោក​នៅពេលនេះ ត្រូវ​ការ​មូលនិធិ​រហូតដល់​២០០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ដើម្បី​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឈន៍​របស់​ខ្លួន​នៅ​លើ​ការព្យាបាល​ជម្ងឺ​រោគ​របេងនេះ៕